« ថ្ងៃទី ៤–១០ ខែ មីនា ៖ ‹ យើងអររីករាយក្នុងព្រះគ្រីស្ទ › ។ នីហ្វៃទី២ ២០–២៥ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និង សាសនាចក្រ ៖ ព្រះគម្ពីរមរមនឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
« ថ្ងៃទី ៤–១០ ខែ មីនា ។ នីហ្វៃទី២ ២០–២៥ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
ថ្ងៃទី ៤–១០ ខែ មីនា ៖ « យើងអររីករាយក្នុងព្រះគ្រីស្ទ »
នីហ្វៃទី២ ២០–២៥
សំណេររបស់អេសាយរួមបញ្ចូលទាំងការព្រមានខ្លាំងៗ ប៉ុន្តែវាក៏ផ្ដល់នូវសេចក្ដីសង្ឃឹម និងអំណរផងដែរ ។ ការណ៍នេះគឺជាមូលហេតុមួយដែលនីហ្វៃបានបញ្ចូលវានៅក្នុងបញ្ជីរបស់លោក ៖ លោកមានប្រសាសន៍ថា « ខ្ញុំសរសេរពាក្យរបស់លោកអេសាយខ្លះថា បើសិនជាប្រជាជន … ណាម្នាក់បានឃើញពាក្យទាំងនេះហើយ នោះគេអាចលើកចិត្តគេឡើង ហើយអរសប្បាយ » ( នីហ្វៃទី២ ១១:៨ ) ។ ក្នុងន័យនោះ ការអញ្ជើញឲ្យអានការសរសេររបស់លោកអេសាយ គឺជាការអញ្ជើញឲ្យអរសប្បាយ ។ បងប្អូនអាចរីករាយដូចជានីហ្វៃដែរ នៅក្នុងការព្យាកររបស់លោកអេសាយអំពីការប្រមូលផ្ដុំនៃវង្សអ៊ីស្រាអែល ការយាងមករបស់ព្រះមេស៊ី និងភាពសុខសាន្ដដែលបានសន្យាដល់ពួកសុចរិត ។ បងប្អូនអាចរីករាយក្នុងការរស់នៅក្នុងថ្ងៃដែលបានព្យាករ នៅពេលព្រះអម្ចាស់បាន « លើកទង់មួយឡើងសម្រាប់សាសន៍ទាំងឡាយ ហើយនឹងប្រមូលពួកព្រាត់ប្រាសនៃសាសន៍អ៊ីស្រាអែល » ( នីហ្វៃទី២ ២១:១២ ) ។ នៅពេលបងប្អូនស្រេកឃ្លានរកសេចក្តីសុចរិត នោះបងប្អូនអាច « ដងទឹកពីអណ្ដូងនៃសេចក្ដីសង្គ្រោះ… ដោយអំណរ » ( នីហ្វៃទី២ ២២:៣ ) ។ ក្នុងន័យម៉្យាងទៀតថា បងប្អូនអាច « អររីករាយក្នុងព្រះគ្រីស្ទ » បាន ( នីហ្វៃទី២ ២៥:២៦ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
ខ្ញុំអាចរកឃើញសេចក្តីសុខសាន្តក្នុងព្រះយេស៊ូវគ្រីស្ទ ។
កូនៗរបស់លីហៃមានបញ្ហាជាមួយនឹងការឈ្លោះប្រកែកគ្នា ។ បញ្ហានេះកាន់តែធ្ងន់ធ្ងរទៅៗនៅជំនាន់ក្រោយៗ ដែលនាំឲ្យមានការបែកបាក់ ការជាប់ឃុំឃាំង ភាពសោកសៅ និងវិនាសកម្ម ។ ហើយការឈ្លោះប្រកែកគ្នានៅតែជាបញ្ហាមួយមកដល់សព្វថ្ងៃនេះ ។
ដោយនឹកចាំដល់រឿងទាំងនោះក្នុងចិត្ត សូមគិតពីការព្យាករនៅក្នុង នីហ្វៃទី២ ២១–២២ ។ សូមពិចារណាពីរបៀបដែលព្រះអង្គសង្រ្គោះកំពុងបំពេញតាមការព្យាករទាំងនេះ ។ តើការព្យាករដែលថា ឆ្កែព្រៃនឹង « នៅជាមួយនឹងកូនចៀម » មានន័យយ៉ាងដូចម្តេចចំពោះបងប្អូន ? ( នីហ្វៃទី២ ២១:៦ ) ។ សូមពិចារណាពីអ្វីដែលបងប្អូនអាចធ្វើបាន ដើម្បីធ្វើជាអ្នកផ្សះផ្សាគេ ។
សូមមើល ឌែល ជី រិនឡាន់ « The Peace of Christ Abolishes Enmity » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៨៣–៨៥ ។
ព្រះអម្ចាស់កំពុងប្រមូលផ្ដុំរាស្រ្តរបស់ទ្រង់ ។
នីហ្វៃ និងគ្រួសាររបស់លោកបានធ្វើជាសាក្សីចំពោះការខ្ចាត់ខ្ចាយរបស់សាសន៍អ៊ីស្រាអែលនេះ ( សូមមើល នីហ្វៃទី២ ២៥:១០ ) ។ ឥឡូវនេះ បងប្អូនអាចចូលរួមនៅក្នុងការប្រមូលផ្តុំសាសន៍អ៊ីស្រាអែលបាន ( សូមមើល នីហ្វៃទី២ ២១:១២ ) ។ នៅពេលបងប្អូនអាន នីហ្វៃទី២ ២១:៩–១២ សូមគិតអំពីរបៀបដែលបងប្អូនអាចជួយបំពេញការព្យាករដែលខគម្ពីរទាំងនេះបានពិពណ៌នា ។
ឧទាហរណ៍ កាលបងប្អូនអានអំពី « ទង់ » ( ទង់ជាតិ ឬបដា ) ដែលនឹងត្រូវលើកឡើងដើម្បីប្រមូលផ្តុំរាស្រ្តរបស់ព្រះ សូមគិតអំពីរបៀបដែលបងប្អូនបានឃើញព្រះប្រមូលផ្តុំប្រជារាស្រ្តរបស់ទ្រង់ ទាំងខាងរូបកាយ និងខាងវិញ្ញាណ ។ តើអ្វីដែលទាក់ទាញមនុស្សឲ្យមករកព្រះអម្ចាស់ និងសាសនាចក្ររបស់ទ្រង់ ?
តើបងប្អូនទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដើម្បីជួយប្រមូលផ្តុំរាស្ត្ររបស់ព្រះ ?
ភាពខាងលោកិយនៃបាប៊ីឡូននឹងធ្លាក់ចុះ ។
អាណាចក្របាប៊ីឡូនគឺជាការគំរាមកំហែងយ៉ាងខ្លាំងក្លាខាងនយោបាយ និងកងទ័ពដល់អ៊ីស្រាអែលពីបុរាណ ។ ប៉ុន្តែចំពោះប្រជាជនរបស់នីហ្វៃ—និងចំពោះយើងសព្វថ្ងៃនេះ—ការគំរាមកំហែងធំជាងនេះគឺជាអ្វីដែលបាប៊ីឡូនតំណាងឲ្យ ៖ ភាពខាងលោកិយ និងអំពើបាប ។ សូមពិចារណាពីរបៀបដែលការព្រមាននៅក្នុង នីហ្វៃទី២ ២៣–២៤ អាចប៉ះពាល់ដល់ប្រជាជនដែលខ្លាច ឬកោតសរសើរ ឬទុកចិត្តលើទ្រព្យសម្បត្តិ និងអំណាចរបស់បាប៊ីឡូន ( ឧទាហរណ៍សូមមើល ២៣:៦–៩, ១១, ១៩–២២; ២៤:១០–១៩ ) ។ តើមានអ្វីខ្លះនៅសព្វថ្ងៃនេះដែលស្រដៀងគ្នាដែលយើងអាចនឹងខ្លាច ឬលើកតម្កើង ឬទុកចិត្តលើនោះ ? តើបងប្អូនមានអារម្មណ៍យ៉ាងណាចំពោះសារលិខិតរបស់ព្រះអង្គសង្រ្គោះទៅកាន់បងប្អូននៅក្នុងជំពូកទាំងនេះ ? សូមគិតអំពីរបៀបដែលបងប្អូនអាចបង្ហាញថា បងប្អូន « មានសេចក្ដីអំណរអរចំពោះសេចក្ដីខ្ពង់ខ្ពស់ [ របស់ព្រះអម្ចាស់ ] » ( នីហ្វៃទី២ ២៣:៣ ) ។
« យើងនិយាយអំពីព្រះគ្រីស្ទ … យើងអររីករាយក្នុងព្រះគ្រីស្ទ » ។
នីហ្វៃបើកចំហអំពីការចែកចាយជំនឿរបស់លោក—ជាពិសេសទីបន្ទាល់របស់លោកអំពីព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈការសិក្សារបស់បងប្អូនពី នីហ្វៃទី២ ២៥ សូមគិតអំពីបំណងប្រាថ្នារបស់នីហ្វៃដើម្បី « បញ្ចុះបញ្ចូលកូនចៅ [ របស់ទ្រង់ ] …ឲ្យជឿដល់ព្រះគ្រីស្ទ ហើយឲ្យស្រុះស្រួលនឹងព្រះ » ( ខទី ២៣ ) ។ តើនីហ្វៃចង់ឲ្យប្រជាជនដឹងអ្វីខ្លះអំពីព្រះអង្គសង្រ្គោះ ? ( សូមមើល ខទី ១២–១៣, ១៦ ) ។ តើយើងអាចមានចិត្ដជឿលើព្រះដោយរបៀបណា ? ( សូមមើល ខទី ១៩–២៩ ) ។ សូមកត់ចំណាំសារលិខិតនៅក្នុងជំពូកនេះដែលបញ្ចុះបញ្ចូលបងប្អូនឲ្យជឿ និងធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
ពួកយើងមួយចំនួនប្រហែលជាមិនក្លាហានដូចជានីហ្វៃក្នុងការនិយាយអំពីព្រះគ្រីស្ទឡើយ ។ ប៉ុន្តែប្រហែលជាបងប្អូនអាចរកឃើញអ្វីមួយនៅក្នុងការបង្រៀនរបស់នីហ្វៃនៅក្នុង នីហ្វៃទី២ ២៥:២៣–២៦ ដែលបំផុសគំនិតបងប្អូនឲ្យនិយាយអំពីទ្រង់ជាមួយអ្នកដទៃកាន់តែបើកចំហឡើង ។ ឧទាហរណ៍ ការប្រកាសរបស់នីហ្វៃថា « យើងអររីករាយក្នុងព្រះគ្រីស្ទ » អាចបំផុសបងប្អូនឲ្យគិតអំពីរបៀបដែលព្រះអង្គសង្រ្គោះនាំមកឲ្យបងប្អូននូវអំណរ—និងរបៀបដែលបងប្អូនអាចចែកចាយអំណរនោះជាមួយអ្នកដទៃបាន ។
នៅក្នុងសារលិខិតរបស់លោក « We Talk of Christ » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨៨–៩១ ) អែលឌើរ នែល អិល អាន់ឌើរសិន ផ្តល់យោបល់ពីរបៀបដែលយើងអាចនិយាយកាន់តែបើកចំហអំពីព្រះគ្រីស្ទនៅក្នុងមជ្ឈដ្ឋានផ្សេងៗ ។ តើមតិយោបល់ណាមួយដែលធ្វើឲ្យបងប្អូនចាប់អារម្មណ៍ ? តើឱកាសអ្វីដែលបងប្អូនមានដើម្បីនិយាយអំពីព្រះគ្រីស្ទជាមួយអ្នកដទៃ ?
តើបងប្អូនមានអារម្មណ៍បំផុសគំនិតអ្វីខ្លះដើម្បីប្រាប់អ្នកដទៃអំពីព្រះគ្រីស្ទ ? ប្រសិនបើបងប្អូនចង់បានគំនិតមួយចំនួន បងប្អូនអាចស្វែងរកនៅក្នុង « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » បាន ( បណ្ណាល័យដំណឹងល្អ ) ។ ទំនុកតម្កើងដូចជាបទ « ខ្ញុំជឿលើព្រះគ្រីស្ទ » ( ទំនុកតម្កើង ល.រ. ៧៥ ) អាចផ្តល់គំនិតឲ្យបងប្អូនបន្ថែមទៀតបាន ។
គំនិតសម្រាប់បង្រៀនកុមារ
ព្រះយេស៊ូវគ្រីស្ទនឹងជំនុំជម្រះដោយសុចរិត ។
-
ដើម្បីជួយកូនៗរបស់បងប្អូនឲ្យស្រមៃពីខគម្ពីរទាំងនេះ សូមមើលថាតើបងប្អូនអាចរកដើមឈើមួយដើមដែលត្រូវបានគេកាប់ចោល ឬមែកឈើដែលដុះចេញពីដើមឈើមួយបានឬអត់ ( ឬរករូបភាពមកបង្ហាញក៏បាន ) ។ ប្រសិនបើ « មែក » នៅក្នុង នីហ្វៃទី២ ២១:១ តំណាងឲ្យព្រះយេស៊ូវគ្រីស្ទ តើ ខទី ២–៥ បង្រៀនយើងអ្វីខ្លះអំពីទ្រង់ ?
ព្រះយេស៊ូវគ្រីស្ទនាំមកនូវសេចក្ដីសុខសាន្ដ និងអំណរ ។
-
តើ នីហ្វៃទី២ ២១:៦–៩ បង្រៀនអ្វីខ្លះ អំពីអ្វីដែលអាចកើតឡើង នៅពេលបងប្អូនរាល់គ្នាធ្វើតាមព្រះអង្គសង្គ្រោះ ? ( សូមមើលផងដែរ នីហ្វៃទី៤ ១:១៥–១៨ ) ។ តើយើងអាចធ្វើឲ្យផ្ទះរបស់យើងកាន់តែមានលក្ខណៈបែបនេះដោយរបៀបណា ? កូនៗរបស់បងប្អូនប្រហែលជាចូលចិត្តមើលរូបភាពសត្វដែលបានរៀបរាប់នៅក្នុង ខទី ៦–៧—ជាធម្មតា សត្វគឺជាសត្រូវនឹងគ្នា ប៉ុន្តែនៅពេលព្រះយេស៊ូវយាងមកម្ដងទៀត វានឹងមិនធ្វើបាបគ្នាទៅវិញទៅមកឡើយ ( សូមមើលទំព័រសកម្មភាពសប្តាហ៍នេះ ) ។ កូនៗរបស់បងប្អូនក៏អាចគូររូបខ្លួនឯង និងសត្វពាហៈហនៈទាំងនេះដែលរស់នៅយ៉ាងសុខសាន្តជាមួយព្រះយេស៊ូវផងដែរ ។
ព្រះអម្ចាស់កំពុងប្រមូលផ្ដុំរាស្រ្តរបស់ទ្រង់ ។
-
អេសាយបាននិយាយថា ព្រះអម្ចាស់នឹងលើក « ទង់មួយឡើងសម្រាប់សាសន៍ទាំងឡាយ » ដើម្បីប្រមូលផ្ដុំមនុស្សឲ្យមករកទ្រង់ ( សូមមើល នីហ្វៃទី២ ២១:១១–១២ ) ។ សូមជួយកូនៗរបស់បងប្អូនឲ្យយល់ថា ទ្រង់គឺប្រៀបដូចជាទង់ជាតិមួយដែរ ។ ប្រហែលជាពួកគេអាចរីករាយនឹងការគូររូបទង់ជាតិរបស់ពួកគេផ្ទាល់ ។ ពួកគេអាចបន្ថែមរូបភាព ឬពាក្យសម្តីនានាបាន ដែលតំណាងឲ្យមូលហេតុដែលពួកគេមករកព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ ។ សូមឲ្យពួកគេនិយាយអំពីទង់ជាតិរបស់ពួកគេ ហើយជួយពួកគេឲ្យគិតពីរបៀបដែលពួកគេអាចជួយ « ប្រមូលផ្តុំ » អ្នកដទៃឲ្យមកកាន់ព្រះយេស៊ូវគ្រីស្ទបាន ។
-
បន្ទាប់ពីអាន នីហ្វៃ២ ២២:៤–៥ ជាមួយគ្នាហើយ នោះបងប្អូនអាចនិយាយជាមួយកូនៗរបស់បងប្អូនអំពី « ការណ៍ដ៏ប្រសើរ » មួយចំនួនដែលព្រះអម្ចាស់បានធ្វើ ។ តើអ្វីខ្លះដែលព្រះអម្ចាស់បានធ្វើ « ក្នុងចំណោម [ យើង ] » ដែលយើងអាចរៀបរាប់បាន ? ដើម្បីជួយកូនៗរបស់បងប្អូនឲ្យគិតអំពីសំណួរនេះ បងប្អូនអាចច្រៀងជាមួយគ្នាអំពីព្រះអង្គសង្រ្គោះ ដូចជាបទ « ខ្ញុំជឿលើព្រះគ្រីស្ទ » ( ទំនុកតម្កើង ល.រ. ៧៥ ) ។ បងប្អូនអាចប្តូរវេនគ្នាបំពេញប្រយោគមួយដូចជា « ខ្ញុំជឿលើព្រះគ្រីស្ទ ទ្រង់ » ។ តើយើងអាចជួយមនុស្សដទៃឲ្យដឹងអំពីអ្វីៗដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើងតាមរបៀបណា ?
« យើងអររីករាយក្នុងព្រះគ្រីស្ទ » ។
-
តើបងប្អូនអាចជួយកូនៗរបស់បងប្អូនឲ្យ « អររីករាយក្នុងព្រះគ្រីស្ទ » បានយ៉ាងដូចម្ដេច ? ប្រហែលជាបងប្អូនអាចប្រាប់ដំណើររឿងអំពីព្រះយេស៊ូវគ្រីស្ទដែលនាំមកនូវអំណរដល់អ្នកដទៃ ឬបងប្អូនអាចបង្ហាញវីដេអូដូចជា « Jesus Heals a Man Born Blind » ឬ « Suffer the Little Children to Come unto Me » ( បណ្ណាល័យដំណឹងល្អ ) ។ កូនៗរបស់បងប្អូនអាចចង្អុលបង្ហាញពីគ្រាដ៏រីករាយនៅក្នុងដំណើររឿង ឬវីដេអូនេះបាន ។ បន្ទាប់មក នៅពេលបងប្អូនអានជាមួយគ្នាក្នុង នីហ្វៃទី២ ២៥:២៦ នោះពួកគេអាចនិយាយអំពីមូលហេតុដែល ពួកគេ « អររីករាយក្នុងព្រះគ្រីស្ទ » បាន ។