« ថ្ងៃទី ១១–១៧ ខែ មីនា ៖ ‹ ការណ៍មួយយ៉ាងអស្ចារ្យ ហើយចម្លែក › ។ នីហ្វៃទី២ ២៦–៣០ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
« ថ្ងៃទី ១១–១៧ ខែ មីនា ។ នីហ្វៃទី២ ២៦–៣០ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
ថ្ងៃទី ១១–១៧ ខែ មីនា ៖ « ការណ៍មួយយ៉ាងអស្ចារ្យ ហើយចម្លែក »
នីហ្វៃទី២ ២៦–៣០
នីហ្វៃបានសរសេរថា « ខ្ញុំព្យាករប្រាប់អ្នករាល់គ្នាអំពីគ្រាចុងក្រោយបង្អស់ » ( នីហ្វៃទី២ ២៦:១៤ ) ។ ក្នុងន័យម្យ៉ាងទៀតគឺថា លោកកំពុងសរសេរអំពីជំនាន់របស់យើង ។ ហើយមានមូលហេតុដែលត្រូវខ្វល់ខ្វាយអំពីអ្វីដែលលោកបានមើលឃើញ ៖ មនុស្សកំពុងបដិសេធអំណាច និងអព្ភូតហេតុរបស់ព្រះ ភាពច្រណែន និងជម្លោះរីករាលដាលឡើង ។ ប៉ុន្តែបន្ថែមពីលើ « កិច្ចការនៃសេចក្ដីខ្មៅងងឹត » នៅថ្ងៃចុងក្រោយ ( នីហ្វៃទី២ ២៦:១០, ២២ ) ដែលបានដឹកនាំដោយមារសត្រូវនេះ នីហ្វៃក៏បាននិយាយផងដែរអំពី « ការណ៍មួយដ៏អស្ចារ្យ ហើយចម្លែក » ដែលដឹកនាំដោយព្រះអម្ចាស់ផ្ទាល់ ( នីហ្វៃទី២ ២៧:២៦ ) ។ ចំណុចសំខាន់នៃកិច្ចការនោះគឺជាគម្ពីរ—ជាគម្ពីរដែលបង្ហាញពីការកុហករបស់សាតាំង ហើយប្រមូលមនុស្សសុចរិត ។ គម្ពីរនោះគឺព្រះគម្ពីរមរមន កិច្ចការដ៏អស្ចារ្យគឺជាកិច្ចការនៃសាសនាចក្ររបស់ព្រះអម្ចាស់នៅថ្ងៃចុងក្រោយ ហើយកិច្ចការដ៏ចម្លែក គឺ—យ៉ាងហោចណាស់នៅផ្នែកខ្លះ—ថាព្រះអញ្ជើញពួកយើងទាំងអស់គ្នាឲ្យមកចូលរួមមិនថាយើងមានភាពទន់ខ្សោយយ៉ាងណាទេ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
ព្រះបានរៀបចំព្រះគម្ពីរមរមនសម្រាប់ជំនាន់របស់យើង ។
នៅក្នុង នីហ្វៃទី២ ២៦–២៧ នីហ្វៃបានដកស្រង់មកពីការព្យាករពីដើមរបស់អេសាយ ( សូមមើល អេសាយ ២៩ ) ហើយបានអនុវត្តការព្យាករនោះទៅនឹងប្រជាជនរបស់លោក និងបញ្ជីរបស់ពួកលោក—ដែលជាព្រះគម្ពីរមរមន ។ លោកបានដឹងតាមរយៈវិវរណៈ សូម្បីពីមុនព្រះគម្ពីរមរមនត្រូវបានសរសេរចប់សព្វគ្រប់ទៅទៀត ថានៅថ្ងៃណាមួយ វា « នឹងមានប្រយោជន៍យ៉ាងធំចំពោះកូនចៅមនុស្ស » ( នីហ្វៃទី២ ២៨:២ ) ។ ហេតុអ្វីព្រះគម្ពីរមរមនមានតម្លៃយ៉ាងខ្លាំងចំពោះបងប្អូន ? សូមគិតអំពីសំណួរនេះ នៅពេលបងប្អូនអាន នីហ្វៃទី២ ២៩–៣០ ។ តើ « ការណ៍មួយយ៉ាងអស្ចារ្យ » ( នីហ្វៃទី២ ២៧:២៦ ) ដែលព្រះកំពុងសម្រេចនៅក្នុងពិភពលោកនេះ និងនៅក្នុងជីវិតរបស់បងប្អូនតាមរយៈព្រះគម្ពីរមរមនមានអ្វីខ្លះ ?
សូមមើលផងដែរ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦២–៦៥ ។
ព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងទាំងអស់គ្នាឲ្យមករកទ្រង់ ។
មានសេចក្តីពិតដ៏ស្រស់ស្អាតជាច្រើនដែលត្រូវពិចារណានៅក្នុង នីហ្វៃទី២ ២៦:២៣–២៤ ។ ឧទាហរណ៍ បងប្អូនអាចគិតអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើជា « ប្រយោជន៍ដល់មនុស្សលោក »—និងដល់បង្អូន ។ តើទ្រង់ « ទាញមនុស្សទាំងអស់ »—និងបងប្អូន—« មករកទ្រង់ » ដោយរបៀបណា ? តើបងប្អូនមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដើម្បីឆ្លើយតបទៅនឹងការបង្ហាញពីសេចក្តីស្រឡាញ់របស់ទ្រង់ ?
សូមបន្តអាន ហើយស្វែងរកសេចក្តីពិតអំពីព្រះអង្គសង្គ្រោះនៅក្នុង ខទី ២៥–៣៣ ។ សូមកត់សម្គាល់ជាពិសេសពីការអញ្ជើញរបស់ទ្រង់ ។ តើបងប្អូននឹងសង្ខេបសារលិខិតរបស់ព្រះយេស៊ូវគ្រីស្ទទៅកាន់បងប្អូនដោយរបៀបណា ? ទំនុកតម្កើងមួយដូចជាបទ « មកឯព្រះយេស៊ូវ » ( ទំនុកតម្កើង ល.រ. ៦៤ ) អាចបើកគំនិតរបស់បងប្អូនឲ្យទទួលចំណាប់អារម្មណ៍បន្ថែមទៀតបាន ។
សូមពិចារណាពីរបៀបដែលខគម្ពីរទាំងនេះអាចមានឥទ្ធិពលលើរបៀបដែលបងប្អូនប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ហើយអញ្ជើញពួកគេឲ្យមករកព្រះគ្រីស្ទ ។ បងប្អូនអាចស្វែងរកគំនិតមួយចំនួននៅក្នុងសារលិខិតរបស់អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « The Doctrine of Belonging » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៥៣–៥៦ ) ។
សូមមើលផងដែរ នីហ្វៃទី៣ ១៨:៣០–៣២; ដាល្លិន អេក អូក « What Has Our Savior Done for Us? » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៧៥–៧៧; Gospel Topics « Belonging in the Church of Jesus Christ » នៅលើបណ្ណាល័យដំណឹងល្អ ។
សាតាំងព្យាយាមដើម្បីបោកបញ្ឆោត ។
ការកុហក និងកលល្បិចជាច្រើនរបស់សាតាំងត្រូវបានលាតត្រដាងនៅក្នុង នីហ្វៃទី២ ២៨ ។ សូមរកមើលវាទាំងនោះនៅក្នុង ខទី ៦, ៨, ២១–២៣, ២៩ ។ ហេតុអ្វីបានជាបងប្អូនចាំបាច់ត្រូវដឹងអំពីការកុហករបស់សាតាំង ? តើបងប្អូននឹងធ្វើអ្វីខ្លះ នៅពេលមារសត្រូវព្យាយាមបោកបញ្ឆោតបងប្អូន ?
ខាងក្រោមនេះគឺជាខគម្ពីរមួយចំនួនដែលបដិសេធការកុហករបស់សាតាំង ។ សូមរកមើលថាតើបងប្អូនអាចផ្គូផ្គងគោលលទ្ធិពិតនៅក្នុងខគម្ពីរទាំងនេះ ជាមួយនឹងគោលលទ្ធិខុសឆ្គងដែលនីហ្វៃព្រមានយើងនៅក្នុង នីហ្វៃទី២ ២៨ ដែរឬទេ ៖
-
នីហ្វៃទី២ ២:១៧ ៖ អារក្សពិតជាមានមែន ( នីហ្វៃទី២ ២៨:២២ ៖ « ខ្ញុំមិនមែនជាអារក្សទេ ត្បិតគ្មានអារក្សឯណា )
សូមមើលផងដែរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Deceive Me Not » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩៣–៩៦ ។
ព្រះបន្ដផ្ដល់វិវរណៈដើម្បីដឹកនាំបុត្រាបុត្រីរបស់ទ្រង់ ។
ក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងត្រូវបានប្រទានពរឲ្យមានព្រះបន្ទូលរបស់ព្រះដ៏បរិបូរណ៍ ។ ហើយដូចជានីហ្វៃបានព្រមានមកអ៊ីចឹងដែរ យើងមិនត្រូវមានអារម្មណ៍ថា « យើងមានល្មមគ្រប់គ្រាន់ហើយ ! » ទេ ។ នៅពេលបងប្អូនអានការព្រមាននៅក្នុង នីហ្វៃទី២ ២៨:២៧–៣១ និង នីហ្វៃទី២ ២៩ សូមគិតអំពីសំណួរដូចតទៅនេះ ៖
-
តើព្រះចង់ឲ្យខ្ញុំមានអារម្មណ៍ និងឆ្លើយតបទៅនឹងព្រះបន្ទូលរបស់ទ្រង់ដោយរបៀបណា ?
-
ហេតុអ្វីពេលខ្លះមនុស្ស « ខឹង » ពេលទទួលសេចក្ដីពិតបន្ថែមទៀតមកពីព្រះ ? ( នីហ្វៃទី២ ២៨:២៨ ) ។ តើខ្ញុំធ្លាប់មានអារម្មណ៍បែបនេះដែរឬទេ ? បើធ្លាប់មាន តើខ្ញុំអាចផ្លាស់ប្តូរដោយរបៀបណា ?
-
តើការទទួលយកព្រះបន្ទូលរបស់ព្រះមានន័យយ៉ាងណា ? តើខ្ញុំអាចបង្ហាញទ្រង់ថា ខ្ញុំចង់ទទួលព្រះបន្ទូលទ្រង់កាន់តែច្រើនទៀតដោយរបៀបណា ?
គំនិតសម្រាប់បង្រៀនកុមារ
ព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យខ្ញុំមករកទ្រង់ ។
-
ដើម្បីបង្រៀនកូនៗរបស់បងប្អូនអំពីការអញ្ជើញរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរទាំងនេះ បងប្អូនអាចនិយាយជាមួយពួកគេអំពីពេលដែលពួកគេបានអញ្ជើញមនុស្សឲ្យចូលរួមក្នុងព្រឹត្តិការណ៍ពិសេស ដូចជាពិធីខួបកំណើតជាដើម ។ បន្ទាប់មក បងប្អូនអាចអាន នីហ្វៃទី២ ២៦:២៣–២៨ រួមគ្នា ហើយស្វែងរកអ្វីដែលព្រះយេស៊ូវកំពុងអញ្ជើញយើងឲ្យធ្វើ ។ កូនៗរបស់បងប្អូនប្រហែលជាចង់បង្កើតប័ណ្ណអញ្ជើញដល់នរណាម្នាក់ឲ្យមករកព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តពួកគេឲ្យប្រើឃ្លាមួយមកពីខគម្ពីរទាំងនេះនៅក្នុងការអញ្ជើញរបស់ពួកគេ ។
-
រូបគំនូរនៅចុងបញ្ចប់នៃមេរៀននេះបង្ហាញពីមនុស្សមកពីមជ្ឈដ្ឋានជាច្រើន ។ ប្រហែលជាកូនៗរបស់បងប្អូនអាចមើលរូបភាពនេះបាន នៅពេលបងប្អូនអាន នីហ្វៃទី២ ២៦:៣៣ ។ បងប្អូនអាចអានឃ្លា « ព្រះយេស៊ូវអញ្ជើញពួកគេទាំងអស់គ្នាឲ្យមករកទ្រង់ » ឡើងវិញ នៅពេលកូនៗរបស់បងប្អូនចង្អុលទៅមនុស្សម្នាក់ៗនៅក្នុងរូបភាព ហើយបន្ទាប់មកចង្អុលខ្លួនគេ ។ តើយើងមករកព្រះយេស៊ូវដោយរបៀបណា ?
-
បទចម្រៀងអំពីការស្រឡាញ់មនុស្សទាំងអស់ ដូចជាបទ « ខ្ញុំនឹងដើរជាមួយអ្នក » ( សៀវភៅចម្រៀងកុមារ ទំព័រ ៧៨ ) អាចជួយបងប្អូនបង្រៀនសារលិខិតពី នីហ្វៃទី២ ២៦:៣៣ បាន ។
នីហ្វៃទី២ ២៨:២; ២៩:៧–១១; ៣០:៣–៦
ព្រះគម្ពីរមរមនគឺជាពរជ័យ ។
-
ដើម្បីជួយកូនៗរបស់បងប្អូនឲ្យមានអារម្មណ៍ថា ព្រះគម្ពីរមរមនគឺមាន « ប្រយោជន៍យ៉ាងធំ » ( នីហ្វៃទី២ ២៨:២ ) បងប្អូនរុំគម្ពីរនេះជាអំណោយ ហើយឲ្យពួកគេទស្សន៍ទាយពីអ្វីដែលនៅក្នុងនោះ ។ ពួកគេអាចស្វែងរកតម្រុយនៅក្នុង នីហ្វៃទី២ ៣០:៣–៦ ។ សូមប្រាប់កូនៗរបស់បងប្អូនថា ហេតុអ្វីបានជាព្រះគម្ពីរមរមនមានប្រយោជន៍យ៉ាងធំសម្រាប់បងប្អូន ហើយអនុញ្ញាតឲ្យពួកគេចែកចាយអារម្មណ៍របស់ពួកគេផងដែរ ។
-
សូមពិចារណាសួរកូនៗរបស់បងប្អូនឲ្យស្រមៃថា មានមិត្តភក្តិម្នាក់និយាយ « ខ្ញុំមិនចាំបាច់អានព្រះគម្ពីរមរមនទេ ។ ខ្ញុំមានព្រះគម្ពីរប៊ីបរួចទៅហើយ » ។ តើយើងអាចនិយាយអ្វីខ្លះទៅកាន់មិត្តរបស់យើង ? សូមអានជាមួយគ្នានៅក្នុង នីហ្វៃទី២ ២៩:៧–១១ ដើម្បីរៀនពីមូលហេតុដែលព្រះមានព្រះទ័យចង់ឲ្យយើងមានព្រះគម្ពីរទាំងពីរ ។
ព្រះវរបិតាសួគ៌បង្រៀនខ្ញុំបន្តិចម្តងៗ ។
-
ប្រហែលជាបងប្អូនអាចគិតពីមេរៀនដែលប្រើវត្ថុ ដែលនឹងជួយកូនៗរបស់បងប្អូនឲ្យយល់ពីអត្ថន័យនៃការរៀន « មួយសិក្ខាបទម្ដងៗ » ។ ឧទាហរណ៍ ពួកគេអាចផ្គុំរូបផ្គុំ ឬបង្កើតអ្វីមួយដោយប្រើដុំឈើម្តងមួយដុំៗ ។ ឬបងប្អូនអាចបង្រៀនពួកគេពីជំនាញមួយ មួយជំហានម្តងៗ ដូចជាការចងធ្នូ ឬគូររូបភាពជាដើម ។ បន្ទាប់មកបងប្អូនអាចអាន នីហ្វៃទី២ ២៨:៣០ ហើយពិភាក្សាអំពីរបៀបដែលព្រះវរបិតាសួគ៌បង្រៀនយើងនូវសេចក្តីពិតម្តងមួយៗ ។
-
គំនិតផ្សេងទៀតអាចជាការជ្រើសរើសឃ្លាចេញពី នីហ្វៃទី២ ២៨:៣០ ហើយប្តូរវេនគ្នាសរសេរវាម្តងមួយពាក្យៗ ។ តើវាដូចជារបៀបដែលព្រះប្រទានសេចក្ដីពិតដល់យើងដោយរបៀបណា ? ហេតុអ្វីព្រះបើកបង្ហាញសេចក្ដីពិតមកកាន់យើង « មួយសិក្ខាបទម្ដងៗ ឯណេះបន្តិច ឯណោះបន្តិច » ជំនួសឲ្យទាំងអស់ក្នុងពេលតែមួយយ៉ាងដូច្នេះ ? តើយើងអាចបង្ហាញព្រះថា យើងចង់ទទួលសេចក្ដីពិតពីទ្រង់បន្ថែមទៀតដោយរបៀបណា ?