« ឧបសម្ព័ន្ធ ខ ៖ សម្រាប់អង្គការបឋមសិក្សា—ការរៀបចំកុមារឲ្យនៅលើផ្លូវនៃសេចក្តីសញ្ញារបស់ព្រះពេញមួយជីវិត » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
« ឧបសម្ព័ន្ធ ខ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤
ឧបសម្ព័ន្ធ ខ
សម្រាប់អង្គការបឋមសិក្សា—ការរៀបចំកុមារឲ្យនៅលើផ្លូវនៃសេចក្តីសញ្ញារបស់ព្រះពេញមួយជីវិត
នៅក្នុងខែដែលមានប្រាំអាទិត្យ គ្រូបង្រៀនអង្គការបឋមសិក្សាត្រូវបានលើកទឹកចិត្តឲ្យជំនួសគម្រោងកាលវិភាគដែលបានកំណត់នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ នៅថ្ងៃអាទិត្យទីប្រាំ ដោយសកម្មភាពរៀនសូត្រទាំងនេះមួយ ឬច្រើន ។
គោលការណ៍ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
គោលលិទ្ធរបស់ព្រះគ្រីស្ទបង្រៀនយើងអំពីរបៀបដើម្បីត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញ ។
នៅពេលព្រះយេស៊ូវគ្រីស្ទបង្ហាញអង្គទ្រង់ទៅដល់ប្រជាជននៅទ្វីបអាមេរិក ទ្រង់បានបង្រៀនពួកគេអំពីគោលលទ្ធិរបស់ទ្រង់ ។ ទ្រង់បានមានបន្ទូលថា យើងអាចចូលទៅក្នុងនគររបស់ព្រះបាន ប្រសិនបើយើងមានសេចក្ដីជំនឿ ប្រែចិត្ត ទទួលពិធីបុណ្យជ្រមុជទឹក ទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត ( សូមមើល នីហ្វៃទី៣ ១១:៣១–៤០; គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:២៩ ) ។ សកម្មភាពខាងក្រោមទាំងនេះអាចជួយបងប្អូនឲ្យបង្រៀនកុមារថា គោលការណ៍ និងពិធីបរិសុទ្ធទាំងនេះនឹងជួយយើងឲ្យខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះពេញមួយជីវិតរបស់យើង ។
ដើម្បីរៀនបន្ថែមអំពីគោលលទ្ធិរបស់ព្រះគ្រីស្ទ សូមមើល នីហ្វៃទី២ ៣១ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមផ្តល់រូបភាពដែលតំណាងឲ្យសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ដល់កុមារ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ១, ១១១, ១០៣ និង ១០៥ ) ។ សូមអាន ឬសូត្រជាមួយកុមារនូវមាត្រាទីបួននៃសេចក្តីជំនឿ ហើយសុំឲ្យពួកគេលើករូបភាពរបស់ពួកគេឡើង នៅពេលអានដល់គោលការណ៍ ឬពិធីបរិសុទ្ធនោះ ។ សូមជួយកុមារឲ្យយល់ពីរបៀបដែលគោលការណ៍ និងពិធីបរិសុទ្ធនីមួយៗជួយយើងឲ្យប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
តើបងប្អូនអាចជួយកុមារឲ្យយល់បានថា សេចក្ដីជំនឿ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់មិនមែនជាព្រឹត្តិការណ៍មានតែម្តងនោះទេ ប៉ុន្តែវាជាព្រឹត្តិការណ៍ដែលមានឥទ្ធិពលលើការរីកចម្រើនខាងវិញ្ញាណរបស់យើងពេញមួយជីវិតរបស់យើងដោយរបៀបណា ? ឧទាហរណ៍ បងប្អូនអាចបង្ហាញពួកគេនូវរូបភាពគ្រាប់ពូជមួយ និងដើមឈើធំមួយដើម ( ឬគូររូបទាំងនេះនៅលើក្ដារខៀន ) ។ សូមជួយពួកគេឲ្យគិតពីអ្វីដែលជួយឲ្យគ្រាប់ពូជនោះដុះទៅជាដើមឈើធំមួយដើមបានដូចជា ទឹក ដី និងពន្លឺព្រះអាទិត្យជាដើម ។ សូមជួយពួកគេឲ្យមើលឃើញថា អ្វីទាំងអស់នេះគឺប្រៀបដូចជាអ្វីៗដែលយើងធ្វើដើម្បីខិតកាន់តែជិតព្រះពេញមួយជីវិតរបស់យើងដែរ—ការស្ថាបនាសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្តជារៀងរាល់ថ្ងៃ ការរស់នៅតាមសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់យើង និងការស្តាប់តាមព្រះវិញ្ញាណបរិសុទ្ធ ។
-
សូមចែកចាយជាមួយកុមារនូវរឿងមួយអំពីកាំជ្រួច មកពីសារលិខិតរបស់អែលឌើរ ឌែល ជី រិនឡាន់ « How Can Repenting Help Me Feel Happy? » ( Friend ខែ ធ្នូ ឆ្នាំ ២០១៧ ទំព័រ ១២–១៣ ឬ Liahona ខែ ធ្នូ ២០១៧ ទំព័រ ៧០–៧១; សូមមើលវីដេអូ « Repentance: A Joyful Choice » ផងដែរ [ នៅលើបណ្ណាល័យដំណឹងល្អ ] ) ។
នៅតាមវគ្គផ្សេងៗនៅក្នុងដំណើររឿងនេះ សូមអញ្ជើញកុមារឲ្យគិតថា តើអែលឌើរ រិនឡាន់ អាចមានអារម្មណ៍យ៉ាងណា ។ តើហេតុអ្វីបានជាយើងមានអំណរ នៅពេលយើងប្រែចិត្ត ? សូមចែកចាយជាមួយកុមារនូវអារម្មណ៍នៃសេចក្តីអំណរ និងសេចក្តីស្រឡាញ់ដែលបងប្អូនមាន នៅពេលបងប្អូនទូលសូមព្រះវរបិតាសួគ៌ឲ្យអភ័យទោសដល់បងប្អូន ។
ពិធីបុណ្យជ្រមុជទឹក
ព្រះយេស៊ូវគ្រីស្ទទ្រង់បានធ្វើជាគំរូសម្រាប់ខ្ញុំ នៅពេលទ្រង់ទទួលពិធីបុណ្យជ្រមុជទឹក ។
សូម្បីតែព្រះយេស៊ូវដែលគ្មានបាបសោះ ក៏ទ្រង់បានទទួលពិធីបុណ្យជ្រមុជទឹកដើម្បីធ្វើជាគំរូដ៏ល្អឥតខ្ចោះនៃការគោរពប្រតិបត្តិចំពោះព្រះវរបិតាសួគ៌ដែរ ( សូមមើល នីហ្វៃទី២ ៣១:៦–១០ ) ។
ដើម្បីរៀនបន្ថែមទៀតអំពីពិធីបុណ្យជ្រមុជទឹក សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧; Gospel Topics « Baptism » នៅលើបណ្ណាល័យដំណឹងល្អ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមបង្ហាញរូបភាពពិធីបុណ្យជ្រមុជទឹករបស់ព្រះអង្គសង្គ្រោះ និងពិធីបុណ្យជ្រមុជទឹករបស់បុគ្គលម្នាក់ផ្សេងទៀត ( ឬសូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៣៥ និង ល.រ. ១០៣ ក៏បាន ឬ ល.រ. ១០៤ ក៏បាន ) ។ សុំកុមារឲ្យចែកចាយនូវអ្វីដែលខុសគ្នា និងអ្វីដែលដូចគ្នារវាងរូបភាពទាំងពីរនេះ ។ សូមអានជាមួយគ្នានៅក្នុង ម៉ាថាយ ៣:១៣–១៧ ឬ « ជំពូកទី ១០ ៖ ព្រះយេស៊ូវបានទទួលពិធីបុណ្យជ្រមុជទឹក នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ២៦–២៩ ឬសូមមើលវីដេអូដែលត្រូវគ្នានៅលើបណ្ណាល័យដំណឹងល្អ ។
សូមឲ្យកុមារចង្អុលទៅកាន់វត្ថុទាំងឡាយនៅក្នុងរូបភាពដែលបានលើកឡើងនៅក្នុងអំណាន ឬវីដេអូនោះ ។ សូមប្រាប់កុមារអំពីសេចក្តីស្រឡាញ់របស់បងប្អូនចំពោះព្រះអង្គសង្គ្រោះ និងបំណងប្រាថ្នារបស់បងប្អូនក្នុងការដើរតាមទ្រង់ ។
-
សូមស្តាប់ ឬច្រៀងចម្រៀងមួយបទអំពីពិធីបុណ្យជ្រមុជទឹក ដូចជា « When Jesus Christ Was Baptized » ( Children’s Songbook ទំព័រ ១០២ ) ។ តើយើងរៀនអ្វីខ្លះអំពីពិធីបុណ្យជ្រមុជទឹកនៅក្នុងបទចម្រៀងនេះ ? សូមអាន នីហ្វៃទី២ ៣១:៩–១០ ហើយអញ្ជើញកុមារឲ្យស្តាប់រកមូលហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទទទួលពិធីបុណ្យជ្រមុជទឹក ។ សូមអញ្ជើញពួកគេឲ្យគូររូបខ្លួនឯងនៅថ្ងៃពួកគេទទួលពិធីបុណ្យជ្រមុជទឹក ។
ខ្ញុំអាចជ្រើសរើសចុះសេចក្តីសញ្ញាជាមួយនឹងព្រះ ហើយទទួលពិធីបុណ្យជ្រមុជទឹកបាន ។
ការរៀបចំខ្លួនដើម្បីទទួលពិធីបុណ្យជ្រមុជទឹកមានអត្ថន័យច្រើនជាងការរៀបចំខ្លួនសម្រាប់ព្រឹត្តិការណ៍មួយ ។ វាមានន័យថា ការរៀបចំខ្លួនដើម្បីចុះសេចក្ដីសញ្ញា ហើយបន្ទាប់មករក្សាសេចក្ដីសញ្ញានោះអស់មួយជីវិត ។ សូមជញ្ជឹងគិតពីរបៀបដែលបងប្អូនអាចជួយកុមារឲ្យយល់ពីសេចក្ដីសញ្ញាដែលពួកគេនឹងធ្វើជាមួយនឹងព្រះវរបិតាសួគ៌ នៅពេលពួកគេបានទទួលពិធីបុណ្យជ្រមុជទឹក ដែលរួមមានការសន្យាដែលទ្រង់ធ្វើជាមួយពួកគេ និងការសន្យាដែលពួកគេធ្វើជាមួយទ្រង់ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមពន្យល់ថា សេចក្តីសញ្ញាគឺជាការសន្យាមួយរវាងបុគ្គលម្នាក់ និងព្រះវរបិតាសួគ៌ ។ ពេលយើងខិតខំព្យាយាមរក្សាការសន្យារបស់យើងចំពោះព្រះ នោះព្រះនឹងប្រទានពរដល់យើង ។ សូមសរសេរនៅលើក្ដារខៀនថា ការសន្យារបស់ខ្ញុំជាមួយនឹងព្រះ និងការសន្យារបស់ព្រះជាមួយនឹងខ្ញុំ ។ សូមអាន ម៉ូសាយ ១៨:១០, ១៣ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧ ជាមួយគ្នា ហើយជួយកុមារឲ្យធ្វើបញ្ជីមួយអំពីការសន្យាដែលពួកគេអាចរកឃើញនៅក្រោមចំណងជើងសមស្របមួយ ( សូមមើលផងដែរ ដាល្លិន អេក អូក « Your Baptism Covenant » Friend ខែ កុម្ភៈ ឆ្នាំ ២០២១ ទំព័រ ២–៣ ) ។ សូមចែកចាយអំពីរបៀបដែលព្រះវរបិតាសួគ៌បានប្រទានពរដល់បងប្អូន នៅពេលបងប្អូនខិតខំព្យាយាមរក្សាសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់បងប្អូន ។
-
សូមបង្ហាញដល់កុមារនូវរូបភាពនៃអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើ កាលទ្រង់គង់នៅលើផែនដីនេះ ( សម្រាប់ឧទាហរណ៍មួយចំនួន សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៣៣–៤៩ ) ។ សូមឲ្យកុមារពិពណ៌នាពីអ្វីដែលព្រះយេស៊ូវកំពុងធ្វើនៅក្នុងរូបភាពនីមួយៗ ។ សូមអាន ម៉ូសាយ ១៨:៨–១០, ១៣ ហើយអញ្ជើញកុមារឲ្យស្តាប់នូវអ្វីដែលពួកគេសន្យាថានឹងធ្វើ នៅពេលពួកគេទទួលពិធីបុណ្យជ្រមុជទឹក ( សូមមើលផងដែរ « The Baptism Covenant » Friend ខែ កុម្ភៈ ឆ្នាំ ២០១៩ ទំព័រ ៧;Liahona ខែ កុម្ភៈ ឆ្នាំ ២០១៩ ទំព័រ F៣ ) ។ តើការសន្យាទាំងនេះនឹងមានឥទ្ធិពលយ៉ាងណាទៅលើសកម្មភាពប្រចាំថ្ងៃរបស់យើង ? សូមអញ្ជើញកុមារឲ្យគូររូបខ្លួនឯងកំពុងជួយនរណាម្នាក់តាមរបៀបដែលព្រះយេស៊ូវនឹងធ្វើ ។ ឬក៏បងប្អូនអាចធ្វើស្លាកសាមញ្ញមួយដែលមានព្រះនាមរបស់ព្រះអង្គសង្រ្គោះឲ្យកុមារពាក់ ។
ពិធីបញ្ជាក់
នៅពេលខ្ញុំទទួលពិធីបញ្ជាក់ នោះខ្ញុំក្លាយទៅជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
ការក្លាយទៅជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នាំមកនូវពរជ័យជាច្រើន រួមមានទាំងឱកាសសម្រាប់កុមារដើម្បីចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការរបស់ព្រះផងដែរ ។
ដើម្បីរៀនបន្ថែមអំពីពិធីបញ្ជាក់ និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ សូមមើល ហ្គែរី អ៊ី ស្ទីវ៉ែនសុន « How Does the Holy Ghost Help You? » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១១៧–១២០; Gospel Topics « Holy Ghost » នៅលើបណ្ណាល័យដំណឹងល្អ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអញ្ជើញនរណាម្នាក់ដែលទើបតែបានទទួលពិធីបុណ្យជ្រមុជទឹក និងទើបបានបញ្ជាក់ថ្មីៗឲ្យមកកាន់ថ្នាក់រៀន ហើយចែកចាយពីអារម្មណ៍ដែលបានទទួលពិធីបញ្ជាក់ ។ តើវាមានន័យយ៉ាងណាចំពោះបុគ្គលនេះ ដើម្បីក្លាយជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ? សូមជួយកុមារឲ្យគិតពីវិធីដែលពួកគេអាចរក្សាសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេបានក្នុងនាមជាសមាជិករបស់សាសនាចក្រ ( ដូចជា ការបម្រើអ្នកដទៃ ការអញ្ជើញអ្នកដទៃឲ្យរៀនបន្ថែមទៀតអំពីព្រះយេស៊ូវ ការអធិស្ឋាននៅក្នុងការប្រជុំនានាជាដើម ) ។ សូមចែកចាយនូវរបៀបដែលការធ្វើកិច្ចការទាំងនេះបានជួយបងប្អូនឲ្យមានអំណរក្នុងការធ្វើជាសមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទ ។
-
សូមបង្ហាញរូបភាពហ្វូងមនុស្សនៅឯទឹកមរមន ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៧៦ ) ហើយសូមកុមារឲ្យពិពណ៌នានូវអ្វីដែលពួកគេមើលឃើញនៅក្នុងរូបភាពនោះ ។ សូមនិទានរឿងរបស់អាលម៉ា និងប្រជាជនរបស់លោកដែលបានទទួលពិធីបុណ្យជ្រមុជទឹកនៅទីនោះ ( សូមមើល ម៉ូសាយ ១៨:១–១៧; ជំពូកទី ១៥ ៖ អាលម៉ាបង្រៀន ហើយជ្រមុជទឹក » ដំណើររឿងព្រះគម្ពីរមរមន ទំព័រ៤៣–៤៤ ឬសូមមើលវីដេអូដែលត្រូវគ្នានៅលើបណ្ណាល័យដំណឹងល្អ ) ។
សូមពិនិត្យមើល ម៉ូសាយ ១៨:៨–៩ ឡើងវិញ ហើយអញ្ជើញកុមារឲ្យធ្វើសកម្មភាព ដើម្បីជួយពួកគេឲ្យចងចាំនូវអ្វីដែលមនុស្សមានឆន្ទៈធ្វើក្នុងនាមជាសមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទ ។ សូមចែកចាយនូវបទពិសោធន៍មួយ នៅពេលដែលបងប្អូនបានឃើញសមាជិកសាសនាចក្រកំពុងបម្រើតាមវិធីទាំងនេះ ។
នៅពេលខ្ញុំបានទទួលពិធីបញ្ជាក់ ខ្ញុំទទួលនូវអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
នៅពេលយើងទទួលពិធីបុណ្យជ្រមុជទឹក ហើយបានទទួលពិធីបញ្ជាក់ នោះព្រះវរបិតាសួគ៌សន្យាថា យើង « អាចបានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹង [ យើង ] ជាដរាប » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧ ) ។ ព្រះរាជអំណោយដ៏អស្ចារ្យនេះដែលបានមកពីព្រះត្រូវបានគេហៅថា អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:១៥ ហើយសុំឲ្យកុមារស្តាប់រកអ្វីដែលជាអំណោយទានពិសេស ដែលព្រះវរបិតាសួគ៌ប្រទានដល់យើង នៅពេលយើងទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ ដើម្បីជួយពួកគេឲ្យរៀនបន្ថែមទៀតអំពីរបៀបដែលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធនឹងជួយដល់ពួកគេ សូមពិនិត្យមើលបទគម្ពីរនេះទាំងអស់គ្នា យ៉ូហាន ១៤:២៦; កាឡាទី ៥:២២–២៣; នីហ្វៃទី២ ៣២:៥; នីហ្វៃទី៣ ២៧:២០ ។ បងប្អូនក៏អាចពិនិត្យមើលអត្ថបទ « The Holy Ghost Is … » ( Friend ខែ មិថុនា ឆ្នាំ ២០១៩ ទំព័រ ២៤–២៥; Liahona ខែ មិថុនា ឆ្នាំ ២០១៩ ទំព័រ F12–F13 ) បានផងដែរ ។
-
មុនពេលចូលរៀន សូមឲ្យឪពុកម្ដាយរបស់កុមារម្នាក់ ឬច្រើននាក់ចែកចាយពីរបៀបដែលពួកគេបានទទួលពរជ័យ ដោយសារពួកគេមានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ តើទ្រង់អាចជួយពួកគេបានដោយរបៀបណា ? តើពួកគេអាចឮព្រះសូរសៀងរបស់ទ្រង់ដោយរបៀបណា ?
-
សូមច្រៀងជាមួយគ្នានូវបទចម្រៀងអំពីព្រះវិញ្ញាណបរិសុទ្ធ ដូចជាបទ « ព្រះវិញ្ញាណបរិសុទ្ធ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥៦ ) ។ សូមជួយកុមារឲ្យយល់ពីអ្វីដែលបទចម្រៀងនេះបង្រៀនយើង អំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងបាន ។
ព្រះវិញ្ញាណបរិសុទ្ធអាចមានព្រះបន្ទូលមកកាន់យើងតាមរបៀបជាច្រើន ។
កុមារដែលអាចស្គាល់ព្រះសូរសៀងនៃព្រះវិញ្ញាណនឹងត្រូវបានរៀបចំដើម្បីទទួលវិវរណៈផ្ទាល់ខ្លួន ដើម្បីដឹកនាំពួកគេពេញមួយជីវិតរបស់ពួកគេ ។ សូមបង្រៀនពួកគេថា មានវិធីជាច្រើនដែលព្រះវិញ្ញាណបរិសុទ្ធអាចមានបន្ទូលមកកាន់យើងបាន ។
សកម្មភាពដែលអាចធ្វើបាន
-
សូមជួយកុមារឲ្យគិតអំពីរិធីផ្សេងៗដែលយើងអាចនិយាយទៅកាន់មិត្តភក្តិដែលរស់នៅឆ្ងាយដូចជា ការសរសេរសំបុត្រ ការផ្ញើអ៊ីម៉ែល ឬការនិយាយតាមទូរសព្ទជាដើម ។ សូមបង្រៀនពួកគេថា ព្រះវរបិតាសួគ៌អាចមានបន្ទូលមកកាន់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ សូមប្រើប្រាស់សារលិខិតរបស់ប្រធាន ដាល្លិន អេក អូក « How Does Heavenly Father Speak to Us? » ដើម្បីជួយកុមារឲ្យយល់ពីវិធីផ្សេងៗគ្នា ដែលព្រះវិញ្ញាណបរិសុទ្ធអាចមានបន្ទូលមកកាន់គំនិត និងដួងចិត្តរបស់យើងបាន ( Friend ខែ មីនា ឆ្នាំ ២០២០ ទំព័រ ២–៣; Liahona ខែ មីនា ឆ្នាំ ២០២០ ទំព័រ F២–F៣ ) ។
-
សូមចែកចាយបទពិសោធន៍មួយ នៅពេលព្រះវិញ្ញាណបរិសុទ្ធបានប្រាស្រ័យទាក់ទងជាមួយនឹងបងប្អូន ទោះបីតាមរយៈគំនិតនៅក្នុងចិត្ត ឬតាមរយៈអារម្មណ៍នៅក្នុងដួងចិត្តរបស់បងប្អូនក្តី ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៦:២២–២៣; ៨:២–៣; សូមមើលផងដែរ ហិនរី ប៊ី អាវរិង « Open Your Heart to the Holy Ghost » Friend ខែ សីហា ឆ្នាំ ២០១៩ ទំព័រ ២–៣; Liahona ខែ សីហា ឆ្នាំ ២០១៩ ទំព័រ F២–F៣ ) ។ សូមថ្លែងទីបន្ទាល់ទៅកាន់កុមារថា ព្រះវិញ្ញាណបរិសុទ្ធអាចជួយពួកគេតាមរបៀបដូចគ្នានេះបានផងដែរ ។
-
សូមជួយកុមារឲ្យគិតពីពេលដែលពួកគេមានអារម្មណ៍នៃព្រះវិញ្ញាណ—ឧទាហរណ៍ នៅពេលកំពុងច្រៀងចម្រៀងអំពីព្រះអង្គសង្រ្គោះ ឬនៅពេលកំពុងធ្វើល្អដាក់អ្នកដទៃ ។ សូមជួយពួកគេឲ្យស្គាល់អារម្មណ៍ខាងវិញ្ញាណដែលព្រះវិញ្ញាណបរិសុទ្ធនាំមក ។ ហេតុអ្វីបានជាបងប្អូនគិតថា ព្រះវិញ្ញាណបរិសុទ្ធប្រទានដល់យើងនូវអារម្មណ៍ទាំងនោះ ? សូមជួយកុមារឲ្យគិតពីអ្វីៗដែលយើងត្រូវធ្វើដើម្បីស្តាប់ឮព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់យើង ។ សូមនិយាយអំពីអ្វីដែលបងប្អូនធ្វើ ដើម្បីស្តាប់ឮព្រះវិញ្ញាណបានកាន់តែច្បាស់ឡើង ។
ពិធីសាក្រាម៉ង់
ពេលខ្ញុំទទួលពិធីសាក្រាម៉ង់ ខ្ញុំនឹកចាំដល់ពលិកម្មរបស់ព្រះអង្គសង្រ្គោះ និងរំឭកសេចក្តីសញ្ញារបស់ខ្ញុំជាថ្មីម្ដងទៀត ។
ព្រះអង្គសង្រ្គោះបានប្រទានពិធីសាក្រាម៉ង់ដល់យើង ដើម្បីជួយយើងឲ្យចងចាំនូវការលះបង់របស់ទ្រង់សម្រាប់យើង ហើយរំឭកសេចក្តីសញ្ញារបស់យើងឡើងវិញ ។ ដោយសារតែពិធីបរិសុទ្ធប្រចាំសប្តាហ៍នេះ នោះយើងអាចបន្តរីករាយនឹងពរជ័យនៃពិធីបុណ្យជ្រមុជទឹកពេញមួយជីវិតរបស់យើងបាន ។
ដើម្បីរៀនបន្ថែមទៀត សូមមើល ម៉ាថាយ ២៦:២៦–៣០; នីហ្វៃទី៣ ១៨:១–១២; គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧, ៧៩ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអញ្ជើញកុមារឲ្យផាត់ពណ៌លើរូប « ព្រះយេស៊ូវបានណែនាំពិធីសាក្រាម៉ង់ដល់ពួកសាសន៍នីហ្វៃ » នៅក្នុងសៀវភៅផាត់ពណ៌ដំណើររឿងក្នុងព្រះគម្ពីរ ៖ ព្រះគម្ពីរមរមន ( ឆ្នាំ ២០១៩ ) ទំព័រ ២៦ ។ សូមពួកគេឲ្យចង្អុលទៅអ្វីដែលមនុស្សកំពុងគិតនៅក្នុងរូបភាពនេះ ។ សូមអានទៅកាន់កុមារនូវផ្នែកខ្លះនៃ នីហ្វៃទី៣ ១៨:១–១២ ឬ « ជំពូកទី ៤៥ ៖ ព្រះយេស៊ូវគ្រីស្ទបង្រៀនអំពីពិធីសាក្រាម៉ង់ និងការអធិស្ឋាន » ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ១២៦–១២៧ ឬមើលវីដេអូដែលត្រូវគ្នានៅលើគេហទំព័រ ChurchofJesusChrist.org ។ តើយើងអាចធ្វើអ្វីបានខ្លះ ដើម្បីនឹកចាំដល់ព្រះយេស៊ូវគ្រីស្ទនៅក្នុងអំឡុងពេលសាក្រាម៉ង់ ?
-
ចូរសុំឲ្យកុមារប្រាប់បងប្អូនពីរឿងមួយចំនួន ដែលពួកគេគួរតែចងចាំថាត្រូវធ្វើជានិច្ចដូចជា ការចងស្បែកជើង ឬការលាងដៃមុនពេលពួកគេញ៉ាំជាដើម ។ ហេតុអ្វីវាមានសារៈសំខាន់ដើម្បីចងចាំនូវរឿងទាំងនេះ ? សូមអាន មរ៉ូណៃ ៤:៣ ឲ្យកុមារស្ដាប់ ហើយអញ្ជើញពួកគេឲ្យស្តាប់រកអ្វីដែលយើងសន្យាថានឹងចងចាំជានិច្ច នៅពេលយើងទទួលទានសាក្រាម៉ង់ ។ ហេតុអ្វីវាមានសារៈសំខាន់ដើម្បីនឹកចាំដល់ព្រះយេស៊ូវគ្រីស្ទ ? សូមជួយកុមារឲ្យយល់អំពីរបៀបដែលនំប៉័ង និងទឹកនៃពិធីសាក្រាម៉ង់ ជួយយើងឲ្យចងចាំពីអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង ( សូមមើល មរ៉ូណៃ ៤:៣; ៥:២ ) ។
-
សូមសរសេរនៅលើក្ដារខៀន « ខ្ញុំសន្យាថានឹង… » សូមអានពាក្យអធិស្ឋានសាក្រាម៉ង់ឲ្យកុមារស្ដាប់ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧៧ ៧៩ ) ។ នៅពេលពួកគេឮការសន្យាដែលយើងធ្វើចំពោះព្រះ សូមផ្អាក ហើយជួយពួកគេឲ្យបំពេញប្រយោគនៅលើក្តារខៀន ជាមួយនឹងពាក្យសន្យាដែលពួកគេបានឮនោះ ។ សូមជួយពួកគេឲ្យយល់ថា នៅពេលយើងទទួលទានសាក្រាម៉ង់ នោះយើងកំពុងធ្វើការសន្យាដូចគ្នាទៅនឹងការសន្យាដែលយើងបានធ្វើនៅឯពិធីបុណ្យជ្រមុជទឹកដែរ ។
-
តើការលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទមានន័យយ៉ាងដូចម្តេច ? ដើម្បីជួយកុមារឲ្យឆ្លើយទៅនឹងសំណួរនេះ សូមចែកចាយនូវឧទាហរណ៍មួយអំពីអ្វីដែលយើងដាក់ឈ្មោះយើងនៅលើ ។ ហេតុអ្វីយើងត្រូវដាក់ឈ្មោះរបស់យើងនៅលើរបស់អស់ទាំងនោះ ? ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទចង់ដាក់ព្រះនាមរបស់ទ្រង់មកលើយើង ? សូមពិចារណាចែកចាយការពន្យល់នេះមកពីប្រធាន រ័សុល អិម ណិលសុន ៖ « ការលើកដាក់ព្រះនាមរបស់ព្រះអង្គសង្គ្រោះមកលើខ្លួនយើង រួមមាន ការប្រកាស និងការធ្វើជាសាក្សីដល់មនុស្សដទៃផងដែរ—តាមរយៈសកម្មភាព និងពាក្យសម្ដីរបស់យើង—ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ » ( « The Correct Name of the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៨ ) ។
អំណាចបព្វជិតភាព សិទ្ធិអំណាចបព្វជិតភាព និងកូនសោទាំងឡាយ
ព្រះប្រទានពរដល់បុត្រាបុត្រីរបស់ទ្រង់តាមរយៈអំណាចបព្វជិតភាព ។
បុត្រាបុត្រីរបស់ព្រះទាំងអស់—ទាំងស្រី ទាំងប្រុស ទាំងក្មេង ទាំងចាស់—ទទួលបានព្រះចេស្ដារបស់ព្រះ នៅពេលពួកគេរក្សាសេចក្ដីសញ្ញាដែលពួកគេបានធ្វើជាមួយនឹងទ្រង់ ។ យើងធ្វើសេចក្តីសញ្ញាទាំងនេះ នៅពេលយើងទទួលពិធីបរិសុទ្ធនៃបព្វជិតភាពដូចជា ពិធីបុណ្យជ្រមុជទឹក ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៣.៥ នៅលើបណ្ណាល័យដំណឹងល្អ ) ។ ដើម្បីរៀនបន្ថែមទៀត សូមមើល រ័សុល អិម ណិលសុន « Spiritual Treasures » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៦–៧៩; « គោលការណ៍ទាំងឡាយនៃបព្វជិតភាព » ជំពូកទី៣ នៅក្នុង ក្បួនខ្នាតទូទៅ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមជួយកុមារឲ្យសម្គាល់នូវពរជ័យទាំងឡាយដែលពួកគេទទួលបានដោយសារបព្វជិតភាព ។ ដើម្បីផ្តល់ឲ្យពួកគេនូវគំនិតមួយចំនួន បងប្អូនអាចបង្ហាញវីដេអូ « Blessings of the Priesthood » នេះបាន ( នៅលើបណ្ណាល័យដំណឹងល្អ ) ។
-
សូមពិចារណារាយបញ្ជីពរជ័យទាំងនេះនៅលើក្ដារខៀន ។ ហេតុអ្វីបានជាពរជ័យទាំងនេះសំខាន់ចំពោះយើង ? សូមថ្លែងទីបន្ទាល់ថា ពរជ័យទាំងនេះមានមកដល់យើង ដោយសារព្រះយេស៊ូវគ្រីស្ទ និងអំណាចបព្វជិតភាពរបស់ទ្រង់ ។
-
សូមសរសេរចំណងជើងដូចតទៅនេះនៅលើក្តារខៀន ៖ អំណាចរបស់ព្រះ និង អំណាច និងសិទ្ធិអំណាចរបស់ព្រះដែលប្រទានដល់បុរសនៅលើផែនដី ។ សូមស្នើសុំឲ្យកុមារដាក់រូបភាពនៅពីក្រោមចំណងជើងទីមួយ ដែលជួយយើងឲ្យយល់ពីរបៀបដែលព្រះបានប្រើអំណាចរបស់ទ្រង់ដើម្បីប្រទានពរដល់យើង ដូចជាតាមរយៈការបង្កបង្កើតផែនដី ការណែនាំ និងដឹកនាំយើង ការបង្ហាញយើងថាទ្រង់ស្រឡាញ់ និងស្គាល់យើង ហើយឮ និងឆ្លើយតបការអធិស្ឋានរបស់យើង ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៣, ៦៨, ៩០, ១១១ ) ។ សុំឲ្យពួកគេដាក់រូបភាពនៅពីក្រោមចំណងជើងទីពីរ ដែលជួយយើងឲ្យយល់ពីរបៀបដែលបុរសស័ក្តិសមនៅលើផែនដីប្រើអំណាច និងសិទ្ធិអំណាចរបស់ព្រះដើម្បីប្រទានពរដល់យើង ដូចជាតាមរយៈការប្រទានពរដល់អ្នកជំងឺ ការជ្រមុជទឹក ការបញ្ជាក់ ការចាត់ចែងសាក្រាម៉ង់ និងការផ្សារភ្ជាប់ក្រុមគ្រួសារជាដើម ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៤៦, ១០៤, ១០៥, ១០៧, ១២០ ) ។ សូមចែកចាយនូវមូលហេតុដែលបងប្អូនមានអំណរគុណសម្រាប់បព្វជិតភាព និងពរជ័យទាំងឡាយដែលវានាំមក ។
-
វិធីដ៏សំខាន់មួយដែលយើងទទួលបានពរជ័យនៃអំណាចរបស់ព្រះនៅក្នុងជីវិតរបស់យើង គឺតាមរយៈពិធីបរិសុទ្ធនៃបព្វជិតភាព ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:២០ ) ។ ដើម្បីជួយកុមារឲ្យរៀនអំពីសេចក្តីពិត បងប្អូនអាចរាយបញ្ជីនូវបទគម្ពីរដូចតទៅនេះដាក់នៅលើក្តារខៀនបាន ៖ នីហ្វៃទី៣ ១១:២១–២៦, ៣៣ ( ពិធីបុណ្យជ្រមុជទឹក ); មរ៉ូណៃ ២ ( ពិធីបញ្ជាក់ ); មរ៉ូណៃ ៤–៥ ( ពិធីសាក្រាម៉ង់ ) ។ កុមារម្នាក់ៗអាចជ្រើសរើសវគ្គបទគម្ពីរមួយក្នុងចំណោមវគ្គបទគម្ពីរទាំងនេះ ហើយកំណត់ពីពិធីបរិសុទ្ធដែលវាពិពណ៌នា ។ សូមអញ្ជើញកុមារឲ្យចែកចាយរបៀបដែលពួកគេបានទទួលពរជ័យដោយផ្ទាល់ តាមរយៈការទទួលពិធីបរិសុទ្ធនៃបព្វជិតភាព ។
-
សូមជួយកុមារឲ្យយល់ថា ពួកគេនឹងទទួលបានព្រះចេស្តាពីព្រះ នៅពេលពួកគេទទួលពិធីបុណ្យជ្រមុជទឹក ហើយរក្សាសេចក្តីសញ្ញារបស់ពួកគេ ។ ចូរសួរកុមារពីរបៀបដែលព្រះចេស្តានេះអាចជួយពួកគេបាន ។
កិច្ចការរបស់ព្រះត្រូវបានដឹកនាំដោយកូនសោបព្វជិតភាព ហើយសម្រេចបានតាមរយៈសិទ្ធិអំណាចនៃបព្វជិតភាព ។
សមាជិកសាសនាចក្រជាបុរសដែលមានភាពស័ក្តិសមអាចត្រូវបានតែងតាំងឲ្យកាន់តំណែងមួយនៅក្នុងបព្វជិតភាព ។ លើសពីនេះទៅទៀត នៅពេលណាដែលបុគ្គលម្នាក់ត្រូវបានញែកចេញសម្រាប់ការហៅបម្រើមួយ ឬត្រូវបានចាត់តាំងឲ្យទៅជួយក្នុងកិច្ចការរបស់ព្រះ នោះគាត់ ឬនាងអាចអនុវត្តសិទ្ធិអំណាចបព្វជិតភាពដែលបានផ្ទេរនោះបាន ។ ការប្រើប្រាស់សិទ្ធិអំណាចបព្វជិតភាពទាំងអស់នៅក្នុងសាសនាចក្រត្រូវបានដឹកនាំដោយបុគ្គលដែលកាន់កូនសោនៃបព្វជិតភាពដូចជា ប្រធានស្តេក ប៊ីស្សព និងប្រធានកូរ៉ុមជាដើម ។ កូនសោទាំងឡាយនៃបព្វជិតភាពគឺជាសិទ្ធិអំណាចដើម្បីដឹកនាំការប្រើប្រាស់នៃបព្វជិតភាពក្នុងការធ្វើកិច្ចការរបស់ព្រះអម្ចាស់ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអានជាមួយកុមារក្នុង ម៉ាកុស ៣:១៤–១៥ ហើយបង្ហាញពួកគេនូវរូបភាពព្រឹត្តិការណ៍ដែលបានពិពណ៌នានៅទីនោះ ( ដូចជា សៀវភៅរូបភាពដំណឹងល្អ ល.រ. ៣៨ ) ។ សូមសួរកុមារថា តើពួកគេធ្លាប់ឃើញនរណាម្នាក់ត្រូវបានតែងតាំងនៅក្នុងតំណែងបព្វជិតភាព ឬត្រូវបានញែកចេញសម្រាប់ការហៅបម្រើមួយដែរឬទេ ( ឬប្រាប់ពួកគេអំពីបទពិសោធន៍ដែលបងប្អូនធ្លាប់មាន ) ។ តើវាស្រដៀងទៅនឹងអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើជាមួយពួកសាវករបស់ទ្រង់យ៉ាងដូចម្ដេច ? សូមជួយកុមារឲ្យរាយបញ្ជីនៅលើក្តារខៀនពីតំណែងបព្វជិតភាព ឬការហៅបម្រើដែលអាចផ្តល់ឲ្យសមាជិកនៃសាសនាចក្រដូចជាគ្រូបង្រៀន ឬអ្នកដឹកនាំនៅក្នុងអង្គភាពមួយជាដើម ។ នៅជាប់នឹងតំណែងនីមួយៗ ឬការហៅបម្រើនីមួយៗ បងប្អូនអាចសរសេរអ្វីដែលនរណាម្នាក់ដែលមានតំណែង ឬការហៅបម្រើនោះមានសិទ្ធិអំណាចធ្វើ ។ សូមប្រាប់កុមារអំពីរបៀបដែលការញែកចេញដោយនរណាម្នាក់ នៅក្រោមការដឹកនាំនៃកូនសោបព្វជិតភាព បានជួយបងប្អូនឲ្យធ្វើការបម្រើ ។
-
សូមអញ្ជើញកុមារឲ្យគិតអំពីអ្វីមួយដែលបងប្អូនត្រូវការកូនសោ ដូចជារថយន្ត ឬទ្វារជាដើម ។ តើនឹងមានអ្វីកើតឡើង ប្រសិនបើបងប្អូនគ្មានកូនសោទេនោះ ? សូមអានជាមួយគ្នាក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៥:២ ហើយចែកចាយទីបន្ទាល់របស់បងប្អូនអំពីសារៈសំខាន់នៃការមានកូនសោបព្វជិតភាពនៅលើផែនដីនេះ ។ បងប្អូនក៏អាចមើលវីដេអូ « Where Are the Keys? » បានផងដែរ ( បណ្ណាល័យដំណឹងល្អ ) ហើយរកមើលអ្វីដែលអែលឌើរ ស្ទីវ៉ែនសុន បង្រៀនអំពីកូនសោនៃបព្វជិតភាព ។
-
សូមឲ្យនរណាម្នាក់នៅក្នុងវួដដែលកាន់កូនសោទាំងនោះមកថ្នាក់រៀន ហើយចែកចាយជាមួយកុមារអំពីអត្ថន័យនៃការកាន់កូនសោបព្វជិតភាព ។ សូមអញ្ជើញគាត់ឲ្យពិពណ៌នាអំពីការទទួលខុសត្រូវរបស់គាត់ ។ តើគាត់ដឹកនាំផ្នែកណាខ្លះនៃកិច្ចការរបស់ព្រះអម្ចាស់ ? តើព្រះអង្គសង្រ្គោះជួយដល់គាត់ដោយរបៀបណា ?
ព្រះវិហារបរិសុទ្ធ និងផែនការនៃសុភមង្គល
ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ ។
ព្រះវិហារបរិសុទ្ធគឺជាផ្នែកមួយនៃផែនការរបស់ព្រះវរបិតាសួគ៌យើងសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។ នៅក្នុងព្រះវិហារបរិសុទ្ធ យើងចុះសេចក្តីសញ្ញាពិសិដ្ឋជាមួយទ្រង់ ទទួលបាននូវអំណាចបព្វជិតភាព ទទួលវិវរណៈ ធ្វើពិធីបរិសុទ្ធសម្រាប់បុព្វការីជនដែលបានទទួលមរណភាពរបស់យើង ហើយបានផ្សារភ្ជាប់ជាមួយក្រុមគ្រួសាររបស់យើងសម្រាប់ភាពអស់កល្បជានិច្ច ។ អ្វីៗទាំងអស់នេះអាចកើតឡើងបានដោយសារតែព្រះយេស៊ូវគ្រីស្ទ និងពលិកម្មដ៏ធួនរបស់ទ្រង់ ។
តើបងប្អូនអាចជួយកុមារដែលបងប្អូនបង្រៀនឲ្យស្គាល់ពីភាពពិសិដ្ឋនៃព្រះដំណាក់របស់ព្រះអម្ចាស់ ហើយរៀបចំខ្លួនរបស់ពួកគេឲ្យស័ក្ដិសមដើម្បីចូលរួមនៅក្នុងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធដោយរបៀបណា ? សូមពិចារណាពិនិត្យមើលធនធានទាំងនេះ ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១៥–១៧; រ័សុល អិម ណិលសុន « Closing Remarks » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១២០–២២; « Why Latter-day Saints Build Temples » នៅលើគេហទំព័រ temples.ChurchofJesusChrist.org ។
សកម្មភាពដែលអាចធ្វើបាន
-
សូមដាក់បង្ហាញរូបភាពព្រះវិហារបរិសុទ្ធមួយ ឬច្រើន ។ សូមសួរកុមារពីអ្វីដែលធ្វើឲ្យព្រះវិហារបរិសុទ្ធជាកន្លែងដ៏ពិសេស ។ សូមចង្អុលបង្ហាញថា នៅលើព្រះវិហារបរិសុទ្ធនីមួយៗមានសិលាចារឹកនេះថា ៖ « បរិសុទ្ធភាពថ្វាយព្រះអម្ចាស់ ៖ ព្រះដំណាក់នៃព្រះអម្ចាស់ » ។ សូមសួរកុមារថា តើពួកគេគិតថា « បរិសុទ្ធភាពថ្វាយព្រះអម្ចាស់ » មានន័យយ៉ាងណា ។ ហេតុអ្វីបានជាព្រះវិហារបរិសុទ្ធត្រូវបានគេហៅថាព្រះដំណាក់នៃព្រះអម្ចាស់ ? តើការណ៍នេះបង្រៀនយើងអ្វីខ្លះអំពីព្រះវិហារបរិសុទ្ធ ? ប្រសិនបើកុមារណាម្នាក់បានទៅព្រះវិហារបរិសុទ្ធរួចហើយ នោះពួកគេក៏អាចចែកចាយពីអារម្មណ៍របស់ពួកគេនៅពេលពួកគេនៅទីនោះផងដែរ ។ ប្រសិនបើបងប្អូនធ្លាប់បានទៅព្រះវិហារបរិសុទ្ធ សូមចែកចាយពីអារម្មណ៍ដែលបងប្អូនមានពីវត្តមានរបស់ព្រះអម្ចាស់នៅទីនោះ ហើយនិយាយអំពីមូលហេតុដែលព្រះវិហារបរិសុទ្ធគឺជាកន្លែងដ៏ពិសិដ្ឋសម្រាប់បងប្អូន ។
-
សូមអានជាមួយគ្នានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១៥–១៧ ។ សូមឲ្យកុមាររកមើលអ្វីដែលព្រះអម្ចាស់រំពឹងពីអស់អ្នកទាំងឡាយដែលចូលទៅក្នុងព្រះរាជដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ។ ហេតុអ្វីបានជាយើងត្រូវមានភាពស័ក្ដិសមដើម្បីចូលទៅក្នុងព្រះរាជដំណាក់របស់ទ្រង់ ? ដោយជាផ្នែកមួយនៃការសន្ទនានេះ សូមនិយាយជាមួយកុមារអំពីប័ណ្ណចូលព្រះវិហារបរិសុទ្ធ រួមទាំងរបៀបដើម្បីទទួលបានប័ណ្ណនោះផងដែរ ។ បងប្អូនអាចអញ្ជើញសមាជិកម្នាក់ក្នុងគណៈប៊ីស្សពឲ្យចែកចាយជាមួយពួកគេ អំពីការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធថាវាមានលក្ខណៈដូចម្តេច និងសំណួរដែលត្រូវសួរនៅក្នុងការសម្ភាសនោះ ។
នៅក្នុងព្រះវិហារបរិសុទ្ធ យើងចុះសេចក្ដីសញ្ញាជាមួយនឹងព្រះ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យដើរលើផ្លូវនៃសេចក្ដីសញ្ញាដើម្បីត្រឡប់ទៅកាន់ផ្ទះយើងវិញ ទៅរកព្រះបិតាមាតាសួគ៌របស់យើង ហើយនៅជាមួយមនុស្សជាទីស្រឡាញ់របស់យើង » ( « Come, Follow Me » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩១ ) ។ សូមជួយកុមារឲ្យយល់ថា ផ្លូវនៃសេចក្តីសញ្ញារួមមាន ពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ និងអំណោយទានពិសិដ្ឋ និងការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមស្នើសុំកុមារឲ្យជួយបងប្អូនពិនិត្យមើលឡើងវិញនូវសេចក្ដីសញ្ញាដែលយើងធ្វើជាមួយនឹងព្រះ នៅពេលយើងទទួលពិធីបុណ្យជ្រមុជទឹក និងសេចក្ដីសញ្ញាដែលយើងរំឭកឡើងវិញ នៅពេលយើងទទួលទានសាក្រាម៉ង់ ( សូមមើល ម៉ូសាយ ១៨:១០; គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧, ៧៩ ) ។ សូមបង្ហាញរូបភាពរបស់ព្រះវិហារបរិសុទ្ធមួយ ហើយពន្យល់ថា ព្រះវរបិតាសួគ៌មានពរជ័យជាច្រើនទៀតដែលទ្រង់សព្វព្រះទ័យប្រទានឲ្យយើងនៅក្នុងព្រះវិហារបរិសុទ្ធ ។
-
សូមគូររូបទ្វារដែលនាំទៅរកផ្លូវមួយ ។ សូមសួរកុមារថា ហេតុអ្វីបានជាពួកគេគិតថា វាមានប្រយោជន៍ក្នុងការមានផ្លូវសម្រាប់ដើរ ។ សូមអានជាមួយគ្នានៅក្នុង នីហ្វៃទី២ ៣១:១៧–២០ ដែលនីហ្វៃប្រៀបធៀបសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹកទៅនឹងទ្វារមួយ ហើយអញ្ជើញយើងឲ្យបន្តនៅលើផ្លូវនោះក្រោយពីពិធីបុណ្យជ្រមុជទឹក ។ មានសេចក្ដីសញ្ញាជាច្រើនទៀតដែលត្រូវធ្វើបន្ទាប់ពីពិធីបុណ្យជ្រមុជទឹករួមមាន សេចក្ដីសញ្ញាដែលបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធផងដែរ ។ សូមពន្យល់ថា ប្រធាន ណិលសុន បានហៅផ្លូវនេះថា « ផ្លូវនៃសេចក្ដីសញ្ញា » ។
នៅក្នុងព្រះវិហារបរិសុទ្ធ យើងអាចធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជូនបុព្វការីជនដែលទទួលមរណភាពបាន ។
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទធ្វើឲ្យបុត្រាបុត្រីរបស់ព្រះទាំងអស់មានលទ្ធភាពត្រឡប់ទៅរស់នៅជាមួយទ្រង់វិញ បើទោះបីជាពួកគេស្លាប់ដោយមិនដឹងពីដំណឹងល្អក៏ដោយ ។ នៅក្នុងព្រះវិហារបរិសុទ្ធ យើងអាចធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជំនួសឲ្យពួកគាត់បាន ។
សកម្មភាពដែលអាចធ្វើបាន
-
សូមនិយាយអំពីគ្រាមួយ នៅពេលដែលនរណាម្នាក់បានធ្វើអ្វីមួយសម្រាប់បងប្អូន ដែលបងប្អូនមិនអាចធ្វើដោយខ្លួនឯងបាន ។ សូមអញ្ជើញកុមារឲ្យចែកចាយបទពិសោធន៍ស្រដៀងគ្នានោះ ។ សូមពន្យល់ថា ពេលយើងទៅព្រះវិហារបរិសុទ្ធ យើងអាចទទួលពិធីបរិសុទ្ធពិសិដ្ឋដូចជា ពិធីបុណ្យជ្រមុជទឹកសម្រាប់អ្នកដទៃដែលបានទទួលមរណភាពហើយ ។ តើយើងគឺដូចជាព្រះយេស៊ូវយ៉ាងដូចម្ដេច នៅពេលយើងធ្វើកិច្ចការសម្រាប់មរណជន ? តើព្រះអង្គបានធ្វើអ្វីខ្លះសម្រាប់យើង ដែលយើងមិនអាចធ្វើបានដោយខ្លួនឯង ?
-
សូមអញ្ជើញយុវវ័យម្នាក់ ឬច្រើននាក់ដែលបានធ្វើពិធីបុណ្យជ្រមុជទឹកជូនបុព្វការីជនរបស់ពួកគេឲ្យចែកចាយបទពិសោធន៍របស់ពួកគេ ។ សូមសួរពួកគេពីអ្វីដែលពួកគេចូលចិត្តអំពីព្រះវិហារបរិសុទ្ធ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយអារម្មណ៍ដែលពួកគេមាន នៅពេលធ្វើកិច្ចការជូនបុព្វការីជនរបស់ពួកគេ ។
-
សូមគូររូបដើមឈើមួយនៅលើក្តាខៀន ដោយរួមមានទាំងឫស និងមែកធាងផង ។ សូមឲ្យកុមារគិតពីរបៀបដែលគ្រួសារមួយប្រៀបបានទៅនឹងដើមឈើមួយដើមនោះ ។ សូមដាក់ស្លាកឫសថា បុព្វការីជន ដាក់ស្លាកមែកធាងថា កូនចៅ ហើយដាក់ស្លាកដើមថា អ្នក ។ សូមអានឃ្លានេះជាមួយគ្នាដែលមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៨ ៖ « ដ្បិតយើងរាល់គ្នាមិនអាចបានល្អឥតខ្ចោះ ក្រៅពីពួកគេ [ បុព្វការីជនរបស់យើង ] ឡើយ រីឯពួកគេក៏មិនអាចបានល្អឥតខ្ចោះក្រៅពីយើងដែរ » ។ សូមសួរសំណួរដូចតទៅនេះ ៖ « ហេតុអ្វីបានជាយើងត្រូវការបុព្វការីជនរបស់យើង ? ហេតុអ្វីបានជាកូនចៅរបស់យើងត្រូវការយើង ? តើឪពុកម្តាយ ជីដូនជីតា និងបុព្វការីជនផ្សេងៗទៀតបានជួយយើងដោយរបៀបណា ? » សូមអញ្ជើញកុមារឲ្យស្រាវជ្រាវក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៨ ដែលនៅសល់រកមើលឃ្លាដែលពិពណ៌នាអំពីរបៀបដែលយើងអាចជួយជីដូនជីតារបស់យើងបាន ។
-
សូមពិចារណាធ្វើការសហការគ្នាជាមួយឪពុកម្តាយរបស់កុមារម្នាក់ៗ ដើម្បីស្វែងរកឈ្មោះជីដូនជីតាដើម្បីឲ្យកុមារយកទៅព្រះវិហារបរិសុទ្ធ ( សូមមើលគេហទំព័រ FamilySearch.org) ។