ក្បួនខ្នាត និង​ការហៅ
៣. គោលការណ៍​ទាំងឡាយ​នៃ​បព្វជិតភាព


« ៣. គោលការណ៍​ទាំងឡាយ​នៃ​បព្វជិតភាព » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ៣. គោលការណ៍​ទាំងឡាយ​នៃ​បព្វជិតភាព » ក្បួនខ្នាត​ទូទៅ ។

យុវជន​កំពុង​ទទួល​ការប្រសិទ្ធពរ​បព្វជិតភាព

៣.

គោលការណ៍​ទាំងឡាយ​នៃ​បព្វជិតភាព

៣.០

សេចក្តីផ្ដើម

បព្វជិតភាព​គឺជា​សិទ្ធិ​អំណាច និង​ជា​អំណាច​របស់ព្រះ ។ បព្វជិតភាព​តែងតែ​មាន​ជានិច្ច ហើយ​នឹង​បន្ត​មាន​ដោយ​គ្មាន​ទីបញ្ចប់ ( សូមមើល អាលម៉ា ១៣:៧–៨; គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១៧–១៨ ) ។ តាមរយៈ​បព្វជិតភាព ព្រះវរបិតាសួគ៌​បានសម្រេច​កិច្ចការ​របស់ទ្រង់​ដើម្បី « នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ព្រះ​ប្រទាន​សិទ្ធិអំណាច និង​អំណាច​ដល់​បុត្រា និង​បុត្រី​របស់ទ្រង់​នៅលើ​ផែនដី​ដើម្បី​ជួយ​ធ្វើកិច្ចការ​នេះ ( សូមមើល ជំពូកទី ១ ) ។

៣.១

ការស្ដារ​បព្វជិតភាព​ឡើងវិញ

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជា​ស្ថាប័ន​តែមួយ​គត់​នៅលើ​ផែនដី ដែល​មាន​សិទ្ធិ​អំណាច​បព្វជិតភាព ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​បព្វជិតភាព​អើរ៉ុន និង​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​នេះ​មកពី​យ៉ូហាន បាទីស្ទ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣:១ ) ។ លោក​បាន​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក និង​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​នេះ​មកពី​សាវក​ពេត្រុស យ៉ាកុប និង​យ៉ូហាន ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧:១២–១៣ ) ។

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ម៉ូសេ អេលីយ៉ាស និង​អេលីយ៉ា បាន​បង្ហាញ​ខ្លួន​ឲ្យ​យ៉ូសែប ស្ម៊ីធ ឃើញ ហើយ​បាន​សន្យាដល់​លោក​នូវ​សិទ្ធិ​អំណាច​ដែល​ចាំបាច់​បន្ថែមទៀត ដើម្បី​សម្រេច​បាន​កិច្ចការ​របស់​ព្រះ​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:១១–១៦ ) ។

  • ម៉ូសេ​បាន​ប្រគល់​កូនសោ​នៃ​ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ( សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « អ៊ីស្រាអែល » ) ។

  • អេលីយ៉ាស​បាន​ប្រគល់​ឲ្យ​នូវ​គ្រាកាន់​កាប់​ត្រួតត្រា​នៃ​ដំណឹងល្អ​របស់​អ័ប្រាហាំ ។ ការណ៍​នេះ​រួមមាន​ទាំង​ការស្តារ​ឡើងវិញ​នៃ​សេចក្តីសញ្ញា​អ័ប្រាហាំ​ផងដែរ ( សូមមើល អ័ប្រាហាំ ២:៩–១១; សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្ដី​សញ្ញា​អ័ប្រាហាំ » ) ។

  • អេលីយ៉ា​បាន​ប្រគល់​កូនសោ​ទាំងឡាយ​នៃ​អំណាច​ផ្សារភ្ជាប់ ( សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ភ្ជាប់, ការភ្ជាប់ » ) ។ កូនសោ​ទាំងនេះ​ផ្តល់​ឲ្យ​នូវសិទ្ធិ​អំណាច ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធីបរិសុទ្ធ​នៅលើ​ផែនដី​ដើម្បី​ចង​ភ្ជាប់​នៅជីវិត​ក្រោយ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:៩–១០ ) ។

សមាជិក​ម្នាក់ៗ​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​កាន់​កូនសោ​បព្វជិតភាព​ទាំងអស់នេះ​នៅ​សព្វថ្ងៃនេះ ។ ប៉ុន្តែ មាន​តែ​ប្រធាន​សាសនាចក្រ​ប៉ុណ្ណោះ​ដែល​ជា​សាវក​រៀម​ច្បង ដែល​មាន​សិទ្ធិ​អំណាច ដើម្បី​អនុវត្ត​កូនសោ​ទាំងអស់​នេះ​បាន ។ ថ្នាក់ដឹកនាំ​ទាំងនេះ​ហៅ និង​ផ្តល់សិទ្ធិ​អំណាច​ដល់​សមាជិក​ដទៃទៀត​នៃ​សាសនាចក្រ​ដើម្បី​ប្រើប្រាស់​សិទ្ធិអំណាច និង​អំណាច​បព្វជិតភាព​របស់​ព្រះ ដើម្បី​ជួយ​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កូនសោ​បព្វជិតភាព សូមមើល ៣.៤.១ ។

៣.២

ពរជ័យ​នៃ​បព្វជិតភាព

តាមរយៈ​សេចក្តីសញ្ញា និង​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ព្រះ​បាន​ធ្វើ​ឲ្យ​ពរជ័យ​ដ៏មហិមា​ទាំងឡាយ​មាន​ចំពោះ​បុត្រាបុត្រី​របស់ទ្រង់​ទាំងអស់ ។ ពរជ័យ​ទាំងនេះ​រួមមាន ៖

  • ពិធីបុណ្យជ្រមុជទឹក និង​សមាជិកភាព​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

  • អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

  • ការទទួលទាន​សាក្រាម៉ង់ ។

  • សិទ្ធិ​អំណាច និង​អំណាច​ដើម្បី​បម្រើ​នៅក្នុង​ការហៅបម្រើ​ក្នុង​សាសនាចក្រ និង​ការចាត់តាំង​ទាំងឡាយ ។

  • ការទទួល​ពរជ័យ​របស់​លោក​អយ្យកោ និង​ពរជ័យ​ដទៃទៀត​នៃ​បព្វជិតភាព​ដូចជា ការព្យាបាល ការលួងលោម និង​ការដឹកនាំ ។

  • ការទទួល​បាន​អំណោយទាន​ពិសិដ្ឋ​ជាមួយ​អំណាច​របស់ព្រះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

  • ការផ្សារភ្ជាប់​ជាមួយ​សមាជិក​គ្រួសារ​រហូត​ដល់​អស់កល្បជានិច្ច ។

  • សេចក្តីសន្យា​នៃ​ជីវិតអស់​កល្បជានិច្ច ។

បុត្រាបុត្រី​របស់ព្រះ​អាច​ទទួល​ពរជ័យ​នៃ​បព្វជិតភាព​ទាំងនេះ​បាន ហើយ​ដកពិសោធន៍​សេចក្តីអំណរ​ដ៏មហិមា នៅពេល​ពួកគេ​រស់នៅ​តាមដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

៣.៣

បព្វជិតភាព​ម៉ិលគីស្សាដែក និង​បព្វជិតភាព​អើរ៉ុន

នៅក្នុង​សាសនាចក្រ បព្វជិតភាព​មានពីរ​ផ្នែក ៖ បព្វជិតភាព​ម៉ិលគីស្សាដែក និង​បព្វជិតភាព​អើរ៉ុន ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១ ) ។

៣.៣.១

បព្វជិតភាព​ម៉ិលគីស្សាដែក

បព្វជិតភាព​ម៉ិលគីស្សាដែក​គឺជា « បព្វជិតភាព​ដ៏​បរិសុទ្ធ តាម​របៀប​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៣ ) ។ វាគឺជា​អំណាច​ដែល​បុត្រា និង​បុត្រី​នៃព្រះ​អាច​ប្រែក្លាយ​ដូចជា​ទ្រង់​បាន​តាមរយៈ​អំណាច​នេះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១៩–២១; ១៣២:១៩–២០ ) ។

« បព្វជិតភាព​ម៉ិលគីស្សាដែក​មាន​សិទ្ធិ​នៃ​គណៈប្រធាន » ។ វាមាន « អំណាច និង​សិទ្ធិ​អំណាច​លើ​អស់​ទាំង​តំណែង​នៅ​ក្នុង​សាសនាចក្រ នៅ​គ្រប់​សម័យ​នានា​ក្នុង​ពិភពលោក ដើម្បី​ចាត់ចែង​ការណ៍​ទាំង​ឡាយ​ខាង​វិញ្ញាណ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៨ ) ។ តាមរយៈ​សិទ្ធិ​អំណាច​នេះ ថ្នាក់ដឹកនាំ​សាសនាចក្រ​ដឹកនាំ និង​គ្រប់គ្រង​កិច្ចការ​ខាង​វិញ្ញាណ​ទាំងអស់​នៃ​សាសនាចក្រ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:១៨ ) ។ « គ្រប់​ទាំង​សិទ្ធិ​អំណាច ឬ​តំណែង​ផ្សេងៗ​ទៀត​នៅ​ក្នុង​សាសនាចក្រ សុទ្ធ​តែ​ជា​ការ​បន្តោង​បញ្ជាប់​ទៅ​នឹង​បព្វជិតភាព​នេះ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៥ ) ។

ប្រធាន​សាសនាចក្រ​គឺជា​សង្ឃ​ជាន់ខ្ពស់​ជា​អធិបតី ដែល​គ្រប់គ្រង​លើ​បព្វជិតភាព​ម៉ិលគីស្សាដែក ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៦៥–៦៧ ) ។ ប្រធាន​ស្តេក​គឺជា​សង្ឃ​ជាន់ខ្ពស់​ជា​អធិបតី​នៅក្នុង​ស្តេក ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៨, ១០; សូមមើល​ផងដែរ ជំពូក​ទី ៦ នៅក្នុង​ក្បួនខ្នាត​នេះ ) ។ ប៊ីស្សព​គឺជា​សង្ឃ​ជាន់ខ្ពស់​ជា​អធិបតី​នៅក្នុង​វួដ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:១៧; សូមមើល​ផងដែរ ជំពូក​ទី ៧ នៅក្នុង​ក្បួនខ្នាត​នេះ ) ។

សម្រាប់​ព័ត៌មាន​អំពី​មុខតំណែង និង​ការទទួល​ខុសត្រូវ​ទាំងឡាយ​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក សូមមើល ៨.១ ។

៣.៣.២

បព្វជិតភាពអើរ៉ុន

បព្វជិតភាព​អើរ៉ុន​គឺជា « ការបន្តោង​បញ្ជាប់​ទៅនឹង … បព្វជិតភាព​ម៉ិលគីស្សាដែក » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១៤ ) ។ វា​រួមមាន​កូនសោ​នៃ ៖

  • ការងារបម្រើ​នៃ​ពួកទេវតា ។

  • ដំណឹងល្អ​នៃ​ការប្រែចិត្ត ។

  • ការគ្រប់គ្រង​ពិធីបរិសុទ្ធ​ខាងក្រៅ រួមមាន​ទាំង​ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​ការផ្តាច់បាប ។

( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣:១; ៨៤:២៦–២៧; ១០៧:២០ ) ។

ប៊ីស្សព​គឺជា​ប្រធាន​នៃ​បព្វជិតភាព​អើរ៉ុន​នៅ​ក្នុង​វួដ ( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១៥ ) ។

សម្រាប់​ព័ត៌មានអំពី​មុខតំណែង និង​ការទទួលខុសត្រូវ​ទាំងឡាយ​នៃ​បព្វជិតភាព​អើរ៉ុន សូមមើល ១០.១.៣ ។

៣.៤

សិទ្ធិ​អំណាច​បព្វជិតភាព

សិទ្ធិ​អំណាច​បព្វជិតភាព​គឺជា​ការផ្តល់​សិទ្ធិ​អំណាច​ដើម្បី​ធ្វើជា​អ្នកតំណាង​ឲ្យ​ព្រះ និង​ប្រព្រឹត្តនៅ​ក្នុង​ព្រះនាម​ទ្រង់ ។ នៅក្នុង​សាសនាចក្រ សិទ្ធិ​អំណាច​បព្វជិតភាព​ទាំងអស់​ត្រូវបាន​អនុវត្ត​នៅ​ក្រោម​ការដឹកនាំ​របស់​អ្នកទាំងឡាយ​ណា ដែល​កាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ។

បុរស​ជា​សមាជិក​នៃ​សាសនាចក្រ​ដែល​មាន​ភាពស័ក្តិសម​ទទួល​សិទ្ធិ​អំណាច​បព្វជិតភាព តាមរយៈ​ការប្រគល់ និង​ការតែងតាំង​បព្វជិតភាព​ទៅ​ក្នុង​តំណែង​បព្វជិតភាព ។ សមាជិក​សាសនាចក្រ​ទាំងអស់​អាច​អនុវត្ត​សិទ្ធិអំណាច​ដែល​ផ្តល់ឲ្យ​ពួកគេ​បាន នៅពេល​ពួកគេ​ត្រូវបាន​ញែកចេញ ឬ​បាន​ចាត់តាំង​ឲ្យ​ជួយ​សម្រេច​កិច្ចការ​របស់​ព្រះ ។ សមាជិក​ទាំងឡាយ​ទទួលខុសត្រូវ​ចំពោះព្រះ និង​ជន​ទាំងឡាយ​ណា​ដែល​ទ្រង់​បាន​តែងតាំង​ឲ្យ​ធ្វើជា​អធិបតី ទាក់ទង​នឹង​របៀប​ដែល​ពួកគេ​អនុវត្ត​សិទ្ធិអំណាច​របស់​ទ្រង់ ( សូមមើល ៣.៤.៤. ) ។

៣.៤.១

កូនសោ​ទាំងឡាយនៃ​បព្វជិតភាព

កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​គឺជា​សិទ្ធិ​អំណាច​ដើម្បី​ដឹកនាំ​ការប្រើប្រាស់​បព្វជិតភាព​ជំនួស​ឲ្យ​បុត្រាបុត្រី​របស់ព្រះ ។ ការប្រើប្រាស់​សិទ្ធិ​អំណាច​បព្វជិតភាព​ទាំងអស់​នៅក្នុង​សាសនាចក្រ​ត្រូវបាន​ដឹកនាំ​ដោយ​អ្នក​ដែល​កាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៥:២ ) ។

៣.៤.១.១

អ្នក​ដែល​កាន់​កូនសោ​បព្វជិតភាព

ព្រះយេស៊ូវ​គ្រីស្ទ​កាន់​កូនសោ​ទាំងអស់​នៃ​បព្វជិតភាព ។ ក្រោមការ​ដឹកនាំ​របស់ទ្រង់ កូនសោ​នៃ​បព្វជិតភាព​ត្រូវបាន​ប្រទាន​ឲ្យ​ដល់​បុរស ដើម្បី​ប្រើប្រាស់​នៅក្នុង​ការហៅបម្រើ​ជាក់លាក់​ណាមួយ ដើម្បី​សម្រេច​បាន​កិច្ចការ​របស់ព្រះ ដូចដែល​បាន​ពន្យល់​ខាងក្រោម ។

ព្រះអម្ចាស់​បាន​ប្រគល់ឲ្យ​សាវក​របស់​ទ្រង់​ម្នាក់ៗ​នូវ​កូនសោ​ទាំងអស់ ដែល​ទាក់ទង​នឹង​នគរ​នៃ​ព្រះ​លើ​ផែនដី ។ សាវក​ច្បង​ដែល​នៅរស់ ដែល​ជា​ប្រធាន​សាសនាចក្រ គឺជា​មនុស្ស​តែម្នាក់​គត់​នៅលើ​ផែនដី​នេះ ដែលមាន​សិទ្ធិ​អនុវត្ត​គ្រប់​កូនសោ​បព្វជិតភាព​ទាំងអស់​នោះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨១:១–២; ១០៧:៦៤–៦៧, ៩១–៩២; ១៣២:៧ ) ។

ក្រោមការ​ដឹកនាំ​របស់​ប្រធាន​នៃ​សាសនាចក្រ ថ្នាក់ដឹកនាំ​បព្វជិតភាព​ទទួល​បាន​កូនសោ​ទាំងឡាយ ដើម្បី​ពួកគាត់​អាច​ធ្វើជា​អធិបតី​នៅលើ​តំបន់​ដែល​ពួកគាត់​ទទួល​ខុសត្រូវ ។ ថ្នាក់ដឹកនាំ​ទាំងនេះ​រួមមាន ៖

  • ប្រធាន​ស្តេក និង​ប្រធាន​មណ្ឌល ។

  • ប៊ីស្សព និង​ប្រធាន​សាខា ។

  • ប្រធាន​កូរ៉ុម​បព្វជិតភាព​ម៉ិលគីស្សាដែក និង​បព្វជិតភាព​អើរ៉ុន ។

  • ប្រធាន​ព្រះវិហារ​បរិសុទ្ធ ។

  • ប្រធាន​បេសកកម្ម និង​ប្រធាន​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា ។

  • ប្រធាន​ទីតាំង​ប្រវត្តិសាស្រ្ត​សាសនាចក្រ ។

ថ្នាក់ដឹកនាំ​ទាំងនេះ​ទទួល​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព នៅពេល​ពួកគាត់​ត្រូវបាន​ញែកចេញ​ចំពោះ​ការហៅបម្រើ​របស់ពួកគាត់ ។

កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​គឺមិន​ឲ្យដល់​អ្នកដទៃ​ឡើយ រួមទាំង​ទីប្រឹក្សា​ថ្នាក់ដឹកនាំ​បព្វជិតភាព​ក្នុង​មូលដ្ឋាន ឬ​ប្រធាន​នៃ​អង្គការ​របស់​សាសនាចក្រ​ផងដែរ ។ ផ្ទុយទៅវិញ ថ្នាក់ដឹកនាំ​ទាំងនេះ​ទទួល​បាន​សិទ្ធិអំណាច នៅពេល​ពួកគាត់​ត្រូវបាន​ញែកចេញ និង​នៅពេល​ពួកគាត់​ទទួល​ការចាត់តាំង​ក្រោម​ការដឹកនាំ​នៃ​អ្នក​ដែល​កាន់កូនសោ​បព្វជិតភាព ។ ប្រធាន​អង្គការ​ទាំងឡាយ​នៃ​សាសនាចក្រ​ធ្វើ​ជាអធិបតី​ក្រោម​ការដឹកនាំ​របស់​អ្នក​ដែល​កាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ( សូមមើល ៤.២.៤ ) ។

ការប្រជុំ​ក្រុម​ប្រឹក្សា​វួដ

៣.៤.១.២

របៀប​រៀបរយ​នៃ​កិច្ចការ​របស់ព្រះ​អម្ចាស់

កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​ធានាឲ្យបាន​ថា កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​គឺ​ត្រូវបាន​សម្រេច​ដោយ​មាន​របៀប​រៀបរយ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៤២:១១; ១៣២:៨ ) ។ អ្នក​ដែល​កាន់​កូនសោ​នៃ​បព្វជិតភាព​ដឹកនាំ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅក្នុង​តំបន់​ដែល​ពួកគាត់​ទទួល​ខុសត្រូវ ។ ពួកគាត់​ធ្វើ​កិច្ចការ​នោះ​ដោយ​សេចក្តីស្រឡាញ់ និង​សុចរិត​ភាព ។ សិទ្ធិអំណាច​ជា​អធិបតី​នេះ​មាន​សុពលភាព​តែ​លើ​ការទទួលខុសត្រូវ​ជាក់លាក់​​នៃ​ការហៅបម្រើ​របស់​ថ្នាក់ដឹកនាំ​រូបនេះ​ប៉ុណ្ណោះ ។ នៅពេល​ថ្នាក់ដឹកនាំ​បព្វជិតភាព​ត្រូវបាន​ដោះលែង​ពីការហៅបម្រើ​របស់​ពួកគាត់ នោះ​ពួកគាត់​មិនអាច​កាន់​កូនសោ​ទាំងនេះ​បាន​ទៀត​ទេ ។

អ្នក​ទាំងអស់​ដែល​បម្រើ​នៅក្នុង​សាសនាចក្រ​គឺត្រូវបាន​ញែកចេញ ឬ​បាន​ចាត់តាំង​នៅក្រោម​ការដឹកនាំ​នៃ​បុគ្គល​ម្នាក់ ដែល​កាន់​កូន​សោ​បព្វជិតភាព ។ នៅពេល​សមាជិក​ត្រូវបាន​ញែកចេញ ឬ​ចាត់តាំង នោះ​ព្រះ​បាន​ប្រទាន​សិទ្ធិ​អំណាច​ឲ្យ​ពួកគាត់​ដើម្បី​បម្រើ​នៅក្នុង​កិច្ចការ​របស់​ទ្រង់ ។

៣.៤.២

ការប្រគល់ និង​ការតែងតាំង​បព្វជិតភាព

ក្រោមការដឹកនាំ​របស់​អ្នក​ដែល​កាន់​កូនសោ​បព្វជិតភាព នោះ​បព្វជិតភាព​អើរ៉ុន និង​បព្វជិតភាព​ម៉ិលគីស្សាដែក​គឺ​ត្រូវបាន​ប្រគល់​ឲ្យ​សមាជិក​សាសនាចក្រ​ជា​បុរស​ដែល​មាន​ភាពស័ក្ដិសម​ក្នុង​សាសនាចក្រ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:១៤–១៧ ) ។ បន្ទាប់ពី​បព្វជិតភាព​ត្រឹមត្រូវ​ត្រូវបាន​ប្រគល់​ហើយ នោះ​បុគ្គល​រូបនេះ​ត្រូវបាន​តែងតាំង​ទៅក្នុង​តំណែងមួយ​នៅក្នុង​បព្វជិតភាព​នោះ ដូចជា ឌីកុន ឬ​ជា​អែលឌើរ ។ អ្នក​កាន់បព្វជិតភាព​ម្នាក់អនុវត្ត​បព្វជិតភាព​ស្របតាម​សិទ្ធិ និង​កាតព្វកិច្ច​នៃ​តំណែង​នោះ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៩៩ ) ។

បុរស​ម្នាក់ៗ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ គួរ​ព្យាយាម​ដើម្បី​មាន​ភាព​ស័ក្ដិសមដើម្បី​ទទួល និងប្រើ​បព្វជិតភាព​ម៉ិលគីស្សាដែក​ដើម្បី​បម្រើ​មនុស្ស​ដទៃ ។ នៅពេល​បុរស​ម្នាក់​ទទួល​បព្វជិតភាព​នេះ នោះ​គាត់​ចុះ​សេចក្តីសញ្ញា​មួយ​ដើម្បី​បំពេញ​ទំនួលខុសត្រូវ​បព្វជិតភាព​របស់គាត់​យ៉ាង​ស្មោះត្រង់ ។ គាត់​ក៏​ទទួល​ពីព្រះ​នូវ​សម្បថ ឬ​សេចក្តី​សន្យា​មួយ​នៃពរជ័យ​ទាំងឡាយ​ដ៏​នៅអស់កល្ប​ជានិច្ច​ផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៣៣–៤៤; សូមមើល​ផងដែរ សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សម្បថ និង​សេចក្ដី​សញ្ញា​នៃ​បព្វជិតភាព » ) ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​ប្រគល់ និង​ការតែងតាំង​បព្វជិតភាព សូមមើល ៨.១.១, ១០.៦, ១៨.១០ និង ៣៨.២.៥ ។

៣.៤.៣

ការបែងចែក​សិទ្ធិ​អំណាច​បព្វជិតភាព​ដើម្បី​បម្រើ​នៅក្នុង​សាសនាចក្រ

សិទ្ធិ​អំណាច​បព្វជិតភាព​ដើម្បី​បម្រើ​នៅក្នុង​សាសនាចក្រ​ត្រូវបាន​បែងចែក​ដល់​សមាជិក​តាម​វិធី​ដូច​តទៅ​នេះ ៖

  • តាមរយៈ​ការធ្វើ​ពិធី​ញែកចេញ​សម្រាប់​ការហៅ​បម្រើ​មួយ​ក្នុង​សាសនាចក្រ

  • តាមរយៈ​ការចាត់តាំង​មកពី​ថ្នាក់ដឹកនាំ​ជា​អធិបតី​ក្នុង​សាសនាចក្រ

៣.៤.៣.១

ការ​ធ្វើ​ពិធី​ញែក​ចេញ

នៅពេល​បុរស និង​ស្ត្រី​ត្រូវបាន​ញែកចេញ​នៅក្រោម​ការដឹកនាំ​របស់​អ្នក​ដែល​កាន់​កូនសោ​បព្វជិតភាព នោះ​ពួកគេ​ត្រូវបាន​ផ្ដល់​ឲ្យ​នូវ​សិទ្ធិ​អំណាច​មកពី​ព្រះ ដើម្បី​ធ្វើ​សកម្មភាព​នៅក្នុង​ការហៅ​បម្រើ​នោះ ។ នៅពេល​ពួកគេ​ត្រូវបាន​ដោះ​លែង​ពី​ការ​ហៅ​បម្រើ​មួយ នោះ​ពួកគេ​លែង​មាន​សិទ្ធិ​អំណាច​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ហៅ​បម្រើ​នោះ​ទៀត​ហើយ ។

ការ​ហៅ​បម្រើ​មួយ​ចំនួន​ពាក់​ព័ន្ធ​ជា​មួយ​នឹង​តំណែង និង​កូរ៉ុម​នៃ​បព្វជិតភាព ។ ឧទាហរណ៍ បុរស​ម្នាក់​ដែល​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​អាច​ត្រូវ​បាន​ហៅឲ្យ​ធ្វើ​ជា​ប្រធាន​កូរ៉ុម​អែលឌើរ ។ នៅពេល​គាត់​ត្រូវបាន​ញែក​ចេញ​ដោយ​ប្រធាន​ស្តេក នោះ​គាត់​ត្រូវបាន​ផ្ដល់​ឲ្យ​នូវ​កូនសោ​ទាំងឡាយ​នៃ​សិទ្ធិ​អំណាច និង​ការទទួល​ខុសត្រូវ​នៃ​បព្វជិតភាព ដើម្បី​ដឹកនាំ​កិច្ចការ​របស់​កូរ៉ុម​អែលឌើរ ( សូមមើល ៣.៤.១ ) ។

មាន​ការ​ហៅ​បម្រើ​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ​ដែលពុំ​ពាក់​ព័ន្ធ​នឹង​តំណែង និង​កូរ៉ុម​នៃ​បព្វជិតភាព​ទេ ។ ប៉ុន្តែ​សមាជិក​គ្រប់​រូប​ក្នុង​សាសនាចក្រ​ដែល​ត្រូវបាន​ញែក​ចេញដើម្បី​បម្រើ ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​សិទ្ធិ​អំណាច និងការ​ទទួល​ខុសត្រូវ​មក​ពី​ព្រះ​ដើម្បី​ធ្វើ​សកម្មភាព​នៅ​ក្នុង​ការ​ហៅ​បម្រើ​របស់​ពួកគេ ។ ឧទាហរណ៍ ៖

  • ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​ហៅ ហើយ​បាន​ញែក​ចេញ​ដោយ​ប៊ីស្សព​ជា​ប្រធាន​សមាគម​សង្គ្រោះ​វួដ ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​សិទ្ធិ​អំណាច​ដើម្បី​ដឹកនាំ​កិច្ចការ​នៃ​សមាគម​សង្គ្រោះ​នៅ​ក្នុង​វួដ ។

  • បុរស ឬ​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​ហៅ ហើយ​បាន​ញែក​ចេញ​ដោយ​សមាជិក​ម្នាក់​នៃ​គណៈ​ប៊ីស្សព​ឲ្យ​ធ្វើជា​គ្រូ​បង្រៀន​ក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​សិទ្ធិ​អំណាច​ដើម្បី​បង្រៀន​កុមារ​ក្នុង​អង្គការ​បឋម​សិក្សា​នៅ​ក្នុង​វួដ ។

មនុស្ស​គ្រប់គ្នា​ដែល​ត្រូវបាន​ហៅ ហើយ​ញែកចេញ បម្រើ​នៅក្រោម​ការដឹកនាំ​របស់​អ្នក​ដែល​ជា​អធិបតី​លើ​ពួកគេ ( សូមមើល ៣.៤.១.២ ) ។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​ពី​ការ​ធ្វើ​ពិធី​ញែក​ចេញ​ដល់​សមាជិក​សម្រាប់​ការ​ហៅ​បម្រើ​ក្នុង​សាសនាចក្រ សូម​មើល ១៨.១១ ។

៣.៤.៣.២

ការ​ចាត់​តាំង

ថ្នាក់ដឹកនាំ​ជា​អធិបតី​ក្នុង​សាសនាចក្រ​អាច​បែងចែក​សិទ្ធិ​អំណាច​តាមរយៈ​ការចាត់តាំង ។ នៅពេល​បុរស និង​ស្ត្រី​ទទួល​បាន​ការ​ចាត់​តាំង​ទាំង​នេះ នោះ​ពួកគេ​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​សិទ្ធិ​អំណាច​មក​ពី​ព្រះ​ដើម្បី​ធ្វើ​សកម្មភាព ។ ឧទាហរណ៍ ៖

  • គណៈ​ប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បែងចែក​សិទ្ធិ​អំណាច​ទៅ​ឲ្យ​ពួក​ចិត​សិប​នាក់ ដែល​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​គ្រប់​គ្រង​តំបន់​ទាំងឡាយ ហើយ​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​សន្និសីទ​ស្តេក ។

  • ប្រធាន​បេសកកម្ម​បែង​ចែក​សិទ្ធិ​អំណាច​ទៅ​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា​ភេទ​ប្រុស និង​ស្រី​ដែល​ត្រូវ​បាន​ចាត់​តាំងឲ្យ​ដឹកនាំ ហើយ​បំពាក់​បំប៉ន​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត ។

  • សិទ្ធិ​អំណាច​ត្រូវ​បាន​បែង​ចែក​ដល់​សមាជិក​សាសនាចក្រ​ដើម្បី​បម្រើ​ជា​បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ។ ការណ៍​នេះ​កើត​ឡើង នៅពេល​ពួកគេ​ត្រូវ​បាន​ចាត់​តាំង​នៅ​ក្រោម​ការដឹកនាំ​របស់​ប៊ីស្សព​តាមរយៈ​ប្រធាន​កូរ៉ុម​អែលឌើរ ឬ​ប្រធាន​សមាគម​សង្គ្រោះ ។

សិទ្ធិ​អំណាច​ដែល​ត្រូវបាន​បែងចែក​តាមរយៈ​ការចាត់​តាំង មាន​ការកំណត់​ចំពោះ​ការទទួល​ខុសត្រូវ និង​រយៈពេល​ជាក់លាក់​នៃ​ការចាត់តាំង​នោះ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដីពី​ការចាត់តាំង​តាមរយៈ​ការបែងចែង​កិច្ចការ សូម​មើល ៤.២.៥ ។

៣.៤.៤

ការ​អនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព​ដោយ​សុចរិត

ថ្នាក់ដឹកនាំ និង​សមាជិក​ក្នុង​សាសនាចក្រ​ប្រើ​សិទ្ធិ​អំណាច​បព្វជិតភាព​ដែល​បាន​ប្រគល់​ឲ្យ ឬ​បាន​បែង​ចែក​ឲ្យ​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​ជីវិត​​មនុស្ស​ដទៃ​ទៀត ។

សិទ្ធិ​អំណាច​នេះ​អាច​ត្រូវ​បាន​ប្រើ​តែ​នៅក្នុង​សេចក្ដីសុចរិត​ប៉ុណ្ណោះ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៣៦ ) ។ វា​ត្រូវ​បាន​អនុវត្ត​ដោយ​ការលួងលោម ការអត់ធ្មត់ ភាពទន់ភ្លន់ ភាពស្លូតបូត សេចក្តីស្រឡាញ់ និង​សណ្តាន​ចិត្ត​ល្អ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤១–៤២ ) ។ ថ្នាក់​ដឹកនាំ​ប្រឹក្សា​ជាមួយ​នឹង​មនុស្ស​ដទៃ​ដោយ​ស្មារតី​នៃ​សាមគ្គីភាព ហើយ​ស្វែង​រក​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​តាមរយៈ​វិវរណៈ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤១:២ ) ។ សម្រាប់​ព័ត៌មាន​ស្ដីពី​ការប្រឹក្សា​ជាមួយ​នឹង​មនុស្ស​ដទៃ សូមមើល ៤.៤.៣ ។

អ្នក​ដែល​អនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព​ពុំ​បង្ខំ​មនុស្ស​ដទៃ​ឲ្យ​ធ្វើតាម​ឆន្ទៈ​របស់​ខ្លួន​ឡើយ ។ ពួកគេ​ពុំ​ប្រើ​ប្រាស់​វា​សម្រាប់​គោលបំណង​ដ៏​អាត្មានិយម​នោះ​ទេ ។ ប្រសិន​បើ​បុគ្គល​ម្នាក់​ប្រើ​វា​ដោយ​ពុំ​សុចរិត នោះ « ស្ថាន​សួគ៌​ដក​ខ្លួន​ចេញ [ ហើយ ] ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​ថប់​បារម្ភ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៧ ) ។

ការ​ហៅ​បម្រើ​មួយ​ចំនួន​ក្នុង​សាសនាចក្រ​រួម​មាន​នូវ​ការ​ទទួល​ខុស​ត្រូវ​មួយ​ដើម្បី​ធ្វើ​ជា​អធិបតី ។ សម្រាប់​ព័ត៌មាន​ស្ដីពី​ការ​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​សាសនាចក្រ សូម​មើល ៤.២.៤ ។

បុរសពីរនាក់ និង​ស្ត្រី​ម្នាក់​កំពុងនិយាយ​គ្នា

៣.៥

អំណាច​បព្វជិតភាព

អំណាច​បព្វជិតភាព​គឺជា​ព្រះចេស្ដា ដែល​ព្រះ​អាច​ប្រទាន​ពរ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់​តាមរយៈ​អំណាច​នេះ ។ អំណាច​បព្វជិតភាព​របស់​ព្រះ​កើត​មាន​ដល់​សមាជិក​គ្រប់​រូប​ក្នុង​សាសនាចក្រ—ទាំង​ប្រុស​ទាំង​ស្រី—នៅពេល​ពួកគេ​រក្សា​សេចក្ដី​សញ្ញា​ដែល​ពួកគេ​បាន​ធ្វើ​ជាមួយ​នឹង​ទ្រង់ ។ សមាជិក​ចុះ​សេចក្ដី​សញ្ញា​ទាំង​នេះ នៅ​ពេល​ពួកគេ​ទទួល​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព ។ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១៩–២០ ) ។

ពរជ័យ​នៃ​អំណាច​បព្វជិតភាព​ដែល​សមាជិក​អាច​ទទួល​បាន​រួម​មាន ៖

  • ការ​ដឹកនាំ​សម្រាប់​ជីវិត​របស់​ពួកគេ ។

  • ការ​បំផុស​គំនិត​ដើម្បី​ដឹង​ពី​របៀប​ដើម្បី​បម្រើ​ដល់​សមាជិក​គ្រួសារ និង​មនុស្ស​ដទៃ ។

  • កម្លាំង​ដើម្បី​ស៊ូទ្រាំ ហើយ​យក​ឈ្នះ​លើ​ឧបសគ្គ​នានា ។

  • អំណោយទាន​នៃ​ព្រះវិញ្ញាណ​ដើម្បី​តម្កើង​សមត្ថភាព​របស់​ពួកគេ ។

  • វិវរណៈ​ដើម្បី​ដឹង​ពី​របៀប​បំពេញ​កិច្ចការ​ដែល​ពួកគេ​ត្រូវ​បាន​តែង​តាំង ញែកចេញ ឬ​ចាត់​ឲ្យ​ធ្វើ ។

  • ជំនួយ និង​កម្លាំង​ដើម្បី​ក្លាយ​កាន់​តែ​ដូច​ជា​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវរបិតា​សួគ៌ ។

៣.៥.១

សេចក្ដី​សញ្ញា​ទាំងឡាយ

សេចក្តី​សញ្ញា​គឺជា​ការសន្យា​ដ៏​ពិសិដ្ឋ​មួយ​រវាង​ព្រះ និង​បុត្រា​បុត្រី​របស់​ទ្រង់ ។ ព្រះ​ប្រទាន​លក្ខខណ្ឌ​ចំពោះ​សេចក្ដី​សញ្ញា​នោះ ហើយ​បុត្រា​បុត្រី​របស់​ទ្រង់​យល់​ព្រម​ដើម្បី​គោរព​តាម​លក្ខខណ្ឌ​ទាំង​នោះ ។ ព្រះ​សន្យា​នឹង​ប្រទាន​ពរ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ នៅពេល​ពួកគេ​បំពេញ​តាម​សេចក្ដី​សញ្ញា​នោះ ។

សមាជិក​ចុះ​សេចក្តីសញ្ញា​ជាមួយ​នឹង​ព្រះ នៅពេល​ពួកគេ​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្រ្គោះ និងភាព​តម្កើង​ឡើង ( សូមមើល ១៨.១ ) ។ មនុស្ស​គ្រប់រូប​ដែល​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​នៅក្នុង​ការរក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ នឹង​ទទួល​បាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ( សូមមើល នីហ្វៃ​ទី​២ ៣១:១៧–២០; គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:៧ ) ។ ការ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត រួម​មាន​ទាំង​ការ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ប្រែ​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ ។

ឪពុកម្តាយ ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​មនុស្ស​ដទៃទៀត​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ចុះ​សេចក្តីសញ្ញា នៅពេល​ដែល​ពួកគេ​ទទួល​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ ។ ពួកគាត់​ធានាឲ្យបាន​ថា បុគ្គល​រូបនោះ​យល់​ពី​សេចក្តីសញ្ញា​ដែល​គាត់ ឬ​នាង​នឹង​ចុះ ។ បន្ទាប់ពី​មនុស្ស​ម្នាក់​ចុះ​សេចក្តី​សញ្ញា​មួយ​ហើយ នោះ​ពួកគាត់​ជួយ​គាត់ ឬ​នាង​ឲ្យ​រក្សា​សេចក្តីសញ្ញា​នោះ ។ ( សូមមើល ម៉ូសាយ ១៨:៨–១១, ២៣–២៦ ) ។

៣.៥.២

ពិធីបរិសុទ្ធ​ទាំងឡាយ

ពិធីបរិសុទ្ធ​គឺជា​កិច្ចការ​ដ៏ពិសិដ្ឋ​មួយ​ដែល​បាន​ធ្វើឡើង​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព ។ ពិធីបរិសុទ្ធ​ទាំងឡាយ​តែងតែ​ជា​ផ្នែក​មួយ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពិធីបរិសុទ្ធ​ដំបូង​នៅលើ​ផែនដី​គឺត្រូវបាន​ធ្វើ​ឡើង​នៅសម័យ​របស់​លោក​អ័ដាម និង​នាង​អេវ៉ា ( សូមមើល លោកុប្បត្តិ ១:២៨; ម៉ូសេ ៦:៦៤–៦៥ ) ។

នៅក្នុង​ពិធីបរិសុទ្ធ​ជាច្រើន បុគ្គលម្នាក់ៗ​ចុះ​សេចក្តីសញ្ញា​ជាមួយព្រះ ។ ឧទាហរណ៍​រួមមាន ពិធីបុណ្យជ្រមុជទឹក ពិធីសាក្រាម៉ង់ អំណោយទាន​ពិសិដ្ឋ និង​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​អាពាហ៍ពិពាហ៍ ។ ពិធីបរិសុទ្ធ​ដទៃទៀត​ដូចជា ពរ​របស់​លោក​អយ្យកោ ឬ​ការប្រសិទ្ធពរ​ដល់​អ្នកឈឺ បុគ្គល​ម្នាក់ៗ​មិន​ចុះ​សេចក្តីសញ្ញា​ឡើយ ប៉ុន្តែ​ពួកគេ​ទទួល​បាន​ការណែនាំ និង​កម្លាំង​ដើម្បី​រក្សា​សេចក្តីសញ្ញា​ទាំងឡាយ ។

ពិធីបរិសុទ្ធ​ទាំងឡាយ​មាន​អត្ថន័យ​ជា​និមិត្តរូប​ដែល​ចង្អុល​ប្រាប់​បុគ្គល​ម្នាក់ៗ​ឲ្យ​ទៅរក​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅក្នុង​ពិធីបរិសុទ្ធ​ដែល​រួមមាន​នូវ​សេចក្តីសញ្ញា នោះ​និមិត្តរូប​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​យល់​ពី​សេចក្តីសន្យា​ដែល​ពួកគេ​ធ្វើ និង​ពរជ័យ​ទាំងឡាយ​ដែល​ពួកគេ​នឹង​ទទួល​បាន​តាមរយៈ​ភាពស្មោះត្រង់​របស់ពួកគេ ។

ពិធីបរិសុទ្ធ​នីមួយៗ​អនុញ្ញាត​ឲ្យ​បុគ្គលម្នាក់ៗ​ទទួលបាន​ពរជ័យ​ខាងវិញ្ញាណ​ដ៏​សន្ធឹកសន្ធាប់ ។ ព្រះអម្ចាស់​បានបើកសម្តែងថា « នៅក្នុង​ពិធីបរិសុទ្ធ​ទាំងឡាយ [ នៃ​បព្វជិតភាព ] នោះ​អំណាច​នៃ​ព្រះ​ត្រូវបាន​សម្ដែង​ឲ្យ​ឃើញ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:២០ ) ។ ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្រ្គោះ និង​ភាព​តម្កើង​ឡើង​គឺចាំបាច់​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅអស់កល្ប​ជានិច្ច ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ១៨.១ ។

បុគ្គល​ម្នាក់ៗ​ដែល​នៅរស់​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើង​ឡើង​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ។ បន្ទាប់មក បើ​អាច​ធ្វើ​ទៅបាន ពួកគេ​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ទាំងនេះ​ជំនួស​ឲ្យ​អ្នក​ទាំងឡាយណា​ដែល​បាន​ស្លាប់ទៅ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពី​ការធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​មរណជន សូម​មើល ជំពូក​ទី ២៨ ។

៣.៦

បព្វជិតភាព និង​គេហដ្ឋាន

សមាជិក​សាសនាចក្រ​ទាំងអស់​ដែល​រក្សា​សេចក្តីសញ្ញា​របស់​ពួកគេ—ស្ត្រី បុរស និង​កុមារ—នឹង​ទទួល​បាន​ពរជ័យ​ជាមួយ​នឹង​អំណាច​បព្វជិតភាព​របស់​ព្រះ​នៅក្នុង​គេហដ្ឋាន​របស់​ពួកគេ ដើម្បី​ពង្រឹង​ខ្លួន​គេ និង​ក្រុមគ្រួសារ​របស់ពួកគេ ( សូមមើល ៣.៥ ) ។ អំណាច​នេះ​នឹង​ជួយ​សមាជិក​នៅក្នុង​ការធ្វើ​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ និង​ក្រុមគ្រួសារ​របស់​ពួកគេ ( សូមមើល ២.២ ) ។

បុរស​ដែល​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក អាច​ផ្តល់​ពរជ័យ​បព្វជិតភាព​ដល់​សមាជិក​គ្រួសារ​ដើម្បី​ផ្តល់​ការដឹកនាំ ការព្យាបាល និង​ការលួងលោម ។ នៅពេល​ត្រូវការ សមាជិក​សាសនាចក្រ​ក៏អាច​ស្វែងរក​ពរជ័យ​ទាំងនេះ​ពី​សាច់ញាតិ​ជិត​ឆ្ងាយ​ផ្សេងទៀត បងប្អូនប្រុស​ដែល​ផ្ដល់​ការងារបម្រើ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន​ផងដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ពរជ័យ​បព្វជិតភាព សូមមើល ១៨.១៣ និង ១៨.១៤ ។

សម្រាប់​ព័ត៌មាន​អំពី​ការធ្វើ​ជា​អធិបតី​លើ​ក្រុមគ្រួសារ សូមមើល ២.១.៣ ។

ស្ត្រី​កំពុង​ទទួល​ការប្រសិទ្ធពរ​បព្វជិតភាព