« ឧបសម្ព័ន្ធ ក ៖ សម្រាប់មាតាបិតា—ការរៀបចំកូនៗរបស់បងប្អូនឲ្យនៅលើផ្លូវនៃសេចក្ដីសញ្ញារបស់ព្រះពេញមួយជីវិត » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
« ឧបសម្ព័ន្ធ ក » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤
ឧបសម្ព័ន្ធ ក
សម្រាប់មាតាបិតា—ការរៀបចំកូនៗរបស់បងប្អូនឲ្យនៅលើផ្លូវនៃសេចក្ដីសញ្ញារបស់ព្រះពេញមួយជីវិត
ដោយសារទ្រង់ស្រឡាញ់បងប្អូន ទុកចិត្តបងប្អូន ហើយជ្រាបពីសក្ដានុពលរបស់បងប្អូន នោះព្រះវរបិតាសួគ៌បានប្រទានឱកាសឲ្យបងប្អូនជួយកូនៗរបស់បងប្អូនឲ្យចូល និងរីកចម្រើននៅលើផ្លូវនៃសេចក្ដីសញ្ញារបស់ទ្រង់ ដែលជាផ្លូវនាំទៅរកជីវិតដ៏អស់កល្បជានិច្ច ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:២៥–២៨ ) ។ ការណ៍នេះរួមមានការជួយពួកគេឲ្យរៀបចំខ្លួនដើម្បីចុះ និងរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ដូចជាសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក និងសេចក្ដីសញ្ញាដែលបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ។ តាមរយៈសេចក្ដីសញ្ញាទាំងនេះ នោះកូនៗរបស់បងប្អូននឹងភ្ជាប់ខ្លួនគេទៅនឹងព្រះអង្គសង្រ្គោះ ព្រះយេស៊ូវគ្រីស្ទ ។
មានរបៀបជាច្រើនដើម្បីរៀបចំកូនៗរបស់បងប្អូនសម្រាប់ដំណើរនៅលើផ្លូវនៃសេចក្ដីសញ្ញានេះ ហើយព្រះវរបិតាសួគ៌នឹងជួយបងប្អូនឲ្យរកឃើញរបៀបដ៏ល្អបំផុតដើម្បីជួយដល់ពួកគេ ។ នៅពេលបងប្អូនស្វែងរកការបំផុសគំនិត សូមចាំក្នុងចិត្តថា មិនមែនការរៀនសូត្រទាំងអស់កើតឡើងនៅពេលបង្រៀនមេរៀនតាមកាលវិភាគនោះទេ ។ តាមពិតទៅ ផ្នែកមួយដែលធ្វើឲ្យការរៀនសូត្រនៅគេហដ្ឋានមានអានុភាពយ៉ាងខ្លាំង គឺជាឱកាសដើម្បីរៀនសូត្រតាមរយៈគំរូ និងតាមរយៈពេលវេលាដ៏តូចតាចសាមញ្ញ—ជាឱកាសដែលកើតឡើងតាមធម្មតាតាមលំហូរជីវិតរស់នៅប្រចាំថ្ងៃ ។ គឺដូចជាការធ្វើតាមផ្លូវនៃសេចក្ដីសញ្ញាដែរ ការរៀនសូត្រអំពីផ្លូវនៃសេចក្ដីសញ្ញាគឺជាដំណើរការមួយដ៏ខ្ជាប់ខ្ជួន និងពេញមួយជីវិត ។ ( សូមមើល « គេហដ្ឋាន និងគ្រួសារ » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ [ ឆ្នាំ ២០២២ ] ទំព័រ ៣០–៣១ ) ។
ខាងក្រោមនេះគឺជាគំនិតមួយចំនួន ដែលអាចនាំទៅរកការបំផុសគំនិតបន្ថែមទៀត ។ បងប្អូនអាចរកឃើញគំនិតបន្ថែមទៀតដើម្បីបង្រៀនកុមារអាយុក្នុងអង្គការបឋមសិក្សាបាននៅក្នុង « ឧបសម្ព័ន្ធ ខ ៖ សម្រាប់អង្គការបឋមសិក្សា—ការរៀបចំកុមារឲ្យនៅលើផ្លូវនៃសេចក្តីសញ្ញារបស់ព្រះពេញមួយជីវិត » ។
ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់
នីហ្វៃបានបង្រៀនថា « ទ្វារណាដែល [ យើង ] ត្រូវចូល » ទៅក្នុងផ្លូវនៃសេចក្ដីសញ្ញានោះ « គឺជាការប្រែចិត្ត និងបុណ្យជ្រមុជដោយទឹក » ( នីហ្វៃទី២ ៣១:១៧ ) ។ ការខិតខំរបស់បងប្អូនដើម្បីជួយកូនៗរបស់បងប្អូនឲ្យរៀបចំខ្លួនសម្រាប់ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ អាចចាក់គ្រឹះពួកគេយ៉ាងរឹងមាំនៅលើផ្លូវនោះ ។ ការខិតខំទាំងនេះចាប់ផ្ដើមដោយការបង្រៀនអំពីសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងការប្រែចិត្ត ។ វាក៏រួមមានការបង្រៀនអំពីរបៀបដែលយើងរំឭកសេចក្ដីសញ្ញាបុណ្យជ្រមុជទឹករបស់យើង តាមរយៈការទទួលទានសាក្រាម៉ង់រាល់សប្ដាហ៍ផងដែរ ។
នេះគឺជាធនធានមួយចំនួនដែលអាចជួយបងប្អូនបាន ៖ នីហ្វៃទី២ ៣១; ច្បាប់ពិសេស នៃទស្សនាវដ្ដី ប្រិយមិត្ត អំពីពិធីបុណ្យជ្រមុជទឹក; Gospel Topics « Baptism » នៅលើបណ្ណាល័យដំណឹងល្អ ។
-
នៅពេលណាដែលបងប្អូនមានបទពិសោធន៍មួយ ដែលពង្រឹងដល់សេចក្ដីជំនឿរបស់បងប្អូនទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ សូមចែកចាយវាជាមួយកូនរបស់បងប្អូន ។ សូមជួយគាត់ឲ្យយល់ថា សេចក្ដីជំនឿគឺជាអ្វីមួយដែលអាចដុះដាលកាន់តែរឹងមាំឡើងពេញមួយជីវិត ។ តើមានអ្វីខ្លះដែលកូនរបស់បងប្អូនអាចធ្វើបាន ដើម្បីពង្រឹងសេចក្ដីជំនឿលើព្រះគ្រីស្ទឲ្យបានកាន់តែរឹងមាំ មុនពេលគាត់ជ្រមុជទឹកនោះ ?
-
នៅពេលកូនរបស់បងប្អូនជ្រើសរើសខុស សូមនិយាយដោយមានចិត្តរីករាយអំពីអំណោយទាននៃការប្រែចិត្ត ។ ហើយនៅពេលបងប្អូនជ្រើសរើសជម្រើសមួយខុស សូមចែកចាយអំណរដែលកើតមាន នៅពេលបងប្អូនប្រែចិត្ត ។ សូមថ្លែងទីបន្ទាល់ថា ដោយសារព្រះយេស៊ូវគ្រីស្ទបានរងទុក្ខ និងបានសុគតសម្រាប់អំពើបាបរបស់ពួកយើង នោះទ្រង់បានប្រទានអំណាចឲ្យពួកយើងដើម្បីកែប្រែ ។ នៅពេលកូនរបស់បងប្អូនស្វែងរកការអភ័យទោស សូមអភ័យទោសឲ្យពួកគេដោយឥតស្ទាក់ស្ទើរ និងដោយក្ដីរីករាយ ។
-
សូមប្រាប់កូនរបស់បងប្អូនអំពីពិធីបុណ្យជ្រមុជទឹករបស់បងប្អូន ។ សូមបង្ហាញរូបភាព និងចែកចាយអនុស្សាវរីយ៍នានា ។ សូមនិយាយអំពីអារម្មណ៍របស់បងប្អូន របៀបដែលសេចក្ដីសញ្ញាបុណ្យជ្រមុជទឹករបស់បងប្អូនបានជួយបងប្អូនឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទកាន់តែច្បាស់ និងរបៀបដែលសេចក្ដីសញ្ញានេះបន្ដផ្ដល់ពរជ័យដល់ជីវិតរបស់បងប្អូន ។ សូមលើកទឹកចិត្តកូនរបស់បងប្អូនឲ្យសួរសំណួរ ។
-
នៅពេលមានពិធីបុណ្យជ្រមុជទឹកនៅក្នុងគ្រួសារ ឬក្នុងវួដរបស់បងប្អូន សូមនាំកូនរបស់បងប្អូនឲ្យទៅមើលពិធីនោះ ។ សូមនិយាយជាមួយគ្នាអំពីអ្វីដែលបងប្អូន និងកូនរបស់បងប្អូនបានឃើញ និងមានអារម្មណ៍ ។ ប្រសិនបើអាចធ្វើបាន សូមនិយាយជាមួយបុគ្គលដែលបានទទួលបុណ្យជ្រមុជទឹកនោះ ហើយសួរសំណួរដូចតទៅនេះ ៖ « តើអ្នកធ្វើការសម្រេចចិត្តនេះដោយរបៀបណា ? តើអ្នកបានរៀបចំខ្លួនយ៉ាងដូចម្ដេច ? »
-
នៅពេលណាបងប្អូនសម្គាល់ឃើញថាកូនរបស់បងប្អូនធ្វើអ្វីមួយដែលគាត់បានសន្យាថានឹងធ្វើ សូមផ្ដល់ការសរសើរដោយស្មោះសរ ។ សូមចង្អុលបង្ហាញថា ការរក្សាការតាំងចិត្តជួយយើងឲ្យរៀបចំខ្លួនដើម្បីកាន់តាមសេចក្ដីសញ្ញាដែលយើងបានធ្វើ នៅពេលយើងទទួលបុណ្យជ្រមុជទឹក ។ តើយើងសន្យាអ្វីខ្លះជាមួយព្រះ នៅពេលយើងជ្រមុជទឹក ? តើទ្រង់បានសន្យាអ្វីខ្លះជាមួយនឹងយើង ? ( សូមមើល ម៉ូសាយ ១៨:៨–១០, ១៣ ) ។
-
នៅពេលបងប្អូន និងកូនរបស់បងប្អូនមានបទពិសោធន៍ដ៏ពិសិដ្ឋមួយជាមួយគ្នា ( ដូចជានៅព្រះវិហារ ពេលអានព្រះគម្ពីរ ឬពេលបម្រើនរណាម្នាក់ ) សូមប្រាប់គាត់អំពីអារម្មណ៍ ឬចំណាប់អារម្មណ៍ខាងវិញ្ញាណរបស់បងប្អូន ។ សូមអញ្ជើញឲ្យកូនរបស់បងប្អូនចែកចាយពីអារម្មណ៍របស់គាត់ ។ សូមកត់ចំណាំរបៀបជាច្រើនដែលព្រះវិញ្ញាណអាចមានបន្ទូលទៅកាន់មនុស្ស រួមមានរបៀបដែលទ្រង់មានបន្ទូលទៅកាន់បងប្អូនផ្ទាល់ផងដែរ ។ សូមជួយកូនរបស់បងប្អូនឲ្យស្គាល់គ្រាដែលគាត់អាចដកពិសោធន៍ព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធបាន ។
-
សូមមើលវីដេអូពីរបីរួមគ្នានៅក្នុងកម្រងបណ្ណាល័យដំណឹងល្អ ដែលមានចំណងជើងថា « ស្ដាប់ទ្រង់ ! » សូមនិយាយជាមួយគ្នាអំពីវិធីខុសៗគ្នា ដែលអ្នកបម្រើរបស់ព្រះអម្ចាស់អាចស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់ ។ សូមអញ្ជើញកូនរបស់បងប្អូនឲ្យគូររូបភាព ឬធ្វើវីដេអូមួយអំពីរបៀបដែលគាត់ស្ដាប់ឮព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះ ។
-
សូមនិយាយអំពីរបៀបដែលការក្លាយទៅជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានផ្ដល់ពរជ័យដល់បងប្អូន ។ កាលបងប្អូនបម្រើដល់មនុស្សដទៃ និងពេលដែលមនុស្សបម្រើដល់បងប្អូន តើបងប្អូនបានមកកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? សូមជួយកូនរបស់បងប្អូនឲ្យគិតអំពីវិធីបម្រើ និងពង្រឹងមនុស្សដទៃ ក្នុងនាមជាសមាជិកម្នាក់នៃសាសនាចក្រ ។
-
សូមធ្វើឲ្យពិធីសាក្រាម៉ង់ជាព្រឹត្តិការណ៍ដ៏ពិសិដ្ឋ និងពេញដោយអំណរមួយនៅក្នុងគ្រួសាររបស់បងប្អូន ។ សូមជួយកូនរបស់បងប្អូនឲ្យគ្រោងពីរបៀបដើម្បីផ្ដោតលើព្រះយេស៊ូវគ្រីស្ទក្នុងអំឡុងពេលសាក្រាម៉ង់ ។ តើយើងនឹងបង្ហាញថា ពិធីសាក្រាម៉ង់មានលក្ខណៈពិសិដ្ឋចំពោះយើងតាមរបៀបណា ?
-
ច្បាប់ទស្សនាវដ្ដី ប្រិយមិត្ត ជាច្រើនមាននូវអត្ថបទ ដំណើររឿង និងសកម្មភាពនានា ដើម្បីជួយកុមារឲ្យរៀបចំខ្លួនទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ សូមឲ្យកូនរបស់បងប្អូនជ្រើសរើសផ្នែកមួយចំនួនយកមកអាន និងរីករាយជាមួយបងប្អូន ។ ( សូមមើលផងដែរការចងក្រង « Preparing for Baptism » នៅក្នុងផ្នែកកុមារនៃបណ្ណាល័យដំណឹងល្អ ) ។
អំណាចបព្វជិតភាព សិទ្ធិអំណាចបព្វជិតភាព និងកូនសោទាំងឡាយ
បព្វជិតភាពគឺជាសិទ្ធិអំណាច និងព្រះចេស្តារបស់ព្រះ ដែលតាមរយៈបព្វជិតភាពនេះទ្រង់បានប្រទានពរដល់បុត្រាបុត្រីរបស់ទ្រង់ ។ បព្វជិតភាពរបស់ព្រះមាននៅលើផែនដីនាសព្វថ្ងៃនេះនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សមាជិកសាសនាចក្រទាំងអស់ដែលរក្សាសេចក្តីសញ្ញារបស់ពួកគេ—រួមទាំងកុមារផងដែរ—ត្រូវបានប្រទានពរជ័យឲ្យមានអំណាចបព្វជិតភាពរបស់ព្រះនៅក្នុងគេហដ្ឋានរបស់ពួកគេ ដើម្បីពង្រឹងខ្លួនរបស់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេ ( សូមមើល ក្បូនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៣.៥ នៅលើបណ្ណាល័យដំណឹងល្អ ) ។ អំណាចនេះនឹងជួយសមាជិកនៅក្នុងការធ្វើកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះនៅក្នុងជីវិតផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់ពួកគេ ( សូមមើល ក្បួនខ្នាតទូទៅ ២.២ ) ។
យើងទទួលបានពិធីបរិសុទ្ធតាមរយៈសិទ្ធិអំណាចនៃបព្វជិតភាព ។ នៅពេលបុរស និងស្ដ្រីបម្រើនៅក្នុងការហៅនានានៅក្នុងសាសនាចក្រ ពួកគាត់ធ្វើដូច្នោះបានដោយមានសិទ្ធិអំណាចបព្វជិតភាព ដែលអនុវត្តនៅក្រោមការដឹកនាំរបស់អ្នកទាំងឡាយណា ដែលកាន់កូនសោនៃបព្វជិតភាព ។ បុត្ររបស់ព្រះវរបិតាសួគ៌គ្រប់រូប—បុត្រា និងបុត្រីទាំងឡាយរបស់ទ្រង់—នឹងទទួលបានពរជ័យ កាលដែលពួកគេយល់ពីបព្វជិតភាពកាន់តែច្បាស់ ។
ដើម្បីរៀនបន្ថែមទៀតអំពីបព្វជិតភាព សូមមើល រ័សុល អិម ណិលសុន « Spiritual Treasures » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៦–៧៩; រ័សុល អិម ណិលសុន « The Price of Priesthood Power » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦៦–៦៩; « គោលការណ៍ទាំងឡាយនៃបព្វជិតភាព » ជំពូកទី ៣ នៅក្នុង ក្បួនខ្នាតទូទៅ ។
-
សូមធ្វើឲ្យពិធីបរិសុទ្ធនៃបព្វជិតភាពក្លាយទៅជាផ្នែកដ៏ខ្ជាប់ខ្ជួនមួយនៅក្នុងជីវិតគ្រួសាររបស់បងប្អូន ។ ឧទាហរណ៍ សូមជួយកូនរបស់បងប្អូនឲ្យរៀបចំខ្លួនខាងវិញ្ញាណដើម្បីទទួលទានសាក្រាម៉ង់រៀងរាល់សប្ដាហ៍ ។ សូមលើកទឹកចិត្តកូនរបស់បងប្អូនឲ្យស្វែងរកពរជ័យនៃបព្វជិតភាព នៅពេលគាត់ឈឺ ឬត្រូវការការលួងលោម ឬការណែនាំ ។ សូមធ្វើឲ្យវាក្លាយជាទម្លាប់មួយ ដើម្បីបង្ហាញពីរបៀបដែលព្រះអម្ចាស់កំពុងប្រទានពរជ័យដល់គ្រួសារបងប្អូនតាមរយៈអំណាចបព្វជិតភាព ។
-
នៅពេលបងប្អូនអានព្រះគម្ពីររួមគ្នា សូមរកមើលឱកាសដើម្បីពិភាក្សាពីរបៀបដែលព្រះប្រទានពរដល់មនុស្សទូទៅតាមរយៈព្រះចេស្ដារបស់ទ្រង់ ។ សូមចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់បងប្អូន នៅពេលព្រះបានប្រទានពរដល់បងប្អូនតាមរយៈបព្វជិតភាពរបស់ទ្រង់ ។ សម្រាប់ឧទាហរណ៍អំពីពរជ័យដែលយើងទទួលបានមកពីព្រះតាមរយៈបព្វជិតភាព សូមមើល ក្បួនខ្នាតទូទៅ ៣.២ និង ៣.៥ ។
-
សូមរៀនពីខ្សែនៃសិទ្ធិអំណាចបព្វជិតភាពរបស់នរណាម្នាក់នៅក្នុងគ្រួសាររបស់បងប្អូន ។ ( អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកអាចទទួលច្បាប់ចម្លងនៃខ្សែនៃសិទ្ធិអំណាចបព្វជិតភាពរបស់ពួកគាត់បាន តាមរយៈការផ្ញើអ៊ីម៉ែលទៅកាន់ LineofAuthority@ChurchofJesusChrist.org; សូមមើលផងដែរ « Request a Priesthood Line of Authority » នៅក្នុងមជ្ឈមណ្ឌលផ្ដល់ជំនួយ នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមនិយាយអំពីមូលហេតុដែលវាសំខាន់ដើម្បីដឹងថា សិទ្ធិអំណាចបព្វជិតភាពបានមកពីព្រះយេស៊ូវគ្រីស្ទផ្ទាល់ ។ ហេតុអ្វីទ្រង់ប្រទានវាដល់យើង ?
-
សូមបង្រៀនកូនរបស់បងប្អូនថា ក្រោយពីពិធីបុណ្យជ្រមុជទឹក គាត់អាចទទួលបានអំណាចបព្វជិតភាពបានតាមរយៈការរក្សាសេចក្ដីសញ្ញាបុណ្យជ្រមុជទឹក ។ សូមរំឭករួមគ្នានៅក្នុងសារលិខិតរបស់ប្រធាន រ័សុល អិម ណិលសុន « Spiritual Treasures » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៦–៧៩ ) ។ សូមប្រាប់កូនរបស់បងប្អូនអំពីរបៀបដែលពិធីបរិសុទ្ធនៃបព្វជិតភាពបាននាំមកនូវព្រះចេស្ដារបស់ព្រះចូលមកក្នុងជីវិតរបស់បងប្អូន ។ សម្រាប់បញ្ជីនៃរបៀបមួយចំនួនដែលយើងមានពរជ័យដោយសារអំណាចបព្វជិតភាព សូមមើល ក្បួនខ្នាតទូទៅ ៣.៥ ។
-
សូមពិភាក្សាអំពីសំណួរនេះ « តើអ្នកបម្រើរបស់ព្រះអម្ចាស់មានលក្ខណៈដូចម្ដេច ? » សូមអានរួមគ្នានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៦–៤២ ហើយរកមើលចម្លើយ ។ នៅពេលណាដែលបងប្អូនសម្គាល់ឃើញថា កូនរបស់បងប្អូន ( ឬនរណាម្នាក់ទៀត ) កំពុងអនុវត្តតាមគោលការណ៍មួយ ឬគុណលក្ខណៈមួយនៅក្នុងខគម្ពីរទាំងនេះ សូមចង្អុលបង្ហាញវា ។
-
នៅពេលបងប្អូន ឬកូនរបស់បងប្អូនប្រើសោដើម្បីចាក់បើកទ្វារ ឬបញ្ឆេះឡាន សូមឆ្លៀតពេលប្រៀបធៀបសោទាំងនោះទៅនឹងកូនសោទាំងឡាយដែលថ្នាក់ដឹកនាំបព្វជិតភាពកាន់ ។ ( សម្រាប់និយមន័យនៃកូនសោបព្វជិតភាព សូមមើល ក្បួនខ្នាតទូទៅ ៣.៤.១ ) ។ តើកូនសោបព្វជិតភាព « ចាក់សោបើក » ឬ « បញ្ឆេះ » អ្វីឲ្យយើង ? សូមមើលផងដែរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Where Are the Keys and Authority of the Priesthood ? » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ២៩–៣២; « Where Are the Keys? » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
-
នៅពេលបងប្អូនត្រូវបានញែកចេញសម្រាប់ការហៅបម្រើមួយ សូមអញ្ជើញកូនរបស់បងប្អូនឲ្យចូលរួម បើអាចធ្វើទៅបាន ។ សូមឲ្យកូនរបស់បងប្អូនមើលឃើញបងប្អូនបំពេញការហៅរបស់បងប្អូន ។ បងប្អូនថែមទាំងអាចរកមើលរបៀបសមរម្យផ្សេងៗទៀតដែលគាត់អាចជួយបងប្អូនបានផងដែរ ។ សូមពិពណ៌នាពីអារម្មណ៍របស់បងប្អូនអំពីព្រះចេស្ដារបស់ព្រះអម្ចាស់នៅក្នុងការហៅបម្រើរបស់បងប្អូន ។
ការទៅព្រះវិហារបរិសុទ្ធ—ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់សម្រាប់មរណជន
ព្រះវិហារបរិសុទ្ធគឺជាផ្នែកមួយនៃផែនការរបស់ព្រះវរបិតាសួគ៌យើងសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។ នៅក្នុងព្រះវិហារបរិសុទ្ធ យើងចុះសេចក្ដីសញ្ញាដ៏ពិសិដ្ឋជាមួយនឹងព្រះវរបិតាសួគ៌ កាលយើងចូលរួមក្នុងពិធីបរិសុទ្ធដ៏ពិសិដ្ឋ ដែលពិធីទាំងអស់នេះចង្អុលទៅរកព្រះយេស៊ូវគ្រីស្ទ ។ ព្រះវរបិតាសួគ៌បានប្រទានរបៀបមួយដើម្បីឲ្យបុត្រាបុត្រីរបស់ទ្រង់ទាំងអស់ចុះសេចក្ដីសញ្ញា និងចូលរួមក្នុងពិធីបរិសុទ្ធបាន រួមទាំងអស់អ្នកដែលមិនបានទទួលពិធីបរិសុទ្ធនៅក្នុងជីវិតនេះផងដែរ ។ នៅដើមឆ្នាំដែលគាត់ចូលអាយុ ១២ ឆ្នាំ នោះកូនរបស់បងប្អូនមានអាយុគ្រប់គ្រាន់ដើម្បីធ្វើបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់នៅក្នុងព្រះវិហារបរិសុទ្ធសម្រាប់បុព្វការីជនដែលបានស្លាប់ទៅហើយ ។
-
សូមទៅព្រះវិហារបរិសុទ្ធឲ្យបានញឹកញាប់តាមដែលកាលៈទេសៈរបស់បងប្អូនអនុញ្ញាតឲ្យ ។ សូមនិយាយជាមួយកូនរបស់បងប្អូនអំពីមូលហេតុដែលបងប្អូនទៅព្រះវិហារបរិសុទ្ធ និងរបៀបដែលព្រះវិហារបរិសុទ្ធជួយបងប្អូនឲ្យមានអារម្មណ៍ស្និទ្ធស្នាលជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
សូមពិនិត្យមើល និងពិភាក្សាពី សំណួរទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ជាមួយគ្នា ។ សូមនិយាយជាមួយកូនរបស់បងប្អូនអំពីអ្វីដែលកើតឡើងនៅក្នុងការសម្ភាសន៍ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ សូមចែកចាយអំពីមូលហតុដែលការមានប័ណ្ណចូលព្រះវិហារបរិសុទ្ធមានសារៈសំខាន់ចំពោះបងប្អូន ។
-
សូមអាន ម៉ាឡាគី ៤:៦ ជាមួយគ្នា ។ សូមនិយាយអំពីរបៀបដែលដួងចិត្តរបស់បងប្អូនអាចបែរទៅរកបុព្វការីជនរបស់បងប្អូនបាន ។ សូមរៀនបន្ថែមទៀតអំពីបុព្វការីជនរបស់បងប្អូន តាមរយៈការស្វែងរកពង្សប្រវត្តិរបស់បងប្អូនរួមគ្នា នៅលើគេហទំព័រ FamilySearch.org ។ សូមស្វែងរកបុព្វការីជនដែលត្រូវការពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិក្នុងវួដម្នាក់អាចជួយបងប្អូនបាន ។
-
សូមរំឭកធនធានមួយចំនួនជាមួយគ្នា ដែលមាននៅក្នុងការចងក្រងដែលមានចំណងជើងថា « ព្រះវិហារបរិសុទ្ធ » នៅក្នុងផ្នែកកុមារនៃបណ្ណាល័យដំណឹងល្អ ។ ( សូមមើលផងដែរ « Preparing Your Child for Temple Baptisms and Confirmations » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
ការទទួលពររបស់លោកអយ្យកោ
ពររបស់លោកអយ្យកោអាចជាប្រភពមួយនៃការណែនាំ ការលួងលោម និងការបំផុសគំនិតបាន ។ វារួមមាននូវការប្រឹក្សាផ្ទាល់ខ្លួនមកពីព្រះវរបិតាសួគ៌សម្រាប់យើង និងជួយយើងឲ្យយល់ពីអត្តសញ្ញាណ និងគោលបំណងដ៏អស់កល្បជានិច្ចរបស់យើង ។ សូមជួយកូនរបស់បងប្អូនឲ្យរៀបចំខ្លួនទទួលពររបស់លោកអយ្យកោ ដោយការបង្រៀនគាត់អំពីសារៈសំខាន់ និងលក្ខណៈពិសិដ្ឋនៃពររបស់លោកអយ្យកោ ។
ដើម្បីរៀនបន្ថែមទៀត សូមមើល Gospel Topics « Patriarchal Blessings » នៅលើបណ្ណាល័យដំណឹងល្អ ។
-
សូមចែកចាយបទពិសោធន៍របស់បងប្អូនក្នុងការទទួលពររបស់លោកអយ្យកោជាមួយនឹងកូនរបស់បងប្អូន ។ បងប្អូនអាចចែកចាយរឿងដូចជារបៀបដែលបងប្អូនបានរៀបចំខ្លួនដើម្បីទទួលបានពរជ័យនេះ របៀបដែលវាបានជួយបងប្អូនឲ្យមកកាន់តែជិតព្រះ និងរបៀបដែលបងប្អូនប្រើពរជ័យនេះនៅក្នុងជីវិតរបស់បងប្អូន ។ បងប្អូនក៏អាចអញ្ជើញកូនរបស់បងប្អូនឲ្យនិយាយជាមួយសមាជិកគ្រួសារផ្សេងទៀត ដែលបានទទួលពររបស់លោកអយ្យកោរបស់ពួកគេរួចហើយផងដែរ ។
-
សូមចំណាយពេលរួមគ្នាដើម្បីពិនិត្យមើលធនធានមួយចំនួននៅក្នុង Gospel Topics « Patriarchal Blessings » ។ ដើម្បីរៀនអំពីដំណើរការនៃការទទួលបានពររបស់លោកអយ្យកោ សូមមើល ក្បួនខ្នាតទូទៅ ១៨.១៧ ។
-
ប្រសិនបើបងប្អូនមានបុព្វការីជនដែលបានទទួលពររបស់លោកអយ្យកោ នោះវាអាចជាការបំផុសគំនិតដើម្បីអានពរជ័យនោះខ្លះៗជាមួយនឹងកូនរបស់បងប្អូន ។ ដើម្បីស្នើសុំពរជ័យរបស់បុព្វការីជនដែលបានស្លាប់ទៅហើយ សូមចូលនៅក្នុងគេហទំព័រ ChurchofJesusChrist.org សូមចុចលើរូបតំណាងគណនីនៅជ្រុងលើខាងស្ដាំនៃអេក្រង់ ហើយជ្រើសរើសយក« ពររបស់លោកអយ្យកោ » ។
-
បន្ទាប់ពីកូនរបស់បងប្អូនបានទទួលពររបស់លោកអយ្យកោហើយ សូមអញ្ជើញសមាជិកគ្រួសារណាម្នាក់ ដែលមានវត្តមានឲ្យកត់ត្រាអារម្មណ៍របស់ពួកគាត់ទុក ហើយចែកចាយអារម្មណ៍នោះជាមួយកូនរបស់បងប្អូន ។
ការទៅព្រះវិហារបរិសុទ្ធ—អំណោយទានពិសិដ្ឋ
ព្រះសព្វព្រះទ័យប្រទានអំណោយទានពិសិដ្ឋ ឬប្រទានពរជ័យដល់បុត្រាបុត្រីទាំងអស់របស់ទ្រង់ឲ្យមាន « ព្រះចេស្ដាពីស្ថានលើ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:៨ ) ។ យើងទៅព្រះវិហារបរិសុទ្ធដើម្បីទទួលបានអំណោយទានពិសិដ្ឋរបស់យើងផ្ទាល់តែម្ដងគត់ ប៉ុន្ដែសេចក្ដីសញ្ញាដែលយើងធ្វើជាមួយនឹងព្រះ និងអំណាចខាងវិញ្ញាណដែលទ្រង់ប្រទានដល់យើង ដែលជាផ្នែកមួយនៃអំណោយទានពិសិដ្ឋ អាចផ្ដល់ពរជ័យដល់យើងជារៀងរាល់ថ្ងៃពេញមួយជីវិតរបស់យើងបាន ។
-
សូមតាំងរូបភាពព្រះវិហារបរិសុទ្ធមួយនៅក្នុងគេហដ្ឋានរបស់បងប្អូន ។ សូមប្រាប់កូនរបស់បងប្អូនអំពីអារម្មណ៍ដែលបងប្អូនមាននៅក្នុងព្រះវិហារបរិសុទ្ធ ។ សូមនិយាយឲ្យបានញឹកញាប់អំពីសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះព្រះអម្ចាស់ និងព្រះដំណាក់របស់ទ្រង់ និងសេចក្តីសញ្ញាដែលបងប្អូនបានធ្វើនៅទីនោះ ។
-
សូមស្វែងយល់រួមគ្នានៅលើគេហទំព័រ temples.ChurchofJesusChrist.org ។ សូមអានអត្ថបទដូចតទៅនេះរួមគ្នា « AbouttheTempleEndowment » និង « PreparefortheHouseoftheLord » ។ សូមឲ្យកូនរបស់បងប្អូនសួរសំណួរទាំងឡាយ ដែលគាត់មានអំពីព្រះវិហារបរិសុទ្ធ ។ សម្រាប់ការណែនាំអំពីអ្វីដែលបងប្អូនអាចនិយាយបាននៅខាងក្រៅព្រះវិហារបរិសុទ្ធ សូមមើលសារលិខិតរបស់អែលឌើរ ដេវីឌ អេ បែដណា « Prepared to Obtain Every Needful Thing » ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១០១–៤; សូមមើលជាពិសេសផ្នែកដែលមានចំណងជើងថា « ការរៀនសូត្រ និងការរៀបចំខ្លួនសម្រាប់ព្រះវិហារបរិសុទ្ធដែលផ្តោតលើគេហដ្ឋាន និងការគាំទ្រពីសាសនាចក្រ » ) ។
-
នៅពេលបងប្អូន និងកូនរបស់បងប្អូនចូលរួមក្នុង ឬធ្វើជាសាក្សីដល់ពិធីបរិសុទ្ធផ្សេងទៀត ( ដូចជាពិធីសាក្រាម៉ង់ ឬការប្រសិទ្ធពរព្យាបាលជំងឺ ) សូមចំណាយពេលមួយសន្ទុះដើម្បីពិភាក្សាពីនិមិត្តរូបដែលមាននៅក្នុងពិធីបរិសុទ្ធនោះ ។ តើនិមិត្តរូបនោះតំណាងឲ្យអ្វី ? តើនិមិត្តរូបនោះថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ? ការណ៍នេះអាចជួយកូនរបស់បងប្អូនឲ្យរៀបចំខ្លួន ដើម្បីសញ្ជឹងគិតអំពីអត្ថន័យជានិមិត្តរូបនៃពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ដែលថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទផងដែរ ។
-
សូមជួយកូនរបស់បងប្អូនឲ្យសម្គាល់មើលពីរបៀបដែលគាត់កំពុងកាន់តាមសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ដូចដែលបានពិពណ៌នានៅក្នុង ម៉ូសាយ ១៨:៨–១០, ១៣ ។ សូមជួយកូនរបស់បងប្អូនឲ្យសង្កេតមើលពីរបៀបដែលព្រះអម្ចាស់កំពុងប្រទានពរជ័យដល់គាត់ផងដែរ ។ សូមស្ថាបនាទំនុកចិត្តរបស់កូនបងប្អូនទៅលើសមត្ថភាពរបស់គាត់ដើម្បីកាន់តាមសេចក្ដីសញ្ញា ។
-
សូមនិយាយដោយបើកចំហ និងជាញឹកញាប់អំពីរបៀបដែលសេចក្ដីសញ្ញានៅក្នុងព្រះវិហារបរិសុទ្ធរបស់បងប្អូនដឹកនាំជម្រើសរបស់បងប្អូន និងជួយបងប្អូនឲ្យខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។ បងប្អូនអាចប្រើ ក្បួនខ្នាតទូទៅ ២៧.២ ដើម្បីរំឭកពីសេចក្ដីសញ្ញាដែលយើងបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធបាន ។
ការបម្រើបេសកកម្ម
អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀន ៖ « រឿងដ៏សំខាន់តែមួយគត់ដែលប្អូនៗអាចធ្វើដើម្បីរៀបចំខ្លួនសម្រាប់ការហៅបម្រើមួយនោះគឺ ការប្រែក្លាយ ជាអ្នកផ្សព្វផ្សាយសាសនាពីមុនប្អូនៗ ចេញទៅ បេសកកម្ម ។ … បញ្ហានេះគឺមិនមែនការទៅបេសកកម្មនោះទេ ផ្ទុយទៅវិញគឺជាការក្លាយជាអ្នកផ្សព្វផ្សាយសាសនា ហើយបម្រើពេញមួយជីវិតរបស់យើងដោយអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង ។ … ប្អូនៗកំពុងរៀបចំខ្លួនសម្រាប់កិច្ចការផ្សព្វផ្សាយសាសនាពេញមួយជីវិត » ( « Becoming a Missionary » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤៥–៤៦ ) ។ បទពិសោធន៍ដែលកូនរបស់បងប្អូនមាន ក្នុងការក្លាយជា អ្នកផ្សព្វផ្សាយសាសនានឹងផ្ដល់ពរជ័យដល់គាត់ដ៏អស់កល្ប មិនគ្រាន់តែសម្រាប់អំឡុងពេលដែលគាត់បម្រើជាអ្នកផ្សព្វផ្សាយសាសនានោះទេ ។
ដើម្បីរៀនបន្ថែមទៀត សូមមើល រ័សុល អិម ណិលសុន « ការផ្សាយដំណឹងល្អនៃភាពសុខសាន្ដ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៦–៧; អិម រ័សុល បាឡឺដ « ការបម្រើជាអ្នកផ្សព្វផ្សាយសាសនាបានផ្ដល់ពរដល់ជីវិតខ្ញុំជារៀងរហូត » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៨–១០; ការរៀបចំខ្លួនចេញផ្សព្វផ្សាយសាសនា ៖ ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា នៅលើបណ្ណាល័យដំណឹងល្អ ។
-
គំរូស្ដីពីរបៀបចែកចាយដំណឹងល្អតាមរបៀបធម្មតាៗ ។ សូមត្រៀមខ្លួនជានិច្ចចំពោះឱកាសដើម្បីចែកចាយជាមួយនឹងមនុស្សដទៃទៀតអំពីអារម្មណ៍របស់បងប្អូនអំពីព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះ និងពរជ័យដែលបងប្អូនទទួលបានក្នុងនាមជាសមាជិកនៃសាសនាចក្ររបស់ទ្រង់ ។ សូមអញ្ជើញមនុស្សដទៃឲ្យចូលរួមជាមួយគ្រួសាររបស់បងប្អូននៅក្នុងសកម្មភាពនានាដែលទាក់ទងទៅនឹងសាសនាចក្រ និងគ្រួសារ ។
-
សូមរកមើលឱកាសដើម្បីឲ្យគ្រួសាររបស់បងប្អូនប្រាស្រ័យទាក់ទងជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនា ។ សូមអញ្ជើញពួកអ្នកផ្សព្វផ្សាយសាសនាឲ្យបង្រៀនមិត្តភក្ដិរបស់បងប្អូន ឬផ្ដល់ឱកាសឲ្យពួកគេបង្រៀនមនុស្សដែលនៅក្នុងគេហដ្ឋានរបស់បងប្អូន ។ សូមសួរពួកអ្នកផ្សព្វផ្សាយសាសនាអំពីបទពិសោធន៍ដែលពួកគេកំពុងមាន និងរបៀបដែលការបម្រើជាអ្នកផ្សព្វផ្សាយសាសនាកំពុងជួយពួកគេឲ្យខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។ ហើយសូមសួរពីអ្វីដែលពួកគេបានធ្វើ ( ឬបន់ឲ្យពួកគេបានធ្វើ ) ដើម្បីរៀបចំខ្លួនក្លាយជាអ្នកផ្សព្វផ្សាយសាសនាផងដែរ ។
-
ប្រសិនបើបងប្អូនបានបម្រើបេសកកម្ម សូមនិយាយដោយបើកចំហ និងជាញឹកញាប់អំពីបទពិសោធន៍របស់បងប្អូន ។ ឬសូមអញ្ជើញមិត្តភក្តិ ឬសមាជិកគ្រួសារដែលបានបម្រើបេសកកម្មឲ្យនិយាយអំពីបេសកកម្មរបស់ពួកគេ ។ បងប្អូនក៏អាចនិយាយអំពីរបៀបដែលបងប្អូនបានចែកចាយដំណឹងល្អជាមួយមនុស្សដទៃពេញមួយជីវិតបងប្អូនផងដែរ ។ សូមជួយឲ្យកូនរបស់បងប្អូនគិតពីរបៀបដែលគាត់អាចចែកចាយដំណឹងល្អបាន ។
-
សូមផ្ដល់ឱកាសឲ្យកូនរបស់បងប្អូនបង្រៀនគ្រួសាររបស់បងប្អូនអំពីគោលការណ៍ទាំងឡាយនៃដំណឹងល្អ ។ កូនរបស់បងប្អូនក៏អាចរៀនចែកចាយជំនឿរបស់គាត់ជាមួយនឹងអ្នកដទៃបានផងដែរ ។ ឧទាហរណ៍ បងប្អូនអាចពិភាក្សាសំណួរដូចតទៅនេះបាន « តើយើងអាចណែនាំអំពីព្រះគម្ពីរមរមនដល់នរណាម្នាក់ ដែលមិនធ្លាប់ឮវាពីមុនមកដោយរបៀបណា ? » ឬ « តើយើងអាចពិពណ៌នាពីតម្រូវការដើម្បីមានព្រះអង្គសង្គ្រោះ ដល់នរណាម្នាក់ដែលមិនមែនជាគ្រីស្ទានតាមរបៀបណា ? »
-
សូមជួយកូនរបស់បងប្អូនឲ្យមានទម្លាប់ស្រួលនិយាយជាមួយមនុស្សទូទៅ ។ តើមានវិធីល្អៗណាខ្លះដើម្បីចាប់ផ្ដើមការសន្ទនាមួយបាន ? សូមលើកទឹកចិត្តកូនរបស់បងប្អូនឲ្យរៀនពីរបៀបស្ដាប់អ្វីដែលមនុស្សដទៃនិយាយ យល់ពីអ្វីដែលនៅក្នុងចិត្តរបស់ពួកគេ ហើយចែកចាយសេចក្ដីពិតនៃដំណឹងល្អដែលអាចផ្ដល់ពរជ័យដល់ជីវិតរបស់ពួកគេបាន ។
-
សូមរកមើលឱកាសឲ្យកូនរបស់បងប្អូនរៀនពីវប្បធម៌ និងជំនឿផ្សេងៗទៀត ។ សូមជួយគាត់ឲ្យស្គាល់ និងគោរពដល់គោលការណ៍ដែលល្អៗ និងពិតនៅក្នុងជំនឿរបស់អ្នកផ្សេង ។
ការទៅព្រះវិហារបរិសុទ្ធ—ពិធីផ្សារភ្ជាប់
នៅក្នុងព្រះវិហារបរិសុទ្ធ ស្វាមី និងភរិយាអាចរៀបការសម្រាប់ភាពអស់កល្បជានិច្ច ។ ការណ៍នេះកើតឡើងនៅក្នុងពិធីបរិសុទ្ធមួយដែលគេហៅថា ពិធីផ្សារភ្ជាប់ ។ ទោះបីជាពិធីបរិសុទ្ធអាចនៅយូរទៀតសម្រាប់កូនប្រុស ឬកូនស្រីរបស់បងប្អូនក្ដី ក៏រឿងតូចតាច សាមញ្ញ និងខ្ជាប់ខ្ជួនដែលបងប្អូនធ្វើរួមគ្នាអំឡុងពេលទាំងនេះ អាចជួយគាត់ឲ្យរៀបចំខ្លួនសម្រាប់ពរជ័យដ៏អស្ចារ្យនេះបានដែរ ។
-
សូមអានរួមគ្នាក្នុង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើបណ្ណាល័យដំណឹងល្អ ។ តើការប្រកាសនេះបង្រៀនអ្វីខ្លះអំពីសុភមង្គលនៅក្នុងជីវិតគ្រួសារ និងអំពីអាពាហ៍ពិពាហ៍ដែលជោគជ័យ ? សូមជ្រើសរើសយកគោលការណ៍មួយដែលមានរាយនៅក្នុងការប្រកាសនេះ យកមកសិក្សាជាមួយនឹងកូនរបស់បងប្អូន ។ បងប្អូនអាចបើកមើលក្នុងព្រះគម្ពីរ ដែលទាក់ទងនឹងគោលការណ៍នោះនៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។ បងប្អូនក៏អាចដាក់គោលដៅដើម្បីអនុវត្តតាមគោលការណ៍នោះ ឲ្យបានកាន់តែពេញលេញជាងមុននៅក្នុងគ្រួសាររបស់បងប្អូនបានផងដែរ ។ កាលបងប្អូនធ្វើការដើម្បីសម្រេចបានគោលដៅរបស់បងប្អូន សូមពិភាក្សាជាមួយគ្នាអំពីឥទ្ធិពលនៃការរស់នៅតាមគោលការណ៍នោះមានទៅលើជីវិតគ្រួសារ ។
-
សូមអានសារលិខិតរបស់ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ « In Praise of Those Who Save » ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៧៧–៨០ ) ជាមួយកូនរបស់បងប្អូន ។ នៅពេលបងប្អូនអានដល់ផ្នែកដែលមានចំណងជើងថា « សង្គមនៃការប្រើហើយបោះចោល » នោះបងប្អូនអាចរកមើលអ្វីៗនៅក្នុងគេហដ្ឋានរបស់បងប្អូន ដែលប្រើហើយបោះចោល និងអ្វីផ្សេងទៀតដែលប្រើហើយមិនបោះចោល ។ សូមនិយាយអំពីរបៀបដែលបងប្អូនប្រើរបស់ខុសៗគ្នា នៅពេលបងប្អូនចង់ឲ្យវានៅជាប់បានយូរ ។ តើការណ៍នេះណែនាំអ្វីខ្លះអំពីរបៀបដែលយើងគួរប្រព្រឹត្តចំពោះចំណងអាពាហ៍ពិពាហ៍ និងទំនាក់ទំនងគ្រួសារ ? តើយើងរៀនអ្វីខ្លះទៀតចេញមកពីសារលិខិតរបស់ប្រធាន អុជដូហ្វ អំពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយយើងឲ្យស្ថាបនាអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារដ៏រឹងមាំបាន ?
-
ប្រសិនបើបងប្អូនរៀបការហើយ សូមបើកចិត្តប្រាប់កូនរបស់បងប្អូនអំពីអ្វីដែលបងប្អូនមានអារម្មណ៍ថា បងប្អូនកំពុងធ្វើបានល្អក្នុងនាមជាគូស្វាមីភរិយា អ្វីដែលបងប្អូនកំពុងរៀន និងរបៀបដែលបងប្អូនកំពុងព្យាយាមកែលម្អវា ។ ប្រសិនបើបងប្អូន និងស្វាមី ឬភរិយារបស់បងប្អូនបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ នោះសូមបង្ហាញកូនរបស់បងប្អូនតាមរយៈគំរូអំពីរបៀបដែលបងប្អូនខិតខំកាន់តាមសេចក្ដីសញ្ញារបស់បងប្អូនជាមួយនឹងគ្នា និងជាមួយព្រះអម្ចាស់ ។ សូមប្រាប់កូនរបស់បងប្អូនអំពីរបៀបដែលបងប្អូនខិតខំព្យាយាមដាក់ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះជាស្នូលនៃចំណងអាពាហ៍ពិពាហ៍របស់បងប្អូន និងរបៀបដែលទ្រង់ទាំងទ្វេកំពុងជួយដល់បងប្អូន ។
-
នៅពេលគ្រួសារត្រូវធ្វើការសម្រេចចិត្តនានា សូមធ្វើការប្រជុំក្រុមប្រឹក្សាគ្រួសារ និងពិភាក្សាគ្នា ។ សូមប្រាកដថាបានស្ដាប់ និងឲ្យតម្លៃដល់គំនិតរបស់សមាជិកគ្រួសារទាំងអស់ ។ សូមប្រើការពិភាក្សាទាំងនេះជាឱកាសដើម្បីធ្វើជាគំរូអំពីការប្រាស្រ័យទាក់ទងល្អ និងការមានចិត្តល្អនៅក្នុងទំនាក់ទំនងគ្រួសារ ទោះជាគ្រប់គ្នាមិនមើលឃើញអ្វីៗដូចគ្នាក្ដី ។
-
នៅពេលមានការខ្វែងគំនិតគ្នា ឬមានជម្លោះនៅក្នុងគ្រួសារ សូមបង្ហាញការមានចិត្តអំណត់ និងចិត្តអាណិតអាសូរ ។ សូមជួយកូនរបស់បងប្អូនឲ្យមើលឃើញរបៀបដែលការដោះស្រាយជម្លោះតាមរបៀបដូចជាព្រះគ្រីស្ទ អាចជួយគាត់ឲ្យរៀបចំខ្លួនសម្រាប់អាពាហ៍ពិពាហ៍ដ៏រីករាយមួយបាន ។ សូមអានជាមួយគ្នានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤១–៤២ ហើយនិយាយអំពីរបៀបដែលគោលការណ៍ទាំងឡាយនៅក្នុងខគម្ពីរទាំងនេះអាចអនុវត្តបានចំពោះអាពាហ៍ពិពាហ៍ ។