« ថ្ងៃទី ២៣–២៩ ខែ ធ្នូ ៖ ‹ ព្រះអង្គនឹងយាងមកឯលោកិយ ដើម្បីមកប្រោសលោះរាស្ត្ររបស់ព្រះអង្គ › ។ បុណ្យគ្រីស្ទម៉ាស់ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
« ថ្ងៃទី ២៣–២៩ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស់ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
ថ្ងៃទី ២៣–២៩ ខែ ធ្នូ ៖ « ព្រះអង្គនឹងយាងមកឯលោកិយ ដើម្បីមកប្រោសលោះរាស្ត្ររបស់ព្រះអង្គ »
បុណ្យគ្រីស្ទម៉ាស់
ចាប់ពីគម្ពីរនីហ្វៃរហូតដល់គម្ពីរមរ៉ូណៃ គ្រប់ព្យាការីនៅក្នុងព្រះគម្ពីរមរមនបានតាំងចិត្តចំពោះគោលបំណងដ៏ពិសិដ្ឋ ដែលបានសង្ខេបនៅលើ ទំព័រចំណងជើងនៃព្រះគម្ពីរ ៖ « ដើម្បីជាការបរិវត្តន៍ដល់ [ មនុស្សទាំងអស់ ] ថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ » ។ ព្យាការីម្នាក់បានមើលឃើញទ្រង់ កាលជាវិញ្ញាណក្នុងជីវិតមុនជីវិតលើផែនដី ហើយព្យាការីម្នាក់ទៀតបានមើលឃើញការងារបម្រើរបស់ទ្រង់នៅក្នុងការនិមិត្ត ។ ព្យាការីម្នាក់ឈរនៅលើកំផែងប្រកាសអំពីទីសម្គាល់អំពីការប្រសូត និងការសុគតរបស់ទ្រង់ ហើយព្យាការីម្នាក់ទៀតបានលុតជង្គង់នៅចំពោះព្រះកាយដែលបានរស់ឡើងវិញរបស់ទ្រង់ បានពាល់ស្នាមរបួសនៅលើព្រះហស្ត ព្រះបាទា និងនៅចំហៀងរបស់ទ្រង់ផងដែរ ។ ពួកលោកទាំងអស់គ្នាបានដឹងសេចក្ដីពិតដ៏សំខាន់នេះ ៖ « គ្មានផ្លូវ ឬមធ្យោបាយផ្សេងទៀតដែលធ្វើឲ្យមនុស្សបានសង្គ្រោះឡើយ មានតែតាមរយៈព្រះលោហិតដែលធ្វើឲ្យធួននៃព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ … ដែលនឹងយាងមកប្រោសលោះមនុស្សលោក » ( ហេលេមិន ៥:៩ ) ។
ដូច្នេះអំឡុងរដូវកាលបុណ្យគ្រីស្ទម៉ាស់ កាលអ្នកជឿនៅជុំវិញពិភពលោកនេះអបអរសាទរដល់សេចក្ដីល្អ និងសេចក្ដីស្រឡាញ់របស់ព្រះដែលបានបញ្ជូនព្រះរាជបុត្រាទ្រង់មក សូមពិចារណាអំពីរបៀបដែលព្រះគម្ពីរមរមនបានពង្រឹងដល់សេចក្ដីជំនឿរបស់បងប្អូនទៅលើព្រះគ្រីស្ទ ។ នៅពេលបងប្អូនគិតអំពីការប្រសូតរបស់ទ្រង់ សូមពិចារណាអំពីមូលហេតុដែលទ្រង់យាងមក និងរបៀបដែលការយាងមករបស់ទ្រង់បានផ្លាស់ប្ដូរជីវិតរបស់បងប្អូន ។ បន្ទាប់មក បងប្អូនអាចទទួលបានអំណរដ៏ពិតនៃបុណ្យគ្រីស្ទម៉ាស់—អំណោយទានដែលព្រះយេស៊ូវគ្រីស្ទប្រទានដល់បងប្អូន ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
ព្រះយេស៊ូវគ្រីស្ទបានប្រសូតមកដើម្បីធ្វើជាព្រះអង្គសង្គ្រោះរបស់ខ្ញុំ ។
វាគឺជាប្រពៃណីដើម្បីអានដំណើររឿងអំពីការប្រសូតរបស់ព្រះអង្គសង្គ្រោះនៅក្នុងព្រះគម្ពីរសញ្ញាថ្មីនៅរដូវបុណ្យគ្រីស្ទម៉ាស់ ប៉ុន្តែបងប្អូនក៏អាចស្វែងរកបានការព្យាករដ៏អស្ចារ្យអំពីព្រឹត្តិការណ៍ដ៏ពិសិដ្ឋនេះនៅក្នុងព្រះគម្ពីរមរមនបានផងដែរ ។ ឧទាហរណ៍ ការព្យាករអំពីការប្រសូត និងការងារបម្រើរបស់ព្រះអង្គសង្គ្រោះដែលមាននៅក្នុង នីហ្វៃទី ១ ១១:១៣–៣៦; ម៉ូសាយ ៣:៥–១០; ហេលេមិន ១៤:១–១៣ ។ តើបងប្អូនទទួលបានចំណាប់អារម្មណ៍អ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ នៅពេលបងប្អូនអានវគ្គបទគម្ពីរទាំងនេះ ហើយជញ្ជឹងគិតអំពីអត្ថន័យនៃទីសម្គាល់អំពីការប្រសូតរបស់ទ្រង់ ? តើទីបន្ទាល់របស់ពួកព្យាការីទាំងនេះ ជួយពង្រឹងដល់ទីបន្ទាល់របស់បងប្អូនទៅលើព្រះគ្រីស្ទ និងបេសកកម្មរបស់ទ្រង់យ៉ាងដូចម្ដេច ?
នេះជាយោបល់មួយចំនួនទៀត ដើម្បីជួយបងប្អូនឲ្យផ្តោតអារម្មណ៍ទៅលើព្រះយេស៊ូវគ្រីស្ទនៅពេលបុណ្យគ្រីស្ទម៉ាស់ ៖
-
តើបងប្អូនដឹងទេថា បងប្អូនអាចមើលសារលិខិតនៃការប្រជុំធម្មនិដ្ឋានបុណ្យគ្រីស្ទម៉ាស់របស់គណៈប្រធានទីមួយពីមុនៗមកនៅក្នុងបណ្ណាល័យដំណឹងល្អបាន ? សូមរកមើលសារលិខិតទាំងនេះនៅក្នុងកម្រង « Christmas Videos » ។ សូមពិចារណាចែកចាយសារលិខិតទាំងនេះ និងតន្រ្តីដើម្បីអបអរសាទរដល់បុណ្យគ្រីស្ទម៉ាស់ ។
-
បងប្អូន និងគ្រួសាររបស់បងប្អូនក៏អាចរីករាយស្តាប់កម្រងនេះចេញពី « Christmas Music » នៅក្នុងបណ្ណាល័យដំណឹងល្អផងដែរ ។
-
សូមពិចារណារៀបចំគម្រោងសកម្មភាពដែលបងប្អូន ឬគ្រួសាររបស់បងប្អូនអាចធ្វើបាន ពេលជិតដល់ថ្ងៃបុណ្យគ្រីស្ទម៉ាស់ ដើម្បីទទួលអារម្មណ៍ពីព្រះវិញ្ញាណនៃព្រះគ្រីស្ទ ដូចជាការបម្រើនរណាម្នាក់ ឬការច្រៀងទំនុកតម្កើងបុណ្យគ្រីស្ទម៉ាស់ជាមួយគ្នាជាដើម ។ សូមមើលនៅលើគេហទំព័រ LighttheWorld.org ដើម្បីទទួលបានគំនិតបន្ថែមទៀត ។
សូមមើល ម៉ាថាយ ១:១៨–២៥; ២;លូកា ២; នីហ្វៃទី ៣ ១:៤–២២; « ផ្ទុំនៅក្នុងស្នូកទីឆ្ងាយ » ទំនុកតម្កើង ល.រ. ១២៧ ។
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះនៃពិភពលោក ។
មូលហេតុចម្បងដែលយើងប្រារព្ធអបអរដល់ការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ គឺដោយសារតែពលិកម្មដ៏ធួនរបស់ទ្រង់ ។ ដោយសារតែពលិកម្មនោះ ទ្រង់អាចសង្រ្គោះយើងចេញពីអំពើបាប និងសេចក្តីស្លាប់ លួងលោមយើងពីទុក្ខលំបាក និងជួយយើងឲ្យ « បានល្អឥតខ្ចោះនៅក្នុងទ្រង់ » បាន ( មរ៉ូណៃ ១០:៣២ ) ។ តើបងប្អូនបានរៀនអ្វីខ្លះមកពីព្រះគម្ពីរមរមនក្នុងឆ្នាំនេះ អំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះដើម្បីប្រោសលោះបងប្អូន ? តើមានដំណើររឿង ឬការបង្រៀនណាមួយដែលបងប្អូនចាប់អារម្មណ៍ដែរឬទេ ? សូមពិចារណាអំពីអ្វីដែលវគ្គបទគម្ពីរដូចតទៅនេះបង្រៀនបងប្អូនអំពីបេសកកម្មដ៏ប្រោសលោះរបស់ព្រះអង្គសង្គ្រោះ ៖ នីហ្វៃទី ២ ២:៦; អាលម៉ា ៧:៧–១៣; ១១:៤០ និង ហេលេមិន ៥:៩; ១៤:១៦–១៧ ។ តើបងប្អូនមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដើម្បីបង្ហាញការដឹងគុណរបស់បងប្អូនចំពោះទ្រង់ ?
ព្រះគម្ពីរមរមនថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
« សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ » គឺមិនគ្រាន់តែជាចំណងជើងរងសម្រាប់ព្រះគម្ពីរមរមននោះទេ វាគឺជាសេចក្ដីថ្លែងការណ៍មួយអំពីគោលបំណងដ៏ទេវភាពរបស់ព្រះគម្ពីរនេះ ។ សូមពិចារណាអំពីអ្វីដែលបងប្អូនរៀនមកពីបទគម្ពីរដូចតទៅនេះ អំពីបេសកកម្មរបស់ព្រះគម្ពីរមរមនដើម្បីថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ៖ នីហ្វៃទី ១ ៦:៤; ១៩:១៨ និង នីហ្វៃទី ២ ២៥:២៣, ២៦; ៣៣:៤, ១០ ។
សូមពិចារណាកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុអំពីរបៀបដែលការសិក្សាព្រះគម្ពីរមរមនក្នុងឆ្នាំនេះ បាននាំឲ្យបងប្អូនខិតទៅកាន់តែជិតនឹងព្រះគ្រីស្ទ ។ ការបំផុសគំនិតនៅខាងក្រោមនេះអាចជាជំនួយ ៖
-
« អ្វីមួយដែលខ្ញុំបានរៀន ឬមានអារម្មណ៍អំពីព្រះអង្គសង្រ្គោះក្នុងឆ្នាំនេះគឺ … »
-
« ការរៀនអំពីព្រះអង្គសង្រ្គោះនៅក្នុងព្រះគម្ពីរមរមនបានផ្លាស់ប្ដូររបៀបដែលខ្ញុំ … »
-
« មនុស្ស [ ឬដំណើរឿង ] ដែលខ្ញុំចូលចិត្តនៅក្នុងព្រះគម្ពីរមរមនបានបង្រៀនខ្ញុំថា ព្រះអង្គសង្គ្រោះ … »
ប្រហែលមាននរណាម្នាក់នឹងទទួលពរជ័យ ពេលដឹងពីអារម្មណ៍របស់បងប្អូនអំពីព្រះគម្ពីរមរមន ។ តើបងប្អូនអាចចែកចាយបទពិសោធន៍ និងទីបន្ទាល់របស់បងប្អូនដោយរបៀបណា ? បងប្អូនអាចមានអារម្មណ៍បំផុសគំនិតឲ្យផ្តល់ព្រះគម្ពីរមរមនជាអំណោយបុណ្យគ្រីស្ទម៉ាស់ ។ កម្មវិធីព្រះគម្ពីរមរមនធ្វើឲ្យការចែកចាយមានភាពងាយស្រួល ។
ប៊ីស្សព ហ្គែរ៉ល កូសសេ បានរាយបញ្ជីចេញពីសេចក្ដីពិតជាច្រើនមកពីព្រះគម្ពីរមរមនអំពីព្រះយេស៊ូវគ្រីស្ទ ( សូមមើល « A Living Witness of the Living Christ » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៣៩–៤០ ) ។ បងប្អូនអាចមើលបញ្ជីរបស់លោក ហើយពិចារណាអំពីរបៀបដែលសេចក្ដីពិតនីមួយៗទាំងនេះបានផ្លាស់ប្ដូរ—ឬអាចផ្លាស់ប្តូរ—ជីវិតរបស់បងប្អូន ។
សូមមើលផងដែរនូវ Gospel Topics « Book of Mormon » នៅលើបណ្ណាល័យដំណឹងល្អ ។
គំនិតសម្រាប់បង្រៀនកុមារ
ពីព្រោះថ្ងៃអាទិត្យនេះ ជាថ្ងៃអាទិត្យទី៥ នៃខែនេះ គ្រូបង្រៀនអង្គការបឋមសិក្សាត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់សកម្មភាពរៀននៅក្នុង « ឧបសម្ព័ន្ធ ខ ៖ ការរៀបចំកុមារឲ្យនៅលើផ្លូវនៃសេចក្តីសញ្ញារបស់ព្រះពេញមួយជីវិត » ។
ព្រះយេស៊ូវគ្រីស្ទជាអំណោយរបស់ព្រះវរបិតាសួគ៌ចំពោះខ្ញុំ ។
-
ដើម្បីជួយគ្រួសាររបស់បងប្អូនឲ្យផ្ដោតទៅលើអំណោយដែលព្រះវរបិតាសួគ៌បានប្រទានដល់យើង តាមរយៈការបញ្ជូនព្រះរាជបុត្រារបស់ទ្រង់មក នោះបងប្អូនអាចខ្ចប់រូបភាពរបស់ព្រះយេស៊ូវគ្រីស្ទធ្វើជាអំណោយបុណ្យគ្រីស្ទម៉ាស់បាន ។ បងប្អូន និងកូនៗរបស់បងប្អូនអាចពិភាក្សាអំពីអំណោយបុណ្យគ្រីស្ទម៉ាស់ជាទីគាប់ចិត្តដែលបងប្អូនបានទទួល ឬសង្ឃឹមថានឹងទទួលបាន ។ បន្ទាប់មក ពួកគេអាចបើកកញ្ចប់រូបភាពរបស់ព្រះគ្រីស្ទ ហើយពិភាក្សាអំពីរបៀបដែលទ្រង់បានក្លាយជាអំណោយដ៏មានតម្លៃមួយសម្រាប់យើង ។ ចម្រៀងមួយបទដូចជាបទ « ទ្រង់បញ្ជូនបុត្រាទ្រង់មក » ( សៀវភៅចម្រៀងកុមារ ទំព័រ ២០–២១ ) អាចបញ្ចូលទៅក្នុងការសន្ទនានេះបាន ។ សូមជួយកូនៗរបស់បងប្អូនឲ្យស្វែងរកឃ្លានានានៅក្នុងចម្រៀងនេះ ដែលពិពណ៌នាអំពីពរជ័យដែលយើងមាន ដោយសារការប្រសូតរបស់ព្រះយេស៊ូវ ។
ព្រះយេស៊ូវគ្រីស្ទបានប្រសូតមកដើម្បីធ្វើជាព្រះអង្គសង្គ្រោះរបស់ខ្ញុំ ។
-
កូនៗរបស់បងប្អូនអាចនឹងរីករាយក្នុងការចែកចាយជាមួយនឹងបងប្អូន នូវអ្វីដែលពួកគេដឹងអំពីការប្រសូតរបស់ព្រះយេស៊ូវ ។ សៀវភៅរូបភាពដំណឹងល្អ មានរូបភាពជាច្រើនដែលអាចជួយពួកគេប្រាប់អំពីដំណើររឿងនេះបាន ( សូមមើល ល.រ. ២៨, ២៩, ៣០, ៣១ ) ។ បងប្អូនក៏អាចមើលរូបភាពនានា ដែលបង្ហាញអំពីព្រះជន្ម និងពលិកម្មដ៏ធួនរបស់ព្រះអង្គសង្គ្រោះផងដែរ ។ តើហេតុអ្វីព្រះវរបិតាសួគ៌បានបញ្ជូនព្រះយេស៊ូវគ្រីស្ទឲ្យមក ?
-
កូនៗរបស់បងប្អូនក៏អាចរីករាយនៅក្នុងការគូររូបភាពផ្ទាល់ខ្លួនរបស់ពួកគេអំពីការប្រសូត និងការងារបម្រើរបស់ព្រះយេស៊ូវផងដែរ ។ ប្រហែលជាពួកគេអាចគូរនូវអ្វីដែលបានរៀបរាប់នៅក្នុង នីហ្វៃទី ១ ១១:១៣–២៣; ម៉ូសាយ ៣:៥–១០; ហេលេមិន ១៤:១–១៣; និង នីហ្វៃទី ៣ ១:៤–២២ ។ បន្ទាប់មក ពួកគេអាចចែកចាយជាមួយបងប្អូននូវអ្វីដែលរូបភាពរបស់ពួកគេបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។
-
ដើម្បីបញ្ជាក់ថា ទាំងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនបង្រៀនអំពីការប្រសូតរបស់ព្រះយេស៊ូវ នោះបងប្អូនអាចធ្វើបញ្ជីអំពីព្រឹត្តិការណ៍ទាំងឡាយដែលបានពិពណ៌នានៅក្នុង លូកា ២:៤–១៤; ម៉ាថាយ ២:១–២ និង នីហ្វៃទី ៣ ១:១៥, ១៩–២១ ។ បន្ទាប់មក កូនៗរបស់បងប្អូនអាចស្រាវជ្រាវខគម្ពីរទាំងនេះដើម្បីកំណត់ថា តើព្រឹត្តិការណ៍ណាមួយបានកើតឡើងនៅបេថ្លេហិម នៅទ្វីបអាមេរិក ឬនៅទាំងពីរកន្លែង ។ តើហេតុអ្វីយើងមានអំណរគុណចំពោះព្រះគម្ពីរមរមន ដែលជាសាក្សីទីពីរអំពីការប្រសូត្ររបស់ព្រះយេស៊ូវគ្រីស្ទ ?
ព្រះគម្ពីរមរមនថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
-
នៅពេលបងប្អូន និងកូនៗរបស់បងប្អូនបញ្ចប់ការសិក្សារបស់បងប្អូនអំពីព្រះគម្ពីរមរមននៅឆ្នាំនេះ វាអាចជាពេលដ៏ល្អមួយដើម្បីចែកចាយជាមួយគ្នានូវដំណើររឿង ឬវគ្គបទគម្ពីរនានាដែលបងប្អូនចូលចិត្តមកពីព្រះគម្ពីរដ៏ពិសិដ្ឋនេះ ។ ការមើលរូបភាពមួយចំនួននៅក្នុង ចូរមកតាមខ្ញុំ ឬ ដំណើររឿងព្រះគម្ពីរមរមន អាចជួយឲ្យកូនៗរបស់បងប្អូនចងចាំនូវអ្វីដែលពួកគេបានរៀនក្នុងឆ្នាំនេះ ។ សូមជួយពួកគេឲ្យមើលឃើញនូវអ្វីដែលដំណើររឿងទាំងនេះបង្រៀនយើងអំពីព្រះយេស៊ូវគ្រីស្ទ ។
-
បងប្អូនក៏អាចផ្ដល់រូបភាពព្រះយេស៊ូវដល់កូនៗរបស់បងប្អូនផងដែរ ឬអនុញ្ញាតឲ្យពួកគេគូរដោយខ្លួនឯង ។ សូមអញ្ជើញពួកគេឲ្យលើករូបភាពរបស់ពួកគេឡើង គ្រប់ពេលដែលពួកគេឮព្រះនាមរបស់ព្រះគ្រីស្ទ នៅពេលបងប្អូនអាន នីហ្វៃទី ២ ២៥:២៣, ២៦ ។ សូមថ្លែងទីបន្ទាល់ថា ព្រះគម្ពីរមរមនត្រូវបានសរសេរឡើងដើម្បីជួយយើង « ឲ្យជឿដល់ព្រះគ្រីស្ទ » ( នីហ្វៃទី ២ ២៥:២៣ ) ។