« ថ្ងៃទី ២–៨ ខែ ធ្នូ ៖ ‹ ដើម្បីរក្សាពួកគេឲ្យនៅក្នុងផ្លូវត្រូវ › ។ មរ៉ូណៃ ១–៦ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
« ថ្ងៃទី ២–៨ ខែ ធ្នូ ។ មរ៉ូណៃ ១–៦ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
ថ្ងៃទី ២–៨ ខែ ធ្នូ ៖ « ដើម្បីរក្សាពួកគេឲ្យនៅក្នុងផ្លូវត្រូវ »
មរ៉ូណៃ ១–៦
បន្ទាប់ពីការបញ្ចប់កំណត់ត្រាឪពុករបស់លោកអំពីពួកសាសន៍នីហ្វៃ និងការសង្ខេបកំណត់ត្រារបស់សាសន៍យ៉ារេឌហើយ នោះមរ៉ូណៃបានគិតថា កិច្ចការរក្សាកំណត់ត្រារបស់លោកត្រូវបានបញ្ចប់ហើយ ( សូមមើល មរ៉ូណៃ ១:១ ) ។ តើមានអ្វីត្រូវនិយាយច្រើនទៀតអំពីសាសន៍ពីរដែលត្រូវបានបំផ្លាញទាំងស្រុងនោះ ? ប៉ុន្តែមរ៉ូណៃបានឃើញជំនាន់របស់យើង ( សូមមើល មរមន ៨:៣៥ ) ហើយលោកត្រូវបានបំផុសគំនិតឲ្យ « សរសេរនូវការណ៍ខ្លះទៀត ដែលប្រហែលជាអាចមានប្រយោជន៍ …នៅថ្ងៃណាមួយក្នុងពេលអនាគត » ( មរ៉ូណៃ ១:៤ ) ។ លោកបានដឹងថា ការសាយភាយនៃការក្បត់សាសនានឹងកើតមានឡើង ដែលនាំឲ្យមានការភាន់ច្រឡំអំពីពិធីបរិសុទ្ធនៃបព្វជិតភាព និងអំពីសាសនាជាទូទៅ ។ រឿងនេះអាចជាមូលហេតុដែលលោកបានបញ្ជាក់លម្អិតអំពីពិធីសាក្រាម៉ង់ ពិធីបុណ្យជ្រមុជទឹក ការប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងពរជ័យនៃការជួបជុំជាមួយនឹងពួកអ្នកជឿដើម្បី « រក្សា [ គ្នាទៅវិញទៅមក ] នៅក្នុងផ្លូវត្រូវ … ដោយពឹងផ្អែកទៅលើតែព្រះគុណនៃព្រះគ្រីស្ទដែលជាមេផ្ដើម ហើយជាមេសម្រេចនូវសេចក្ដីជំនឿរបស់ [ យើង ] » ( មរ៉ូណៃ ៦:៤ ) ។ យោបល់ដ៏មានតម្លៃទាំងនេះផ្ដល់មូលហេតុឲ្យយើងមានអំណរគុណចំពោះព្រះអម្ចាស់ ដែលបានរក្សាជីវិតរបស់មរ៉ូណៃ ដើម្បីលោកអាច « សរសេរនូវការណ៍ខ្លះទៀត » ( មរ៉ូណៃ ១:៤ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
ខ្ញុំអាចធ្វើតាមព្រះយេស៊ូវគ្រីស្ទបាន ទោះបីជាមានការប្រឆាំងក៏ដោយ ។
នៅពេលបងប្អូនអាន មរ៉ូណៃ ១ តើមានអ្វីខ្លះដែលបានបំផុសគំនិតបងប្អូនអំពីភាពស្មោះត្រង់របស់មរ៉ូណៃចំពោះព្រះអម្ចាស់ និងការហៅបម្រើរបស់លោក ? តើមនុស្សម្នាក់អាច « បដិសេធព្រះគ្រីស្ទ » តាមវិធីណាខ្លះ ? ( មរ៉ូណៃ ១:២–៣ ) ។ សូមជញ្ជឹងគិតអំពីរបៀបដែលបងប្អូនអាចស្មោះត្រង់ចំពោះព្រះយេស៊ូវគ្រីស្ទបាន ទោះបីជានៅពេលបងប្អូនប្រឈមមុខទៅនឹងការសាកល្បង និងការប្រឆាំងក្តី ។
ពិធីបរិសុទ្ធនៃបព្វជិតភាពត្រូវតែធ្វើឡើងដូចដែលព្រះអម្ចាស់បានត្រាស់បង្គាប់ ។
មរ៉ូណៃកំពុងរត់គេចដើម្បីរស់រានមានជីវិត នៅពេលលោកសរសេរជំពូកទាំងនេះ ។ តើហេតុអ្វីបានជាលោកខ្វល់ខ្វាយក្នុងការសរសេរអំពីព័ត៌មានលម្អិតអំពីការធ្វើកិច្ចការទាំងនេះ ដូចជារបៀបអនុវត្តពិធីបរិសុទ្ធជាដើម ? សូមគិតពិចារណាអំពីរឿងនេះ នៅពេលបងប្អូនអាន មរ៉ូណៃ ២–៦ ។ តើហេតុអ្វីបងប្អូនគិតថា ព័ត៌មានលម្អិតទាំងអស់នេះមានសារៈសំខាន់ចំពោះព្រះអម្ចាស់ ? នេះគឺជាសំណួរមួយចំនួនដែលអាចណែនាំដល់ការសិក្សារបស់បងប្អូនបាន ៖
-
ពិធីបញ្ជាក់ ( មរ៉ូណៃ ២; ៦:៤ ) ។តើសេចក្ដីណែនាំរបស់ព្រះអង្គសង្គ្រោះនៅក្នុង មរ៉ូណៃ ២:២ បង្រៀនបងប្អូនអ្វីខ្លះអំពីពិធីបរិសុទ្ធនៃពិធីបញ្ជាក់ ? តើបងប្អូនអាចនឹងពន្យល់អំពីអត្ថន័យនៃការត្រូវបាន « ព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើ ហើយលាងជម្រះ » ដោយរបៀបណា ? ( មរ៉ូណៃ ៦:៤ ) ។
-
ពិធីតែងតាំងបព្វជិតភាព ( មរ៉ូណៃ ៣ ) ។តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងជំពូកនេះ ដែលអាចជួយនរណាម្នាក់ឲ្យត្រៀមខ្លួនដើម្បីបានតែងតាំងឲ្យមានបព្វជិតភាព ? តើបងប្អូនរកឃើញអ្វីខ្លះដែលនឹងជួយនរណាម្នាក់ឲ្យធ្វើពិធីតែងតាំង ?
-
ពិធីសាក្រាម៉ង់ ( មរ៉ូណៃ ៤–៥; ៦:៦ ) ។តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យពិធីសាក្រាម៉ង់ក្លាយជាចំណុចសំខាន់ខាងវិញ្ញាណប្រចាំសប្តាហ៍របស់បងប្អូន ?
-
ពិធីបុណ្យជ្រមុជទឹក ( មរ៉ូណៃ ៦:១–៣ ) ។តើបងប្អូនកំពុងធ្វើអ្វីខ្លះ ដើម្បីបន្តដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ពិធីបុណ្យជ្រមុជទឹក ?
ដោយផ្អែកទៅលើអ្វីដែលបងប្អូនបានរៀន តើបងប្អូននឹងផ្លាស់ប្ដូររបៀបដែលបងប្អូនគិត ចូលរួម ឬរៀបចំអ្នកដទៃសម្រាប់ពិធីបរិសុទ្ធទាំងនេះដោយរបៀបណា ?
សូមមើលផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:២០ ។
ការទទួលទានសាក្រាម៉ង់ជួយខ្ញុំឲ្យខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។
បងប្អូនប្រហែលជាធ្លាប់បានឮការអធិស្ឋានសាក្រាម៉ង់ជាច្រើនដងមកហើយ ប៉ុន្តែតើបងប្អូនគិតដោយប្រុងប្រយ័ត្នអំពីអត្ថន័យនៃពាក្យសម្ដីនេះញឹកញាប់ប៉ុណ្ណាដែរ ? ប្រហែលជាបងប្អូនអាចព្យាយាមសរសេរការអធិស្ឋានសាក្រាម៉ង់ទាំងពីរចេញពីការចងចាំ ។ បន្ទាប់មក សូមប្រៀបធៀបអ្វីដែលបងប្អូនបានសរសេរជាមួយនឹង មរ៉ូណៃ ៤:៣ និង ៥:២ ។ តើបងប្អូនបានកត់សម្គាល់ឃើញអ្វីមួយអំពីការអធិស្ឋានទាំងនេះ ដែលបងប្អូនមិនបានកត់សម្គាល់ពីមុនមកដែរឬទេ ?
សូមពិចារណារួមបញ្ចូលទំនុកតម្កើងសាក្រាម៉ង់ទៅក្នុងការសិក្សារបស់បងប្អូនដូចជាបទ « ក្នុងការនឹកចាំដល់ពលិកម្ម » ( ទំនុកតម្កើង ល.រ. ១១២ ) ។
សិស្សរបស់ព្រះយេស៊ូវគ្រីស្ទខ្វល់ខ្វាយពីព្រលឹងគ្នាទៅវិញទៅមក ។
ជម្រើសធ្វើតាមព្រះគ្រីស្ទគឺជាជម្រើសបុគ្គលផ្ទាល់ខ្លួន ប៉ុន្តែអ្នកមានជំនឿដូចគ្នាអាចជួយយើងឲ្យបន្ដ « នៅក្នុងផ្លូវត្រូវ » បាន ( មរ៉ូណៃ ៦:៤–៥ ) ។ តើសមាជិកសាសនាចក្រនៅក្នុងសម័យមរ៉ូណៃធ្វើអ្វីខ្លះ ដើម្បីពង្រឹងគ្នាទៅវិញទៅមក ? នៅពេលបងប្អូនអាន មរ៉ូណៃ ៦:៤–៩ សូមពិចារណាអំពីពរជ័យដែលកើតមានមកពីការ « ត្រូវបានរាប់ក្នុងចំណោមប្រជាជននៃសាសនាចក្ររបស់ព្រះគ្រីស្ទ » ( មរ៉ូណៃ ៦:៤ ) ។
បងប្អូនក៏អាចគិតអំពីមនុស្សដែលចូលរួមក្នុងវួដ ឬសាខារបស់បងប្អូនផងដែរ ។ តើមាននរណាម្នាក់ដែលអាចត្រូវការសេចក្ដីស្រឡាញ់ពិសេសមកពីបងប្អូន—ប្រហែលជានរណាម្នាក់ដែលថ្មី ឬទើបតែត្រឡប់មកវិញដែរឬទេ ? តើបងប្អូនអាចជួយធ្វើឲ្យបទពិសោធន៍របស់ពួកគេនៅព្រះវិហារកាន់តែដូចអ្វីដែលមរ៉ូណៃបានពិពណ៌នាដោយរបៀបណា ? ( សម្រាប់គំនិតយោបល់នានា សូមមើល My Covenant Path ឬ « Strengthening New Members » វីដេអូនៅលើបណ្ណាល័យដំណឹងល្អ ) ។ បងប្អូនអាចរកឃើញការបំផុសគំនិតមួយចំនួននៅក្នុងផ្នែកមួយនៃសារលិខិតរបស់ប្រធាន ដាល្លិន អេក អូក « The Need for a Church » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ២៤–២៥ ) ។
នៅពេលបងប្អូនពិចារណាអំពីអត្ថន័យនៃការ « ចិញ្ចឹមបីបាច់ដោយព្រះបន្ទូលដ៏ល្អនៃព្រះ » ( មរ៉ូណៃ ៦:៤ ) វាអាចមានប្រយោជន៍ ដើម្បីគិតអំពីការបណ្ដុះសំណាប ឬការចិញ្ចឹមបីបាច់ទារកម្នាក់——ហើយតើមានអ្វីកើតឡើង ប្រសិនបើយើងធ្វេសប្រហែសនោះ ។ សូមស្រាវជ្រាវក្នុង មរ៉ូណៃ ៦:៤–៩ រកមើលគំនិតនានាអំពីរបៀបដែលបងប្អូនអាចជួយ « ចិញ្ចឹមបីបាច់ » អ្នកដទៃទៀតខាងវិញ្ញាណ ។ តើសិស្សផ្សេងទៀតបានជួយចិញ្ចឹមបីបាច់ដល់បងប្អូនដោយរបៀបណា ?
វាមិនច្បាស់ទេចំពោះមនុស្សគ្រប់គ្នាអំពីមូលហេតុដែលវាមានសារៈសំខាន់ក្នុងការ « ត្រូវបានរាប់ក្នុងចំណោមប្រជាជននៃសាសនាចក្ររបស់ព្រះគ្រីស្ទ » និងដើម្បី « ជួបជុំគ្នាជាញឹកញាប់ » នៅក្នុងការប្រជុំរបស់សាសនាចក្រ ។ តើបងប្អូននឹងពន្យល់យ៉ាងណា អំពីមូលហេតុដែលបងប្អូនមានអំណរគុណក្នុងការក្លាយជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ? ( សូមមើលផ្នែកផ្សេងទៀតនៃសារលិខិតរបស់ប្រធាន អូក « The Need for a Church » ) ។
គំនិតសម្រាប់បង្រៀនកុមារ
ព្រះវិញ្ញាណបរិសុទ្ធគឺជាអំណោយទានដ៏ពិសិដ្ឋមួយ ។
-
ព្រះវិញ្ញាណបរិសុទ្ធ ឬព្រះវិញ្ញាណត្រូវបានគេលើកឡើងជាច្រើនដងនៅក្នុង មរ៉ូណៃ ២–៦ ។ ប្រហែលជាបងប្អូនអាចសុំឲ្យកូនៗរបស់បងប្អូនស្វែងរកនៅគ្រប់ខគម្ពីរដែលគេលើកឡើងអំពីទ្រង់ សូមអានខគម្ពីរទាំងនោះ ហើយរាយបញ្ជីនូវអ្វីដែលពួកគេរៀនអំពីព្រះវិញ្ញាណបរិសុទ្ធ ។ បងប្អូនក៏អាចចែកចាយបទពិសោធន៍ជាមួយគ្នាទៅវិញទៅមកផងដែរ នៅពេលដែលបងប្អូនមានអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណ ។
ខ្ញុំទទួលទានសាក្រាម៉ង់ដើម្បីបង្ហាញថា ខ្ញុំនឹងចងចាំដល់ព្រះយេស៊ូវគ្រីស្ទជានិច្ច ។
-
ការអាននូវការអធិស្ឋានសាក្រាម៉ង់ជាមួយកូនៗរបស់បងប្អូន អាចនាំឲ្យមានការពិភាក្សាអំពីរបៀបដើម្បីមានបទពិសោធន៍កាន់តែមានអត្ថន័យជាងនេះជាមួយនឹងពិធីសាក្រាម៉ង់ ។ វាអាចមានប្រយោជន៍ ដើម្បីឲ្យពួកគេស្រមៃថា មានមិត្តម្នាក់នឹងមកចូលរួមពិធីសាក្រាម៉ង់ជាលើកដំបូង ។ តើយើងនឹងពន្យល់ទៅកាន់មិត្តរបស់យើងនោះអំពីអត្ថន័យនៃពិធីសាក្រាម៉ង់ និងមូលហេតុដែលយើងទទួលទានសាក្រាម៉ង់ដោយរបៀបណា ? សូមលើកទឹកចិត្តកូនៗរបស់បងប្អូនឲ្យប្រើអ្វីមួយមកពី មរ៉ូណៃ ៤ ឬ ៥ នៅក្នុងការពន្យល់របស់ពួកគេ ។ កុមារតូចៗអាចប្រើប្រាស់ទំព័រសកម្មភាពសប្តាហ៍នេះ ឬ សៀវភៅរូបភាពដំណឹងល្អ, ល.រ. ១០៨ បាន ។
-
សូមពិចារណាច្រៀងបទចម្រៀងមួយបទរួមគ្នា ដែលជួយឲ្យកូនៗរបស់បងប្អូនគិតអំពីព្រះអង្គសង្គ្រោះ ( ដូចជា « ដោយគោរព ដោយស្ងៀមស្ងាត់ » សៀវភៅចម្រៀងកុមារ ទំព័រ ១១ ) ។ បងប្អូនក៏អាចរៀនអង្គុយប្រកបដោយគាវរភាពនៅក្នុងអំឡុងពេលសាក្រាម៉ង់បានផងដែរ ។
ខ្ញុំអាចរៀបចំខ្លួនដើម្បីទទួលបុណ្យជ្រមុជទឹកបាន ។
-
តើនរណាខ្លះអាចទទួលពិធីបុណ្យជ្រមុជទឹកបាន ? សូមជួយកូនៗរបស់បងប្អូនឲ្យស្វែងរកចម្លើយចំពោះសំណួរនេះនៅក្នុង មរ៉ូណៃ ៦:១–៣ ។ តើការ « មានចិត្តសង្រេង និងវិញ្ញាណទន់ទាប » មានន័យយ៉ាងដូចម្តេច ? ( មរ៉ូណៃ ៦:២ ) ។ តើការណ៍នេះជួយយើងឲ្យរៀបចំខ្លួនសម្រាប់ពិធីបុណ្យជ្រមុជទឹកយ៉ាងដូចម្ដេច ? សូមពិចារណាប្រាប់កូនៗរបស់បងប្អូនអំពីរបៀបដែលបងប្អូនរៀបចំខ្លួនដើម្បីទទួលពិធីបុណ្យជ្រមុជទឹក ។
យើងទៅព្រះវិហារដើម្បីទទួលទានសាក្រាម៉ង់ និងជួយគាំទ្រគ្នាទៅវិញទៅមក ។
-
តើកូនៗរបស់បងប្អូនដឹងពីមូលហេតុដែលបងប្អូនទៅព្រះវិហារដែរឬទេ ? ការអាន មរ៉ូណៃ ៦:៤–៦, ៩ អាចផ្តល់ឱកាសឲ្យបងប្អូនពិភាក្សាជាមួយគ្នានូវរឿងរ៉ាវមួយចំនួនដែលយើងធ្វើនៅឯព្រះវិហារ ។ ប្រហែលជាពួកគេអាចគូររូបភាពខ្លួនឯងធ្វើកិច្ចការទាំងនេះ ( ដូចជា ការអធិស្ឋាន ការបង្រៀន ការច្រៀង និងការទទួលទានសាក្រាម៉ង់ ) ។
-
បន្ទាប់ពីអាន មរ៉ូណៃ ៦:៤ រួមគ្នាហើយ បងប្អូន និងកូនៗរបស់បងប្អូនអាចមើលរូបភាព ឬឧទាហរណ៍នៃអាហារដែលមានជីវជាតិ ហើយប្រៀបធៀបការចិញ្ចឹមបីបាច់ខាងរាងកាយរបស់យើង ទៅនឹងការបាន « ចិញ្ចឹមបីបាច់ដោយព្រះបន្ទូលដ៏ល្អនៃព្រះ » ។ បងប្អូនក៏អាចមើលវីដេអូ « Children Sharing the Gospel » ( បណ្ណាល័យដំណឹងល្អ ) បានផងដែរ ។