ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៩–១៥ ខែ ធ្នូ ៖ « សូម​ឲ្យ​ព្រះគ្រីស្ទ​លើក​កូន​ឡើង » ។ មរ៉ូណៃ ៧–៩


« ថ្ងៃទី ៩–១៥ ខែ ធ្នូ ៖ ‹ សូម​ឲ្យ​ព្រះ​គ្រីស្ទ​លើក​កូន​ឡើង › ។ មរ៉ូណៃ ៧–៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ៩–១៥ ខែ ធ្នូ ។ មរ៉ូណៃ ៧–៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

មរ៉ូណៃ​កំពុង​សរសេរ​នៅលើ​ផ្ទាំងមាស

មីនើរវ៉ា ថៃឆើត ( ឆ្នាំ ១៨៨៨–១៩៧៦ ) មរ៉ូណៃ ៖ សាសន៍​នីហ្វៃ​ចុង​ក្រោយ​បង្អស់ ឆ្នាំ ១៩៤៩–១៩៥១ ប្រេង​នៅលើ​បន្ទះ​ក្តារ ៣៤ ៤/៤ x ៤៧ អ៊ីញឆ៍ ។ សារមន្ទីរ​សិល្បៈ​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ឆ្នាំ ១៩៦៩

ថ្ងៃទី ៩–១៥ ខែ ធ្នូ ៖ « សូម​ឲ្យ​ព្រះ​គ្រីស្ទ​លើក​កូន​ឡើង »

មរ៉ូណៃ ៧–៩

ពី​មុន​មរ៉ូណៃ​បាន​បញ្ចប់​កំណត់ត្រា​ដែល​យើង​ស្គាល់​សព្វថ្ងៃនេះ ថា​ជា​ព្រះគម្ពីរ​មរមន​ដោយ​ពាក្យ​សម្ដី​ចុង​ក្រោយ​ផ្ទាល់​របស់​លោក លោក​បាន​ចែកចាយ​សារលិខិត​ចំនួន​បី​មកពី​ឪពុក​របស់​លោក មរមន ៖ ការថ្លែង​ទៅកាន់ « អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​ដោយ​សុខសាន្ដ » ( មរ៉ូណៃ ៧:៣ ) និង​សំបុត្រ​ពីរ​ច្បាប់​ដែល​បាន​សរសេរ​ទៅកាន់​មរ៉ូណៃ ។ ប្រហែលជា​មរ៉ូណៃ​បាន​ដាក់​បញ្ចូល​សារលិខិត​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​មរមន ដោយសារ​តែ​លោក​បាន​មើល​ឃើញ​ជាមុន​នូវភាព​ស្រដៀងគ្នា​រវាង​គ្រាលំបាកៗ​នៃ​ជំនាន់​របស់​លោក និង​ជំនាន់​របស់​យើង ។ នៅពេល​ពាក្យ​ទាំងនេះ​ត្រូវបាន​សរសេរ ប្រជាជន​នីហ្វៃ​កំពុង​ងាក​ចេញពី​ព្រះអង្គ​សង្រ្គោះ ។ ពួកគេ​ជាច្រើន « អត់​មានចិត្ត​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក » ហើយ​ពេញ​ចិត្ត​នៅក្នុង « អ្វីៗ​សព្វយ៉ាង លើកលែង​តែ​អំពើល្អ​ប៉ុណ្ណោះ » ( មរ៉ូណៃ ៩:៥, ១៩ ) ។ ហើយ​មិនតែ​ប៉ុណ្ណោះ មរមន​នៅតែ​រកឃើញ​បុព្វហេតុ​នៃ​សេចក្តី​សង្ឃឹម ដោយ​បង្រៀន​យើង​ថា សេចក្តី​សង្ឃឹម​មិន​មាន​ន័យ​ថា​មិន​ខ្វល់ខ្វាយ ឬ​ឆោតល្ងង់​អំពី​បញ្ហា​របស់​ពិភពលោក​នោះទេ ។ សេចក្តី​សង្ឃឹម​មាន​ន័យ​ថា ការមាន​សេចក្តី​ជំនឿ​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ព្រះចេស្តា​របស់​ទ្រង់​គឺ​អស្ចារ្យ និង​អស់កល្ប​អស់កាល​ជាង​បញ្ហា​ទាំងនេះ​ទៅទៀត ។ វា​មាន​ន័យ​ថា « [ ការ ] ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ » ( មរ៉ូណៃ ៧:១៩ ) ។ វា​មាន​ន័យ​ថា ការទុក​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ « និង​សេចក្ដី​សង្ឃឹម​ចំពោះ​សិរីល្អ​របស់​ទ្រង់ និង​ចំពោះ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ស្ថិត​នៅ​ក្នុង​គំនិត​របស់​កូន​ជា​រៀងរហូត​តទៅ » ( មរ៉ូណៃ ៩:២៥ ) ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

មរ៉ូណៃ ៧:១២–២០

ពន្លឺ​នៃ​ព្រះ​គ្រីស្ទ​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ពី​សេចក្ដី​ពិត​ពី​កំហុស​ឆ្គង ។

មនុស្ស​ជាច្រើន​ឆ្ងល់​ថា « តើ​យើង​អាច​ដឹង​យ៉ាង​ដូចម្ដេច​ថា​តើ​ចំណាប់​អារម្មណ៍​នេះ​មកពី​ព្រះ ឬ​មកពី​គំនិត​ផ្ទាល់ខ្លួន​របស់​យើង​នោះ ? » ឬ​ក៏ « ដោយ​មាន​ការបោក​បញ្ឆោត​ច្រើន​នៅ​សព្វ​ថ្ងៃនេះ តើ​យើង​អាច​ដឹង​ថា​តើ​អ្វី​ត្រូវ ឬ​ខុស​ដោយ​របៀបណា ? » ពាក្យ​សម្ដី​របស់​មរមន​នៅក្នុង មរ៉ូណៃ ៧ ផ្ដល់​ដល់​យើង​នូវ​គោលការណ៍​ជាច្រើន​ដែល​យើង​អាច​ប្រើ​បាន ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​ទាំងនេះ ។ សូម​រកមើល​គោលការណ៍​ទាំង​នេះ​ជាពិសេស​នៅក្នុង ខទី ១២–២០ ។ បងប្អូន​ប្រហែលជា​អាច​ប្រើ​សេចក្តី​ពិត​ទាំងនេះ ដើម្បី​ជួយ​បងប្អូន​ឲ្យ​វាយតម្លៃ​សារលិខិត​ដែល​បងប្អូន​ជួប និង​បទពិសោធន៍​ដែល​បងប្អូន​មាន​នៅក្នុង​សប្តាហ៍​នេះ ។

សូម​មើល​ផង​ដែរ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ពន្លឺ, ពន្លឺ​នៃ​ព្រះ​គ្រីស្ទ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ; « Patterns of Light: Discerning Light » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

មរ៉ូណៃ ៧:២០–៤៨

ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​អាច « ក្ដាប់​ជាប់​នូវ​គ្រប់​អ្វីៗ​ដែល​ល្អ » បាន ។

មរមន​បាន​សួរ​សំណួរ​មួយ​ដែល​ហាក់​ដូចជា​សំខាន់​ជាពិសេស​នៅ​សព្វថ្ងៃ​នេះ ៖ « ធ្វើ​ម្ដេច​ឲ្យ​អ្នករាល់គ្នា​មាន​លទ្ធភាព ហើយ​ក្ដាប់ [ ឲ្យ ] ជាប់​នូវ​គ្រប់ទាំង​អ្វីៗ​ដែល​ល្អ​បាន ? » ។ ( មរ៉ូណៃ ៧:២០ ) ។ បន្ទាប់​មក ទ្រង់​បាន​បង្រៀន​អំពី​សេចក្ដី​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សប្បុរស ។ នៅ​ពេល​បងប្អូន​អាន ខទី ២០–៤៨ សូម​ស្វែងរក​របៀប​ដែល​គុណលក្ខណៈ​នីមួយៗ​ជួយ​បងប្អូន​ឲ្យ​រក​ឃើញ និង « ក្ដាប់​ជាប់ » នូវ​សេចក្តី​ល្អ​ដែល​បាន​មក​ពី​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​ហេតុអ្វី​គុណលក្ខណៈ​ទាំងនេះ​ចាំបាច់​សម្រាប់​សិស្ស​របស់​ព្រះយរស៊ូវ​គ្រីស្ទ ?

សូមមើល​ផងដែរ « Mormon’s Teachings about Faith, Hope, and Charity » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

មរ៉ូណៃ ៧:៤៤–៤៨

រូបតំណាង​ថ្នាក់​សិក្ខាសាលា
« សេចក្តី​សប្បុរស​គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ។

មរមន​បាន​សង្កេត​ឃើញ​ថា សេចក្ដី​ជំនឿ និង​សេចក្ដី​សង្ឃឹម​របស់​យើង​នៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នាំ​យើង​ឲ្យ​មាន​សេចក្ដី​សប្បុរស ។ ប៉ុន្ដែ​តើ​អ្វី​ទៅ​ជា​សេចក្ដី​សប្បុរស ? បងប្អូន​អាច​សរសេរ សេចក្ដី​សប្បុរស​គឺ … បន្ទាប់​មក សូម​អាន មរ៉ូណៃ ៧:៤៤–៤៨ ដោយ​រកមើល​ពាក្យ ឬ​ឃ្លា​ដែល​អាច​បំពេញ​ប្រយោគ​នេះ​បាន ។ នៅ​ពេល​បងប្អូន​បញ្ចប់ សូម​ពិចារណា​ជំនួស​ពាក្យ សេចក្ដី​សប្បុរស ដោយ​ព្រះនាម ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​ការណ៍​នេះ​បង្រៀន​អ្វី​ដល់​បងប្អូន​អំពី​ព្រះអង្គ​សង្គ្រោះ ? តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ទ្រង់​ដោយ​របៀបណា ? សូម​គិត​អំពី​គំរូ​ទាំងឡាយ​មកពី​ព្រះគម្ពីរ និងមកពី​ជីវិត​របស់​បងប្អូន​ផ្ទាល់ ។

ប្រធាន ដាល្លិន អេក អូក បាន​សង្កេត​ឃើញ​ថា ៖ « មូលហេតុ​ដែល​សេចក្ដី​សប្បុរស​មិន​ផុត​រលត់ ហើយ​មូលហេតុ​ដែល​សេចក្ដី​សប្បុរស​មាន​ទំហំ​មហិមា​ជាង​ការប្រព្រឹត្ត​ល្អ​យ៉ាង​ខ្លាំង​នោះ … គឺ​ថា​សេចក្ដី​សប្បុរស​គឺជា ‹ សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ › [ មរ៉ូណៃ ៧:៤៧ ] គឺ​វា​ពុំ​មែនជា​ទង្វើ​មួយ​ទេ ប៉ុន្តែ​វា​ជា​ស្ថានភាព ឬ​សភាព​មួយ​ទៅវិញ ។ … សេចក្ដី​សប្បុរស​គឺជា​អ្វី​មួយ​ដែល​មនុស្ស​ម្នាក់​អាច​ប្រែ​ក្លាយ​ទៅ​ជា » ( « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣៤ ) ។ ដោយ​មាន​សេចក្តី​ថ្លែង​ការណ៍​នេះ​ក្នុង​ចិត្ត បងប្អូន​អាច​អាន​សារលិខិត​មកពី​អែលឌើរ ម៉ាស៊ីម៉ូ ឌី ហ្វីអូ « Pure Love: The True Sign of Every True Disciple of Jesus Christ » ( Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៨១–៨៣ ) ។ តើ​សេចក្ដី​សប្បុរស​ប៉ះពាល់​ដល់​ភាពជា​សិស្ស​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​អាច « តោង​ជាប់​សេចក្ដី​សប្បុរស » ដោយ​របៀបណា ? ( ខទី ៤៦ ) ។

សូមមើល​ផងដែរ កូរិនថូស ទី១ ១៣:១–១៣; អេធើរ ១២:៣៣–៣៤; « ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក » ទំនុក​តម្កើង ល.រ. ១៩៥; « Charity: An Example of the Believers » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ; Gospel Topics « Charity » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

សូម​បង្រៀន​មេរៀន​ដោយ​ប្រើ​វត្ថុ ។ ប្រហែល​ជា​ការគិត​អំពី​កៅអី​ជើង​បី​អាច​ជួយ​បងប្អូន​ឲ្យ​យល់​ថែមទៀត អំពី​ទំនាក់ទំនង​រវាង​សេចក្តី​ជំនឿ សេចក្តី​សង្ឃឹម និង​សេចក្ដី​សប្បុរស ( សូម​មើល ឌៀថើរ អេហ្វ អុជដូហ្វ « The Infinite Power of Hope » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២១–២៤ ) ។

មរ៉ូណៃ ៩:៣–៥

កំហឹង​នាំ​ឲ្យ​មាន​ទុក្ខ​សោក និង​ទុក្ខ​វេទនា ។

ផ្ទុយពី​សារលិខិត​នៃ​សេចក្ដី​ស្រឡាញ់​របស់​មរមន​នៅ​ក្នុង មរ៉ូណៃ ៧:៤៤–៤៨ សំបុត្រ​ទី​ពីរ​របស់​មរមន​ទៅកាន់​មរ៉ូណៃ​បាន​ដាក់​បញ្ចូល​នូវ​ការព្រមាន​ប្រឆាំង​នឹង​អ្វី​ដែល​មនុស្ស​ជាច្រើន​មាន​បញ្ហា​ជាមួយ​នៅ​សព្វ​ថ្ងៃនេះ—គឺ​កំហឹង ។ យោង​ទៅតាម មរ៉ូណៃ ៩:៣–៥ តើ​កំហឹង​របស់​ពួកសាសន៍​នីហ្វៃ​មាន​ផលវិបាក​អ្វីខ្លះ ? តើ​ការព្រមាន​អ្វី​ខ្លះ​ដែល​យើង​អាច​យក​ចេញ​ពី ខទី ៣–៥, ១៨–២០, ២៣ ?

សូមមើល​ផងដែរ ហ្គរដុន ប៊ី ហ៊ិងគ្លី « Slow to Anger » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៦២–៦៦ ។

មរ៉ូណៃ ៩:២៥–២៦

ខ្ញុំ​អាច​មាន​សេចក្តី​សង្ឃឹម​ទៅ​លើ​ព្រះគ្រីស្ទ​បាន មិន​ថា​ខ្ញុំ​ស្ថិតក្នុង​ស្ថានភាព​បែបណា​នោះទេ ។

បន្ទាប់ពី​ការពិពណ៌នា​អំពី​អំពើ​ទុច្ចរិត​ដែល​លោក​បាន​មើលឃើញ មរមន​បាន​ប្រាប់​ដល់​កូនប្រុស​របស់​លោក​កុំ​ឲ្យ​សោកសៅ​ឡើយ ។ តើ​អ្វីខ្លះ​ធ្វើ​ឲ្យ​បងប្អូន​ចាប់​អារម្មណ៍​អំពី​សារលិខិត​របស់​មរមន​អំពី​សេចក្ដី​សង្ឃឹម ? តើ​ព្រះគ្រីស្ទ « លើក [ បងប្អូន ] ឡើង » មាន​ន័យ​យ៉ាងណា​ចំពោះ​បងប្អូន ? តើ​គុណលក្ខណៈ​របស់​ព្រះគ្រីស្ទ និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ទ្រង់​អ្វីខ្លះ​ដែល « ស្ថិត​នៅក្នុង​គំនិត » របស់​បងប្អូន ហើយ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​បងប្អូន ? ( មរ៉ូណៃ ៩:២៥ ) ។

សូមមើល​ផងដែរ រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨១–៨៤ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្ដី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

មរ៉ូណៃ ៧:៣៣

ប្រសិនបើ​ខ្ញុំ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ខ្ញុំ​អាច​ធ្វើ​អ្វី​ទាំងអស់​ដែល​ទ្រង់​តម្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​បាន ។

  • សូម​ពិចារណា​មើល​រូបភាព​មួយ​ចំនួន​ជាមួយ​គ្នា ដែល​បង្ហាញ​នរណា​ម្នាក់​ពី​ព្រះគម្ពីរ​ដែល​សម្រេច​បាន​អ្វី​មួយ​ដែល​សំខាន់ ( សូមមើល​ឧទាហរណ៍ សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ១៩ ៧០ ៧៨ ៨១ ) ។ តើ​ការ​មាន​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ​បាន​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​នៅក្នុង​គំរូ​ទាំងនេះ​ដោយ​របៀបណា ? បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​អាន មរ៉ូណៃ ៧:៣៣ ដោយ​ស្វែងរក​អ្វី​ដែល​យើង​អាច​ធ្វើ​បាន នៅ​ពេល​យើង​មាន​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ បងប្អូន​ក៏​អាច​ចែកចាយ​បទពិសោធន៍​ជាមួយ​គ្នា​ផងដែរ នៅ​ពេល​ព្រះ​ប្រទាន​ពរ​ដល់​បងប្អូន​ឲ្យ​មាន​អំណាច​ដើម្បី​ធ្វើ​តាម​ព្រះទ័យ​របស់​ទ្រង់ ។

មរ៉ូណៃ ៧:៤១

សេចក្ដី​ជំនឿ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ផ្តល់​សេចក្តី​សង្ឃឹម​ដល់​ខ្ញុំ ។

  • នៅពេល​បងប្អូន​អាន មរ៉ូណៃ ៧:៤១ ឲ្យ​កូនៗ​របស់​បងប្អូន​ស្ដាប់ ប្រហែលជា​ពួកគេ​អាច​លើក​ដៃ​ឡើង នៅពេល​ពួកគេ​ស្តាប់​ឮ​អ្វី​ដែល​មរមន​បាន​និយាយ​ថា យើង​គួរតែ​មាន​សេចក្តី​សង្ឃឹម​លើ​វា ។ សូម​ប្រាប់​ពួកគេ​អំពី​សេចក្តី​សង្ឃឹម​ដែល​បងប្អូន​មាន​ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • បងប្អូន និង​កូនៗ​របស់​បងប្អូន​ក៏​អាច​គិត​អំពី​នរណា​ម្នាក់ ដែល​អាច​មាន​ការលំបាក​ជាមួយ​នឹង​អ្វី​មួយ​ផង​ដែរ ។ ប្រហែលជា​កូនៗ​របស់​បងប្អូន​អាច​គូរ​រូបភាព​មួយ​សម្រាប់​បុគ្គល​នោះ ដែល​អាច​រំឭក​គាត់​អំពី​ការមាន​សេចក្តី​សង្ឃឹម​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

មរ៉ូណៃ ៧:៤០–៤១; ៩:២៥–២៦

ខ្ញុំ​អាច​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ទោះបី​នៅ​ក្នុង​ការសាកល្បង​លំបាកៗ​ក្ដី ។

  • ដើម្បី​បង្រៀន​កូនៗ​របស់​បងប្អូន​អំពី​សេចក្ដី​សង្ឃឹម​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ បងប្អូន​ដាក់​ទឹក​ឲ្យ​ពេញ​កែវ​ថ្លា​មួយ ហើយ​ទម្លាក់​វត្ថុ​ពីរ​ទៅក្នុង​កែវ​នោះ—វត្ថុ​មួយ​ទៀត​អណ្តែត​លើទឹក វត្ថុ​មួយ​លិច​ទៅ​ក្នុង​ទឹក ។ នៅពេល​បងប្អូន​អាន​ជាមួយគ្នា​ក្នុង មរ៉ូណៃ ៧:៤០–៤១ និង ៩:២៥–២៦ កូនៗ​របស់​បងប្អូន​អាច​ស្វែងរក​អ្វី​ដែល​សេចក្តី​សង្ឃឹម​អាច​ជួយ​ដល់​យើង​បាន ។ បន្ទាប់មក ពួកគេ​អាច​ប្រៀបធៀប​វត្ថុ​​ដែលអណ្តែត​លើ​ទឹក​ទៅ​នឹង​មនុស្ស​ម្នាក់​ដែល​មាន​សេចក្តី​សង្ឃឹម​លើ​ព្រះគ្រីស្ទ ។ តើ​ព្រះគ្រីស្ទ « លើក [ យើង ] ឡើង » នៅពេល​យើង​ប្រឈម​មុខ​ទៅនឹង​ការសាកល្បង​លំបាកៗ​ដោយ​របៀបណា ? សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​គិត​អំពី​របៀប​នានា​ដែល​ពួកគេ​អាច​រក្សា​ព្រះអង្គ​សង្គ្រោះ និង​ការបង្រៀន​ដ៏​លើក​ទឹកចិត្ត​របស់​ទ្រង់​ឲ្យ « ស្ថិតនៅ​ក្នុង​គំនិត [ របស់​ពួកគេ ] ជា​រៀង​រហូត​ត​ទៅ » បាន ។

មរ៉ូណៃ ៧:៤៥–៤៨

« សេចក្តី​សប្បុរស​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » ។

  • បទ​ចម្រៀង​អំពី​សេចក្តី​ស្រឡាញ់​ដូច​ជា​បទ « ចូរ​អ្នក​ស្រឡាញ់​គ្នា » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧៤ ) អាច​ចាប់ផ្ដើម​ការពិភាក្សា​មួយ​អំពី​និយមន័យ​នៃ​សេចក្តី​សប្បុរស​បាន ។ បងប្អូន​អាច​អាន ឬ​សង្ខេប មរ៉ូណៃ ៧:៤៧ ហើយ​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​គូរ​រូបភាព​ខ្លួនឯង​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​នរណា​ម្នាក់ ។ សូម​ផ្តល់​យោបល់​ឲ្យ​ពួកគេ​ដាក់​រូបភាព​នោះ​នៅ​កន្លែង​ដែល​វា​នឹង​រំឭក​ពួកគេ​ឲ្យ​ស្រឡាញ់​មនុស្ស​ដទៃ ដូច​ព្រះយេស៊ូវ​ស្រឡាញ់​ដែរ ។

  • តើ​បងប្អូន​អាច​បំផុស​គំនិត​កូនៗ​របស់​បងប្អូន​ឲ្យ​ស្វែងរក និង​អភិវឌ្ឍ​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ​នៅក្នុង​ជីវិត​របស់​ពួកគេ​បាន​ដោយ​របៀបណា ? ប្រហែល​បងប្អូន​អាច​ពួកគេ​ឲ្យ​គិត​អំពី​របៀប​នានា​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​សេចក្តី​សប្បុរស ( សូមមើល​ឧទាហរណ៍ លូកា ២៣:៣៤; យ៉ូហាន ៨:១–១១; អេធើរ ១២:៣៣–៣៤ ) ។ តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ទ្រង់​បាន​ដោយ​របៀបណា ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្ដី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ព្រះយេស៊ូវ​គ្រីស្ទ

រូបភាព​បញ្ឈរ​ព្រះគ្រីស្ទ​ជា​ព្រះអង្គ​សង្គ្រោះ ដោយ ហែនរិច ហូហ្វម៉ាន់