« ថ្ងៃទី ១៦–២២ ខែ ធ្នូ ៖ ‹ ចូរមករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ › ។ មរ៉ូណៃ ១០ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
« ថ្ងៃទី ១៦–២២ ខែ ធ្នូ ។ មរ៉ូណៃ ១០ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
ថ្ងៃទី ១៦–២២ ខែ ធ្នូ ៖ « ចូរមករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ »
មរ៉ូណៃ ១០
ព្រះគម្ពីរមរមនចាប់ផ្ដើមដោយការសន្យារបស់នីហ្វៃ ដើម្បីបង្ហាញយើងថា « សេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់ទាំងឡាយនៃព្រះអម្ចាស់ មានមកលើជនទាំងអស់ណាដែលព្រះទ្រង់បានរើស ដោយសារសេចក្ដីជំនឿរបស់គេ » ( នីហ្វៃទី១ ១:២០ ) ។ ព្រះគម្ពីរនេះបញ្ចប់ដោយការអញ្ជើញស្រដៀងគ្នាមួយមកពីមរ៉ូណៃ ៖ « សូមឲ្យអ្នករាល់គ្នានឹកឃើញថា តើព្រះអម្ចាស់ទ្រង់មានសេចក្ដីមេត្តាករុណាយ៉ាងណា » ( មរ៉ូណៃ ១០:២–៣ ) ។ តើគំរូអ្វីខ្លះនៃសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ដែលបងប្អូនបានឃើញនៅក្នុងព្រះគម្ពីរមរមន ? បងប្អូនអាចជញ្ជឹងគិតពីមាគ៌ាដ៏មេត្តាករុណាដែលព្រះបានដឹកនាំគ្រួសាររបស់លីហៃឲ្យឆ្លងកាត់ទីរហោស្ថាន ហើយឆ្លងកាត់ទឹកដ៏ធំ និងសេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់ ដែលទ្រង់បានបង្ហាញដល់អេណុស នៅពេលព្រលឹងរបស់លោកស្រេកឃ្លាននូវការអភ័យទោស ឬសេចក្ដីមេត្តាករុណាដែលទ្រង់បានបង្ហាញដល់អាលម៉ា ជាសត្រូវដ៏ល្វីងជូរចត់របស់សាសនាចក្រ ដែលបានប្រែក្លាយជាអ្នកការពារដែលពុំចេះខ្លាចម្នាក់ ។ ឬគំនិតរបស់បងប្អូនអាចងាកទៅរកសេចក្ដីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះដែលបានរស់ឡើងវិញ ដែលបានបង្ហាញព្រះកាយដល់ប្រជាជន នៅពេលទ្រង់បានព្យាបាលជំងឺរបស់ពួកគេ ហើយបានប្រទានពរដល់កូនតូចៗរបស់ពួកគេផងដែរ ។ ប្រហែលអ្វីដែលសំខាន់បំផុតនោះ គឺអ្វីៗទាំងអស់នេះអាចរំឭកបងប្អូនថា « តើព្រះអម្ចាស់ទ្រង់មានសេចក្ដីមេត្តាករុណាយ៉ាងណា » ចំពោះបងប្អូន ដ្បិតព្រះគម្ពីរមរមនគឺត្រូវបានសរសេរឡើងដើម្បីអញ្ជើញយើងម្នាក់ៗឲ្យទទួលយកសេចក្ដីមេត្តាករុណារបស់ព្រះ—ជាការអញ្ជើញដែលបង្ហាញយ៉ាងសាមញ្ញនៅក្នុងពាក្យសម្ដីលារបស់មរ៉ូណៃថា « ចូរមករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ » ( មរ៉ូណៃ ១០:៣២ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
ខ្ញុំអាចដឹងសេចក្តីពិតគ្រប់យ៉ាងទាំងអស់បានតាមរយៈព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ។
ការសន្យានៅក្នុង មរ៉ូណៃ ១០:៣–៧ បានផ្លាស់ប្ដូរជីវិតរបស់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ។ តើវាបានផ្លាស់ប្ដូរជីវិតរបស់បងប្អូនដោយរបៀបណា ? នៅពេលបងប្អូនអាន មរ៉ូណៃ ១០:៣–៧ សូមពិចារណាអានដោយយកចិត្តទុកដាក់ជាងកាលពីមុន ។ បងប្អូនអាចពិនិត្យមើលឃ្លានីមួយៗ ហើយសូមសួរសំណួរខ្លួនឯងថា ៖ តើវាមានន័យយ៉ាងណា ? តើខ្ញុំអាចធ្វើការណ៍នេះបានកាន់តែល្អប្រសើរដោយរបៀបណា ? តើខ្ញុំមានបទពិសោធន៍អ្វីខ្លះជាមួយនឹងការណ៍នេះ?
នៅពេលដែលបងប្អូនពិចារណាអំពីការស្វែងរកសេចក្ដីពិតខាងវិញ្ញាណរបស់បងប្អូន នោះវាអាចជួយឲ្យយើងរៀនពីរបៀបដែលអ្នកដទៃបានរកឃើញសេចក្ដីពិតដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ អែលឌើរ ម៉ាទីអាស ហ៊ែលដ៍ បានពិពណ៌នាអំពីបទពិសោធន៍របស់លោកកាលនៅជាសមាជិកថ្មីនៃសាសនាចក្រ ( សូមមើល « Seeking Knowledge by the Spirit » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៣១–៣៣ ) ។ អែលឌើរ ដាវីឌ អែហ្វ អ៊ីវីនស៍ បានរៀបរាប់អំពីបទពិសោធន៍របស់លោក ក្នុងនាមជាអ្នកដែលបានធំឡើងនៅក្នុងសាសនាចក្រ ប៉ុន្តែនៅតែមានសំណួរ ( សូមមើល « The Truth of All Things » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦៨–៧០ ) ។ សូមពិចារណាអានសារលិខិតមួយ ឬទាំងពីរនេះ ហើយសរសេរអ្វីដែលបងប្អូនរៀនមកពីការស្វែងរកសេចក្ដីពិតរបស់ពួកលោក ដែលជួយបងប្អូនជាមួយនឹងការស្វែងរកសេចក្ដីពិតរបស់បងប្អូនផ្ទាល់ ។
បងប្អូនក៏អាចស្វែងយល់អំពីអ្វីដែលព្រះបានបង្រៀនអំពីសេចក្ដីពិត ដោយការអានវគ្គបទគម្ពីរមួយចំនួននៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយផងដែរ « ពិត, សេចក្ដីពិត » ( បណ្ណាល័យដំណឹងល្អ ) ។ តើបទគម្ពីរណាខ្លះដែលមើលទៅដូចជាគួរឲ្យចាប់អារម្មណ៍ជាពិសេសចំពោះបងប្អូន ? ប្រហែលជាបងប្អូនអាចជ្រើសរើសបទគម្ពីរមួយដើម្បីចែកចាយជាមួយនរណាម្នាក់ទៀត ដែលកំពុងស្វែងរកសេចក្ដីពិតតាមរយៈព្រះវិញ្ញាណផងដែរ ។
សូមមើលផងដែរ ហែនរី ប៊ី អាវរិង « The Faith to Ask and then to Act » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៧៤–៧៦; « ទុកឲ្យព្រះវិញ្ញាណដឹកនាំ ទំនុកតម្កើង ទំព័រ ៨២; Gospel Topics « Seek Truth and Avoid Deception » នៅលើបណ្ណាល័យដំណឹងល្អ ។
ព្រះបានប្រទានអំណោយទានខាងវិញ្ញាណដល់ខ្ញុំ ។
មានវិធីជាច្រើនយ៉ាងដែលមនុស្សម្នាក់អាចនឹង « បដិសេធអំណោយទានទាំងឡាយនៃព្រះ … » ( មរ៉ូណៃ ១០:៨ ) ។ មនុស្សខ្លះបដិសេធថាអំណោយទានទាំងនេះពុំមានទេ ។ ហើយមានអ្នកខ្លះទៀតបដិសេធអំណោយទានរបស់ពួកគេដោយការមិនខ្វល់ ឬពុំអភិវឌ្ឍអំណោយទានទាំងនោះ ។ នៅពេលបងប្អូនអាន មរ៉ូណៃ ១០:៨–២៥ សូមស្វែងរកមើលសេចក្ដីពិតដែលនឹងជួយបងប្អូនឲ្យរកឃើញអំណោយទានខាងវិញ្ញាណរបស់បងប្អូន ហើយប្រើវាដើម្បីផ្ដល់ពរជ័យដល់បុត្រាបុត្រីរបស់ព្រះ ។ សំណួរដូចនេះអាចជួយបាន ៖ តើអំណោយទានខាងវិញ្ញាណមានអ្វីខ្លះ ? តើអំណោយទាននេះត្រូវបានឲ្យទៅនរណា ? តើហេតុអ្វីយើងទទួលបានអំណោយទាននេះ ? តើយើងទទួលបានអំណោយទានទាំងនេះដោយរបៀបណា ? តើបងប្អូនអាចគិតពីគំរូរបស់មនុស្សដែលប្រើអំណោយទានដែលបានរាយនៅក្នុង មរ៉ូណៃ ១០:៩–១៦ នេះបានដែរឬទេ ?
ខ្ញុំអាចបានល្អឥតខ្ចោះបានតាមរយៈព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ។
ដំបូន្មានរបស់មរ៉ូណៃឲ្យ « ចូរមករកព្រះគ្រីស្ទ » មានន័យលើសពីការរៀនសូត្រ និងការគិតអំពីទ្រង់ទៅទៀត ។ ប៉ុន្តែ នេះគឺជាការអញ្ជើញឲ្យមករកព្រះគ្រីស្ទនៅក្នុងន័យដ៏ពេញលេញទាំងស្រុង—ដើម្បីប្រែក្លាយដូចជាទ្រង់ ។ នៅពេលបងប្អូនអាន មរ៉ូណៃ ១០:៣០–៣៣ សូមកត់ចំណាំឃ្លាដែលជួយបងប្អូនឲ្យយល់អំពីអត្ថន័យនៃការមករកព្រះគ្រីស្ទ របៀបដែលវាអាចធ្វើទៅបាន និងលទ្ធផលក្នុងការធ្វើដូច្នេះ ។
សូមក្រឡេកមើលការសិក្សារបស់បងប្អូនអំពីព្រះគម្ពីរមរមននៅឆ្នាំនេះ ហើយសូមពិចារណាអំពីអ្វីដែលបងប្អូនមានអារម្មណ៍ និងបានរៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍ តើព្រះគម្ពីរមរមនបានជួយបងប្អូនឲ្យមករកទ្រង់ដោយរបៀបណា ? តើព្រះគម្ពីរមរមនបានជួយបងប្អូនឲ្យពឹងផ្អែកលើព្រះគុណរបស់ទ្រង់ទាំងស្រុងដោយរបៀបណា ? តើព្រះគម្ពីរមរមនបានជួយបងប្អូន « កុំឲ្យបដិសេធ » ព្រះចេស្តារបស់ព្រះអង្គសង្គ្រោះដោយរបៀបណា ? សូមពិចារណាចែកចាយនូវសាក្សីផ្ទាល់ខ្លួនរបស់បងប្អូនអំពីព្រះគម្ពីរមរមនជាមួយនឹងនរណាម្នាក់ដែលត្រូវការស្តាប់វា ដោយរួមទាំងមនុស្សជាទីស្រឡាញ់ និងមិត្តភក្តិដែលប្រហែលជាមិនបានដឹងពីសារលិខិតនៃព្រះគម្ពីរមរមនផងដែរ ។
សូមមើលផងដែរ « Moroni Invites All to Come unto Christ » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
គំនិតសម្រាប់បង្រៀនកុមារ
ខ្ញុំអាចដឹងដោយខ្លួនឯងថា ព្រះគម្ពីរមរមនគឺពិត ។
-
តើបងប្អូនអាចជួយកូនៗរបស់បងប្អូនឲ្យទទួលការអញ្ជើញរបស់មរ៉ូណៃដើម្បីទូលសួរព្រះថា តើព្រះគម្ពីរមរមនពិតឬអត់ដោយរបៀបណា ? សូមពិចារណាផ្តល់ក្រដាសដល់ពួកគេដោយមានពាក្យ អាន, នឹកឃើញ, រំពឹងពិត និង សួរ នៅលើក្រដាសទាំងនោះ ។ កូនៗរបស់បងប្អូនអាចរកឃើញពាក្យទាំងនេះនៅក្នុង មរ៉ូណៃ ១០:៣–៤ ។ តើយើងគួរអាន នឹកឃើញ រំពឹងគិត និងសួរអំពីអ្វីខ្លះ ដើម្បីទទួលបាន ឬពង្រឹងនូវទីបន្ទាល់របស់យើងអំពីព្រះគម្ពីរមរមន ? កូនៗរបស់បងប្អូនក៏អាចរកមើលភាពស្រដៀងគ្នារវាងខគម្ពីរទាំងនេះ និងបទចម្រៀង « ស្វែងរក គិត អធិស្ឋាន » បានផងដែរ ( សៀវភៅចម្រៀងកុមារ ទំព័រ ៦៦ ) ។
-
កូនៗរបស់បងប្អូនអាចប្រើរូបភាពនៅចុងបញ្ចប់នៃគម្រោងមេរៀននេះ ដើម្បីនិយាយអំពីមរ៉ូណៃដែលបានកប់ផ្ទាំងមាស ( សូមមើលផងដែរ « ជំពូកទី ៥៤ ៖ ការសន្យានៃព្រះគម្ពីរមរមន » ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ១៥៦ ) ។ កុមារតូចៗអាចរីករាយនឹងការសម្តែងធ្វើជាមរ៉ូណៃដែលកំពុងសរសេរនៅលើផ្ទាំងចំណារ ហើយកប់ផ្ទាំងទាំងនោះ ។ សូមចែកចាយជាមួយគ្នាទៅវិញទៅមកនូវសក្ខីភាពរបស់បងប្អូនអំពីព្រះគម្ពីរមរមន ។
ព្រះវរបិតាសួគ៌ប្រទានអំណោយទានខាងវិញ្ញាណដល់ខ្ញុំ ។
-
ដើម្បីបង្រៀនកូនៗរបស់បងប្អូនអំពីអំណោយទានខាងវិញ្ញាណ បងប្អូនអាចសរសេរលេខ ៩ ដល់ ១៦ នៅលើក្រដាសដាច់ដោយឡែកពីគ្នា ហើយខ្ចប់ក្រដាសនីមួយៗឲ្យដូចជាអំណោយមួយ ។ កូនៗរបស់បងប្អូនអាចប្តូរវេនគ្នាបើកអំណោយទាំងនោះ ហើយអានខគម្ពីរមកពី មរ៉ូណៃ ១០:៩–១៦ ដែលត្រូវគ្នាទៅនឹងលេខនោះ ហើយកំណត់ពីអំណោយទានខាងវិញ្ញាណនីមួយៗ ។ បងប្អូនអាចនិយាយអំពីរបៀបដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងប្រើអំណោយទានទាំងនេះ ដើម្បីប្រទានពរដល់បុត្រាបុត្រីរបស់ទ្រង់ ។ បងប្អូនក៏អាចជួយកូនៗរបស់បងប្អូនឲ្យកត់ចំណាំនូវអំណោយដែលព្រះវរបិតាសួគ៌បានប្រទានដល់ពួកគេផងដែរ ។
ព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យខ្ញុំមករកទ្រង់ ។
-
តើកូនៗរបស់បងប្អូនដឹងពីអត្ថន័យនៃការមករកព្រះគ្រីស្ទដែរឬទេ ? ប្រហែលជាបងប្អូនអាចអាន មរ៉ូណៃ ១០:៣២ ហើយអញ្ជើញពួកគេឲ្យថាឃ្លានេះឡើងវិញជាមួយបងប្អូន ។ បន្ទាប់មក ពួកគេអាចបិទភ្នែកអំឡុងពេលបងប្អូនដាក់រូបភាពព្រះយេស៊ូវនៅកន្លែងណាមួយនៅក្នុងបន្ទប់ ។ បន្ទាប់មក សូមអនុញ្ញាតឲ្យពួកគេបើកភ្នែក ដើររករូបភាពនោះ ប្រមូលផ្តុំគ្នានៅជុំវិញរូបភាពនោះ ហើយនិយាយអំពីរបៀបដែលយើងអាចមករកព្រះគ្រីស្ទ ។ ប្រហែលជាវានឹងជួយដោយសរសេរសំណួរថា តើវាមានន័យយ៉ាងណាដើម្បីមករកព្រះគ្រីស្ទ ? សូមជួយពួកគេឲ្យស្រាវជ្រាវក្នុង មរ៉ូណៃ ១០:៣២–៣៣ ដើម្បីស្វែងរកចម្លើយដែលអាចមាន ( សូមមើលផងដែរ មាត្រានៃសេចក្ដីជំនឿ ១:៣–៤ ) ។ សូមធ្វើការជាមួយគ្នាដើម្បីធ្វើបញ្ជីអំពីអ្វីដែលព្រះគ្រីស្ទសព្វព្រះទ័យឲ្យយើងធ្វើ និងអ្វីដែលទ្រង់សន្យាថានឹងធ្វើសម្រាប់យើង ។
-
ប្រហែលជាកូនៗរបស់បងប្អូនរីករាយនឹងធ្វើ និងតុបតែងស្លាកឈ្មោះរាងបេះដូងដែលសរសេរឃ្លាថា « ខ្ញុំស្រឡាញ់ព្រះឲ្យអស់ពីសមត្ថភាព អស់ពីគំនិត និងអស់ពីកម្លាំងរបស់ខ្ញុំ » ( សូមមើល មរ៉ូណៃ ១០:៣២ ) ។ នៅពេលពួកគេធ្វើដូច្នេះ សូមនិយាយជាមួយពួកគេអំពីរបៀបដែលយើងបង្ហាញព្រះថា យើងស្រឡាញ់ទ្រង់ ។