« ថ្ងៃទី ១៥–២១ ខែ មេសា ៖ ‹ ទ្រង់បានធ្វើការក្នុងខ្ញុំ ដើម្បីធ្វើអ្វីៗស្របតាមព្រះហឫទ័យទ្រង់ › ។ អេណុស–ពាក្យសម្ដីនៃមរមន » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
« ថ្ងៃទី ១៥–២១ ខែ មេសា ។ អេណុស–ពាក្យសម្ដីនៃមរមន » ចូរមកតាមខ្ញុំ—គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
ថ្ងៃទី ១៥–២១ ៖ « ទ្រង់បានធ្វើការក្នុងខ្ញុំ ដើម្បីធ្វើអ្វីៗស្របតាមព្រះហឫទ័យទ្រង់ »
អេណុស–ពាក្យសម្ដីនៃមរមន
ទោះបីជា អេណុស បានចូលក្នុងព្រៃទៅបរបាញ់សត្វដើម្បីបំពេញការស្រេកឃ្លានខាងរូបកាយក្តី ក៏នៅទីបំផុតលោកបាននៅទីនោះពេញមួយថ្ងៃ ហើយរហូតដល់យប់ដែរ ដោយសារតែ « ព្រលឹងស្រេកឃ្លាន » របស់លោក ។ ការស្រេកឃ្លាននេះបានធ្វើឲ្យអេណុស « [ លោក ] ស្រែកអំពាវនាវយ៉ាងខ្លាំង លុះត្រាបានឮដល់ស្ថានសួគ៌ » ។ លោកបានពិពណ៌នាបទពិសោធន៍នេះថាជាការពុះពារចំពោះព្រះភ័ក្រ្តព្រះ ( សូមមើល អេណុស ១:២–៤ ) ។ តាមរយៈអេណុស យើងរៀនថា ការអធិស្ឋានគឺជាការខិតខំដោយស្មោះសរដើម្បីចូលទៅជិតព្រះ ហើយខិតខំស្វែងយល់អំពីព្រះហឫទ័យរបស់ទ្រង់ ។ នៅពេលបងប្អូនអធិស្ឋានតាមរបៀបនេះ នោះបងប្អូននឹងបានដឹងកាន់តែខ្លាំង ដូចជាអេណុសបានដឹងផងដែរថា ព្រះទ្រង់ស្តាប់ឮបងប្អូន ហើយទ្រង់ពិតជាយកព្រះទ័យទុកដាក់នឹងបងប្អូន មនុស្សជាទីស្រឡាញ់របស់បងប្អូន និងសូម្បីតែសត្រូវរបស់បងប្អូនក្ដី ( សូមមើល អេណុស ១:៤–១៧ ) ។ នៅពេលបងប្អូនដឹងពីព្រះហឫទ័យរបស់ទ្រង់ នោះបងប្អូនអាចធ្វើតាមព្រះហឫទ័យរបស់ទ្រង់កាន់តែប្រសើរឡើង ។ ដូចជាមរមនដែរ បងប្អូនអាច « ពុំដឹងនូវគ្រប់ការណ៍ទាំងអស់ទេ …ហេតុដូច្នោះហើយ ទ្រង់បានធ្វើការក្នុង [ បងប្អូន ] ដើម្បីធ្វើអ្វីៗស្របតាមព្រះហឫទ័យទ្រង់ » ( ពាក្យសម្ដីនៃមរមន ១:៧ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
ព្រះនឹងស្តាប់ ហើយឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ។
បទពិសោធន៍របស់បងប្អូនជាមួយនឹងការអធិស្ឋានអាចមិនសូវខ្លាំងដូចការអធិស្ឋានរបស់អេណុសទេ ប៉ុន្តែវាពុំមែនមិនសូវមានអត្ថន័យនោះទេ ។ នេះគឺជាសំណួរមួយចំនួនដែលត្រូវគិត នៅពេលបងប្អូនសិក្សា អេណុស ១:១–១៧ ៖
-
តើមានពាក្យសម្ដីអ្វីខ្លះដែលពិពណ៌នាអំពីកិច្ចខិតខំរបស់អេណុសនៅពេលលោកអធិស្ឋាន ?
-
តើការអធិស្ឋានរបស់អេណុសបានផ្លាស់ប្តូរយ៉ាងដូចម្តេចពី ខទី ៤ ដល់ទី ១១ ?
-
តើខ្ញុំរៀនអ្វីខ្លះពីអេណុស ដែលអាចជួយខ្ញុំឲ្យកែលម្អការអធិស្ឋានរបស់ខ្ញុំបាន ?
សូមមើលផងដែរ « Enos Prays Mightily » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ, « ពេលអធិស្ឋានជាពេលត្រេកអរ » ទំនុកតម្កើង ល.រ. ៨១ ។
ព្រះអម្ចាស់អាចជួយខ្ញុំឲ្យមានឥទ្ធិពលសម្រាប់សេចក្តីល្អដល់គ្រួសារខ្ញុំ ។
ប្រហែលជាមាននរណាម្នាក់នៅក្នុងគ្រួសាររបស់បងប្អូនដែលបងប្អូនចង់ជួយឲ្យមករកព្រះគ្រីស្ទ ប៉ុន្តែបងប្អូនឆ្ងល់ថាតើការខិតខំប្រឹងប្រែងរបស់បងប្អូនធ្វើឲ្យមានការផ្លាស់ប្តូរដែរឬអត់ ។ តើបងប្អូនអាចរៀនអ្វីខ្លះមកពី អេណុស ១:១–៤ អំពីឥទ្ធិពលរបស់យ៉ាកុបចំពោះអេណុសជាកូនប្រុសរបស់លោក ? ឧទាហរណ៍ តើឃ្លា « តាមដំបូន្មាន និងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់ » មានអត្ថន័យយ៉ាងណាចំពោះបងប្អូន ? តើបងប្អូនអាចអញ្ជើញឥទ្ធិពលរបស់ទ្រង់មកក្នុងគេហដ្ឋានរបស់បងប្អូនដោយរបៀបណា ?
នៅពេលបងប្អូនគិតអំពីគ្រួសាររបស់បងប្អូន សូមពិចារណាសំណួរ និងធនធានទាំងនេះ ៖
-
តើបងប្អូនធ្វើជាឥទ្ធិពលដល់គ្រួសាររបស់បងប្អូនតាមរបៀបវិជ្ជមានដោយរបៀបណា ? ( សូមមើល នីហ្វៃទី១ ២:១៦–១៨; ៣:១៥–២១; ៥:១–៦; ៧:២០–២១; អាលម៉ា ៣៦:១៧–២០; « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ) ។ តើបងប្អូនអាចធ្វើដូចម្តេច ប្រសិនបើនរណាម្នាក់ហាក់ដូចជាមិនចង់បានជំនួយ ឬមានចិត្តមិនល្អដាក់បងប្អូននោះ ?
-
តើគោលការណ៍អ្វីខ្លះដែលបងប្អូនរកឃើញនៅក្នុងខគម្ពីរខាងក្រោម ដែលអាចដឹកនាំទំនាក់ទំនងរបស់បងប្អូនជាមួយសមាជិកគ្រួសារបាន ? ម៉ាថាយ ៥:២១–២៤, ៣៨–៤៤; ៦:១៤; ៧:១–៥; ២២:៣៦–៣៩; នីហ្វៃទី៣ ១៨:២១; មរ៉ូណៃ ៧:៣៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០–១៣ ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បានចែកចាយដំបូន្មានដ៏មានសារៈប្រយោជន៍សម្រាប់ក្រុមគ្រួសារនៅក្នុង « In Praise of Those Who Save » ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៧៧–៨០ ) ។ តើសារលិខិតរបស់លោកបានបំផុសគំនិតបងប្អូនឲ្យធ្វើអ្វីខ្លះ ដើម្បីពង្រឹងគ្រួសាររបស់បងប្អូន ? ( សូមមើលជាពិសេសផ្នែកដែលមានចំណងជើងថា « Saving Our Families » ) ។
សូមមើលផងដែរ Gospel Topics « Family » នៅលើបណ្ណាល័យដំណឹងល្អ; « Home and Family—Through Small Things » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
ខ្ញុំអាចទទួលបានការអភ័យទោស នៅពេលខ្ញុំអនុវត្តសេចក្តីជំនឿលើព្រះគ្រីស្ទ ។
មានពេលខ្លះ បងប្អូនប្រហែលជាឆ្ងល់ថាតើអំពើបាបរបស់បងប្អូនត្រូវបានអត់ទោសឲ្យឬអត់ សូម្បីតែបន្ទាប់ពីបងប្អូនបានប្រែចិត្តពីអំពើបាបទាំងនោះក៏ដោយ ។ តើបងប្អូនទទួលបានការយល់ដឹងអ្វីខ្លះមកពីបទពិសោធន៍របស់អេណុសនៅក្នុង អេណុស ១:១–៨ ? តើអេណុសបានបង្ហាញសេចក្ដីជំនឿរបស់លោកទៅលើព្រះយេស៊ូវគ្រីស្ទពីមុន និងក្រោយពេលលោកបានទទួលការអភ័យទោសដោយរបៀបណា ?
យ៉ារ៉ុម–អោមណៃ
នៅពេលខ្ញុំខិតខំកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ នោះព្រះនឹងប្រទានពរដល់ខ្ញុំ ។
ទាំងព្រះគម្ពីរយ៉ារ៉ុម និងព្រះគម្ពីរអោមណៃ មានពិពណ៌នាអំពីទំនាក់ទំនងរវាងសេចក្ដីសុចរិត និងសេចក្ដីរុងរឿង ។ តើបងប្អូនរៀនអ្វីខ្លះមកពី យ៉ារ៉ុម ១:៧–១២; អោមណៃ ១:៥–៧, ១២–១៨ ? តើនិយមន័យអំពីសេចក្ដីរុងរឿងរបស់លោកិយខុសគ្នាពីនិយមន័យរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ? តើព្រះអម្ចាស់ជួយរាស្ត្ររបស់ទ្រង់ឲ្យរុងរឿងដោយរបៀបណា ? ( សូមមើល អាលម៉ា ៣៧:១៣; ៤៨:១៥–១៦ ) ។
« សូមមកឯព្រះគ្រីស្ទដែលជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល » ។
ការអញ្ជើញ « សូមមកឯព្រះគ្រីស្ទ » លេចឡើងជារឿយៗនៅក្នុងព្រះគម្ពីរមរមន ។ តាមពិត គោលបំណងសំខាន់មួយនៃគម្ពីរទាំងនេះគឺដើម្បីផ្ដល់ការអញ្ជើញនេះដល់មនុស្សគ្រប់រូប ។ នៅពេលបងប្អូនអាន អោមណៃ ១:២៥–២៦ តើពាក្យ ឬឃ្លាអ្វីខ្លះដែលបងប្អូនរកឃើញដែលពិពណ៌នាអំពីរបៀបមករកព្រះគ្រីស្ទ ? តើបងប្អូននឹងធ្វើអ្វីដើម្បីមករកទ្រង់កាន់តែពេញលេញ ?
ព្រះនឹងធ្វើការតាមរយៈខ្ញុំ នៅពេលខ្ញុំធ្វើតាមការណែនាំរបស់ទ្រង់ ។
មូលហេតុមួយដែលព្រះអម្ចាស់បានបំផុសគំនិតមរមនឲ្យបញ្ចូលផ្ទាំងតូចៗរបស់នីហ្វៃនៅក្នុងព្រះគម្ពីរមរមន គឺដោយសារព្រះបានជ្រាបថា ទំព័រដែលបានបកប្រែចំនួន ១១៦ ដំបូងនឹងត្រូវបាត់បង់ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០; ពួកបរិសុទ្ធ ភាគ ១ ជំពូកទី ៥ ) ។ ហេតុអ្វីបានជាបងប្អូនមានអំណរគុណ ដែលមរមនបានធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ឲ្យបញ្ចូលសំណេរទាំងនេះ ( រួមមាន នីហ្វៃទី ១ ទៅដល់អោមណៃ ) ? តើមូលហេតុអ្វីខ្លះដែលមរមនបានផ្តល់ឲ្យសម្រាប់ការបញ្ចូលគម្ពីរទាំងនេះ ? ( សូមមើល ពាក្យសម្ដីនៃមរមន ១:៣–៧ ) ។ តើនៅពេលណាដែលបងប្អូនធ្លាប់បានឃើញព្រះធ្វើព្រះរាជកិច្ចរបស់ទ្រង់តាមរយៈបងប្អូន ឬមនុស្សដទៃទៀត ?
គំនិតសម្រាប់បង្រៀនកុមារ
ខ្ញុំអាចទូលទៅព្រះវរបិតាសួគ៌តាមរយៈការអធិស្ឋាន ។
-
តើបងប្អូនអាចជួយកូនៗរបស់បងប្អូនធ្វើឲ្យការអធិស្ឋានរបស់ពួកគេកាន់តែមានន័យដោយរបៀបណា ? សូមពិចារណាបង្ហាញពួកគេនូវរូបភាពនៃការអធិស្ឋានរបស់អេណុស ដោយអនុញ្ញាតឲ្យពួកគេពិពណ៌នាអំពីអ្វីដែលពួកគេមើលឃើញ ។ បន្ទាប់មក ពួកគេអាចបិទភ្នែករបស់ពួកគេ ហើយស្រមៃថា ពួកគេកំពុងទូលទៅព្រះវរបិតាសួគ៌ទល់នឹងព្រះភ័ក្ត្រទ្រង់ ។ តើពួកគេចង់និយាយអំពីអ្វីខ្លះ ? តើទ្រង់អាចចង់មានព្រះបន្ទូលអ្វីទៅកាន់ពួកគេ ?
-
នៅពេលបងប្អូនអានឮៗនៅក្នុង អេណុស ១:១–៥ កុមារតូចៗអាចសម្តែងធ្វើជាអេណុស ដោយធ្វើសកម្មភាពបរបាញ់ លុតជង្គង់អធិស្ឋានជាដើម ។ កុមារធំៗអាចស្តាប់រកពាក្យ ឬឃ្លាដែលពិពណ៌នាអំពីការអធិស្ឋានរបស់អេណុស ។ តើពាក្យទាំងនេះប្រាប់យើងអ្វីខ្លះអំពីការអធិស្ឋានរបស់អេណុស ? សូមចែកចាយបទពិសោធន៍មួយ កាលដែលព្រលឹងរបស់បងប្អូន « ស្រេកឃ្លាន » ហើយបងប្អូន « បានអំពាវនាវដល់ » ព្រះអម្ចាស់ ( អេណុស ១:៤ ) ។
ព្រះវរបិតាសួគ៌ទ្រង់ព្រះសណ្ដាប់ ហើយឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ។
-
តើបងប្អូនអាចជួយកូនៗរបស់បងប្អូនឲ្យយល់ថា ព្រះវរបិតាសួគ៌នឹងស្តាប់ ហើយឆ្លើយតបការអធិស្ឋានរបស់ពួកគេដោយរបៀបណា ? សូមពិចារណាអញ្ជើញពួកគេឲ្យសរសេរអ្វីមួយចំនួនដែលពួកគេអធិស្ឋានទូលសូមតាមធម្មតា ។ បន្ទាប់មក បងប្អូនអាចជួយពួកគេឲ្យស្វែងរកអ្វីដែលអេណុសបានអធិស្ឋាននៅក្នុង អេណុស ១:២, ៩, ១៣–១៤ និង ១៦ ( សូមមើលផងដែរ « ជំពូកទី ១១ ៖ អេណុស » ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ៣០–៣១ ) ។
តើលទ្ធផលនៃការអធិស្ឋានរបស់អេណុសមានអ្វីខ្លះ ? ( សូមមើល ខទី ៦, ៩, ១១ ) ។
តើយើងរៀនអ្វីខ្លះមកពីបទពិសោធន៍របស់អេណុស អំពីរបៀបដើម្បីកែលម្អការអធិស្ឋានរបស់យើង ?
-
សូមច្រៀងចម្រៀងមួយបទអំពីការអធិស្ឋានជាមួយគ្នា ដូចជាបទ « ការអធិស្ឋានរបស់កុមារ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦ ) ។ ប្រហែលជាកូនតូចៗរបស់បងប្អូនអាចលើកដៃរបស់ពួកគេ រាល់ពេលពួកគេបានឮពាក្យ « អធិស្ឋាន » ឬ « ការអធិស្ឋាន » ឬពាក្យមួយផ្សេងទៀតដែលថាដដែលៗ ។ សូមប្រាប់កូនៗរបស់បងប្អូនអំពីវិធីមួយចំនួនដែលព្រះវរបិតាសួគ៌បានឆ្លើយតបការអធិស្ឋានរបស់បងប្អូន ។
ខ្ញុំអាចផ្តល់ពរដល់មនុស្សដទៃ នៅពេលខ្ញុំស្ដាប់តាមព្រះវិញ្ញាណបរិសុទ្ធ ។
-
មរមនបានធ្វើតាមការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីបញ្ចូលផ្ទាំងតូចៗរបស់នីហ្វៃទៅក្នុងព្រះគម្ពីរមរមន ។ អ្វីៗគ្រប់យ៉ាងដែលយើងបានសិក្សានៅក្នុងព្រះគម្ពីរមរមនរហូតមកដល់ពេលនេះនៅឆ្នាំនេះបានមកដល់យើង ដោយសារមរមនបានជ្រើសរើសស្តាប់តាមព្រះវិញ្ញាណ ។ តើបងប្អូនអាចជួយកូនៗរបស់បងប្អូនរៀនអំពីការស្តាប់តាមព្រះវិញ្ញាណដោយរបៀបណា ? សូមអញ្ជើញពួកគេឲ្យប្ដូរវេនគ្នាអានខគម្ពីរពី ពាក្យសម្តីនៃមរមន ១:៣–៨ ។ បងប្អូនអាចនិយាយអំពីអ្វីដែលពួកគេរៀនមកពីខនីមួយៗបាន ។ បន្ទាប់មកកូនៗរបស់បងប្អូនអាច ៖
-
ចែកចាយអ្វីដែលពួកគេបានរៀនមកពីដំណើររឿងនៅក្នុងព្រះគម្ពីរមរមនក្នុងឆ្នាំនេះ ( រូបភាពមកពី ចូរមកតាមខ្ញុំ អាចជួយពួកគេឲ្យចងចាំបាន ) ។
-
ច្រៀងជាមួយគ្នានូវបទចម្រៀងអំពីព្រះវិញ្ញាណបរិសុទ្ធ ដូចជាបទ « The Still Small Voice » ( Children’s Songbook ទំព័រ ១០៦–១០៧ ) ។
-
និយាយអំពីបទពិសោធន៍ដែលពួកគេត្រូវបានដឹកនាំដោយព្រះវិញ្ញាណ ឲ្យធ្វើអ្វីមួយដែលផ្តល់ពរដល់អ្នកផ្សេងទៀត ។
-