« ថ្ងៃទី ២០–២៦ ខែ ឧសភា ៖ ‹ យើងបានចូលទៅក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ › ។ ម៉ូសាយ ១៨–២៤ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
« ថ្ងៃទី ២០–២៦ ខែ ឧសភា ។ ម៉ូសាយ ១៨–២៤ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
ថ្ងៃទី ២០–២៦ ខែ ឧសភា ៖ យើងបានចូលទៅក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់
ម៉ូសាយ ១៨–២៤
ដំណើររឿងរបស់អាលម៉ា និងប្រជាជនរបស់លោកនៅក្នុង ម៉ូសាយ ១៨; ២៣–២៤ បង្ហាញពីអត្ថន័យនៃការ « ចូលរួមក្នុងក្រោលនៃព្រះ » ( ម៉ូសាយ ១៨:៨ ) ។ នៅពេលប្រជាជនរបស់អាលម៉ាបានទទួលពិធីបុណ្យជ្រមុជទឹក ពួកគេបានធ្វើសេចក្ដីសញ្ញាមួយជាមួយនឹងព្រះថា ពួកគេ « នឹងបម្រើព្រះអង្គ ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ » ( ម៉ូសាយ ១៨:១០ ) ។ ខណៈដែលការណ៍នេះគឺជាការតាំងចិត្តផ្ទាល់ខ្លួនជាមួយនឹងព្រះ វាក៏នឹងទាក់ទងគ្នាអំពីរបៀបដែលពួកគេប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកផងដែរ ។ ប្រាកដណាស់ថា ការធ្វើដំណើរត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញគឺជារឿងបុគ្គល ហើយពុំអាចមាននរណាម្នាក់មករក្សាសេចក្ដីសញ្ញាជំនួសឲ្យយើងបានទេ ប៉ុន្តែនោះពុំមែនមានន័យថា យើងនៅឯកោនោះទេ ។ យើងត្រូវការគ្នាទៅវិញទៅមក ។ នៅក្នុងនាមជាសមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទ យើងចុះសេចក្ដីសញ្ញាថានឹងបម្រើព្រះដោយការជួយ និងការបម្រើដល់គ្នាទៅវិញទៅមកនៅលើផ្លូវនេះ « [ ដោយព្រម ] ទទួលបន្ទុកគ្នាទៅវិញទៅមក » ( ម៉ូសាយ ១៨:៨–១០ ) ។ ប្រជាជនរបស់អាលម៉ាពិតជាមានបន្ទុកជាច្រើនដែលត្រូវរែក គឺដូចជាពួកយើងទាំងអស់គ្នាដែរ ។ ហើយរបៀបមួយដែលព្រះអម្ចាស់ជួយយើងឲ្យ « ទ្របន្ទុកទាំងឡាយ [ របស់យើង ] បានដោយងាយ » ( ម៉ូសាយ ២៤:១៥ ) គឺដោយការប្រទានដល់យើងនូវសហគមន៍នៃពួកបរិសុទ្ធមួយ ដែលបានសន្យាថានឹងទួញសោកជាមួយនឹងយើង ហើយលួងលោមយើង ហើយយើងក៏បានសន្យាធ្វើដូច្នោះផងដែរចំពោះពួកគេ ។
សូមមើលផងដែរ « The Lord Delivers the Covenant Peoples of Alma and Limhi » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
នៅពេលខ្ញុំធ្វើពិធីបុណ្យជ្រមុជទឹក ខ្ញុំបានចុះសេចក្តីសញ្ញាមួយជាមួយនឹងព្រះ ។
សូមពិចារណាអំពីអារម្មណ៍ដ៏ជ្រាលជ្រៅរបស់ពួកអ្នកជឿអំពីព្រះយេស៊ូវគ្រីស្ទ ដូចដែលបានពិពណ៌នានៅក្នុង ម៉ូសាយ ១៨ ។ ពួកគេត្រូវជួបគ្នាដោយសម្ងាត់ដោយប្រថុយប្រថានខ្លាំង ដើម្បីរៀនអំពីទ្រង់ ( សូមមើល ខទី ៣ ) ។ ហើយនៅពេលដែលបានផ្តល់ឱកាសឲ្យដើម្បីបង្ហាញការប្តេជ្ញាចិត្តរបស់ពួកគេតាមសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក នោះ « គេក៏បានទះដៃដោយសេចក្ដីអំណរ ហើយស្រែកថា ៖ នេះហើយជាបំណងនៃចិត្តរបស់យើងខ្ញុំ » ( ម៉ូសាយ ១៨:១១ ) ។
ការអានខគម្ពីរទាំងនេះអាចជាឱកាសដ៏ល្អមួយដើម្បីពិចារណាថា តើសេចក្ដីសញ្ញារបស់បងប្អូនមានសារៈសំខាន់យ៉ាងណាចំពោះបងប្អូន ។ នៅពេលបងប្អូនសិក្សា ម៉ូសាយ ១៨:៨–១៤ ជាពិសេស សូមពិចារណាពីសំណួរដូចតទៅនេះ ៖
-
តើបងប្អូនបានរៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះ អំពីការសន្យាដែលបងប្អូនបានធ្វើនៅឯពិធីបុណ្យជ្រមុជទឹក ? តើព្រះបានសន្យាអ្វីដល់បងប្អូន ? ( សូមមើល ខទី ១០, ១៣ ) ។
-
តើសេចក្ដីសញ្ញាដើម្បីបម្រើព្រះទាក់ទងទៅនឹងកិច្ចខិតខំរបស់យើងដើម្បីបម្រើដល់គ្នាទៅវិញទៅមកយ៉ាងដូចម្ដេច ? ( សូមមើល ខទី ៨–៩ ) ។
-
តើការ « ឈរជា [ សាក្សី ] ដល់ព្រះ » មានអត្ថន័យយ៉ាងណាចំពោះបងប្អូន ? ( ខទី ៩ ) ។
-
តើការរក្សាសេចក្ដីសញ្ញាពិធីបុណ្យជ្រមុជទឹករបស់បងប្អូនជួយបងប្អូនឲ្យបាន « ពោរពេញទៅដោយព្រះវិញ្ញាណ » យ៉ាងដូចម្ដេច ? ( ម៉ូសាយ ១៨:១៤ ) ។ តើព្រះវិញ្ញាណជួយបងប្អូនឲ្យរក្សាសេចក្ដីសញ្ញារបស់បងប្អូនយ៉ាងដូចម្ដេច ?
ការឆ្លើយសំណួរទាំងនេះអាចនឹងនាំបងប្អូនឲ្យជញ្ជឹងគិតអំពីមូលហេតុដែលសេចក្ដីសញ្ញា និងពិធីបរិសុទ្ធនានាមានសារៈសំខាន់ចំពោះព្រះ ។ បងប្អូនអាចស្វែងរកការយល់ដឹងនៅក្នុងសារលិខិតរបស់អែលឌើរ ហ្គើរីត ដបុលយូ ហ្គង « Covenant Belonging » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៨០–៨៣ ) ឬសារលិខិតរបស់ប្រធាន ជីន ប៊ី ប៊ីងហាំ « ចុះសេចក្ដីសញ្ញាជាមួយព្រះដើម្បីពង្រឹង ការពារ និងរៀបចំយើងសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច » ( លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៦៦–៦៩ ) ។ ហេតុអ្វីបានជាបងប្អូនមានអំណរគុណចំពោះសេចក្តីសញ្ញារបស់បងប្អូន ? តើបងប្អូនកំពុងធ្វើអ្វីខ្លះ ដើម្បីរក្សាការសន្យារបស់បងប្អូន ?
សូមមើលផងដែរ Gospel Topics « Baptism » នៅលើបណ្ណាល័យដំណឹងល្អ; « Alma the Elder Teaches and Baptizes at the Waters of Mormon » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
ព្រះបានបញ្ជាប្រជារាស្រ្តរបស់ទ្រង់ឲ្យប្រមូលផ្តុំ រៀបចំ និងមានសាមគ្គីភាព ។
មនុស្សខ្លះឆ្ងល់ថា ហេតុអ្វីយើងត្រូវការសាសនាចក្រ ? សូមស្រាវជ្រាវនៅក្នុង ម៉ូសាយ ១៨:១៧–៣១ ដោយរកមើលតម្លៃដែលប្រជាជនអាលម៉ាឃើញថាមាន ពេលប្រមូលផ្តុំគ្នានៅក្នុង « សាសនាចក្រនៃព្រះគ្រីស្ទ » ( ម៉ូសាយ ១៨:១៧ ) ។ តើបងប្អូនឃើញមានភាពស្រដៀងគ្នាអ្វីខ្លះ នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទក្នុងជំនាន់របស់អាលម៉ា និងជំនាន់របស់យើង ?
តើបងប្អូននឹងឆ្លើយតបយ៉ាងដូចម្តេចទៅកាន់មិត្តភក្តិ ឬសមាជិកគ្រួសារដែលមិនជឿថា ការរៀបចំសាសនាចក្រមួយឡើងគឺចាំបាច់ ? ហេតុអ្វីបានជាបងប្អូនមានអំណរគុណដែលធ្វើជាសមាជិករបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ?
សូមគិតអំពីអ្វីដែលបងប្អូនអាចធ្វើបានដើម្បីជួយសមាជិកវួដ ឬសាខារបស់បងប្អូនឲ្យ « មានចិត្តចងក្រងរួមគ្នាដោយសាមគ្គី ហើយស្រឡាញ់គ្នាទៅវិញទៅមក » ( ម៉ូសាយ ១៨:២១ ) ។
សូមមើលផងដែរ ដាល្លិន អេក អូក « The Need for a Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ២៤–២៦; « ចូរស្រឡាញ់គ្នាទៅវិញទៅមក » ទំនុកតម្កើង ល.រ. ១៩៥ ។
ព្រះជួយខ្ញុំរែកឲ្យបន្ទុករបស់ខ្ញុំ ។
ទាំងប្រជាជនរបស់លិមហៃ និងប្រជាជនរបស់អាលម៉ាបានធ្លាក់ក្នុងសេវកភាព ទោះបីជាស្ថិតក្នុងកាលៈទេសៈខុសគ្នាក៏ដោយ ។ តើបងប្អូនអាចរៀនអ្វីខ្លះ តាមរយៈការប្រៀបធៀបដំណើររឿងរបស់ប្រជាជនលិមហៃនៅក្នុង ម៉ូសាយ ១៩–២២ ជាមួយនិងដំណើររឿងរបស់ប្រជាជនអាលម៉ានៅក្នុង ម៉ូសាយ ១៨; ២៣–២៤ ? នៅពេលបងប្អូនធ្វើការប្រៀបធៀប សូមស្វែងរកសារលិខិតដែលអាចអនុវត្តបាននៅក្នុងជីវិតរបស់បងប្អូន ។ ឧទាហរណ៍ តើការ « ចម្រើនឡើងបន្តិចម្ដងៗ » មានអត្ថន័យដូចម្តេច ? ( ម៉ូសាយ ២១:១៦ ) ។ តើបងប្អូនអនុវត្តគោលការណ៍នេះដោយរបៀបណា ?
ខ្ញុំអាចទុកចិត្តព្រះអម្ចាស់បាន ។
ទោះជាពួកគេបានប្រែចិត្តពីអំពើបាបរបស់ពួកគេក្ដី ក៏អាលម៉ា និងប្រជាជនរបស់លោកនៅតែឃើញថា ពួកគេនៅជាប់ក្នុងសេវកភាពដដែល ។ បទពិសោធន៍របស់ពួកគេបង្ហាញថា ការទុកចិត្តលើព្រះអម្ចាស់ និងការរស់នៅតាមសេចក្ដីសញ្ញារបស់យើង ពុំបានដកចេញនូវការសាកល្បងរបស់យើងជានិច្ចនោះទេ ប៉ុន្តែវាបានជួយយើងឲ្យយកឈ្នះលើការលំបាកទាំងនោះវិញ ។ នៅពេលបងប្អូនអាន ម៉ូសាយ ២៣:២១–២៤ និង ២៤:៨–១៧ សូមកត់ចំណាំពាក្យ និងឃ្លាទាំងឡាយដែលអាចជួយបងប្អូនឲ្យរៀនទុកចិត្តលើព្រះអម្ចាស់ ទោះជាបងប្អូនមានស្ថានភាពយ៉ាងណាក្ដី ។
សូមមើលផងដែរ ដេវីឌ អេ បែដណា « Bear Up Their Burdens with Ease » Liahonaខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៨៧–៩០ ។
គំនិតសម្រាប់បង្រៀនកុមារ
នៅពេលខ្ញុំធ្វើពិធីបុណ្យជ្រមុជទឹក ខ្ញុំបានចុះសេចក្តីសញ្ញាមួយជាមួយនឹងព្រះ ។
-
មធ្យោបាយដ៏សំខាន់មួយដើម្បីជួយកូនៗរបស់បងប្អូនឲ្យរៀបចំខ្លួនទទួលពិធីបុណ្យជ្រមុជទឹក គឺត្រូវបង្រៀនពួកគេអំពីសេចក្ដីសញ្ញាដែលពួកគេនឹងធ្វើ នៅពេលពួកគេទទួលបុណ្យជ្រមុជទឹក ។ កិច្ចការនេះអាចសាមញ្ញដូចជាការបង្ហាញរូបភាពនៅចុងបញ្ចប់នៃគម្រោងមេរៀនសប្តាហ៍នេះ និងការអានសេចក្ដីសញ្ញានៅក្នុង ម៉ូសាយ ១៨:៩–១០ ជាមួយពួកគេ ។ សូមពិចារណាអញ្ជើញកុមារដែលបានទទួលពិធីបុណ្យជ្រមុជទឹករួចហើយ ឲ្យបង្រៀនការណ៍នេះដល់កុមារៗដែលតូចជាង ។ កូនៗរបស់បងប្អូនប្រហែលជារីករាយស្តាប់អំពីពិធីបុណ្យជ្រមុជទឹករបស់បងប្អូន ។ តើការរក្សាសេចក្តីសញ្ញារបស់បងប្អូនជាមួយនឹងព្រះផ្ដល់ពរដល់ជីវិតរបស់បងប្អូនដោយរបៀបណា ?
-
កុមារដែលបានទទួលពិធីបុណ្យជ្រមុជទឹកហើយអាចប្រើការរំឭកជាញឹកញាប់អំពីសេចក្តីសញ្ញាដែលពួកគេបានធ្វើ និងរំឭកជារៀងរាល់សប្តាហ៍នៅពេលសាក្រាម៉ង់ ។ ប្រហែលជាកូនៗរបស់បងប្អូនអាចប្រៀបធៀបសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹកដែលបានពិពណ៌នានៅក្នុង ម៉ូសាយ ១៨:៨–១០ ជាមួយការអធិស្ឋានសាក្រាម៉ង់ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧៧, ៧៩ ) ។ តើយើងអាចធ្វើឲ្យពិធីសាក្រាម៉ង់ក្លាយជាគ្រាដ៏ពិសេស មានគារវភាព ដូចពិធីបុណ្យជ្រមុជទឹករបស់យើងដោយរបៀបណា ?
នៅពេលខ្ញុំទទួលពិធីបុណ្យជ្រមុជទឹក ខ្ញុំក្លាយជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។
-
តើកូនៗរបស់បងប្អូនដឹងអំពីអត្ថន័យនៃការក្លាយជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធដែរឬទេ ? សូមពិចារណាជួយពួកគេឲ្យស្វែងរករូបភាពដែលតំណាងឲ្យអ្វីៗដែលសមាជិកសាសនាចក្របានធ្វើនៅក្នុង ម៉ូសាយ ១៨:១៧–២៨ ។ ឧទាហរណ៍ រូបភាពការតែងតាំងបព្វជិតភាព និងការបង់ដង្វាយមួយភាគក្នុងដប់ ( សៀវភៅរូបភាពដំណឹងល្អ ល.រ. ១០៦, ១១៣ ) អាចតំណាងឲ្យ ខទី ១៨ និង ២៧–២៨ ។ សូមប្រាប់ពួកគេអំពីមូលហេតុដែលបងប្អូនមានអំណរគុណក្នុងការធ្វើជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
-
ការជួយកុមារឲ្យមានអារម្មណ៍ « មានចិត្តចងក្រងរួមគ្នាដោយសាមគ្គី ហើយស្រឡាញ់គ្នាទៅវិញទៅមក » ( ម៉ូសាយ ៨:២១ ) ជួយពួកគេឲ្យបន្តមានទំនាក់ទំនងនឹងសាសនាចក្រពេញមួយជីវិតរបស់ពួកគេ ។ សូមពិចារណាអញ្ជើញកូនៗរបស់បងប្អូនឲ្យអាន ម៉ូសាយ ១៨:១៧–២៨ ។ តើសមាជិកសាសនាចក្ររបស់ព្រះគ្រីស្ទនៅជំនាន់របស់អាលម៉ាបានធ្វើអ្វីខ្លះ ដើម្បីស្រឡាញ់ និងបម្រើគ្នាទៅវិញទៅមក ? តើយើងអាចធ្វើដូចនេះនៅក្នុងវួដ សាខា ឬសហគមន៍របស់យើងបានដោយរបៀបណា ? បទចម្រៀងអំពីសេចក្តីស្រឡាញ់ ដូចជាបទ « ខ្ញុំនឹងដើរជាមួយអ្នក » ( សៀវភៅចម្រៀងកុមារ ទំព័រ ៧៨ ) អាចពង្រឹងដល់សារលិខិតនេះបាន ។
ព្រះអាចធ្វើឲ្យបន្ទុករបស់ខ្ញុំស្រាលបាន ។
-
មេរៀនដែលមានប្រើវត្ថុសាមញ្ញៗអាចធ្វើឲ្យការរៀនសូត្រកាន់តែងាយចងចាំបាន ។ សូមពិចារណាដាក់វត្ថុធ្ងន់ៗពេញកាបូប ( ដើម្បីតំណាងឲ្យបន្ទុក ) ហើយអញ្ជើញកុមារឲ្យយួរកាបូបនោះ ។ នៅពេលបងប្អូនអាន ម៉ូសាយ ២៤:៨–១៧ ជាមួយកូនៗរបស់បងប្អូន សូមឲ្យពួកគេដករបស់មួយចេញពីកាបូប រាល់ពេលដែលពួកគេឮអំពីអ្វីមួយដែលអាលម៉ា និងប្រជាជនរបស់លោកបានធ្វើ ដើម្បីស្វែងរកជំនួយពីព្រះដើម្បីសម្រាលបន្ទុករបស់ពួកគេ ។ បន្ទាប់មក បងប្អូនអាចនិយាយជាមួយពួកគេអំពីរបៀបដែលព្រះវរបិតាសួគ៌អាចធ្វើឲ្យបន្ទុករបស់យើងកាន់តែស្រាល នៅពេលយើងស្វែងរកជំនួយពីទ្រង់ ។