ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៧ ខែ ឧសភា–ថ្ងៃទី ២ ខែ មិថុនា ៖ « ពួកគេ​ត្រូវ​បាន​ហៅ​ថា​រាស្ត្រ​នៃ​ព្រះ » ។ ម៉ូសាយ ២៥–២៨


« ថ្ងៃទី ២៧ ខែ ឧសភា–ថ្ងៃទី ២ ខែ មិថុនា ៖ ‹ ពួកគេ​ត្រូវ​បាន​ហៅ​ថា​រាស្ត្រ​នៃ​ព្រះ › ។ ម៉ូសាយ ២៥–២៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

« ថ្ងៃទី ២៧ ខែ ឧសភា–ថ្ងៃទី ២ ខែ មិថុនា ។ ម៉ូសាយ ២៥–២៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

ទេវតា​បង្ហាញ​ព្រះកាយ​ដល់​អាលម៉ា និង​ពួកបុត្រា​របស់​ម៉ូសាយ

Conversion of Alma the Younger [ ការប្រែចិត្ត​ជឿ​របស់​អាលម៉ា​ជា​កូន ] ដោយ ហ្គែរី អិល ខេប

ថ្ងៃទី ២៧ ខែ ឧសភា–ថ្ងៃទី ២ ខែ មិថុនា ៖ « ពួកគេ​ត្រូវ​បាន​ហៅ​ថា​រាស្ត្រ​នៃ​ព្រះ »

ម៉ូសាយ ២៥–២៨

បន្ទាប់​ពី​អស់​រយៈពេល​ជិត​បី​ជំនាន់​នៃ​ការរស់នៅ​លើ​ទឹកដី​ផ្សេងៗ​គ្នា ពួកសាសន៍​នីហ្វៃ​បាន​ក្លាយជា​ប្រជាជន​តែ​មួយ​ជា​ថ្មី​ម្ដងទៀត ។ ប្រជាជន​របស់​លិមហៃ ប្រជាជន​របស់​អាលម៉ា និង​ប្រជាជន​របស់​ម៉ូសាយ—សូម្បី​តែ​ប្រជាជន​សារ៉ាហិមឡា ដែល​ពុំ​មែនជា​កូនចៅ​មក​ពី​នីហ្វៃ​ក្ដី—ឥឡូវ​ទាំងអស់​គ្នា « ត្រូវ​បាន​រាប់​ជាមួយ​នឹង​ពួក​សាសន៍​នីហ្វៃ » ( ម៉ូសាយ ២៥:១៣ ) ។ ពួកគេ​ជា​ច្រើន​នាក់​ក៏​ចង់​ក្លាយជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ដូច​ដែល​ប្រជាជន​របស់​អាលម៉ា​បាន​ធ្វើ​ផងដែរ ។ ដូច្នេះ​អ្នកទាំងឡាយ​ណា « ដែល​មាន​បំណង​ចង់​លើក​យក​ព្រះនាម​ព្រះគ្រីស្ទ​មក​ដាក់​លើ​ខ្លួន » បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក « ហើយ​ពួកគេ​ត្រូវ​បាន​ហៅ​ថា រាស្ត្រ​នៃ​ព្រះ » ( ម៉ូសាយ ២៥:២៣–២៤ ) ។ បន្ទាប់​ពី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៃ​ជម្លោះ និង​សេវកភាព វា​ហាក់​ដូចជា​ពួកសាសន៍​នីហ្វៃ​នឹង​មាន​គ្រា​នៃ​ភាពសុខសាន្ដ​ដ៏​រីករាយ​មួយ​នៅ​ទីបំផុត ។

ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ពួក​អ្នក​មិន​ជឿ​បាន​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​ពួក​បរិសុទ្ធ ។ អ្វី​ដែល​ធ្វើ​ឲ្យ​កាន់តែ​ឈឺចាប់​ជា​ពិសេស​នោះ​គឺ​ថា ពួក​អ្នក​ពុំ​ជឿ​ទាំង​នេះ​ជាច្រើន​រូប​គឺ​ជា​កូន​ចៅ​បង្កើត​របស់​ពួក​អ្នក​ជឿ—ជា « ជំនាន់​ដែល​កំពុង​ពេញ​វ័យ » ( ម៉ូសាយ ២៦:១ ) រួមទាំង​ពួកបុត្រា​របស់​ស្ដេច​ម៉ូសាយ និង​កូន​ប្រុស​ម្នាក់​របស់​អាលម៉ា​ផងដែរ ។ ដំណើរ​រឿង​នេះ​ប្រាប់ពី​ការយាង​មក​ជួប​ដ៏​អស្ចារ្យ​របស់​ទេវតា​មួយ​អង្គ ។ ប៉ុន្តែ​អព្ភូតហេតុ​ពិត​នៃ​រឿង​នេះ មិនមែន​គ្រាន់តែ​អំពី​ទេវតា​ដែល​បាន​បង្ហាញ​ព្រះកាយ​ដល់​កូនប្រុស​ដែល​វង្វេងផ្លូវ​នោះ​ទេ ។ ការប្រែចិត្ត​ជឿ​គឺ​ជា​អព្ភូតហេតុ​មួយ​ដែល​ចាំបាច់​ត្រូវ​កើត​មាន​ឡើង​ចំពោះ​យើង​គ្រប់គ្នា ទោះ​តាម​របៀបណា​ក៏​ដោយ ។

គំនិត​សម្រាប់​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

ម៉ូសាយ ២៦:១–៦

ខ្ញុំ​អាច​ជួយ​អ្នកដទៃ​ឲ្យ​មករក​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។

ការប្រែចិត្ត​ជឿ​គឺជា​រឿង​ផ្ទាល់ខ្លួន—វា​មិន​អាច​ផ្ទេរ​ដូច​ជា​មរតក​ទៅដល់​កូន​ចៅ​របស់​ខ្លួន​បានឡើយ ។ នៅពេល​បងប្អូន​អាន ម៉ូសាយ ២៦:១–៦ សូម​ជញ្ជឹងគិត​ពី​មូលហេតុ​ដែល​អាច​នាំឲ្យ « ជំនាន់​ដែល​កំពុង​ពេញវ័យ » ឃ្លាត​ឆ្ងាយ​ពី​សាសនាចក្រ ហើយ​កត់សម្គាល់​ពី​លទ្ធផល​នៃ​ការ​គ្មាន​ជំនឿ​របស់​ពួកគេ ។ បងប្អូន​អាច​នឹង​គិត​ផងដែរ​អំពី​មនុស្ស​ដែល​បងប្អូន​ប្រាថ្នា​ចង់​នាំ​ពួកគេ​មករក​ព្រះគ្រីស្ទ ។ តាមរយៈ​ការសិក្សា​របស់​បងប្អូន​ពី ម៉ូសាយ ២៥–២៨ ព្រះវិញ្ញាណ​អាច​ខ្សឹបប្រាប់​ពី​អ្វីៗ​ដែល​បងប្អូន​អាច​ធ្វើ​បាន ដើម្បី​ជួយ​ពួកគេ​ឲ្យ​អភិវឌ្ឍ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ម៉ូសាយ ២៦:៦–៣៩

ពួកអ្នក​បម្រើ​ស្មោះត្រង់​របស់​ព្រះ​ព្យាយាម​ធ្វើ​តាម​ព្រះទ័យ​របស់​ទ្រង់ ។

ពេលខ្លះ​យើង​ប្រហែល​ជា​គិត​ថា ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ​ដូច​ជា​អាលម៉ា តែងតែ​ដឹង​ច្បាស់​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ។ នៅក្នុង ម៉ូសាយ ២៦ យើង​បាន​អាន​អំពី​បញ្ហា​មួយ​នៅក្នុង​សាសនាចក្រ ដែល​អាលម៉ា​មិន​ធ្លាប់​បាន​ជួប​ពីមុន​សោះ​ឡើយ ។ តើ​អាលម៉ា​បាន​ធ្វើ​អ្វីខ្លះ​នៅក្នុង​ស្ថានភាព​នេះ ? ( សូមមើល ម៉ូសាយ ២៦:១៣–១៤, ៣៣–៣៤, ៣៨–៣៩ ) ។ តើ​បទពិសោធន៍​របស់​អាលម៉ា​ផ្ដល់​ជា​យោបល់​អ្វីខ្លះ អំពី​របៀប​ដែល​បងប្អូន​អាច​ដោះស្រាយ​បញ្ហា​លំបាកៗ​នៅក្នុង​គ្រួសារ​របស់​បងប្អូន ឬ​ក្នុង​ការបម្រើ​ក្នុង​សាសនាចក្រ​របស់​បងប្អូន ?

តើ​ព្រះអម្ចាស់​បង្រៀន​អ្វីខ្លះ​ដល់​អាលម៉ា​នៅក្នុង ម៉ូសាយ ២៦:១៥–៣២ ? សូម​កត់សម្គាល់​ថា ចម្លើយ​មួយចំនួន​របស់​ព្រះអម្ចាស់​​ពុំ​មែន​ជា​ចម្លើយ​ចំៗ​ទៅ​នឹង​សំណួរ​របស់​អាលម៉ា​នោះទេ ។ តើ​ការណ៍នេះ​ផ្ដល់​យោបល់​អ្វីខ្លះ​អំពី​ការអធិស្ឋាន និង​ការទទួល​វិវរណៈ​ផ្ទាល់ខ្លួន ?

គោលការណ៍​ទាំងឡាយ​គឺ​អស់កល្ប​ជានិច្ច ។ សូម​ពិចារណា​អំពី​របៀប​ដែល​ដំណើររឿង និង​ការ​បង្រៀន​ក្នុង​ព្រះគម្ពីរ​ទាំងឡាយ​អាច​អនុវត្ត​បាន​ក្នុង​ជីវិត​របស់​បងប្អូន ។ ឧទាហរណ៍ បងប្អូន​អាច​សួរ​ខ្លួន​ឯង​ថា « តើ​ខ្ញុំ​បាន​មាន​បទពិសោធន៍​អ្វី​ខ្លះ​ដែលដូចជា​អាលម៉ា ? » ឬ « តើ​សេចក្តីពិត​អ្វីខ្លះ​ដែល​អាលម៉ា​បាន​បង្រៀន​ដែល​អាច​ជួយ​ខ្ញុំ​បាន ? »

ម៉ូសាយ ២៦:១៥–៣១

ព្រះ​បាន​អត់ទោស​ឲ្យ​ខ្ញុំ​ដោយ​សេរី នៅពេល​ខ្ញុំ​ប្រែចិត្ត ហើយ​អត់ទោស​ឲ្យ​អ្នក​ដទៃ ។

ការប្រែចិត្ត និង​ការអភ័យទោស គឺជា​ប្រធានបទ​ដែល​កើត​ឡើង​ដដែលៗ​នៅក្នុង ម៉ូសាយ ២៦–២៧ ។ សូម​រកមើល​ពាក្យ និង​ឃ្លា​ដែល​បង្រៀន​អំពី​ការប្រែចិត្ត និង​ការអភ័យទោស​នៅក្នុង ម៉ូសាយ ២៦:២២–២៤, ២៩–៣១; ២៧:២៣–៣៧ ។

មនុស្ស​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា តើ​ព្រះ​ពិត​ជា​អត់ទោស​ឲ្យ​ពួក​គេ​មែន​ឬ​អត់ ។ តើ​បងប្អូន​ស្រមៃ​ថា អាលម៉ា​ជា​ឪពុក​នឹង​ផ្តល់​ការប្រឹក្សា​ដល់​សមាជិក​សាសនាចក្រ​នៅ​សារ៉ាហិមឡា​ដែល​មាន​កង្វល់​នោះ​ដោយ​របៀប​ណា ? តើ​អាលម៉ា​បាន​រៀន​អ្វី​មកពី​ព្រះអម្ចាស់​នៅក្នុង ម៉ូសាយ ២៦:១៥–៣១ ដែល​អាច​ជួយ​ដល់​សមាជិក​សាសនាចក្រ​រូបនេះ ? ( សូមមើល​ផងដែរ មរ៉ូណៃ ៦:៨; គោលលទ្ធិ និង សេចក្តី​សញ្ញា ១៩:១៦–១៨; ៥៨:៤២–៤៣ ) ។

ម៉ូសាយ ២៧:៨–៣៧; ២៨:១–៤

រូបតំណាង​ថ្នាក់​សិក្ខាសាលា
តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​អាច​ផ្លាស់ប្តូរ​បាន​កាន់តែ​ប្រសើរ​ឡើង ។

ច្បាស់​ណាស់​ថា អាលម៉ា​ជាកូន​ត្រូវ​កើត​ជា​ថ្មី​ខាង​វិញ្ញាណ ។ លោក និង​ពួកបុត្រា​នៃ​ម៉ូសាយ​គឺជា « មនុស្ស​អាក្រក់​បំផុត​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​បាប​ទាំង​ឡាយ » ( ម៉ូសាយ ២៨:៤ ) ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការប្រែចិត្ត​ជឿ​របស់​លោក អាលម៉ា​បាន​ថ្លែង​ទីបន្ទាល់​ថា ការប្រែចិត្ត​ជឿ​គឺ—ចាំបាច់—សម្រាប់​មនុស្ស​គ្រប់​រូប ៖ លោក​និយាយ​ថា « មនុស្ស​លោក ទាំងអស់ … ត្រូវ​តែ​កើត​ម្ដងទៀត » ( ម៉ូសាយ ២៧:២៥ បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។

នៅពេល​បងប្អូន​អាន​អំពី​បទពិសោធន៍​របស់​អាលម៉ា ដែល​មាន​នៅក្នុង ម៉ូសាយ ២៧:៨–៣៧ បងប្អូន​អាច​ព្យាយាម​ពិចារណា​ដាក់​ខ្លួន​ឯង​នៅក្នុង​ដំណើររឿង​របស់​លោក ។ តើ​បងប្អូន​អាច​គិត​ពី​អ្វី​អំពី​ខ្លួនឯង​ដែល​ត្រូវ​ផ្លាស់ប្តូរ​ដែរ​ឬ​ទេ ? តើ​នរណា ដូចជា​ឪពុក​របស់​អាលម៉ា ដែល​អាច​អធិស្ឋាន​សម្រាប់​បងប្អូន « ដោយ​សេចក្ដីជំនឿ​ដ៏​ច្រើន​នោះ » ? តើ​មាន​បទពិសោធន៍​អ្វីខ្លះ​បាន​ជួយ « បរិវត្ត [ បងប្អូន ] អំពី​ព្រះចេស្ដា និង​សិទ្ធិអំណាច​នៃ​ព្រះ » ? ( ម៉ូសាយ ២៧:១៤ ) ។ តើ « ការណ៍​ដ៏​ធំ​ក្រៃលែង » ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ដើម្បី​បងប្អូន ឬ​គ្រួសារ​របស់​បងប្អូន ដែល​បងប្អូន​គួរ​តែ « ចងចាំ » មាន​អ្វីខ្លះ ? ( ម៉ូសាយ ២៧:១៦ ) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​មក​ពី​ពាក្យ​សម្ដី និង​សកម្មភាព​របស់​អាលម៉ា​ជា​កូន អំពី​អត្ថន័យ​នៃ​ការកើត​ជា​ថ្មី ? តើ​ឧទាហរណ៍​អ្វីខ្លះ​ដែល​បងប្អូន​បានឃើញ ?

សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​កត់ត្រា​នូវ​របៀប​មួយ​ចំនួន​ដែល​ព្រះអង្គ​សង្គ្រោះ​កំពុង​ជួយ​បងប្អូន​ឲ្យ​ផ្លាស់ប្តូរ—ឬ​កើត​ជា​ថ្មី—ទោះបីជា​បទពិសោធន៍​របស់​បងប្អូន​មិន​សូវ​អស្ចារ្យ ឬ​ភ្លាមៗ​ដូច​អាលម៉ា​ក៏ដោយ ។ តើ​មាន​ទំនុក​តម្កើង​ណា​ដែល​បងប្អូន​អាច​ច្រៀង ឬ​ស្តាប់ ដែល​បង្ហាញ​ពី​អារម្មណ៍​របស់​បងប្អូន ដូចជា​បទ « ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ » ? ( ទំនុកតម្កើង ល.រ. ១១៥ ) ។ តើ​នរណា​ខ្លះ​អាច​ទទួល​បាន​អត្ថប្រយោជន៍​មកពី​ការស្តាប់​បទពិសោធន៍​របស់​បងប្អូន ?

អែលឌើរ ដេវីឌ អេ បែដណា បាន​ប្រៀបធៀប​ការកើត​ជា​ថ្មី​ទៅ​នឹង​ដំណើរការ​នៃ​ការយក​ត្រសក់​ទៅធ្វើ​ជា​ត្រសក់​ជ្រក់ ( សូមមើល « Ye Must Be Born Again » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១៩–២២ ) ។ តើ​ការប្រៀបធៀប​នេះ​បង្រៀន​បងប្អូន​អ្វី​ខ្លះ​អំពី​ការប្រែចិត្ត​ជឿ ?

សូមមើល​ផងដែរ Gospel Topics « Become like Jesus Christ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ; « Alma Testifies He Has Been Born of God » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

3:9

អាលម៉ាថ្លែងទីបន្ទាល់ថា លោកបានកើតមកពីព្រះ ម៉ូសាយ ២៧, អាលម៉ា ៣៦

អាលម៉ាតូចដឹងខ្លូនឡើង ហើយប្រាប់គ្រួសាររបស់លោកថា ព្រះអង្គសង្រ្គោះ ព្រះយេស៊ូវគ្រីស្ទបានដកយកអំពើបាបរបស់លោក ។ លោកត្រូវបានកើតសារជាថ្មីម្តងទៀត ។ អាលម៉ាតូចចាប់ផ្តើមបង្រៀនប្រជាជនអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងចែកចាយបទពិសោធន៍លោក ។

ម៉ូសាយ ២៧:៨–២៤

ព្រះ​ស្ដាប់​ឮ​ការ​អធិស្ឋាន​របស់​ខ្ញុំ ហើយ​ទ្រង់​នឹង​ឆ្លើយតប​ការអធិស្ឋាន​ទាំងនោះ​ស្របតាម​ព្រះទ័យ និង​ពេលវេលា​របស់​ទ្រង់ ។

ប្រហែល​ជា​បងប្អូន​បាន​ស្ថិត​ក្នុង​ស្ថានភាព​របស់​អាលម៉ា​ជា​ឪពុក ដែល​មាន​សមាជិក​គ្រួសារ​កំពុងធ្វើ​ការជ្រើសរើស​ដែល​នាំ​ឲ្យ​មហន្តរាយ ។ តើ​បងប្អូន​រក​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង ម៉ូសាយ ២៧:៨–២៤ ដែល​ផ្ដល់​សេចក្ដីសង្ឃឹម​ដល់​បងប្អូន ? តើ​ខគម្ពីរ​ទាំងនេះ​អាច​មាន​ឥទ្ធិពល​មក​លើ​ការ​អធិស្ឋាន​របស់​បងប្អូន​ជំនួស​ឲ្យ​អ្នកដទៃ​យ៉ាង​ដូចម្ដេច ?

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

ម៉ូសាយ ២៦:៣០–៣១

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​អភ័យទោស ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​រកឃើញ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អាលម៉ា អំពី​ការអភ័យទោស បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន ម៉ូសាយ ២៦:២៩–៣១ ហើយ​រាប់​ចំនួន​ដង​ដែល​ពាក្យ « អភ័យទោស » បង្ហាញឡើង ។ តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​ការអភ័យទោស​ឲ្យ​អ្នក​ដទៃ ? ( សូមមើល​ផងដែរ​បទ « បិតា​សូម​ជួយ​កូន » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥២ ) ។

  • ដើម្បី​គូស​បញ្ជាក់​ពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ការអភ័យទោស បងប្អូន​អាច​បង្ហាញ​រូបភាព​ទ្រង់​នៅលើ​ឈើឆ្កាង​បាន ហើយ​អាន​ជាមួយ​គ្នា​ក្នុង លូកា ២៣:៣៣–៣៤ ។ តើ​ព្រះយេស៊ូវ​បាន​ទូល​សូម​ព្រះវរបិតាសួគ៌​ឲ្យ​ធ្វើ​អ្វី​សម្រាប់​អ្នក​ដែល​ឆ្កាង​ទ្រង់​នៅលើ​ឈើឆ្កាង ? បន្ទាប់ពី​ការពិភាក្សា​នេះ កូនៗ​របស់​បងប្អូន​អាច​សម្តែង​ធ្វើ​ជា​អភ័យទោស​ឲ្យ​គ្នា​ទៅវិញ​ទៅមក​បាន ។

  • ពេលខ្លះ​វា​ពិបាក​នឹង​អត់ទោស​ឲ្យ​ខ្លួន​ឯង នៅពេល​យើង​ធ្វើ​ខុស ។ តើ​ព្រះ​បន្ទូល​របស់​ព្រះ​ទៅកាន់​អាលម៉ា​អាច​ជួយ​បាន​យ៉ាង​ដូចម្ដេច ? កូនៗ​របស់​បងប្អូន​អាច​សម្តែង​ថា ពួកគេ​កំពុង​និយាយ​ជាមួយនឹង​អ្នក​ដែល​គិត​ថា ព្រះ​នឹង​មិន​អភ័យទោស​ឲ្យ​ពួកគេ​ទេ ។ សូម​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​ស្វែងរក​អ្វី​មួយ​នៅក្នុង ម៉ូសាយ ២៦:២២–២៣, ២៩–៣០ ដែល​អាច​ជួយ​ដល់​បុគ្គល​នោះ​បាន ។

ម៉ូសាយ ២៧:៨–៣៧

ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​ខ្ញុំ​ឲ្យក្លាយ​កាន់តែ​ដូច​ទ្រង់ ។

  • ការប្រែចិត្ត​ជឿ​របស់​អាលម៉ា​ជា​កូន និង​ពួក​បុត្រា​របស់​ម៉ូសាយ​អាច​បង្ហាញ​កូនៗ​របស់​បងប្អូន​ថា ដោយ​មាន​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ នោះ​មនុស្ស​គ្រប់​គ្នា​អាច​ផ្លាស់ប្ដូរ​បាន ។ បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​ប្រើ​គំនូរ​នៅក្នុង​មេរៀន​នេះ នៅ​លើ​ទំព័រ​សកម្មភាព​ប្រចាំ​សប្តាហ៍​នេះ និង​បទគម្ពីរ​គន្លឹះ​ពីរបី​មកពី ម៉ូសាយ ២៧:៨–៣៧ ដើម្បី​ប្រាប់​ពី​ដំណើររឿង​នេះ ( សូមមើល​ផងដែរ « ជំពូកទី ១៨ ៖ អាលម៉ា​ជា​កូន​ប្រែចិត្ត » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​មរមន ទំព័រ ៤៩–៥២ ) ។ សូម​ផ្តោត​យកចិត្ត​ទុកដាក់​ជាពិសេស​លើ​ខទី ២៤ ដើម្បី​បង្រៀន​ថា អាលម៉ា​បាន​ប្រែចិត្ត ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជួយ​លោក​ឲ្យ​ផ្លាស់ប្តូរ ។ សូម​ទុក​ឲ្យ​កូនៗ​របស់​បងប្អូន​សម្តែង​តាម​ដំណើររឿង​នេះ ប្រសិនបើ​ពួកគេ​ចូលចិត្ត ។

អាលម៉ា​ជា​កូន​ត្រូវ​បាន​គេ​សែង​ទៅ​ផ្ទះ​របស់​ឪពុក​លោក

His Father Rejoiced [ ឪពុក​របស់​លោក​បាន​រីករាយ ] ដោយ វ៉លធើរ រ៉េន

ម៉ូសាយ ២៧:៨–២៤

ខ្ញុំ​អាច​អធិស្ឋាន និង​តម​អាហារ​ដើម្បី​ឲ្យ​ព្រះ​ប្រទាន​ពរ​ដល់​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​បាន ។

  • សូម​អាន​ជាមួយ​គ្នា​ក្នុង ម៉ូសាយ ២៧:៨–២៤ ហើយ​សុំ​ឲ្យ​កូនៗ​របស់​បងប្អូន​ស្វែងយល់​ពី​អ្វី​ដែល​អាលម៉ា និង​ប្រជាជន​របស់​លោក​បានធ្វើ​ដើម្បី​ជួយ​អាលម៉ា​ជា​កូន ។ តើ​បងប្អូន​ធ្លាប់​តម​អាហារ ហើយ​អធិស្ឋាន​សម្រាប់​នរណា​ម្នាក់​ដែរ​ឬ​ទេ ? សូម​ចែកចាយ​បទពិសោធន៍​របស់​បងប្អូន​ជាមួយ​កូនៗ​របស់​បងប្អូន ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។

  • តើ​បងប្អូន ឬ​កូនៗ​របស់​បងប្អូន​ស្គាល់​នរណា​ម្នាក់​ដែល​ត្រូវការ​ជំនួយ​ពី​ព្រះ​ដែរ​ឬ​ទេ ? យោងតាម​គំរូ​របស់​អាលម៉ា ប្រហែល​ជា​បងប្អូន​អាច​អធិស្ឋាន​ជាមួយ​គ្នា​សម្រាប់​បុគ្គល​រូប​នោះ ហើយ​ប្រសិនបើ​កូនៗ​របស់​បងប្អូន​អាច​ធ្វើ​បាន សូមតមអាហារ​សម្រាប់​ពួកគេ​ផងដែរ ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ទេវតា​បាន​បង្ហាញ​កាយ​ដល់​អាលម៉ា​ជា​កូន

រូបភាព​នៃ​ទេវតា​មួយ​អង្គ​បាន​បង្ហាញ​កាយ​ដល់​អាលម៉ា​ជា​កូន ដោយ ខេវិន ឃីល