« ថ្ងៃទី ៣–៩ ខែ មិថុនា ៖ ‹ ពួកគេមានចិត្តខ្ជាប់ខ្ជួន ហើយមុតមាំ › ។ ម៉ូសាយ ២៩–អាលម៉ា ៤ » ចូរមកតាមខ្ញុំ–សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
« ថ្ងៃទី ៣–៩ ខែ មិថុនា ។ ម៉ូសាយ ២៩–អាលម៉ា ៤ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
ថ្ងៃទី ៣–៩ ខែ មិថុនា ៖ « ពួកគេមានចិត្តខ្ជាប់ខ្ជួន ហើយមុតមាំ »
ម៉ូសាយ ២៩–អាលម៉ា ៤
បងប្អូនមួយចំនួនអាចមើលឃើញសំណើសុំរបស់ស្ដេចម៉ូសាយដើម្បីឲ្យដាក់មេចៅក្រមដែលបានរើសតាំងមកជំនួសស្ដេចវិញ ថាជាការផ្លាស់ប្ដូរទម្រង់ខាងនយោបាយដ៏ឆ្លាតវៃ ។ ប៉ុន្តែចំពោះពួកសាសន៍នីហ្វៃវិញ ជាពិសេសអស់អ្នកដែលរស់នៅក្រោមស្ដេចណូអេដ៏ទុច្ចរិត ការផ្លាស់ប្ដូរនេះក៏មានសារៈសំខាន់ខាងវិញ្ញាណផងដែរ ។ ពួកគេបានឃើញពីរបៀបដែលស្តេចដ៏ទុច្ចរិតបានជះឥទ្ធិពលដល់រាស្ដ្ររបស់ទ្រង់ ហើយពួកគេ « មានចិត្តរសាប់រសល់ជាខ្លាំង » ដើម្បីបានរួចផុតពីឥទ្ធិពលបែបនេះ ។ ការផ្លាស់ប្ដូរនេះនឹងអនុញ្ញាតឲ្យពួកគេទទួលខុសត្រូវចំពោះសេចក្ដីសុចរិតផ្ទាល់ខ្លួន និង « ទទួលខុសត្រូវចំពោះអំពើបាប [ របស់ខ្លួនពួកគេ ] ផ្ទាល់ » ( ម៉ូសាយ ២៩:៣៨ ) ។
ប្រាកដណាស់ នៅចុងបញ្ចប់នៃរជ្ជកាលរបស់ស្ដេចទាំងឡាយ ពុំមែនមានន័យថាជាចុងបញ្ចប់នៃបញ្ហាទាំងឡាយដែលមាននៅក្នុងសង្គមរបស់ពួកសាសន៍នីហ្វៃនោះទេ ។ មនុស្សដែលមានឧបាយកលដូចជានីហូរ និងអាំលីសៃ បានណែនាំឲ្យមានគំនិតខុសឆ្គង អ្នកដែលពុំជឿបានធ្វើទុក្ខបៀតបៀនដល់ពួកបរិសុទ្ធ ហើយសមាជិកសាសនាចក្រជាច្រើនបានក្លាយជាមានភាពឆ្មើងឆ្មៃ ហើយបានធ្លាក់ចុះ ។ ប៉ុន្តែ « ពួកជនដែលបន្ទាបខ្លួនដើរតាមព្រះ » បន្ដមាន « ចិត្តខ្ជាប់ខ្ជួន ហើយមុតមាំ » ទោះជាមានរឿងអ្វីបានកើតឡើងនៅជុំវិញពួកគេក្ដី ( អាលម៉ា ៤:១៥; ១:២៥ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
ខ្ញុំអាចធ្វើជាឥទ្ធិពលវិជ្ជមានមួយនៅក្នុងសហគមន៍របស់ខ្ញុំបាន ។
ក្នុងរយៈពេលតែប្រាំឆ្នាំនៃរជ្ជកាលនៃពួកចៅក្រមប៉ុណ្ណោះ នោះបានកើតមានវិបត្តិមួយឡើង ដែលនឹងសាកល្បងដល់សេចក្ដីប្រកាសរបស់ស្តេចម៉ូសាយថា ជាធម្មតា សំឡេងប្រជាជននឹងជ្រើសរើសអ្វីដែលត្រឹមត្រូវ ( សូមមើល ម៉ូសាយ ២៩:២៦ ) ។ សូមសិក្សា អាលម៉ា ២:១–៧ ដើម្បីស្វែងយល់ពីបញ្ហានេះ និងអ្វីដែលពួកសាសន៍នីហ្វៃបានធ្វើអំពីរឿងនេះ ។ តើមានអ្វីកើតឡើងប្រសិនបើ « ប្រជាជននៃសាសនាចក្រ » មិនបានបញ្ចេញមតិនោះទេ ? តើបងប្អូនបានរៀនអ្វីទៀតចេញពីដំណើររឿងនេះ អំពីរបៀបដែលព្រះអម្ចាស់ចង់ឲ្យបងប្អូនចូលរួមនៅក្នុងសហគមន៍របស់បងប្អូន ? ( សូមមើលផងដែរ សូមមើល ម៉ូសាយ ២៩:២៦–២៧ ) ។
តើបញ្ហាសំខាន់អ្វីខ្លះដែលសហគមន៍របស់បងប្អូនកំពុងប្រឈមមុខ ? ដូចជាពួកសាសន៍នីហ្វៃដែរ សូមពិចារណាពីរបៀបដែលបងប្អូនអាចធ្វើឲ្យប្រាកដថា សំឡេងរបស់បងប្អូនត្រូវបានរាប់បញ្ចូលនៅក្នុង « សំឡេងប្រជាជន » ។ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ តើបងប្អូនអាចមានឥទ្ធិពលល្អទៅលើសហគមន៍របស់បងប្អូនតាមរបៀបណាទៀត ?
សូមមើលផងដែរ ដាល្លិន អេក អូក « Love Your Enemies » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ២៦–២៩ ។
ព្រះបន្ទូលនៃព្រះអាចជួយខ្ញុំឲ្យស្គាល់គោលលទ្ធិក្លែងក្លាយបាន ។
ទោះជានៅទីបំផុត នីហូរ បានសារភាពថា អ្វីដែលគាត់បានបង្រៀនខុសឆ្គងក្ដី ក៏ការបង្រៀនរបស់គាត់បន្ដមានឥទ្ធិពលទៅលើពួកសាសន៍នីហ្វៃអស់ជាច្រើនឆ្នាំផងដែរ ។ ហេតុអ្វីបងប្អូនគិតថា ប្រជាជនចូលចិត្តអ្វីដែលនីហូរបានបង្រៀន ? នៅក្នុង អាលម៉ា ១:២–៦ សូមរកមើលពាក្យកុហកនៅក្នុងការបង្រៀនរបស់ នីហូរ—និងសេចក្តីពិតដែលគាត់បានប្រើដើម្បីលាក់ការកុហកទាំងនោះ ។
គេឌាន បានទប់ទល់នឹងនីហូរ « ដោយព្រះបន្ទូលនៃព្រះ » ( អាលម៉ា ១:៧, ៩ ) ។ ទាំងនេះគឺជាខគម្ពីរមួយចំនួនដែលបដិសេធការមិនពិតរបស់នីហូរ ៖ ម៉ាថាយ ៧:២១–២៣; នីហ្វៃទី២ ២៦:២៩–៣១; ម៉ូសាយ ១៨:២៤–២៦ និង ហេលេមិន ១២:២៥–២៦ ។ សូមព្យាយាមសង្ខេបវគ្គបទគម្ពីរនីមួយៗ ។ តើបងប្អូនបានរៀនអ្វីខ្លះមកពីព្យាការីដែលនៅរស់ ដែលបដិសេធការបង្រៀនខុសឆ្គងនៅក្នុងសម័យរបស់យើង ?
សិស្សពិតប្រាកដរបស់ព្រះយេស៊ូវគ្រីស្ទគឺជា « ពួកជនដែលបន្ទាបខ្លួនដើរតាមព្រះ » ។
ជំពូកទី ១ និង ៤ នៃគម្ពីរអាលម៉ា បានពិពណ៌នាអំពីគ្រាទាំងឡាយនៅពេលដែលសាសនាចក្របានរីកចម្រើន ប៉ុន្តែសមាជិកសាសនាចក្របានឆ្លើយតបចំពោះភាពរីកចម្រើននោះខុសៗគ្នា ។ ឧទាហរណ៍ សូមប្រៀបធៀប អាលម៉ា ១:១៩–៣០ ជាមួយនឹង អាលម៉ា ៤:៦–១៥ ដើម្បីមើលពីរបៀបដែលសមាជិកសាសនាចក្របានផ្លាស់ប្តូរនៅក្នុងរយៈពេលតែពីរបីឆ្នាំប៉ុណ្ណោះ ។ ដោយផ្អែកលើអ្វីដែលបងប្អូនបានអាន តើជនដែលដើរតាមព្រះយេស៊ូវគ្រីស្ទពិតប្រាកដ មានអារម្មណ៍យ៉ាងណាចំពោះជនដែលមានជំនឿផ្សេងៗទៀត ? តើជនដែលដើរតាមព្រះគ្រីស្ទពិតប្រាកដមានអាកប្បកិរិយាយ៉ាងណាចំពោះទ្រព្យសម្បត្តិ និងភាពរីកចម្រើន ? តើបងប្អូនទទួលអារម្មណ៍បំផុសគំនិតឲ្យផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងអាកប្បកិរិយារបស់បងប្អូនផ្ទាល់ ?
គំរូ និងទីបន្ទាល់របស់ខ្ញុំអាចផ្លាស់ប្តូរដួងចិត្តបាន ។
ប្រហែលជាបងប្អូនអាចយល់ពីភាពសោកសៅដែលអាលម៉ាមាន នៅពេលលោកបានឃើញអ្វីដែលកំពុងកើតឡើងក្នុងចំណោមប្រជាជនរបស់លោក ។ សូមរកមើលបញ្ហាទាំងឡាយដែលលោកបានមើលឃើញនៅក្នុង អាលម៉ា ៤:៦–១៥ ។ តើបងប្អូនមានបានសង្កេតឃើញបញ្ហាស្រដៀងគ្នាណាមួយដែរឬទេ ? ប្រហែលជាបងប្អូនបារម្ភពីមនុស្សជាទីស្រឡាញ់ម្នាក់ដែលពុះពារជាមួយនឹងបញ្ហាទាំងនេះ ។ តើបងប្អូនធ្លាប់ឆ្ងល់ទេថា តើបងប្អូនអាចជួយអ្វីបានដែរឬទេ ?
អ្នកខ្លះអាចនិយាយថា ក្នុងនាមជាមេចៅក្រម អាលម៉ាគឺជាបុគ្គលដ៏ត្រឹមត្រូវបំផុតដើម្បីដោះស្រាយបញ្ហាទាំងនេះ ។ ប៉ុន្តែអាលម៉ាបានមានអារម្មណ៍ថាមានរបៀបមួយដែលល្អប្រសើរជាងនេះ ។ ពេលបងប្អូនអាន ខទី ១៦–២០ តើអ្វីដែលធ្វើឲ្យបងប្អូនចាប់អារម្មណ៍អំពីវិធីសាស្រ្តរបស់លោកក្នុងការជួយប្រជាជនរបស់លោក ?
អាលម៉ាមានសេចក្តីជំនឿដ៏មហិមាលើព្រះបន្ទូលរបស់ព្រះ និង « ទីបន្ទាល់ដ៏បរិសុទ្ធ » ( ខទី ១៩ ) ។ តើបងប្អូនបានឃើញគំរូនៃទីបន្ទាល់ដ៏បរិសុទ្ធដែលមានអានុភាពអ្វីខ្លះ ? នៅពេលបងប្អូនជញ្ជឹងគិតពីវិធីផ្សេងៗដែលបងប្អូនអាចចែកចាយទីបន្ទាល់របស់បងប្អូនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ នោះបងប្អូនអាចអានឡើងវិញនៅក្នុង អាលម៉ា ៤:៦–១៤ បាន ។ តើសកម្មភាពរបស់សមាជិកសាសនាចក្រនៅក្នុងខគម្ពីរទាំងនេះបង្ហាញអ្វីខ្លះ អំពីទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ ? តើបងប្អូនកត់សម្គាល់អ្វីខ្លះអំពីឥទ្ធិពលនៃសកម្មភាពរបស់ពួកគេ—លើខ្លួនពួកគេ និងលើអ្នកដទៃ ? បងប្អូនក៏អាចគិតផងដែរអំពីរបៀបដែលបងប្អូនទទួលបានពរដោយទីបន្ទាល់ដ៏បរិសុទ្ធរបស់អ្នកដទៃ មិនថាទីបន្ទាល់នោះចែកចាយតាមរយៈពាក្យសម្តី ឬតាមរយៈទង្វើនោះទេ ។
សូមគិតអំពីរបៀបដែលបងប្អូនអាចចែកចាយទីបន្ទាល់របស់បងប្អូនអំពីព្រះយេស៊ូវគ្រីស្ទ—តាមរយៈពាក្យសម្ដី ឬតាមរយៈទង្វើនានា ។ តើនរណានឹងទទួលប្រយោជន៍ពីសាក្សីរបស់បងប្អូន ?
សូមមើលផងដែរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន « ការថែទាំ និង ការថ្លែងទីបន្ទាល់របស់បងប្អូន » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ១១១–១៤; « Testimony » ទំនុកតម្កើង ល.រ. ៧៤; « Alma the Younger Steps Down as Chief Judge » ( វីដេអូ ) បណ្ណាល័យដំណឹងល្អ, Gospel Topics « Revelation » បណ្ណាល័យដំណឹងល្អ ។
គំនិតសម្រាប់បង្រៀនកុមារ
ព្រះអម្ចាស់អាចជួយខ្ញុំឲ្យដឹងពីការបង្រៀនខុសឆ្គងទាំងឡាយបាន ។
-
របៀបមួយដើម្បីសិក្សា អាលម៉ា ១:២–៤ ជាមួយកូនៗរបស់បងប្អូននោះគឺត្រូវជួយពួកគេឲ្យបង្កើតសំណួរខុស ឬត្រូវដោយប្រើសេចក្តីថ្លែងការណ៍ដែលបានបង្រៀនដោយ នីហូរ ដែលជាគ្រូបង្រៀនក្លែងក្លាយ ។ បន្ទាប់មក បងប្អូនអាចនិយាយជាមួយពួកគេអំពីមូលហេតុដែលសាតាំងបញ្ចូលសេចក្តីពិត និងការមិនពិតចូលគ្នា ។ សូមជួយកូនៗរបស់បងប្អូនឲ្យគិតអំពីគំរូមួយចំនួន ។ នៅក្នុង ខទី ៧–៩ តើគេឌានស៊ូទ្រាំនឹងការកុហករបស់នីហូរដោយរបៀបណា ? ( សូមមើលផងដែរ « ជំពូកទី ២០ ៖ អាលម៉ា និង នីហូរ » ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ៥៤–៥៥ ) ។
ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ខ្ញុំស្រឡាញ់ និងបម្រើអ្នកដទៃ ។
-
សមាជិកខ្លះនៃសាសនាចក្ររបស់ព្រះអម្ចាស់នៅជំនាន់របស់អាលម៉ា មានចិត្តសប្បុរស និងចែករំលែកគ្នា ហើយសមាជិកផ្សេងទៀតពុំមានចិត្តសប្បុរស និងមានចិត្តឆ្មើងឆ្មៃ ។ ដើម្បីជួយកូនៗរបស់បងប្អូនឲ្យរៀនពីបទពិសោធន៍ទាំងនេះ បងប្អូនអាចអានជាមួយគ្នាក្នុង អាលម៉ា ១:២៧, ៣០ បាន ហើយធ្វើបញ្ជីនៃប្រភេទមនុស្សដែលសមាជិកសាសនាចក្ររបស់ព្រះអម្ចាស់បានជួយដល់ពួកគេ ។ តើនរណាដែលយើងស្គាល់ដែលអាច « [ មាន ] ការខ្វះខាត » ( អាលម៉ា ១:៣០ ) នៃក្តីស្រឡាញ់ និងជំនួយរបស់យើង ? បងប្អូនក៏អាចច្រៀងជាមួយគ្នានូវបទចម្រៀងអំពីសេចក្តីស្រឡាញ់ និងការបម្រើផងដែរ ដូចជាបទ « ចិត្តល្អចាប់ផ្ដើមនឹងខ្ញុំ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨៣ ) ហើយជួយកូនៗឲ្យគិតពីទង្វើនានាដែលអាចទាក់ទងជាមួយនឹងបទចម្រៀងនេះ ។
-
តើយើងគួរធ្វើអ្វីខ្លះ នៅពេលមនុស្សមានចិត្តមិនល្អចំពោះយើង ? សូមពិចារណាអានជាមួយកូនៗរបស់បងប្អូនពីរបៀបដែលពួកអ្នកដើរតាមព្រះគ្រីស្ទត្រូវគេប្រព្រឹត្តដាក់ នៅក្នុង អាលម៉ា ១:១៩–២០ ។ សូមនិយាយអំពីរបៀបដែលពួកគេឆ្លើយតបនៅក្នុង ខទី ២២ និង ២៥ ។ ប្រហែលជាបងប្អូនអាចអនុវត្តរបៀបដើម្បីឆ្លើយតបនៅពេលអ្នកដទៃមានចិត្តមិនល្អបាន ។
ទីបន្ទាល់របស់ខ្ញុំអាចពង្រឹងមនុស្សដទៃបាន ។
-
ជារឿយៗ « ទីបន្ទាល់ដ៏បរិសុទ្ធ » ( អាលម៉ា ៤:១៩ ) របស់កុមារម្នាក់អាចមានឥទ្ធិពលខ្លាំងលើមនុស្សដទៃទៀតបាន ។ ដើម្បីជួយកូនៗរបស់បងប្អូនឲ្យស្វែងយល់ពីការណ៍នេះ បងប្អូនអាចអានជាមួយពួកគេក្នុង អាលម៉ា ៤:៨–១២, ១៥ ដែលជួយពួកគេឲ្យស្វែងយល់ពីបញ្ហានានាដែលបានកើតឡើងនៅក្នុងសាសនាចក្រ ។ តើអាលម៉ាអាចធ្វើអ្វីខ្លះដើម្បីដោះស្រាយបញ្ហាទាំងនេះ ? សូមជួយពួកគេស្វែងយល់ពីអ្វីដែលអាលម៉ាបានសម្រេចចិត្តធ្វើនៅក្នុង អាលម៉ា ៤:១៦–២០ ។ ប្រហែលជាបងប្អូនអាចចែកចាយជាមួយគ្នាពីរបៀបដែលទីបន្ទាល់របស់នរណាម្នាក់អំពីព្រះគ្រីស្ទបានពង្រឹងបងប្អូន ។
-
ប្រសិនបើកូនៗរបស់បងប្អូនត្រូវការគំរូពីអ្វីទៅជាទីបន្ទាល់ សូមពិចារណាបង្ហាញវីដេអូខ្លីៗពីអ្នកថ្លែងសុន្ទរកថានៅក្នុងសន្និសីទទូទៅដែលបានថ្លែងទីបន្ទាល់ ។ បងប្អូនក៏អាចប្រើប្រាស់ទំព័រសកម្មភាពសប្តាហ៍នេះ ឬច្រៀងជាមួយគ្នានូវបទដូចជា « ទីបន្ទាល់ » ( ទំនុកតម្កើង ល.រ. ៧៤ ) បានផងដែរ ។ តើយើងរៀនអ្វីខ្លះអំពីទីបន្ទាល់មកពីធនធានទាំងនេះ ? សូមឲ្យកូនៗរបស់បងប្អូនហាត់ចែកចាយនូវទីបន្ទាល់របស់ពួកគេ ។