ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១០–១៦ ខែ មិថុនា ៖ « តើ​អ្នករាល់គ្នា​បាន​ស្គាល់​ការផ្លាស់ប្ដូរ​ដ៏ធំ​នេះ​នៅក្នុង​ដួងចិត្ត​អ្នក​ហើយ​ឬ​នៅ ? » អាលម៉ា ៥–៧


« ថ្ងៃទី ១០–១៦ ខែ មិថុនា ៖ ‹ តើ​អ្នករាល់គ្នា​បាន​ស្គាល់​ការផ្លាស់ប្ដូរ​ដ៏ធំ​នេះ​នៅក្នុង​ដួងចិត្ត​អ្នក​ហើយ​ឬ​នៅ ? › អាលម៉ា ៥–៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

« ថ្ងៃទី ១០–១៦ ខែ មិថុនា ។ អាលម៉ា ៥–៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

អាលម៉ា​ជា​កូន​កំពុង​បង្រៀន​ពួកសាសន៍​សូរាំ

អាលម៉ា​ជា​កូន​កំពុង​បង្រៀន​ពួកសាសន៍​សូរាំ

ថ្ងៃទី ១០–១៦ ខែ មិថុនា ៖ « តើ​អ្នករាល់គ្នា​បាន​ស្គាល់​ការផ្លាស់ប្ដូរ​ដ៏ធំ​នេះ​នៅក្នុង​ដួងចិត្ត​អ្នក​ហើយ​ឬ​នៅ ? »

អាលម៉ា ៥–៧

អាលម៉ា​ពុំ​បាន​ដឹង​អំពី​ការវះកាត់​ផ្លាស់ប្ដូរ​បេះដូង​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត ដែល​ដាក់​បេះដូង​ល្អ​មក​ជំនួស​ឲ្យ​បេះដូង​ដែល​ខូច ឬ​មាន​ជំងឺ​បេះដូង​ដូច​ពេល​សព្វថ្ងៃ​នេះ​ទេ ។ ប៉ុន្តែ​លោក​ដឹង​អំពី « ការ​ផ្លាស់ប្ដូរ​ដួងចិត្ត » ប្រកប​ដោយ​អព្ភូតហេតុ​មួយ ( អាលម៉ា ៥:២៦ )—ជា​អព្ភូតហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​យើង​នូវ​ជីវិត​ខាង​វិញ្ញាណ​ថ្មី​មួយ ដូចជា​ត្រូវ​បាន « កើត​ជា​ថ្មី​ម្ដងទៀត » អ៊ីចឹង​ដែរ ( សូមមើល អាលម៉ា ៥:១៤, ៤៩ ) ។ អាលម៉ា​អាច​មើល​ឃើញ​ថា ការផ្លាស់ប្ដូរ​ដួងចិត្ត​នេះ​គឺ​ជា​អ្វី​ដែល​ពួក​សាសន៍​នីហ្វៃជា​ច្រើន​ត្រូវការ​យ៉ាង​ពិត​ប្រាកដ​ណាស់ ។ មនុស្ស​មួយចំនួន​ជា​អ្នក​មាន ហើយ​មួយ​ចំនួន​ទៀត​ជា​ជន​ក្រីក្រ ខ្លះ​មាន​អំនួត ហើយ​ខ្លះ​ទៀត​រាបសា ខ្លះ​ជា​អ្នក​បៀតបៀន​អ្នកដទៃ ហើយ​អ្នក​ខ្លះ​ទៀត​ជួប​ទុក្ខ​លំបាក​ដោយសារ​ការបៀតបៀន ( សូមមើល អាលម៉ា ៤:៦–១៥ ) ។ ប៉ុន្តែ​ពួកគេ​ទាំងអស់​គ្នា​ចាំបាច់​ត្រូវតែ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ទទួល​បាន​ការព្យាបាល—គឺ​ដូចជាយើង​ទាំងអស់​គ្នា​ក៏​ត្រូវការ​ដែរ ។ មិន​ថា​យើង​កំពុង​ព្យាយាម​យកឈ្នះ​លើ​អំនួត ឬ​ស៊ូទ្រាំ​រងទុក្ខ​នោះទេ សារលិខិត​របស់​អាលម៉ា​គឺ​ដូចគ្នា « ចូរមក​ចុះ ហើយ​ចូរ​កុំ​ខ្លាច​អី » ( អាលម៉ា ៧:១៥ ) ។ សូម​ទុក​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ផ្លាស់ប្ដូរ​ដួងចិត្ត​រឹងរូស មាន​អំពើបាប ឬ​ដំបៅ​ដួងចិត្ត​ឲ្យ​ទៅ​ជា​ដួងចិត្ត​រាបសា បរិសុទ្ធ ហើយ​ថ្មី​ចុះ ។

គំនិត​សម្រាប់​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

អាលម៉ា ៥:១៤–៣៣

ខ្ញុំ​ត្រូវតែ​ដកពិសោធន៍—និង​បន្ត​ទទួល​អារម្មណ៍​នៃ—ការផ្លាស់ប្តូរ​ដ៏​ធំ​នៅក្នុង​ដួងចិត្ត ។

ប្រធាន អិម រ័សុល បាឡឺដ បាន​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​ចាំបាច់​ត្រូវ​ចំណាយ​ពេល​ជា​ទៀងទាត់​ដើម្បី​សួរ​ខ្លួនឯង​ថា ‹ តើ​ខ្ញុំ​ធ្វើ​បាន​យ៉ាង​ម៉េច​ដែរ ? › … ជា​ការណែនាំ​ដល់​ខ្ញុំ​អំឡុង​ពេល​ពិនិត្យ​មើល​ខ្លួនឯង​ឡើង​វិញ​នោះ ខ្ញុំ​ចូលចិត្ត​អាន ហើយ​ពិចារណា​អំពី​ពាក្យ​ពេចន៍​ដែល​ត្រិះរិះ​ពិចារណា​អំពី​ខ្លួន​ឯង​ដែល​មាន​នៅក្នុង​អាលម៉ា​ជំពូក​ទី​ប្រាំ ( « Return and Receive » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៦៤ ) ។

សូម​ពិចារណា​អាន​នៅក្នុង អាលម៉ា ៥:១៤–៣៣ ប្រៀបដូចជា​បងប្អូន​កំពុង​សម្ភាស​ខ្លួន​ឯង ហើយ​ពិនិត្យ​មើល​ក្នុង​ដួងចិត្ត​របស់​បងប្អូន ។ បងប្អូន​អាច​ចង់​កត់ត្រា​ការឆ្លើយតប​របស់​បងប្អូន​ទៅ​នឹង​សំណួរ​ទាំងនេះ ។ តើ​បងប្អូន​បាន​រៀន​អ្វីខ្លះ​អំពី​ខ្លួន​ឯង ? តើ​បងប្អូន​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ដែល​ជាលទ្ធផល​នៃ​ការសម្ភាស​របស់​បងប្អូន ?

សូម​មើល​ផងដែរ ឌែល ជី រិនឡាន់ « Preserving the Heart’s Mighty Change » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទព័រ ៩៧–៩៩ ។

យុវនារី​អធិស្ឋាន​នៅជិត​គ្រែដេក

នៅពេល​យើង​ងាក​ទៅរក​ព្រះ យើង​អាច​ដក​ពិសោធន៍ « ការ​ផ្លាស់​ប្ដូរ​នៃ​ដួង​ចិត្ត » បាន ។

អាលម៉ា ៥:៤៤–៥១

ខ្ញុំ​អាច​ទទួល​បាន​សាក្សី​អំពី​ព្រះអង្គ​សង្គ្រោះ និង​ការបង្រៀន​របស់​ទ្រង់​ដោយ​ផ្ទាល់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

នៅក្នុង អាលម៉ា ៥ នៅពេល​អាលម៉ា​បាន​ពន្យល់​ពី​របៀប​ដែល​លោក​បាន​ទទួល​ទីបន្ទាល់​របស់​លោក​ពី​ព្រះអង្គ​សង្រ្គោះ លោក​ពុំបាន​លើកឡើង​ពី​បទពិសោធន៍​របស់​លោក​ជួប​នឹង​ទេវតា​នោះ​ទេ ( សូមមើល ម៉ូសាយ ២៧:១០–១៧ ) ។ តើ​អាលម៉ា​បាន​ស្គាល់​ពី​សេចក្តីពិត​សម្រាប់​ខ្លួនលោក​ដោយ​របៀប​ណា ? ប្រហែលជា​បងប្អូន​អាច​ប្រើ​អ្វី​ដែល​បងប្អូន​រកឃើញ​នៅក្នុង អាលម៉ា ៥:៤៤–៥១ ដើម្បី​សរសេរ « រូបមន្ត » សម្រាប់​ការទទួល​បាន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ការបង្រៀន​របស់​ទ្រង់ ។ តើ​អាលម៉ា​បាន​បញ្ចូល « គ្រឿងផ្សំ » ( សេចក្ដីពិត​នៃ​ដំណឹងល្អ ) និង « ការណែនាំ » ( អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ស្វែងរក​សេចក្តីពិត ) អ្វីខ្លះ ? តើ « គ្រឿងផ្សំ » និង « ការណែនាំ » អ្វីខ្លះ​ដែល​បងប្អូន​អាច​បន្ថែម​ចូល​ទៅក្នុង​រូបមន្ត​របស់​បងប្អូន ចេញពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​បងប្អូន ឬ​បទពិសោធន៍​ផ្សេងៗ​នៅក្នុង​ព្រះគម្ពីរ ?

អាលម៉ា ៧

« ខ្ញុំ​យល់​ថា អ្នក​រាល់​គ្នា​កំពុង​នៅ​លើ​ផ្លូវ​ទាំង​ឡាយ​នៃ​សេចក្ដី​សុចរិត » ។

ពេល​ខ្លះ​យើង​ដូចជា​ប្រជាជន​នៅ​សារ៉ាហិមឡា​ដែល​ត្រូវការ​ការអំពាវនាវ​ឲ្យ​ប្រែចិត្ត​ដែរ ( សូមមើល អាលម៉ា ៥:៣២ ) ។ ពេល​ខ្លះ​យើង​កាន់តែ​ដូច​ប្រជាជន​នៅ​គេឌាន ដែល​ព្យាយាម​ដើរ « នៅ​លើ​ផ្លូវ​ទាំង​ឡាយ​នៃ​សេចក្ដី​សុចរិត » ( អាលម៉ា ៧:១៩ ) ។ តើ​បងប្អូន​រកឃើញ​អ្វី​នៅក្នុង​សារលិខិត​របស់​អាលម៉ា​នៅ​គេឌាន ( នៅក្នុង អាលម៉ា ៧ ) ដែល​ស្រដៀង​គ្នា​ទៅនឹង​អ្វី​ដែល​លោក​មាន​ប្រសាសន៍​នៅ​សារ៉ាហិមឡា ( នៅក្នុង អាលម៉ា ៥ ) ? តើ​បងប្អូន​សម្គាល់​ឃើញ​មាន​ភាពខុសគ្នា​អ្វីខ្លះ ? សូម​រកមើល​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​ដែល​អាច​ជួយ​បងប្អូន​ឲ្យ​ស្ថិត « នៅ​លើ​ផ្លូវ​ដែល​នាំ​ទៅ​រក​នគរ​នៃ​ព្រះ » ( អាលម៉ា ៧:១៩ ) ។

អាលម៉ា ៧:៧–១៦

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះអង្គ​សង្គ្រោះ​បាន​លើក​ដាក់​មក​លើ​ព្រះអង្គ​ទ្រង់​នូវ​អំពើបាប ការឈឺចាប់ និង​ជំងឺ​របស់​ខ្ញុំ ។

តើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​ថា គ្មាន​នរណា​ម្នាក់​យល់​អំពី​បញ្ហា ឬ​ការលំបាក​របស់​បងប្អូន​ដែរឬទេ ? បើ​ធ្លាប់​មាន នោះ​សេចក្តីពិត​ដែល​អាលម៉ា​បាន​បង្រៀន​អាច​ជួយ​បាន ។ នៅពេល​បងប្អូន​អាន សូម​សញ្ជឹងគិត​ពី​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​គោលបំណង​នៃ​ពលិកម្ម​របស់​ព្រះអង្គ​សង្រ្គោះ ។ បងប្អូន​អាច​ធ្វើ​តារាង​មួយ​ដែល​មាន​ចំណងជើង​ថា អ្វី​ដែល​ព្រះអង្គ​សង្រ្គោះ​បាន​រង​ការឈឺចាប់ និង មូលហេតុ​ដែល​ទ្រង់​បាន​រង​ការឈឺចាប់ និង​សរសេរ​អ្វី​ដែល​បងប្អូន​រកឃើញ​នៅក្នុង អាលម៉ា ៧:៧–១៦ ( សូមមើល​ផងដែរ អេសាយ ៥៣:៣–៥ ) ។ តើ​បងប្អូន​អាច​គិតពី​ពេលវេលា​ជាក់លាក់​ដែល​ទ្រង់​បាន​រងការឈឺចាប់​សម្រាប់​អ្វីៗ​ទាំងនេះ​ដែរ​ឬ​ទេ ? នេះ​គឺជា​គំរូ​មួយ​ចំនួន​មកពី​ព្រះគម្ពីរ ៖ ម៉ាថាយ ៤:១–១៣; ២៦:៥៥–៥៦; ២៧:៣៩–៤៤; ម៉ាកុស ១៤:៤៣–៤៦; លូកា ៩:៥៨ ។ តើ​បងប្អូន​អាច​បន្ថែម​អ្វី​ទៅក្នុង​បញ្ជី​របស់​បងប្អូន​ចេញពី​ខគម្ពីរ​ទាំងនេះ​បាន​ដែរ​ឬ​ទេ ?

វា​ជា​រឿង​មួយ​ដែល​ត្រូវ​ជឿ​ថា ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ​ជំនួស​បងប្អូន ។ ប៉ុន្តែ តើ​ការរងទុក្ខ​របស់​ទ្រង់​ធ្វើ​ឲ្យ​មាន​ភាពខុស​គ្នា​យ៉ាង​ណា​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​បងប្អូន ? នេះ​គឺជា​រូបភាព​មួយ​ចំនួន​ដែល​បង្ហាញ​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ ឬ « គាំទ្រ » បងប្អូន​បាន ៖ អេណុស ១:៥–៦; ម៉ូសាយ ១៦:៧–៨; ២១:១៥; ២៤:១៤–១៥; នីហ្វៃ​ទី​៣ ១៧:៦–៧; អេធើរ ១២:២៧–២៩; គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១:៧–១០ ។ តើ​បងប្អូន​រៀន​បានអ្វី​ខ្លះ​មកពី​ខគម្ពីរ​ទាំងនេះ ? តើ​មាន​វិធី​អ្វី​ខ្លះ​ទៀត​ដែល​ទ្រង់​អាច​ជួយ​បងប្អូន​បាន ? តើ​នៅពេល​ណា​ដែល​បងប្អូន​បាន​ដកពិសោធន៍​ជំនួយ​របស់​ទ្រង់ ?

ទំនុក​តម្កើង​ដូចជា​បទ « ខ្ញុំ​ត្រូវការ​ទ្រង់​ជានិច្ច » ឬ « ខ្ញុំ​ដឹង​ថា​ព្រះ​ប្រោសលោះ​ខ្ញុំ​នៅ​រស់ » ( ទំនុក​តម្កើង ល.រ. ៤៧, ៧៦ ) អាច​ធ្វើឲ្យ​បងប្អូន​មាន​អំណរគុណ​កាន់តែ​ខ្លាំង​ចំពោះ​ការគាំទ្រ​របស់​ព្រះអង្គ​សង្រ្គោះ ។ តើ​ឃ្លា​អ្វីខ្លះ​នៅក្នុង​ទំនុកតម្កើង​ទាំងនេះ​ដែល​បង្ហាញ​ពី​អារម្មណ៍​របស់​បងប្អូន​ចំពោះ​ទ្រង់ ?

សូមមើល​ផងដែរ Gospel Topics « Atonement of Jesus Christ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ; « His Grace » ( កម្រង​វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះអង្គ​សង្គ្រោះ និង​ទេវភាព ព្រះគុណ និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ។ បងប្អូន​អាច​លើក​ទឹកចិត្ត​មនុស្ស​ដែល​បងប្អូន​បង្រៀន​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ដោយ​ការសួរ​សំណួរ​ដែល​បំផុស​ពួកគេ​ឲ្យ​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ​ចំពោះ​ទ្រង់ ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

អាលម៉ា ៥:៤៤–៤៨

ខ្ញុំ​អាច​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​រៀន​បង្កើន​ទីបន្ទាល់​របស់​ពួកគេ នោះ​បងប្អូន​អាច​បង្ហាញ​រូបភាព​ខាងក្រោម​ដល់​ពួកគេ ហើយ​សួរ​ពួកគេ​ពី​របៀប​ដែល​យើង​ជួយ​កូន​សត្វ​ឲ្យ​ធំធាត់ ។ បន្ទាប់មក បងប្អូន​អាច​ប្រៀបធៀប​ការណ៍​នេះ​ទៅនឹង​ការថែរក្សា​ទីបន្ទាល់​របស់​យើង ។ តើ​ទីបន្ទាល់​របស់​យើង​ត្រូវការ​ការថែរក្សា​អ្វី​ខ្លះ ? តើ​យើង​អាច​ដឹង​ថា​ទីបន្ទាល់​របស់​យើង​រីក​លូតលាស់​ដោយ​របៀប​ណា ?

    ក្មេង​ប្រុស​ពីរ​នាក់​ជាមួយ​កូន​សត្វ

    នៅពេល​យើង​ទទួល​យក​ដំណឹងល្អ វា​ដូចជា​ការចាប់ផ្តើម​ជីវិត​ថ្មី​មួយ ។

  • តើ​អាលម៉ា​ទទួល​បាន​ទីបន្ទាល់​ដ៏​រឹងមាំ​របស់​លោក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ? បងប្អូន​អាច​អាន អាលម៉ា ៥:៤៤–៤៦ ជាមួយ​កូនៗ​របស់​បងប្អូន​ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​នេះ ។ ប្រហែល​ជា​កូនៗ​របស់​បងប្អូន​អាច​សរសេរ​ផែនការ​មួយ​ដើម្បី​ធ្វើ​រឿង​មួយ​ក្នុង​សប្តាហ៍​នេះ ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ ។

11:17

បង្គោល និង​កាំ​រស្មី

អែលឌើរ ដាស់គុ បង្រៀន​យើង​ថា បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​គឺ​មាន​ដោយកម្រ​ណាស់ ហើយ​ជា​ទូទៅ​ព្រះអម្ចាស់​ប្រទាន​រស្មី​នៃ​ពន្លឺ​ដល់​យើង​មួយ​កាំ​ម្តងៗ ។

អាលម៉ា ៧:១០–១៣

ព្រះអង្គ​សង្គ្រោះ​បាន​លើក​ដាក់​មក​លើ​ព្រះអង្គ​ទ្រង់​នូវ​អំពើបាប ការឈឺចាប់ និង​ជំងឺ​របស់​ខ្ញុំ ។

  • តើ​បងប្អូន​អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​យល់ អាលម៉ា ៧:១០–១៣ ដោយ​របៀប​ណា ដើម្បី​ពួកគេ​អាច​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​ខ្វល់​ព្រះទ័យ​អំពី​ពួកគេ និង​អាច​ជួយ​ពួកគេ​បាន ? ប្រហែល​ជា​បងប្អូន​អាច​សុំ​ពួកគេ​ឲ្យ​ចែកចាយ​បទពិសោធន៍​មួយ​នៅពេល​ពួកគេ​ឈឺ ឬ​មាន​ការឈឺចាប់ ឬ​មាន​បញ្ហា​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​ពួកគេ​សោកសៅ ។ តើ​អ្នកដទៃ​ទៀត​បាន​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ប្រសើរ​ឡើង​ដោយ​របៀប​ណា ? សូម​ថ្លែង​ទីបន្ទាល់​របស់​បងប្អូន​ថា ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ​លំបាក​ទាំងនោះ​ផងដែរ ហើយ​និយាយ​អំពី​ពេលវេលា​មួយ​ដែល​ទ្រង់​បាន​លួងលោម និង​ជួយ​បងប្អូន ។

  • នៅពេល​បងប្អូន និង​កូនៗ​របស់​បងប្អូន អាន អាលម៉ា ៧:១១–១៣ សូម​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​រង​ទុក្ខលំបាក​សម្រាប់​យើង ។ សូម​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​ប្រើប្រាស់​ពាក្យពេចន៍ និង​ឃ្លា ដែល​ពួកគេ​រកឃើញ​ដើម្បី​បំពេញ​ប្រយោគ​នេះ ៖ « ព្រះយេស៊ូវ​បាន​រងទុក្ខ ដើម្បី​ទ្រង់​អាច​ជួយ​ខ្ញុំ​បាន » ។ តើ​វា​ជួយ​យើង​ឲ្យ​ដឹង​ថា ព្រះយេស៊ូវ​យល់​ពី​ការពុះពារ​របស់​យើង​ដោយ​របៀបណា ? តើ​យើង​ទទួល​ជំនួយ​របស់​ទ្រង់​ដោយ​របៀប​ណា ? សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

អាលម៉ា ៥:១៤; ៧:១៩–២០

ការធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ធ្វើ​ឲ្យ​ខ្ញុំ​ដើរ​លើ​ផ្លូវ​ត្រង់​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​វិញ ។

  • សូម​ឲ្យ​កូនៗ​របស់​បងប្អូន​មើល​ទៅក្នុង​កញ្ចក់ កាល​បងប្អូន​អាន អាលម៉ា ៥:១៤ ( សូមមើល​ផងដែរ​នៅលើ​ទំព័រ​សកម្មភាព​សប្តាហ៍​នេះ ) ។ តើ​ការដាក់​រូបភាព​របស់​ព្រះអង្គ​សង្រ្គោះ​នៅលើ​ទឹកមុខ​របស់​យើង​មាន​អត្ថន័យ​យ៉ាងណា ?

  • តើ​បងប្អូន​អាច​ប្រើ​ការពិពណ៌នា​របស់​អាលម៉ា​អំពី​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះវរបិតា​សួគ៌​វិញ ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​រៀន​ជ្រើសរើស​ត្រឹមត្រូវ​ដោយ​របៀបណា ? បងប្អូន​អាច​អាន អាលម៉ា ៧:១៩–២០ ឲ្យ​ពួកគេ​ស្តាប់ និង​អនុញ្ញាត​ឲ្យ​ពួកគេ​សម្តែង​ជា​ដើរ​នៅលើ « ផ្លូវ​វៀច » និង​ដើរ​នៅលើ​ផ្លូវ​ត្រង់ ។ សូម​ជួយ​ពួកគេ​ឲ្យ​គិត​អំពី​ជម្រើស​ដែល​ជួយ​យើង​បន្ត​នៅលើ​ផ្លូវ​នេះ និង​ជម្រើស​ផ្សេងទៀត​ដែល​នាំ​យើង​ចេញពី​ផ្លូវ​នេះ ។ បងប្អូន​ក៏​អាច​មើល​រូបភាព​របស់​ព្រះយេស៊ូវ​ជាមួយ​គ្នា ហើយ​និយាយ​អំពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ដើម្បី​បង្ហាញ​ផ្លូវ​យើង​ឲ្យ​ត្រឡប់​ទៅកាន់​ព្រះវរបិតា​សួគ៌​វិញ​ផងដែរ ។ បទចម្រៀង​ដូចជា​បទ « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះ​យេស៊ូវ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤០–៤១ ) អាច​ផ្ដល់​គំនិត​ខ្លះៗ ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ព្រះយេស៊ូវ​គ្រង​ព្រះពស្ដ​ពណ៌​ក្រហម

Our Advocate [ អង្គ​គាំទ្រ​របស់​យើង ] ដោយ ចេ ប្រាយអ៊ិន វួដ