« ថ្ងៃទី ១៧–២៣ ខែ មិថុនា ៖ ‹ ព្រះយេស៊ូវគ្រីស្ទនឹងយាងមកប្រោសលោះរាស្ត្ររបស់ទ្រង់ › ។ អាលម៉ា ៨–១២ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
« ថ្ងៃទី ១៧–២៣ ខែ មិថុនា ។ អាលម៉ា ៨–១២ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
ថ្ងៃទី ១៧–២៣ ខែ មិថុនា ៖ ព្រះយេស៊ូវគ្រីស្ទនឹងយាងមកប្រោសលោះរាស្ត្ររបស់ទ្រង់
អាលម៉ា ៨–១២
កិច្ចការរបស់ព្រះនឹងពុំបរាជ័យឡើយ ។ ប៉ុន្តែការខិតខំប្រឹងប្រែងរបស់យើងដើម្បីជួយនៅក្នុងកិច្ចការរបស់ទ្រង់ ជួនកាលហាក់ដូចជាបរាជ័យ—យ៉ាងហោចណាស់ យើងពុំអាចមើលឃើញលទ្ធផលដែលយើងសង្ឃឹមចង់បានភ្លាមៗនោះទេ ។ យើងអាចនឹងមានអារម្មណ៍ដូចជាអាលម៉ាខ្លះដែរ នៅពេលលោកផ្សាយដំណឹងល្អនៅក្រុងអាំម៉ូណៃហា—ដែលត្រូវបានគេបដិសេធ ស្ដោះដាក់ ហើយបណ្ដេញចេញ ។ ប៉ុន្តែនៅពេលទេវតាណែនាំលោកឲ្យត្រឡប់ទៅវិញ ហើយព្យាយាមម្ដងទៀត អាលម៉ាបាន « ត្រឡប់ទៅវិញយ៉ាងរួសរាន់ » ដោយក្លាហាន ( អាលម៉ា ៨:១៨ ) ហើយព្រះបានរៀបចំផ្លូវទុកឲ្យលោក ។ ទ្រង់ពុំគ្រាន់តែប្រទានអាហារឲ្យអាលម៉ាបរិភោគ និងកន្លែងស្នាក់នៅប៉ុណ្ណោះទេ គឺទ្រង់ថែមទាំងបានរៀបចំអាមូលេក ដែលក្លាយជាអ្នកធ្វើការរួមគ្នា ជាអ្នកការពារដំណឹងល្អដ៏អង់អាច និងជាមិត្តស្មោះត្រង់មួយរូបទៀតផង ។ នៅពេលយើងជួបរឿងបរាជ័យ ឬការខកចិត្ត កាលដែលយើងបម្រើនៅក្នុងនគររបស់ព្រះអម្ចាស់ យើងអាចចងចាំដល់របៀបដែលព្រះបានគាំទ្រ និងដឹកនាំអាលម៉ាបាន ហើយយើងអាចទុកចិត្តថា ព្រះនឹងគាំទ្រ ហើយដឹកនាំយើងផងដែរ ទោះជានៅក្នុងស្ថានភាពលំបាកៗយ៉ាងណាក្ដី ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
កិច្ចខិតខំរបស់ខ្ញុំដើម្បីចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទតម្រូវឲ្យមានការអត់ធ្មត់ ។
តើបងប្អូនធ្លាប់ព្យាយាមចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយនរណាម្នាក់ ប៉ុន្តែការអញ្ជើញរបស់បងប្អូនត្រូវបានគេបដិសេធដែរឬទេ ? អាលម៉ាក៏ធ្លាប់មានបទពិសោធន៍នោះដែរ ។ តើបងប្អូនរៀនអ្វីខ្លះពីលោកនៅក្នុង អាលម៉ា ៨:១៣–១៦ អំពីការចែកចាយដំណឹងល្អ ទោះជាមានឧបសគ្គ និងការជំទាស់ក្តី ? សូមបន្តអាននៅក្នុង ខទី ១៧–៣២ ហើយរកមើលឃ្លាដែលបំផុសគំនិតបងប្អូនឲ្យបន្តចែកចាយដំណឹងល្អ ទោះបីជាបងប្អូនហាក់ដូចជាមិនជោគជ័យក៏ដោយ ។
ព្យាការី និងសាវកគឺជាសាក្សីពិសេសរបស់ព្រះគ្រីស្ទ ដូច្នេះពួកលោកមានដំបូន្មានដ៏បំផុសគំនិតជាច្រើន ដើម្បីចែកចាយអំពីការថ្លែងទីបន្ទាល់អំពីទ្រង់ ។ សូមមើលអ្វីដែលអែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បានមានប្រសាសន៍នៅក្នុង « But What If It’s Hard? » ( ផ្នែកមួយនៅក្នុង « Missionary Work: Sharing What Is in Your Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៨ ) ឬអ្វីដែលអែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បានចែកចាយនៅក្នុង « ស្រឡាញ់ ចែកចាយ អញ្ជើញ » ( លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៨៤–៨៧ ) ។ តើបងប្អូនរកឃើញអ្វីខ្លះនៅទីនោះ ដែលអាចជួយនរណាម្នាក់ដែលចាប់ផ្តើមមានអារម្មណ៍បាក់ទឹកចិត្តក្នុងការចែកចាយដំណឹងល្អ ?
តើបងប្អូននឹងសង្ខេបអ្វីគ្រប់យ៉ាងដែលបងប្អូនបានសិក្សានៅទីនេះជាសេចក្ដីថ្លែងការណ៍លើកទឹកចិត្តមួយ ឬពីរអំពីការចែកចាយដំណឹងល្អដោយរបៀបណា ? សូមពិចារណាបង្កើតប័ណ្ណប្រកាស ឬ មីម ដែលអាចបំផុសគំនិតដល់បងប្អូន ( និងអ្នកផ្សេងទៀត ) ឲ្យបន្តព្យាយាម ។
សូមមើលផងដែរ « ជួយខ្ញុំបង្រៀនដោយការបំផុស » ទំនុកតម្កើង ល.រ. ១៧៥; « Alma Is Commanded by an Angel to Return to Ammonihah » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ; Gospel Topics « Inviting All to Receive the Gospel of Jesus Christ » នៅលើបណ្ណាល័យដំណឹងល្អ ។
ពរជ័យរបស់ព្រះបានមកដោយការទទួលខុសត្រូវខ្ពស់ ។
នៅពេលអានអំពីរបៀបដែលពួកសាសន៍នីហ្វៃនៅក្រុងអាំម៉ូណៃហា បានធ្វើចំពោះពួកអ្នកបម្រើរបស់ព្រះអម្ចាស់ វាងាយភ្លេចថា ពួកគេធ្លាប់រស់នៅក្នុងដំណឹងល្អ ដែល « បានប្រោសប្រណីជាខ្លាំងពីព្រះអម្ចាស់ » ( អាលម៉ា ៩:២០ ) ។ នៅពេលបងប្អូនអានអំពីពរជ័យដ៏មហិមា ដែលព្រះបានប្រទានដល់ប្រជាជននីហ្វៃ ( សូមមើលជាពិសេស អាលម៉ា ៩:១៩–២៣ ) សូមពិចារណាអំពីពរជ័យដ៏មហិមា ដែលទ្រង់បានប្រទានដល់បងប្អូន ។ តើការទទួលខុសត្រូវអ្វីខ្លះដែលមកជាមួយនឹងពរជ័យទាំងនេះ ? តើបងប្អូនធ្វើអ្វីដើម្បីបន្តមានការទទួលខុសត្រូវទាំងនេះ ?
សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:២៤; ៨២:៣; ៩៣:៣៩ ។
ផែនការរបស់ព្រះគឺជាផែនការនៃសេចក្ដីប្រោសលោះ ។
នៅក្នុង អាលម៉ា ១១–១២ អាលម៉ា និងអាមូលេក សំដៅទៅលើផែនការរបស់ព្រះថាជាផែនការនៃសេចក្ដីប្រោសលោះ ។ នៅពេលបងប្អូនអានជំពូកទាំងនេះ សូមពិចារណាអំពីមូលហេតុដែលពាក្យ ការប្រោសលោះ បានប្រើដើម្បីពិពណ៌នាអំពីផែនការនេះ ។ សូមពិចារណាសរសេរសេចក្ដីសង្ខេបខ្លីមួយអំពីអ្វីដែលអាលម៉ា និងអាមូលេក បានបង្រៀនអំពីទិដ្ឋភាពនៃផែនការដូចខាងក្រោមនេះ ៖
-
ការធ្លាក់
-
ព្រះប្រោសលោះ
-
ការប្រែចិត្ត
-
សេចក្ដីស្លាប់
-
ការរស់ឡើងវិញ
-
ការជំនុំជម្រះ
សូមកត់ចំណាំអំពីឥទ្ធិពលនៃពាក្យសម្ដីរបស់អាមូលេកដែលមានទៅលើប្រជាជន ( សូមមើល អាលម៉ា ១១:៤៦ ) ។ តើការដឹងអំពីផែនការរបស់ព្រះមានឥទ្ធិពលលើបងប្អូនយ៉ាងដូចម្ដេច ?
សូមមើលផងដែរ ដាល្លិន អេក អូក « The Great Plan » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៩៣–៩៦; « Amulek Testifies of Jesus Christ » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
ប្រសិនបើខ្ញុំមិនមានចិត្តរឹងរូសទេ ខ្ញុំអាចទទួលបានព្រះបន្ទូលនៃព្រះកាន់តែច្រើន ។
មនុស្សមួយចំនួនអាចឆ្ងល់ថា ហេតុអ្វីបានជាព្រះវរបិតាសួគ៌មិនធ្វើឲ្យយើងដឹងអ្វីៗទាំងអស់ទៅ ។ នៅក្នុង អាលម៉ា ១២:៩–១៤ អាលម៉ាបានពន្យល់ពីហេតុផលមួយដែលអាចកើតមាន ។ សំណួរទាំងនេះអាចជួយបងប្អូនឲ្យពិចារណាអំពីអ្វីដែលលោកបានបង្រៀន ៖
-
តើការមានចិត្តរឹងរូសមានន័យដូចម្ដេច ? តើការមានចិត្តរឹងរូសមានលទ្ធផលអ្វីខ្លះ? ( សូមមើលផងដែរ អាលម៉ា ៨:៩–១១; ៩:៥, ៣០–៣១ និង ១០:៦, ២៥ ) ។
-
តើបងប្អូនអាចធ្វើអ្វីខ្លះដើម្បីបង្វែរចិត្តបងប្អូនទៅរកព្រះ ? (សូមមើល យេរេមា ២៤:៧; អាលម៉ា ១៦:១៦; ហេលេមិន ៣:៣៥ ) ។
-
តើបងប្អូនអាចធ្វើអ្វីខ្លះដើម្បីឲ្យប្រាកដថា ព្រះបន្ទូលរបស់ព្រះ « មាននៅក្នុង [ ខ្លួនបងប្អូន ] » ? ( អាលម៉ា ១២:១៣ ) ។ នៅពេលបងប្អូនមានព្រះបន្ទូលរបស់ព្រះនៅក្នុងខ្លួនរបស់បងប្អូន តើព្រះបន្ទូលមានឥទ្ធិពលអ្វីខ្លះ ទៅលើ « ពាក្យសម្ដី » « កិច្ចការ » និង « គំនិត » របស់បងប្អូន ? ( អាលម៉ា ១២:១៤ ) ។
តើបទពិសោធន៍របស់អាមូលេកបង្រៀនបងប្អូនអ្វីខ្លះ អំពីពរជ័យនៃការមានចិត្តទន់ភ្លន់ ? ( សូមមើល អាលម៉ា ១០:១–១១ ) ។
សូមមើលផងដែរ « Alma Warns Zeezrom » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
គំនិតសម្រាប់បង្រៀនកុមារ
ខ្ញុំអាចចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទបាន ។
-
ទំព័រសកម្មភាពសប្តាហ៍នេះអាចជួយបងប្អូនឲ្យសង្ខេបព្រឹត្តិការណ៍នៅក្នុង អាលម៉ា ៨–១០ សម្រាប់កូនៗរបស់បងប្អូន ។ បងប្អូនប្រហែលជាចង់ជួយពួកគេឲ្យស្វែងរកគោលការណ៍ដែលធ្វើឲ្យអាលម៉ា និង អាមូលេក ជាអ្នកផ្សព្វផ្សាយសាសនាដ៏ល្អ ។ ឧទាហរណ៍ ពួកលោកមិនបានបោះបង់ចោលឡើយ ( សូមមើល អាលម៉ា ៨:៨–១៣ ) ពួកលោកថ្លែងទីបន្ទាល់ពីព្រះគ្រីស្ទ ( សូមមើល អាលម៉ា ៩:២៦–២៧ ) ហើយពួកលោកធ្វើការជាមួយគ្នា ( សូមមើល អាលម៉ា ១០:១២ ) ។
-
បទចម្រៀងអំពីកិច្ចផ្សព្វផ្សាយសាសនា ដូចជាបទ « ខ្ញុំចង់ក្លាយជាអ្នកផ្សាយសាសនាពេលនេះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩០ ) អាចជួយកូនៗរបស់បងប្អូនឲ្យគិតអំពីរបៀបដែលពួកគេអាចចែកចាយដំណឹងល្អជាមួយមិត្តភក្តិរបស់ពួកគេបាន ។ សូមអញ្ជើញពួកគេឲ្យរាយបញ្ជីគំនិតដែលពួកគេរកឃើញ និងបុគ្គលដែលពួកគេអាចចែកចាយដំណឹងល្អជាមួយ ។ បងប្អូនក៏អាចអនុញ្ញាតឲ្យពួកគេសម្តែងពីអ្វីដែលពួកគេអាចនិយាយ ឬធ្វើផងដែរ ។
ផែនការរបស់ព្រះគឺជាផែនការនៃសេចក្ដីប្រោសលោះ ។
-
ប្រហែលជាកូនៗរបស់បងប្អូនអាចគូររូបភាពមួយដែលតំណាងឲ្យគោលការណ៍នៃផែនការនៃសេចក្តីប្រោសលោះ ដូចជា ការធ្លាក់នៃលោកអ័ដាម និងនាងអេវ៉ា ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត សេចក្តីស្លាប់ ការរស់ឡើងវិញ និងការជំនុំជម្រះ ។ បន្ទាប់មក បងប្អូនអាចជួយឲ្យពួកគេផ្គូផ្គងរូបភាពរបស់ពួកគេទៅនឹងខគម្ពីរនៅក្នុង អាលម៉ា ១១–១២ ដែលបង្រៀនអំពីគោលការណ៍ទាំងនេះ ។
ខ្ញុំអាចក្លាយជាកល្យាណមិត្តម្នាក់ ។
-
បងប្អូនអាចអញ្ជើញកុមារម្នាក់ឲ្យធ្វើជាអាមូលេក និងកុមារម្នាក់ទៀតឲ្យធ្វើជាអាលម៉ា ពេលបងប្អូនប្រាប់ដំណើររឿងនៅក្នុង អាលម៉ា ៨:១៨–២២ ។ តើអាមូលេក ជាមិត្តល្អរបស់អាលម៉ាយ៉ាងដូចម្ដេច ? បន្ទាប់មក កូនៗរបស់បងប្អូនអាចចែកចាយពីរបៀបដែលនរណាម្នាក់ធ្លាប់ជាមិត្តនឹងពួកគេ ហើយតើបទពិសោធន៍នោះធ្វើឲ្យពួកគេមានអារម្មណ៍យ៉ាងណា ។
-
ប្រហែលជាបងប្អូនអាចបង្កើតល្បែងផ្គុំរូបពីមិត្តភាព ៖ សូមស្វែងរក ឬគូររូបភាពដែលតំណាងឲ្យមិត្តភាព ហើយកាត់វាជាបំណែកល្បែងផ្គុំរូប ។ នៅផ្នែកខាងក្រោយនៃបំណែកនីមួយៗ សូមសរសេរអ្វីមួយដែលយើងអាចធ្វើបានដើម្បីធ្វើជាមិត្តល្អ រួមទាំងអ្វីៗដែលអាលម៉ា និងអាមូលេកបានធ្វើផងដែរ ។ កូនៗរបស់បងប្អូនប្ដូរវេនគ្នាជ្រើសរើសបំណែកមួយ ហើយដាក់វាទៅក្នុងក្រដាសផ្គុំនោះ ពេលបងប្អូនអានអ្វីដែលបានសរសេរនៅពីក្រោយក្រដាសផ្គុំនោះ ។ តើនរណាត្រូវការមិត្តភាពរបស់យើង ?
ដោយសារតែព្រះយេស៊ូវគ្រីស្ទ ខ្ញុំនឹងរស់ឡើងវិញម្តងទៀត ។
-
សូមពិចារណាពីមេរៀនដែលប្រើវត្ថុដូចមេរៀននេះ ដើម្បីបង្រៀនអំពីការរស់ឡើងវិញ ៖ ដៃរបស់បងប្អូនអាចតំណាងឲ្យវិញ្ញាណរបស់បងប្អូន ហើយស្រោមដៃអាចតំណាងឲ្យរូបកាយរបស់បងប្អូន ។ សូមដកស្រោមដៃចេញពីដៃបងប្អូន ដើម្បីបង្ហាញថា វិញ្ញាណ និងរូបកាយរបស់យើងនឹងបែកចេញពីគ្នានៅពេលយើងស្លាប់ទៅ ។ បន្ទាប់មក សូមពាក់ស្រោមដៃចូលដៃរបស់បងប្អូនវិញ ដើម្បីបង្ហាញថា វិញ្ញាណ និងរូបកាយរបស់យើងនឹងចូលគ្នាវិញម្តងទៀត នៅពេលនៃការរស់ឡើងវិញ ។ សូមអនុញ្ញាតឲ្យកូនៗរបស់បងប្អូនប្ដូរវេនគ្នាពាក់ស្រោមដៃ ហើយដោះវាចេញវិញ នៅពេលបងប្អូនអាន អាលម៉ា ១១:៤៣ ឲ្យពួកគេស្ដាប់ ។ សូមបង្ហាញរូបភាពព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៥៩ ) ហើយថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទអាចធ្វើឲ្យមនុស្សគ្រប់រូបរស់ឡើងវិញបាន ។