« ថ្ងៃទី ២៩ ខែ មេសា–ថ្ងៃទី ៥ ខែ ឧសភា ៖ ‹ ការផ្លាស់ប្តូរយ៉ាងធំ › ។ ម៉ូសាយ ៤–៦ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
« ថ្ងៃទី ២៩ ខែ មេសា–ថ្ងៃទី ៥ ខែ ឧសភា ។ ម៉ូសាយ ៤–៦ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
ថ្ងៃទី ២៩ ខែ មេសា–ថ្ងៃទី ៥ ខែ ឧសភា ៖ « ការផ្លាស់ប្តូរយ៉ាងធំ »
ម៉ូសាយ ៤–៦
តើបងប្អូនធ្លាប់ឮនរណាម្នាក់និយាយអ្វីមួយ ហើយទទួលបានអារម្មណ៍បំផុសគំនិតឲ្យផ្លាស់ប្ដូរជីវិតរបស់បងប្អូនដែរឬទេ ? ប្រហែលជាបងប្អូនបានសម្រេចចិត្តដើម្បីរស់នៅឲ្យមានភាពខុសគ្នាបន្ដិច ឬខុសគ្នាច្រើន—ដោយសារតែអ្វីដែលបងប្អូនស្ដាប់ឮនោះ ។ ទេសនកថារបស់ស្ដេចបេនយ៉ាមីនគឺជាទេសនកថាប្រភេទនោះ ហើយសេចក្ដីពិតដែលទ្រង់បានបង្រៀន មានឥទ្ធិពលមកលើប្រជារាស្ត្រដែលបានស្ដាប់ឮទេសនកថាទាំងនោះ ។ ស្ដេចបេនយ៉ាមីនបានចែកចាយជាមួយនឹងរាស្ត្ររបស់ទ្រង់អំពីអ្វីដែលទេវតាមួយអង្គបានបង្រៀនដល់ទ្រង់—ដែលថា ពរជ័យដ៏អស្ចារ្យអាចកើតឡើងបានតាមរយៈ « ព្រះលោហិតដ៏ធួននៃព្រះគ្រីស្ទ » ( ម៉ូសាយ ៤:២ ) ។ ដោយសារតែសារលិខិតរបស់ទ្រង់ នោះពួកគេបានប្តូរទស្សនៈរបស់ពួកគេ ( សូមមើល ម៉ូសាយ ៤:២ ) ព្រះវិញ្ញាណបានផ្លាស់ប្តូរបំណងប្រាថ្នារបស់ពួកគេ ( សូមមើល ម៉ូសាយ ៥:២ ) ហើយពួកគេបានចុះសេចក្តីសញ្ញាជាមួយព្រះថា ពួកគេនឹងធ្វើតាមព្រះទ័យរបស់ទ្រង់ជានិច្ច ( សូមមើល ម៉ូសាយ ៥:៥ ) ។ នេះគឺជារបៀបដែលបន្ទូលរបស់ស្ដេចបេនយ៉ាមីនមានឥទ្ធិពលទៅលើរាស្ត្ររបស់ទ្រង់ ។ តើបន្ទូលទាំងនោះមានឥទ្ធិពលទៅលើបងប្អូនយ៉ាងដូចម្ដេច ?
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
តាមរយៈព្រះយេស៊ូវគ្រីស្ទ ខ្ញុំអាចទទួល ហើយរក្សាការផ្ដាច់បាបរបស់ខ្ញុំបាន ។
ពេលខ្លះ ទោះជាបងប្អូនមានអារម្មណ៍ទទួលបានការអភ័យទោសចំពោះអំពើបាបរបស់បងប្អូនហើយក្ដី ក៏បងប្អូនអាចនឹងមានការលំបាកនៅក្នុងការរក្សាអារម្មណ៍នោះ ហើយបន្ដស្ថិតនៅលើផ្លូវសុចរិតដែរ ។ ស្ដេចបេនយ៉ាមីនបានបង្រៀនប្រជារាស្ត្ររបស់ទ្រង់ពីរបៀបទទួលបានការផ្ដាច់បាបផង និងពីរបៀបរក្សាការផ្ដាច់បាបផង ។ នៅពេលបងប្អូនសិក្សា ជំពូកទី ៤ នៃម៉ូសាយ សូមពិចារណាសួរសំណួរដូចនេះ ៖
-
ខទី ១–៨ ។តើមានលក្ខខណ្ឌអ្វីខ្លះដែលព្រះអនុញ្ញាតឲ្យបងប្អូនរួចពីអំពើបាបរបស់បងប្អូន ? តើបងប្អូនរៀនអ្វីខ្លះអំពីទ្រង់នៅក្នុងខគម្ពីរទាំងនេះ ដែលបំផុសគំនិតបងប្អូនឲ្យប្រែចិត្ត ? តើបងប្អូនអាចដឹងថាបងប្អូនប្រែចិត្តដោយរបៀបណា ?
-
ខទី ១១–១៦ ។យោងទៅតាមខគម្ពីរទាំងនេះ តើនឹងមានអ្វីខ្លះកើតឡើងនៅក្នុងជីវិតរបស់យើង ប្រសិនបើយើងធ្វើនូវរឿងដែលបានពិពណ៌នានៅក្នុង ខទី ១១ នេះ ? តើបងប្អូន ឬនរណាម្នាក់ដែលបងប្អូនស្រឡាញ់បានឆ្លងកាត់ការផ្លាស់ប្តូរទាំងនេះដោយរបៀបណា ? សូមប្រៀបធៀបការផ្លាស់ប្តូរទាំងនេះទៅនឹងការផ្លាស់ប្តូរដែលបានពិពណ៌នានៅក្នុង ម៉ូសាយ ៣:១៩ ។
-
ខទី ១៦–៣០ ។តើការចែកចាយអ្វីដែលបងប្អូនមានជាមួយអ្នកដទៃ អាចជួយបងប្អូនឲ្យរក្សាការផ្ដាច់បាបរបស់បងប្អូនដោយរបៀបណា ? តើបងប្អូនអាចអនុវត្ត ខទី ២៧ ទៅក្នុងការខិតខំរបស់បងប្អូនដើម្បីក្លាយដូចជាព្រះគ្រីស្ទបានយ៉ាងដូចម្ដេច ?
តើក្នុងន័យណាដែលយើងទាំងអស់គ្នាជាអ្នកសុំទាន ? យោងតាមខគម្ពីរទាំងនេះ តើយើងគួរតែប្រព្រឹត្តចំពោះបុត្រាបុត្រីរបស់ព្រះទាំងអស់យ៉ាងដូចម្ដេច ? ( សូមមើល ម៉ូសាយ ៤:២៦ ) ។ តើនរណាត្រូវការជំនួយរបស់បងប្អូន ?
សូមមើលផងដែរ បែកឃី ក្រាវីន « Keep the Change » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៥៨–៦០ ។
ខ្ញុំជឿ និងទុកចិត្តលើព្រះ ។
ការអញ្ជើញរបស់ស្តេចបេនយ៉ាមីនឲ្យជឿ និងទុកចិត្តលើព្រះ គឺសំខាន់នៅពេលសព្វថ្ងៃនេះ ក៏ដូចជានៅសម័យបុរាណដែរ ។ នៅពេលបងប្អូនអាន ម៉ូសាយ ៤:៥–១០ សូមស្វែងរកសេចក្តីពិតអំពីព្រះ ដែលប្រទានឲ្យបងប្អូននូវហេតុផលដើម្បីទុកចិត្តលើទ្រង់ ។ សូមកត់ចំណាំការអញ្ជើញដែលស្តេចបេនយ៉ាមីនបានប្រទានឲ្យនៅក្នុង ខទី ១០ ។ ហេតុអ្វីបានជាការទុកចិត្តលើព្រះនឹងធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការធ្វើអ្វីដែលស្ដេចបេនយ៉ាមីនអញ្ជើញ ?
សូមពិចារណាសិក្សាស្រាវជ្រាវបទគម្ពីរបន្ថែមទាំងនេះដើម្បីធ្វើបញ្ជីពីបុគ្គលិកលក្ខណៈរបស់ព្រះ ៖ យេរមា ៣២:១៧; យ៉ូហាន ទី១ ៤:៨; នីហ្វៃទី២ ៩:១៧; អាលម៉ា ៣២:២២; មរមន ៩:៩; អេធើរ ៣:១២; គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១–៣; ៨៨:៤១ ( សូមមើលផងដែរវីដេអូ « Christlike Attributes » នៅលើបណ្ណាល័យដំណឹងល្អ ) ។ បងប្អូនអាចប្រើបញ្ជីរបស់បងប្អូនដើម្បីបង្កើតរបៀបផ្សេងៗដើម្បីបំពេញប្រយោគដូចនេះ ៖ « ដោយសារខ្ញុំស្គាល់ព្រះ ខ្ញុំអាចទុកចិត្តទ្រង់ឲ្យ » ។
ការទុកចិត្តរបស់យើងលើព្រះកើនឡើង នៅពេលយើងមានបទពិសោធន៍ជាមួយទ្រង់ ។ នៅក្នុង ម៉ូសាយ ៤:១–៣ តើអ្វីដែលបានជួយប្រជារាស្រ្តរបស់ស្តេចប៉េនយ៉ាមីនឲ្យ « បានស្គាល់នូវសេចក្ដីល្អសប្បុរសនៃព្រះ » ? ( ខទី ៦ ) ។ សូមគិតអំពីបទពិសោធន៍ដែលបងប្អូនធ្លាប់មានជាមួយព្រះ ។ តើបទពិសោធន៍ទាំងនេះបានបង្រៀនបងប្អូនអ្វីខ្លះអំពីទ្រង់ ? តើបងប្អូនកំពុងធ្វើអ្វីខ្លះ ( ឬបងប្អូនអាចធ្វើអ្វីបានខ្លះ ) ដើម្បីពង្រឹងជំនឿ ឬទំនុកចិត្តរបស់បងប្អូនលើព្រះ ?
សូមមើលផងដែរ ជែហ្វ្រី អ័រ ហូឡិន « The Grandeur of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧០–៧៣; Gospel Topics « God the Father » នៅលើបណ្ណាល័យដំណឹងល្អ; « ខ្ញុំដឹងព្រះបិតារស់ » ទំនុកតម្កើង ល.រ. ១៨៩ ។
ខ្ញុំត្រូវតែប្រយ័ត្នចំពោះគំនិត ពាក្យសម្តី និងទង្វើរបស់ខ្ញុំ ។
ព្រះមិនប្រទានឲ្យយើងនូវបញ្ជីនៃអំពើបាបដែលអាចកើតមាននោះទេ ។ យោងតាម ម៉ូសាយ ៤:២៩–៣០ តើទ្រង់ធ្វើអ្វីជំនួសវិញ ? សូមជញ្ជឹងគិតពីរបៀបដែលគំនិត ពាក្យសម្ដី និងទង្វើរបស់បងប្អូនប៉ះពាល់ដល់ខ្លួនបងប្អូន និងអ្នកដទៃ ។ តើវាប៉ះពាល់ដល់ទំនាក់ទំនងរបស់បងប្អូនជាមួយព្រះដោយរបៀបណា ? តើបងប្អូន « ប្រយ័ត្ន [ ខ្លួន ] » ដោយរបៀបណា ?
ព្រះវិញ្ញាណនៃព្រះអម្ចាស់អាចបណ្ដាលឲ្យមានការផ្លាស់ប្តូរយ៉ាងធំនៅក្នុងដួងចិត្តរបស់ខ្ញុំ ។
វាជារឿងធម្មតាទេសម្រាប់មនុស្សនិយាយថា « ខ្ញុំមិនអាចផ្លាស់ប្តូរបានទេ ។ ខ្ញុំគឺរបៀបហ្នឹង » ។ ផ្ទុយទៅវិញ បទពិសោធន៍របស់ប្រជារាស្ត្រស្ដេចបេនយ៉ាមីន បង្ហាញយើងអំពីរបៀបដែលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ពិតជាអាចផ្លាស់ប្ដូរដួងចិត្តរបស់យើងបាន ។ នៅពេលបងប្អូនអាន ម៉ូសាយ ៥:១–៥ សូមគិតអំពីរបៀបដែល « ការផ្លាស់ប្តូរយ៉ាងធំ » ដែលនាំឲ្យមានការប្រែចិត្តជឿដ៏ពិតបានកើតមានឡើង—ឬអាចកើតមានឡើង—នៅក្នុងជីវិតរបស់បងប្អូន ។ សូមគិតអំពីការផ្លាស់ប្តូរបន្តិចម្តងៗ ក៏ដូចជាបទពិសោធន៍ផ្លាស់ប្តូរ « យ៉ាងធំ » ផងដែរ ។ តើបទពិសោធន៍ទាំងនេះជួយដល់បងប្អូនយ៉ាងដូចម្ដេច នៅពេលបងប្អូនប្រឈមមុខទៅនឹងការល្បួង ?
សូមមើលផងដែរ អេសេគាល ៣៦:២៦–២៧; អាលម៉ា ៥:១៤; « A Change of Heart » និង « The People of King Benjamin Make a Covenant » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
ខ្ញុំលើកដាក់មកលើខ្លួនខ្ញុំនូវព្រះនាមនៃព្រះគ្រីស្ទ នៅពេលខ្ញុំធ្វើសេចក្ដីសញ្ញាជាមួយទ្រង់ ។
តើបងប្អូនរៀនអ្វីខ្លះមកពី ម៉ូសាយ ៥:៧–៩ អំពីអត្ថន័យនៃការលើកដាក់មកលើខ្លួនបងប្អូននូវព្រះនាមនៃព្រះគ្រីស្ទ ? តើការអធិស្ឋាននៃពិធីសាក្រាម៉ង់ ( សូមមើល មរ៉ូណៃ ៤–៥ ) បង្រៀនអ្វីខ្លះអំពីរឿងនេះ ? តើបងប្អូនអាចបង្ហាញថា បងប្អូន « ជារបស់ផង » ព្រះអង្គសង្គ្រោះបានយ៉ាងដូចម្ដេច ?
សូមមើលផងដែរ ឌី ថត គ្រីស្តូហ្វឺសិន « ហេតុអ្វីជាផ្លូវនៃសេចក្តីសញ្ញា » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១៦–១៩ ។
គំនិតសម្រាប់បង្រៀនកុមារ
ការប្រែចិត្តនាំមកនូវអំណរ ។
-
ដើម្បីបង្រៀនអំពីអំណរនៃការប្រែចិត្ត ប្រហែលជាបងប្អូនអាចឲ្យដៃកូនៗរបស់បងប្អូនស្អិត ឬប្រឡាក់ ហើយសង្កេតមើលពីអារម្មណ៍របស់ពួកគេបន្ទាប់ពីលាងសម្អាតរួច ។ បន្ទាប់មក បងប្អូនអាចប្រៀបធៀបរឿងនោះទៅនឹងរបៀបដែលប្រជាជននៅក្នុង ម៉ូសាយ ៤:១–៣ មានអារម្មណ៍ពីមុន និងបន្ទាប់ពីអំពើបាបរបស់ពួកគេត្រូវបានអភ័យទោសឲ្យ ។ សូមចែកចាយទីបន្ទាល់របស់បងប្អូនអំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះដើម្បីសម្អាតយើងខាងវិញ្ញាណ ។
-
តើកូនៗរបស់បងប្អូនដឹងពីរបៀបដើម្បីប្រែចិត្តយ៉ាងពេញលេញ និងដោយស្មោះសរដែរឬទេ ? សូមជួយពួកគេឲ្យស្វែងរកអ្វីដែលប្រជារាស្រ្តរបស់ស្តេចបេនយ៉ាមីនបានធ្វើនៅក្នុង ម៉ូសាយ ៤:១–៣, ១០ ។ ពួកគេក៏អាចមើល « ប្រែចិត្ត, ការប្រែចិត្ត » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយបានផងដែរ ។ តើព្រះយេស៊ូវគ្រីស្ទបានធ្វើឲ្យការប្រែចិត្តអាចធ្វើទៅបានដោយរបៀបណា ?
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទបំផុសគំនិតខ្ញុំឲ្យប្រព្រឹត្តចំពោះអ្នកដទៃដោយសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរស ។
-
ការបម្រើអ្នកដទៃធ្វើឲ្យយើងមានអារម្មណ៍ល្អ ។ ប្រហែលជាកូនៗរបស់បងប្អូនអាចនិយាយអំពីពេលដែលពួកគេស្រឡាញ់ ឬបម្រើនរណាម្នាក់ ហើយបទពិសោធន៍នោះធ្វើឲ្យពួកគេមានអារម្មណ៍យ៉ាងណា ។ តើមានហេតុផលអ្វីខ្លះដែលមនុស្សចង់បម្រើអ្នកដទៃ ? តើយើងអាចនិយាយអ្វីខ្លះទៅកាន់នរណាម្នាក់ ដើម្បីអញ្ជើញពួកគេឲ្យជួយមនុស្សដែលត្រូវការជំនួយ ? សូមរកមើលគំនិតទាំងឡាយនៅក្នុង ម៉ូសាយ ៤:១៦–២៦ ។
-
ស្តេចបេនយ៉ាមីនបានបង្រៀនថា នៅពេលដែលយើងមករកព្រះគ្រីស្ទ ហើយទទួលបានការផ្ដាច់បាបរបស់យើង នោះយើង « ពោរពេញទៅដោយសេចក្ដីស្រឡាញ់នៃព្រះ » ( ម៉ូសាយ ៤:១២ ) ។ ការណ៍នេះនាំឲ្យយើងមានសេចក្ដីស្រឡាញ់ និងសន្ដានចិត្តល្អចំពោះអ្នកដទៃ ។ បងប្អូន និងកូនៗរបស់បងប្អូនអាចស្រាវជ្រាវក្នុង ម៉ូសាយ ៤:១៣–១៦, ២៦ ( ឬបទចម្រៀងដូចជាបទ « ខ្ញុំនឹងដើរជាមួយអ្នក » សៀវភៅចម្រៀងកុមារ ទំព័រ ៧៨–៧៩ ) ហើយស្វែងរកឃ្លាដែលពិពណ៌នាអំពីរបៀបដែលយើងអាចបម្រើអ្នកដទៃបាន ។ បន្ទាប់មក ពួកគេអាចសម្ដែងរឿងទាំងនេះ ឬគូររូបភាពពួកគេ ហើយទាយឃ្លារបស់គ្នាទៅវិញទៅមក ។ តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ និងសន្ដានចិត្តល្អនៅផ្ទះ នៅសាលា ឬនៅព្រះវិហារដោយរបៀបណា ?
ពេលខ្ញុំធ្វើសេចក្ដីសញ្ញាជាមួយព្រះ នោះខ្ញុំលើកដាក់មកលើខ្លួនខ្ញុំនូវព្រះនាមនៃព្រះគ្រីស្ទ ។
-
កូនៗរបស់បងប្អូនអាចរីករាយនឹងការបង្កើតស្លាកឈ្មោះ ដែលដាក់បង្ហាញព្រះនាម « ព្រះយេស៊ូវគ្រីស្ទ » ហើយពាក់វានៅលើបេះដូងរបស់ពួកគេ ( សូមមើលទំព័រសកម្មភាពសប្តាហ៍នេះ ) ។ ខណៈពេលដែលពួកគេកំពុងធ្វើដូច្នោះ នោះបងប្អូនអាចអាន ម៉ូសាយ ៥:១២ ឲ្យពួកគេស្តាប់ ហើយនិយាយអំពីរបៀបដែលការធ្វើសេចក្តីសញ្ញា ឬការសន្យាទាំងឡាយជាមួយព្រះគឺដូចជាការមានព្រះនាមរបស់ព្រះគ្រីស្ទ « ចារិកនៅក្នុងដួងចិត្ត [ របស់យើង ] ជានិច្ច » អ៊ីចឹង ។