ថ្ងៃទី ១៣–១៩ ខែ ឧសភា ៖ ‹ ពន្លឺមួយ…ដែលពុំអាចធ្វើឲ្យងងឹតបានឡើយ › ។ ម៉ូសាយ ១១–១៧ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
« ថ្ងៃទី ១៣–១៩ ខែ ឧសភា ។ ម៉ូសាយ ១១–១៧ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
ថ្ងៃទី ១៣–១៩ ខែ ឧសភា ៖ « ពន្លឺមួយ…ដែលពុំអាចធ្វើឲ្យងងឹតបានឡើយ »
ម៉ូសាយ ១១–១៧
ភ្លើងដ៏សន្ធោសន្ធៅអាចចាប់ផ្ដើមមកពីផ្កាភ្លើងដ៏តូចមួយ ។ អ័ប៊ីណាដៃគឺជាមនុស្សតែម្នាក់គត់ដែលថ្លែងទីបន្ទាល់ទាស់នឹងស្ដេចដ៏មានអំណាច និងតុលាការរបស់ទ្រង់ ។ សម្ដីរបស់លោកត្រូវបានបដិសេធស្ទើរតែទាំងអស់ ហើយលោកត្រូវបានកាត់ទោសដល់ស្លាប់ ។ ប៉ុន្តែទីបន្ទាល់របស់លោកអំពីព្រះយេស៊ូវគ្រីស្ទ ដែលជា « ពន្លឺមួយ…ដែលពុំអាចធ្វើឲ្យងងឹតបានឡើយ » ( ម៉ូសាយ ១៦:៩ ) បានបង្កើតជាផ្កាភ្លើងនៅក្នុងខ្លួនរបស់សង្ឃអាលម៉ាវ័យក្មេង ។ ហើយផ្កាភ្លើងនៃការប្រែចិត្តជឿនោះបានរីកចម្រើនឡើងបន្ដិចម្ដងៗ នៅពេលអាលម៉ាបាននាំមនុស្សជាច្រើនឲ្យប្រែចិត្ត និងមានសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ អណ្ដាតភ្លើងដ៏សន្ធោសន្ធៅដែលបានសម្លាប់អ័ប៊ីណាដៃ ត្រូវបានរលត់ទៅនៅទីបំផុត ប៉ុន្តែភ្លើងនៃសេចក្ដីជំនឿ ដែលពាក្យសម្ដីរបស់លោកបានបង្កើតឡើង នឹងនៅមានឥទ្ធិពលជារៀងរហូតទៅលើពួកសាសន៍នីហ្វៃ—និងប្រជាជនដែលបានអានសម្ដីរបស់លោកនៅសព្វថ្ងៃនេះ ។ ពួកយើងភាគច្រើននឹងពុំធ្លាប់ជួបនឹងអ្វីដែលអ័ប៊ីណាដៃបានជួប ដោយសារតែទីបន្ទាល់របស់យើងនោះទេ ប៉ុន្តែយើងទាំងអស់គ្នានឹងមានគ្រាខ្លះៗដែលការដើរតាមព្រះយេស៊ូវគ្រីស្ទ គឺជាការសាកល្បងមួយអំពីសេចក្ដីក្លាហាន និងសេចក្តីជំនឿរបស់យើង ។ ប្រហែលជាការសិក្សាអំពីទីបន្ទាល់របស់អ័ប៊ីណាដៃនឹងផ្លុំអណ្ដាតភ្លើងនៃទីបន្ទាល់ និងភាពក្លាហានឲ្យឆេះឡើងនៅក្នុងដួងចិត្តរបស់បងប្អូនផងដែរ ។
សូមមើលផងដែរ « Abinadi Testifies of Jesus Christ » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
ខ្ញុំអាចឈរជាសាក្សីដល់ព្រះយេស៊ូវគ្រីស្ទបាន ទោះបីជាខ្ញុំឈរតែឯងក្តី ។
ខណៈពេលដែលបងប្អូនសិក្សា ម៉ូសាយ ១១–១៣; ១៧ សូមមើលរូបភាពរបស់អ័ប៊ីណាដៃនៅក្នុងមេរៀននេះ ។ តើបងប្អូនរៀនអ្វីខ្លះអំពីការឈរជាសាក្សីដល់ព្រះគ្រីស្ទ ? ជាពិសេស បងប្អូនអាចផ្តោតការសិក្សារបស់បងប្អូនទៅលើវគ្គបទគម្ពីរ និងសំណួរដូចជា ៖
-
តើបងប្អូននឹងពិពណ៌នាអំពីណូអេ និងប្រជាជនរបស់ទ្រង់យ៉ាងដូចម្ដេច ? ហេតុអ្វីអ័ប៊ីណាដៃត្រូវមានសេចក្តីក្លាហានដើម្បីចែកចាយសារលិខិតរបស់ព្រះជាមួយពួកគេ ? ( សូមមើល ម៉ូសាយ ១១:១–១៩, ២៧–២៩; ១២:៩–១៥ ) ។
-
តើបងប្អូននឹងពិពណ៌នាពីអ័ប៊ីណាដៃយ៉ាងដូចម្ដេច ? តើអ័ប៊ីណាដៃបានយល់ពីអ្វីខ្លះ ដែលបានជួយលោកឲ្យមានចិត្តក្លាហានក្នុងការថ្លែងទីបន្ទាល់របស់លោក ? ( សូមមើល ម៉ូសាយ ១៣:២–៩, ២៨, ៣៣–៣៥; ១៧:៨–១០, ២០ ) ។
តើនៅពេលណាដែលបងប្អូនមានអារម្មណ៍ថា បងប្អូនឈរតែម្នាក់ឯងក្នុងការការពារព្រះអង្គសង្រ្គោះ និងដំណឹងល្អរបស់ទ្រង់ ? តើទ្រង់បានជួយបងប្អូនឲ្យមានអារម្មណ៍ថា ទ្រង់គង់នៅជាមួយនឹងបងប្អូនដោយរបៀបណា ? នៅពេលបងប្អូនជញ្ជឹងគិតពីរឿងនេះ បងប្អូនអាចអានដំណើររឿងរបស់អេលីសេ និងអ្នកបម្រើវ័យក្មេងរបស់លោកនៅក្នុង ពង្សាវតារក្សត្រ ទី២ ៦:១៤–១៧ ។ តើអ្វីដែលបំផុសគំនិតបងប្អូនអំពីដំណើររឿងនេះ ?
បងប្អូនក៏អាចស្រាវជ្រាវនៅ ទំព័រ ៣១–៣៣ នៃកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ហើយស្វែងរកឃ្លាដែលផ្តល់ឲ្យបងប្អូននូវភាពក្លាហានដើម្បីការពារសេចក្តីពិតផងដែរ ។ ឬបងប្អូនអាចធ្វើដូចគ្នានៅក្នុងទំនុកតម្កើងដូចជាបទ « ធ្វើអ្វីដែលត្រូវ » ឬ « ចូរយើងខិតខំទៅ » ( ទំនុកតម្កើង ល.រ. ១៤៧, ១៥២ ) ។
តើបងប្អូននឹងអនុវត្តអ្វីដែលបងប្អូនបានរៀនពីអ័ប៊ីណាដៃដោយរបៀបណា ? វីដេអូ « Dare to Stand Alone » ( បណ្ណាល័យដំណឹងល្អ ) បង្ហាញពីស្ថានភាពដែលបងប្អូនអាចឈរជាសាក្សីដល់ព្រះគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ តើមានគំរូអ្វីខ្លះទៀតដែលបងប្អូនអាចគិតដល់ ?
សូមមើលផងដែរ រ៉ូម ១:១៦; ធីម៉ូថេ ទី២ ១:៧–៨; « Chapter 8: The Call for Courage » Teachings of Presidents of the Church: Thomas S. Monson ( ឆ្នាំ ២០២២ ) ទំព័រ ១៣៥–១៤៧; Gospel Topics « Faith in Jesus Christ » នៅលើបណ្ណាល័យដំណឹងល្អ ។
ខ្ញុំចាំបាច់ត្រូវតាំងចិត្តរៀនឲ្យយល់ព្រះបន្ទូលរបស់ព្រះ ។
ពួកសង្ឃរបស់ស្តេចណូអេបានស្គាល់ព្រះបន្ទូលរបស់ព្រះ ។ ពួកគេអាចដកស្រង់វគ្គបទគម្ពីរ ហើយអះអាងថាបានបង្រៀនពីព្រះបញ្ញត្តិទាំងឡាយ ។ ហើយទោះជាយ៉ាងណា ជីវិតរបស់ពួកគេហាក់ដូចជាមិនទទួលបានឥទ្ធិពលមកពីដំណឹងល្អរបស់ព្រះអង្គសង្គ្រោះអ្វីទាល់តែសោះ ។ ហេតុអ្វីបានជាយ៉ាងដូច្នេះ ?
សូមគិតអំពីរឿងនេះ នៅពេលបងប្អូនអាន ម៉ូសាយ ១២:១៩–៣៧ ។ តើបងប្អូនគិតថា វាមានន័យយ៉ាងណាក្នុងការតាំងចិត្តរបស់បងប្អូនដើម្បីរៀនឲ្យយល់ពីព្រះបន្ទូលរបស់ព្រះ ? តើពាក្យ ឬឃ្លាអ្វីខ្លះដែលបំផុសគំនិតបងប្អូនឲ្យធ្វើការផ្លាស់ប្ដូរតាមរបៀបដែលបងប្អូនចូលទៅរៀនសូត្រដំណឹងល្អ ?
ព្រះបញ្ញត្តិរបស់ព្រះគួរតែត្រូវបានសរសេរនៅក្នុងដួងចិត្តខ្ញុំ ។
សូមជញ្ជឹងគិតពីការសង្កេតរបស់អ័ប៊ីណាដៃ ដែលថាព្រះបញ្ញត្តិ « ពុំទាន់បានសរសេរទុកនៅក្នុងបេះដូង » នៃពួកសង្ឃនៅឡើយទេ ( ម៉ូសាយ ១៣:១១ ) ។ តើឃ្លានេះអាចមានន័យយ៉ាងណា ? នៅពេលបងប្អូនអាន ម៉ូសាយ ១៣:១១–២៦ សូមពិចារណាថា តើព្រះបញ្ញត្តិទាំងនេះត្រូវបានសរសេរទុកនៅក្នុងបេះដូងរបស់បងប្អូនដែរឬអត់ ។
សូមមើលផងដែរ យេរេមា ៣១:៣១–៣៤; កូរិនថូស ទី២ ៣:៣ ។
ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខដើម្បីខ្ញុំ ។
នៅក្នុង ម៉ូសាយ ១៤–១៥ សូមកត់ចំណាំពាក្យ និងឃ្លាទាំងឡាយដែលពិពណ៌នាអំពីព្រះអង្គសង្គ្រោះ និងអ្វីដែលទ្រង់បានរងទុក្ខដើម្បីបងប្អូន ។ តើខគម្ពីរមួយណា ដែលជួយពង្រឹងសេចក្ដីស្រឡាញ់ និងការដឹងគុណរបស់បងប្អូនចំពោះទ្រង់ ?
តើព្រះយេស៊ូវគ្រីស្ទជាព្រះវរបិតាផង និងជាព្រះរាជបុត្រាផងតាមរបៀបណា ?
អ័ប៊ីណាដៃបានបង្រៀនថា ព្រះជាព្រះរាជបុត្រា—ព្រះយេស៊ូវគ្រីស្ទ—នឹងធ្វើជាព្រះប្រោសលោះ ( សូមមើល ម៉ូសាយ ១៥:១ ) គង់នៅក្នុងសាច់ឈាម ក្លាយជាមនុស្សសាច់ឈាមផង និងជាព្រះផង ( ខទី ២–៣ ) ។ ទ្រង់ដាក់ព្រះអង្គទ្រង់ទាំងស្រុងនៅក្រោមព្រះហឫទ័យរបស់ព្រះ ជាព្រះវរបិតា ( ខទី ៥–៩ ) ។ ដោយសារតែការណ៍នេះហើយ ទើបព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះផង និងជាតំណាងដ៏ល្អឥតខ្ចោះរបស់ព្រះដែលជាព្រះវរបិតាផង ( សូមមើល យ៉ូហាន ១៤:៦–១០ ) ។
ព្រះយេស៊ូវគ្រីស្ទក៏ជាព្រះវរបិតាក្នុងន័យថា នៅពេលយើងទទួលយកការប្រោសលោះរបស់ទ្រង់ នោះយើងក្លាយ « ពូជរបស់ទ្រង់ » និង « គ្រងនគរនៃព្រះទុកជាមរតក » ( ម៉ូសាយ ១៥:១១–១២ ) ។ ក្នុងន័យម្យ៉ាងទៀតថា យើងបានកើតជាថ្មីខាងវិញ្ញាណតាមរយៈទ្រង់ ( សូមមើល ម៉ូសាយ ៥:៧ ) ។
ហេតុអ្វីបានជាបងប្អូនមានអារម្មណ៍ថា វាមានសារៈសំខាន់ដើម្បីដឹងពីសេចក្តីពិតទាំងនេះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? តើទីបន្ទាល់របស់អ័ប៊ីណាដៃពង្រឹងសេចក្តីជំនឿរបស់បងប្អូនលើទ្រង់ទាំងទ្វេដោយរបៀបណា ?
គំនិតសម្រាប់បង្រៀនកុមារ
ខ្ញុំអាចឈរជាសាក្សីដល់ព្រះយេស៊ូវគ្រីស្ទបាន ទោះបីជាខ្ញុំឈរតែឯងក្តី ។
-
នៅពេលខ្លះក្នុងជីវិតរបស់យើង យើងទាំងអស់គ្នាប្រឈមមុខទៅនឹងសម្ពាធក្នុងការធ្វើការជ្រើសរើសដែលផ្ទុយនឹងសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ។ តើកូនៗរបស់បងប្អូនអាចរៀនអ្វីខ្លះ មកពីអ័ប៊ីណាដៃអំពីការឈរជាសាក្សីដល់ព្រះយេស៊ូវគ្រីស្ទ ទោះបីជាវាមិនពេញនិយមក៏ដោយ ? រូបគំនូរនៅក្នុងមេរៀននេះ ឬ « ជំពូកទី ១៤ ៖ អ័ប៊ីណាដៃ និងស្តេចណូអេ » ( នៅក្នុង ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ៣៨–៤២ ) អាចជួយពួកគេឲ្យមើលឃើញពីដំណើររឿងនេះដែលមាននៅក្នុង ម៉ូសាយ ១១–១៣; ១៧ បាន ។ សូមសួរពួកគេពីអ្វីដែលពួកគេចូលចិត្តអំពីអ័ប៊ីណាដៃ ។
-
កូនៗរបស់បងប្អូនអាចរីករាយនឹងការសម្ដែងផ្នែកខ្លះនៃដំណើររឿងរបស់អ័ប៊ីណាដៃ ។ បន្ទាប់មក ពួកគេអាចសម្ដែងតាមស្ថានភាពជីវិតពិត ដើម្បីអនុវត្តនូវអ្វីដែលពួកគេអាចនឹងធ្វើ ប្រសិនបើអ្នកដទៃចង់ឲ្យពួកគេធ្វើអ្វីមួយខុស ។ ឬពួកគេអាចចែកចាយបទពិសោធន៍ នៅពេលពួកគេក្លាហានក្នុងការធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ តើអ័ប៊ីណាដៃបានដើរតាមព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? ( សូមមើល ម៉ូសាយ ១៣:២–៩; ១៧:៧–១០ ) ។ ហេតុអ្វីបានជាស្ដេចណូអេមិនធ្វើអ្វីដែលទ្រង់ដឹងថាត្រឹមត្រូវ ? ( សូមមើល ម៉ូសាយ ១៧:១១–១២ ) ។
ខ្ញុំគួរតែគោរពតាមក្រឹត្យវិន័យដប់ប្រការ ។
-
ពួកសង្ឃរបស់ស្ដេចណូអេបានស្គាល់ព្រះបញ្ញត្តិ ប៉ុន្តែមិនបាន « សរសេរទុកនៅក្នុងបេះដូង [ របស់ពួកគេ] » ឡើយ ( ម៉ូសាយ ១៣:១១ ) ។ តើបងប្អូននឹងជួយកូនៗរបស់បងប្អូនឲ្យស្គាល់ព្រះបញ្ញត្តិ ហើយស្រឡាញ់ព្រះបញ្ញត្តិទាំងនោះដោយរបៀបណា ? ប្រហែលជាពួកគេអាចសរសេរព្រះបញ្ញត្តិមកពី ម៉ូសាយ ១២:៣៣–៣៦ និង ១៣:១១–២៤ ដាក់នៅលើបេះដូងក្រដាស ។ នៅពេលពួកគេធ្វើដូច្នោះ សូមនិយាយជាមួយពួកគេអំពីអត្ថន័យនៃព្រះបញ្ញត្តិទាំងនេះ និងរបៀបធ្វើតាមព្រះបញ្ញត្តិទាំងនេះ ។ តើយើងសរសេរព្រះបញ្ញត្តិទាំងនេះទុកនៅក្នុងបេះដូងរបស់យើងដោយរបៀបណា ?
-
បងប្អូនក៏អាចច្រៀងជាមួយគ្នានូវបទចម្រៀងអំពីព្រះបញ្ញត្តិបានផងដែរ ដូចជាបទ « រក្សាបទបញ្ញត្តិ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦៨ ) ។ តើមានពរជ័យអ្វីខ្លះមកពីការកាន់តាមព្រះបញ្ញត្តិទាំងឡាយ ?
ព្រះវរបិតាសួគ៌បានចាត់ព្រះយេស៊ូវគ្រីស្ទឲ្យដឹកនាំខ្ញុំត្រឡប់ទៅរកទ្រង់វិញ ។
-
ទោះបីវាជាជំពូកដ៏ខ្លីក៏ដោយ ក៏ ម៉ូសាយ ១៤ មានពាក្យពេចន៍ និងឃ្លាជាច្រើនដែលពិពណ៌នាអំពីព្រះយេស៊ូវគ្រីស្ទផងដែរ ។ ប្រហែលជាបងប្អូន និងកូនៗរបស់បងប្អូនអាចសរសេរពីពាក្យពេចន៍ និងឃ្លាទាំងនោះ នៅពេលបងប្អូនអានជំពូកនេះជាមួយគ្នា ។ បន្ទាប់មក បងប្អូនអាចនិយាយអំពីអារម្មណ៍របស់បងប្អូនចំពោះព្រះអង្គសង្គ្រោះ នៅពេលបងប្អូនសិក្សាពាក្យពេចន៍ និងឃ្លាទាំងនេះ ។
-
ដើម្បីបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ នោះអ័ប៊ីណាដៃបានដកស្រង់ពាក្យរបស់ព្យាការីអេសាយ ដែលបានប្រៀបធៀបយើងទៅនឹងចៀមដែលបាត់ ។ ប្រហែលជាកូនៗរបស់បងប្អូនអាចចែកចាយបទពិសោធន៍ នៅពេលពួកគេបានបាត់អ្វីមួយ ឬវង្វេង ។ តើពួកគេមានអារម្មណ៍យ៉ាងណា ? តើពួកគេបានធ្វើអ្វីខ្លះ ? បន្ទាប់មក បងប្អូនអាចអានជាមួយគ្នាក្នុង ម៉ូសាយ ១៤:៦ និង ១៦:៤–៩ ។ តើយើងដូចជាចៀមដែលវង្វេងចេញពីព្រះដោយរបៀបណា ? តើព្រះយេស៊ូវគ្រីស្ទជួយយើងឲ្យត្រឡប់មកវិញតាមរបៀបណា ?