« ថ្ងៃទី ៦–១២ ខែ ឧសភា ៖ ‹ ដោយកម្លាំងនៃព្រះអម្ចាស់ › ។ ម៉ូសាយ ៧–១០ » ចូរមកតាម—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
« ថ្ងៃទី ៦–១២ ខែ ឧសភា ។ ម៉ូសាយ ៧–១០ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
ថ្ងៃទី ៦–១២ ខែ ឧសភា ៖ « ដោយកម្លាំងនៃព្រះអម្ចាស់ »
ម៉ូសាយ ៧–១០
ខណៈដែលប្រជារាស្ត្ររបស់ស្ដេចម៉ូសាយកំពុងរីករាយនឹង « សេចក្ដីសុខសាន្ដតរៀងមក » នៅសារ៉ាហិមឡា ( ម៉ូសាយ ៧:១ ) គំនិតរបស់ពួកគេបានងាកទៅរកក្រុមសាសន៍នីហ្វៃផ្សេងទៀត ដែលជាច្រើនឆ្នាំពីមុនមកនោះបានចាកចេញទៅរស់នៅក្នុងទឹកដីលីហៃ–នីហ្វៃ ។ មនុស្សជាច្រើនជំនាន់បានកន្លងផុតទៅ ហើយប្រជារាស្ត្ររបស់សេ្តចម៉ូសាយពុំបានឮដំណឹងអ្វីសោះអំពីពួកគេ ។ ដូច្នេះ ស្តេចម៉ូសាយបានសុំអាំម៉ូនឲ្យដឹកនាំក្រុមស្វែងរកមួយ ដើម្បីទៅស្វែងរកពួកសាសន៍នីហ្វៃដែលបានចាកចេញទៅនោះ ។ ក្រុមស្រាវជ្រាវបានរកឃើញថា « ព្រោះតែសេចក្ដីទុចរិត » ( ម៉ូសាយ ៧:២៤ ) ពួកសាសន៍នីហ្វៃទាំងនោះត្រូវបានចាប់ជាឈ្លើយរបស់ពួកសាសន៍លេមិន ។ ប៉ុន្តែពេលអាំម៉ូន និងបងប្អូនប្រុសរបស់លោកបានទៅដល់ រំពេចនោះពួកគេបានមានសង្ឃឹមថានឹងត្រូវបានរំដោះ ។
ពេលខ្លះ ពួកយើងក៏ដូចជាពួកសាសន៍នីហ្វៃដែលជាប់ជាឈ្លើយទាំងនោះផងដែរ ដែលកំពុងរងទុក្ខដោយសារតែអំពើបាបរបស់ខ្លួនយើង ងឿងឆ្ងល់ថាតើពួកយើងនឹងរកបានភាពសុខសាន្ដម្ដងទៀតដោយរបៀបណា ។ ពេលខ្លះយើងគឺដូចជាអាំម៉ូន ត្រូវបានបំផុសគំនិតឲ្យឈោងទៅជួយអ្នកដទៃ ហើយទីបំផុតបានឃើញថា កិច្ចខិតខំរបស់យើងបានបំផុសគំនិតដល់ពួកគេឲ្យ « ងើបមុខ [ ពួកគេ ] ឡើង ហើយអររីករាយចុះ ហើយដាក់ទីទុកចិត្ត [ របស់ពួកគេ ] ទៅលើព្រះ » ( ម៉ូសាយ ៧:១៩ ) ។ មិនថាស្ថានភាពរបស់យើងយ៉ាងណានោះទេ យើងទាំងអស់គ្នាចាំបាច់ត្រូវប្រែចិត្ត ហើយ « បែរត្រឡប់មករកព្រះអម្ចាស់ដោយស្មោះពីចិត្ត » ដោយសេចក្ដីជំនឿថា « ទ្រង់នឹងដោះលែង [ យើង ] ឲ្យរួច » ( ម៉ូសាយ ៧:៣៣ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
ព្រះយេស៊ូវគ្រីស្ទមានព្រះចេស្តាដើម្បីរំដោះខ្ញុំ ។
ការជួបនឹងអាំម៉ូនបានផ្ដល់សេចក្តីសង្ឃឹមដល់ស្តេចលិមហៃ ហើយទ្រង់ចង់បញ្ជូនសេចក្តីសង្ឃឹមនោះដល់ប្រជាជនរបស់ទ្រង់ ។ ប្រហែលជាបន្ទូលរបស់ទ្រង់អាចផ្តល់សេចក្តីសង្ឃឹមដល់បងប្អូនបានផងដែរ ។ សម្រាប់បរិបទ សូមពិចារណាពិនិត្យស្ថានភាពប្រជាជនរបស់លិមហៃនៅក្នុង ម៉ូសាយ ៧:២០–២៥ ។ បន្ទាប់មក សូមជញ្ជឹងគិតពីសំណួរទាំងនេះកាលដែលបងប្អូនអាន ម៉ូសាយ ៧:១៤–៣៣ ៖
-
តើស្ដេចលិមហៃមានបន្ទូលអ្វីខ្លះដើម្បីពង្រឹងសេចក្តីជំនឿ និងសេចក្តីសង្ឃឹមរបស់ប្រជាជនរបស់ទ្រង់ទៅលើព្រះគ្រីស្ទ ?
-
តើឃ្លាអ្វីខ្លះដែលអាចជួយបងប្អូនឲ្យទទួលអារម្មណ៍នៃសេចក្តីសង្ឃឹម ? ( សូមមើល ខទី ១៩, ៣៣ ) ។
-
តើបទពិសោធន៍អ្វីខ្លះដែលបានជួយបងប្អូនឲ្យទុកចិត្តថា ព្រះអាច ហើយនឹងរំដោះបងប្អូនបាន ?
សូមមើលផងដែរ « ព្រះនៃអ៊ីស្រាអែល » ទំនុកតម្កើង ល.រ. ៦ ។
ខ្ញុំត្រូវបានបង្កើត « តាមរូបរាងនៃព្រះ » ។
នៅក្នុង ម៉ូសាយ ៧:២៦–២៧ ស្ដេចលិមហៃបានពន្យល់ពីសេចក្តីពិតមួយចំនួនដែលអ័ប៊ីណាដៃបានបង្រៀន ។ តើសេចក្តីពិតអ្វីខ្លះដែលបងប្អូនអាចស្វែងយល់នៅក្នុងខគម្ពីរទាំងនេះ ? តើសេចក្ដីពិតទាំងនេះជះឥទ្ធិពលលើរបៀបដែលបងប្អូនគិតអំពីព្រះ និងខ្លួនឯងដោយរបៀបណា ?
សូមមើលផងដែរ រ័សុល អិម ណិលសុន « Your Body: A Magnificent Gift to Cherish » Liahona ខែ សីហា ឆ្នាំ ២០១៩ ទំព័រ ៥០–៥៥ ។
ព្រះអម្ចាស់ប្រទានព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈដើម្បីផ្ដល់ប្រយោជន៍ដល់មនុស្សជាតិ ។
នៅពេលស្ដេចលិមហៃបានស្ដាប់ឮទីបន្ទាល់អាំម៉ូនថា ព្រះអម្ចាស់បានហៅអ្នកមើលឆុតម្នាក់មក ស្ដេចលិមហៃ « មានសេចក្ដីរីករាយជាខ្លាំង ហើយបានថ្លែងអំណរគុណដល់ព្រះ » ( ម៉ូសាយ ៨:១៩ ) ។ ហេតុអ្វីបងប្អូនគិតថា ទ្រង់មានព្រះទ័យបែបនេះ ? តើបងប្អូនរៀនអ្វីខ្លះអំពីពួកអ្នកមើលឆុត ចេញពីពាក្យសម្តីរបស់អាំម៉ូននៅក្នុង ម៉ូសាយ ៨:១៣–១៩ ?
នៅសព្វថ្ងៃនេះ យើងគាំទ្រគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។ តើវាជា « ប្រយោជន៍ដ៏ធំ » ចំពោះបងប្អូនដោយរបៀបណា ? ( ម៉ូសាយ ៨:១៨ ) ។ តើពួកលោកបានបង្រៀនបងប្អូនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
តើបងប្អូនអាចនិយាយដោយក្លាហានដូចជាអាំម៉ូនដែរ អំពីតម្រូវការដើម្បីមានព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈដោយរបៀបណា ? ( សូមមើល ម៉ូសាយ ៨:១៣–១៨ ) ។ ឧទាហរណ៍ តើបងប្អូននឹងចែកចាយអ្វីជាមួយគ្រួសាររបស់បងប្អូន ឬនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពី ៖
-
សេចក្តីពិតដែលត្រូវបានស្ដារឡើងវិញក្នុងជំនាន់របស់យើងដោយ យ៉ូសែប ស្ម៊ីធ និងព្យាការីផ្សេងទៀតរបស់ព្រះអម្ចាស់ ( ដូចជានិស្ស័យនៃព្រះ អត្តសញ្ញាណដ៏ទេវភាពរបស់យើង ឬធម្មជាតិដ៏អស់កល្បជានិច្ចនៃគ្រួសារ ) ។ ការរំឭកឡើងវិញនៅក្នុង « ការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » ឬ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ( បណ្ណាល័យដំណឹងល្អ ) អាចជួយបងប្អូនឲ្យគិតអំពីសេចក្ដីពិតទាំងនេះបាន ។
-
ពរជ័យនៃបទបញ្ញត្តិ ឬពិធីបរិសុទ្ធ ( ដូចជាពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ច្បាប់ព្រហ្មចារីភាព ឬការផ្សារភ្ជាប់គ្រួសារ ) ។
កាលពីខែមុន យើងបានឮមកពីព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈនៅក្នុងសន្និសីទទូទៅ ។ តើសារអ្វីខ្លះដែលបានបំផុសគំនិតដល់បងប្អូន ? តើបងប្អូននឹងធ្វើអ្វីខ្លះខុសពីមុនដោយផ្អែកលើអ្វីដែលបងប្អូនបានរៀន ? តើអ្នកមើលឆុតរបស់ព្រះអម្ចាស់បានថ្លែងអ្វីខ្លះអំពី « ការណ៍ទាំងឡាយដែលនឹងកើតឡើងនៅពេលខាងមុខ » ? ( ម៉ូសាយ ៨:១៧ ) ។
សូមមើលផងដែរ Gospel Topics « Prophets » នៅលើបណ្ណាល័យដំណឹងល្អ ។
ខ្ញុំអាចប្រឈមមុខទៅនឹងឧបសគ្គ « ដោយកម្លាំងនៃព្រះអម្ចាស់ » ។
ស៊ីនិព្វបានសារភាពថា កំហុសរបស់ទ្រង់បានធ្វើឲ្យរាស្ត្ររបស់ទ្រង់ធ្លាក់ក្នុងស្ថានភាពលំបាក ។ ប៉ុន្តែក្រោយមក នៅពេលទ្រង់បានចេញទៅធ្វើសង្គ្រាមទាស់នឹងពួកសាសន៍លេមិន ទ្រង់បានជួយរាស្ត្ររបស់ទ្រង់ឲ្យប្រឈមមុខទៅនឹងឧបសគ្គទាំងឡាយរបស់ពួកគេដោយសេចក្ដីជំនឿលើព្រះអម្ចាស់ ។ នៅពេលបងប្អូនអាន ម៉ូសាយ ៩–១០ សូមស្វែងរកមើលនូវអ្វីដែលប្រជាជនស៊ីនិព្វបានធ្វើដើម្បីបង្ហាញពីសេចក្ដីជំនឿរបស់ពួកគេ ។ តើព្រះពង្រឹងដល់ពួកគេដោយរបៀបណា ? តើព្រះបានពង្រឹងបងប្អូនដោយរបៀបណា ? តើវាមានន័យយ៉ាងដូចម្ដេចចំពោះបងប្អូនក្នុងការឆ្ពោះទៅមុខ « ដោយកម្លាំងនៃព្រះអម្ចាស់ » ? ( ម៉ូសាយ ៩:១៧; ១០:១០–១១ ) ។
ជម្រើសរបស់ខ្ញុំអាចជះឥទ្ធិពលទៅច្រើនជំនាន់ ។
នៅពេលបងប្អូនអាន ម៉ូសាយ ១០:១១–១៧ សូមបញ្ជាក់ពីរបៀបដែលសកម្មភាព និងអាកប្បកិរិយានៃពួកសាសន៍លេមិនជំនាន់មុនបានប៉ះពាល់ដល់មនុស្សជំនាន់ក្រោយ ។ តើការណ៍នេះណែនាំអ្វីខ្លះ ស្ដីពីរបៀបដែលការជ្រើសរើសរបស់យើងអាចប៉ះពាល់ដល់មនុស្សដទៃ—សម្រាប់សេចក្ដីល្អ ឬសេចក្ដីអាក្រក់—រួមទាំងមនុស្សដែលមិនទាន់ចាប់កំណើតនៅឡើយផងដែរ ?
គំនិតសម្រាប់បង្រៀនកុមារ
ព្រះបានជួយប្រជាជននៅក្នុងព្រះគម្ពីរ ហើយទ្រង់អាចជួយខ្ញុំបាន ។
-
ពេលរាស្ត្ររបស់ទ្រង់បានជួបឧបសគ្គ ស្ដេចលិមហៃបានចែកចាយបទគម្ពីរដើម្បីស្ថាបនាសេចក្ដីជំនឿរបស់ពួកគេ ។ សូមសួរកូនៗរបស់បងប្អូនអំពីដំណើររឿង ឬតួអង្គនៅក្នុងបទគម្ពីរដែលជួយពួកគេឲ្យមានសេចក្ដីជំនឿ ។ បន្ទាប់មក បងប្អូនអាចអាន ម៉ូសាយ ៧:១៩ ឲ្យពួកគេស្តាប់ និងរំឭកឡើងវិញនូវដំណើររឿងនៅក្នុងខគម្ពីរនេះ ( សូមមើល « បុណ្យរំលង » និង « ពួកសាសន៍អ៊ីស្រាអែលនៅក្នុងទីរហោស្ថាន » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ទំព័រ ៧០–៧៦ ) ។ ប្រហែលជាកូនៗរបស់បងប្អូនអាចចង់សម្តែងតាមដំណើររឿងនោះ ។ តើព្រះអម្ចាស់បានជួយប្រជាជននៅក្នុងដំណើររឿងនេះដោយរបៀបណា ? តើទ្រង់អាចជួយយើងដោយរបៀបណា ?
-
សម្រាប់ឧទាហរណ៍ជាច្រើនទៀតអំពីរបៀបដែលព្រះម្ចាស់ជួយដល់យើង សូមជ្រើសរើសវគ្គបទចម្រៀងមួយចំនួនមកពីបទ « ដំណើររឿងព្រះគម្ពីរមរមន » ឬ « ភាពក្លាហានរបស់នីហ្វៃ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១១៨–១៩, ៦៤–៦៥ ) ដើម្បីច្រៀងជាមួយនឹងកូនៗរបស់បងប្អូន ។ សូមជួយពួកគេឲ្យស្គាល់ពីរបៀបដែលព្រះអម្ចាស់បានជួយមនុស្សនៅក្នុងព្រះគម្ពីរមរមន—និងរបៀបដែលទ្រង់អាចជួយយើងបាន ។
ព្រះបានប្រទានឲ្យយើងនូវព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈទាំងឡាយ ។
-
របៀបមួយដើម្បីបង្រៀនអំពីអ្នកមើលឆុត គឺត្រូវប្រៀបធៀបពួកលោកទៅនឹងអ្វីដែលជួយយើងឲ្យមើលឃើញច្បាស់ ដូចជា វ៉ែនតា កែវពង្រីក ឬមីក្រូទស្សន៍ជាដើម ។ បន្ទាប់មក កាលដែលបងប្អូនអាន ម៉ូសាយ ៨:១៧ ឲ្យកូនៗរបស់បងប្អូនស្តាប់ នោះពួកគេអាចយកដៃដាក់លើភ្នែករបស់ពួកគេ ដូចជាពួកគេកំពុងមើលតាមកែវពង្រីក រាល់ពេលដែលពួកគេឮពាក្យ « អ្នកមើលឆុត » ( សូមមើលផងដែរ ម៉ូសេ ៦:៣៥–៣៦ ) ។ សូមនិយាយជាមួយពួកគេអំពីអ្វីដែលព្រះអម្ចាស់ជួយដល់ព្យាការីឲ្យ « មើលឃើញ » ដែលយើងមិនអាចមើលឃើញ ។ តើព្យាការី ឬអ្នកមើលឆុតរបស់យើង ដូចជា យ៉ូសែប ស្ម៊ីធជាដើម បានបើកសម្តែងមកកាន់យើងអ្វីខ្លះ ?
-
បន្ទាប់ពីអាន ម៉ូសាយ ៨:១៦–១៨ ជាមួយកូនៗរបស់បងប្អូនរួច បងប្អូនអាចជួយពួកគេឲ្យគិតពីរបៀបដើម្បីបំពេញប្រយោគដូចជា អ្នកមើលឆុតដូចជា … ដែលជួយយើង … ។ ឧទាហរណ៍ អ្នកមើលឆុតគឺដូចជាសញ្ញាចរាចរណ៍ដែលចង្អុលប្រាប់ផ្លូវយើងឲ្យទៅរកព្រះយេស៊ូវអ៊ីចឹងដែរ ។
-
បងប្អូនក៏អាចធ្វើស្នាមបាតជើងពីក្រដាស ហើយអញ្ជើញកូនៗរបស់បងប្អូនឲ្យគូររូបនៅលើស្នាមបាតជើងនូវអ្វីដែលព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈបានផ្ដល់ដំបូន្មានឲ្យយើងធ្វើ ។ សូមដាក់ស្នាមបាតជើងនៅលើផ្លូវនៅជុំវិញបន្ទប់ ហើយឲ្យកូនៗរបស់បងប្អូនដើរនៅលើស្នាមបាតជើងទាំងនេះ ។ តើអ្នកមើលឆុតអាច « មានប្រយោជន៍ដ៏ធំ » ដល់យើងដោយរបៀបណា ? ( សូមមើល ម៉ូសាយ ៨:១៧–១៨ ) ។
នៅពេលខ្ញុំទន់ខ្សោយ នោះព្រះអម្ចាស់អាចពង្រឹងខ្ញុំបាន ។
-
នៅពេលកុមារជួបនឹងឧបសគ្គនានា ជួនកាលពួកគេមានអារម្មណ៍ទន់ខ្សោយ និងមិនអាចជួយបាន ។ តើបងប្អូននឹងជួយកូនៗរបស់បងប្អូនឲ្យពឹងផ្អែកលើកម្លាំងរបស់ព្រះអម្ចាស់ដោយរបៀបណា ? បងប្អូនគួរតែសួរពួកគេពីអ្វីដែលយើងធ្វើដើម្បីបានមានរូបកាយរឹងមាំ ? តើការមាន « កម្លាំងរបស់មនុស្ស » មានន័យដូចម្ដេច ? ( សូមមើល ម៉ូសាយ ១០:១១ ) ។ តើការមាន « កម្លាំងនៃព្រះអម្ចាស់ » មានន័យដូចម្ដេច ? ( សូមមើល ម៉ូសាយ ៩:១៧–១៨; ១០:១០ ) ។ តើយើងទទួលបានកម្លាំងនៃព្រះអម្ចាស់ដោយរបៀបណា ? កូនៗរបស់បងប្អូនអាចគូររូបមួយពីអ្វីដែលជួយពួកគេឲ្យទទួលបានកម្លាំងពីព្រះអម្ចាស់ ។