ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៥–១១ ខែ សីហា ៖ « ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា » ។ អាលម៉ា ៣៩–៤២


« ថ្ងៃទី ៥–១១ ខែ សីហា ៖ ‹ ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា › ។ អាលម៉ា ៣៩–៤២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ៥–១១ ខែ សីហា ។ អាលម៉ា ៣៩–៤២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

ព្រះយេស៊ូវ​កំពុង​យាង​ចេញ​ពី​ផ្នូរ

He Is Risen [ ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ] ដោយ ឌេល ផាសិន

ថ្ងៃទី ៥–១១ ខែ សីហា ៖ « ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា »

អាលម៉ា ៣៩–៤២

នៅពេល​នរណា​ម្នាក់​ដែល​យើង​ស្រឡាញ់​បាន​ធ្វើ​កំហុស​ធ្ងន់ធ្ងរ វា​អាច​នឹង​ពិបាក​ដើម្បី​ដឹង​ពី​របៀប​ថា​គួរ​ធ្វើ​យ៉ាង​ម៉េច ។ ចំណែក​នៃ​អ្វី​ដែល​ធ្វើ​ឲ្យ អាលម៉ា ៣៩–៤២ មាន​គុណតម្លៃ​យ៉ាង​ខ្លាំង​នោះ​គឺ​ថា វា​បើក​បង្ហាញ​អំពី​របៀប​ដែល​អាលម៉ា—ជា​សិស្ស​របស់​ព្រះគ្រីស្ទ​ដែល​ធ្លាប់បាន​ធ្វើ​អំពើបាប​គួរឲ្យ​សោកសង្រេង​ខ្លួនឯង​ដែរ ហើយ​បាន​ប្រែចិត្ត—បាន​ប្រព្រឹត្ត​ក្នុង​ស្ថានភាព​បែបនោះ ។ កូរីអានតុន ដែល​ជា​កូន​ប្រុស​របស់​អាលម៉ា​បាន​ប្រព្រឹត្ត​អំពើ​បាប​ខាងផ្លូវភេទ ហើយ​កាល​អាលម៉ា​រៀន​ធ្វើ​ការងារ​បម្រើ​របស់​លោក លោក​បាន​ទុកចិត្ត​លើ​អានុភាព​នៃ​គោលលទ្ធិ​ពិត​ដើម្បី​ផ្តល់​ឲ្យ​កូន​ប្រុស​របស់​លោក​នូវ​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច ហើយ​លើកទឹក​ចិត្ត​ឲ្យ​មាន​ការប្រែចិត្ត ( សូមមើល អាលម៉ា ៤:១៩; ៣១:៥ ) ។ នៅ​ក្នុង​ជំពូក​ទាំងនេះ យើង​បាន​សង្កេតឃើញ​ភាព​អង់អាច​របស់​អាលម៉ា នៅក្នុង​ការ​ថ្កោល​ទោស​ចំពោះ​អំពើបាប និង​ភាព​ទន់ភ្លន់ និង​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ កូរីអានតុន ។ ហើយ​ទីបំផុត យើង​បាន​ដឹង​អំពី​ទំនុកចិត្ត​របស់​អាលម៉ា​ថា ព្រះអង្គ​សង្គ្រោះ « នឹង​យាង​មក​ដើម្បី​យក​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក​ចេញ មែន​ហើយ ទ្រង់​នឹង​យាង​មក [ និង ] ដើម្បី​ប្រកាស​ប្រាប់​ដល់​រាស្ត្រ​របស់​ទ្រង់​នូវ​ដំណឹង​ដ៏​រីករាយ​អំពី​សេចក្ដី​សង្គ្រោះ » ( អាលម៉ា ៣៩:១៥ ) ។ ដោយ​ព្រោះ​កូរីអានតុន​បាន​ប្រែចិត្ត ហើយ​នៅ​ទីបំផុត​បាន​ត្រឡប់​ទៅ​ធ្វើ​ការងារ​បម្រើ​វិញ ( សូមមើល អាលម៉ា ៤៩:៣០ ) នោះ​វា​អាច​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​យើង​បាន​ថា យើង​នឹង​ទទួល​បាន​ការអភ័យទោស និង​ការប្រោសលោះ​ផងដែរ នៅពេល​យើង​មាន​ការខ្វាយខ្វល់​ចិត្ត​ពី​អំពើ​បាប​ផ្ទាល់ខ្លួន​របស់​យើង ឬ​អំពើ​បាប​របស់​មនុស្ស​ដែល​យើង​ស្រឡាញ់ ( សូមមើល អាលម៉ា ៤២:២៩ ) ។

សូមមើល​ផងដែរ « Alma Counsels His Sons » ( វីដេអូ ) នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

17:6

អាលម៉ាប្រឹក្សាកូនប្រុសរបស់លោក អាលម៉ា ៣៦-៣៧

អាលម៉ាតូចប្រឹក្សាជាមួយកូនប្រុសរបស់លោក ។ លោកបង្គាប់​ឲ្យ​ហេលេមិនរក្សាកំណត់ត្រា​នៃប្រជាជននេះ ។ លោកសរសើរស៊ិបឡុន ដោយសារសេចក្តីសុចរិតរបស់លោក ។ លោកបង្គាប់​​ឲ្យ​ កូរីអានតុន ប្រែចិត្ត ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

អាលម៉ា ៣៩

seminary icon
ខ្ញុំ​អាច​ចៀស​វាង​អំពើ​បាប​ខាងផ្លូវ​ភេទ​បាន ។

ដំបូន្មាន​របស់​អាលម៉ា​ទៅ​កាន់​កូន​ប្រុស​របស់​លោក កូរីអានតុន នៅក្នុង អាលម៉ា ៣៩ ផ្តល់​ឱកាស​ដ៏​អស្ចារ្យ​មួយ​ដើម្បី​រៀនពី​ផល​ប៉ះពាល់​ដ៏​អាក្រក់​នៃ​អំពើ​បាប​ខាងផ្លូវ​ភេទ រួម​ទាំង​ការណ៍​អាសគ្រាម​ផងដែរ ។ ប្រហែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ វា​ក៏​អាច​ជួយ​បងប្អូន​ឲ្យ​យល់​ពី​ការអភ័យទោស និង​ការព្យាបាល​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ដល់​មនុស្ស​ដែល​ប្រែចិត្ត​ផងដែរ ។ សំណួរ និង​សកម្មភាព​ទាំង​នេះ​អាច​ជួយ​បាន ៖

  • តើ​កំហុស​អ្វី​ខ្លះ​ដែល​បាន​នាំ​ឲ្យ​កូរីអានតុន​រំលោភ​បំពាន​លើ​ច្បាប់​ព្រហ្មចារីភាព ? ( សូមមើល អាលម៉ា ៣៩:២–៤, ៨–៩ ) ។ តើ​ទង្វើ​របស់​លោក​មាន​ផល​វិបាក​អ្វី​ខ្លះ ? ( សូមមើល ខទី ៥–១៣ ) ។ តើ​យើង​មាន​ភស្ដុតាង​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា កូរីអានតុន​បាន​ប្រែចិត្ត ? ( សូមមើល អាលម៉ា ៤២:៣១; ៤៩:៣០; ៤៨:១៨ ) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ​ចេញ​មកពី​បទពិសោធន៍​នេះ ?

  • សូម​អាន ទំព័រ ១៩–២០ នៃ​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស ។ បន្ទាប់​មក សូម​សរសេរ​ការពន្យល់​ផ្ទាល់​ខ្លួន​របស់​បងប្អូន​អំពី​អត្ថន័យ​នៃ​ការណ៍​អាសគ្រាម ហេតុអ្វី​វា​មាន​គ្រោះថ្នាក់ ហើយ​តើ​បងប្អូន​នឹង​ធ្វើ​អ្វីខ្លះ នៅ​ពេល​បងប្អូន​ជួប​រឿង​នេះ ។ ( សូមមើល​ផងដែរ ម៉ាថាយ ៥:២៧–២៨ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:១៦ ) ។

  • តើ​បងប្អូន​នឹង​ពន្យល់​ទៅកាន់​មិត្តភក្តិ​ម្នាក់ អំ​ពី​មូលហេតុ​ដែល​បងប្អូន​ជ្រើសរើស​ដើម្បី​ចៀសវាង​ពី​ការណ៍​អាសគ្រាម ហើយ​រស់នៅ​តាម​ច្បាប់​នៃ​ព្រហ្មចារីភាព​ដោយ​របៀបណា ? តើ​បងប្អូន​អាច​ចែកចាយ​ការយល់ដឹង​អ្វី​ខ្លះ​មកពី « រូបកាយ​របស់​អ្នក​គឺ​ពិសិដ្ឋ » នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស ( ទំព័រ ២២–២៩ ) ?

  • សូម​ពិចារណា​មើល​វីដេអូ « To Look Upon » ( បណ្ណាល័យ​ដំណឹងល្អ ) ។ សូម​ផ្អាក​វីដេអូ​រៀងរាល់​ពេល​ដែល ដេវីឌ អាច​ធ្វើ​ការជ្រើស​រើស​ផ្សេង ។ តើ​ជម្រើស​របស់ ដេវីឌ ស្រដៀង​ទៅនឹង​ជម្រើស​ដែល​បងប្អូន​អាច​ប្រឈម​មុខ​យ៉ាង​ដូចម្តេច ?

សំណួរ​ដើម្បី​គិត​ពិចារណា ។ នៅពេល​មើល​វីដេអូ មិន​ថា​បងប្អូន​កំពុង​បង្រៀន ឬ​សិក្សា​ដោយ​ខ្លួន​ឯង​នោះទេ សូម​ផ្អាក​វីដេអូ​នេះ​ជាញឹកញាប់ដើម្បី​សួរ​ថា « តើ​ខ្ញុំ​កំពុង​រៀន​អ្វី ? » ការធ្វើ​ដូច្នេះ​អាច​យាង​ឲ្យ​មាន​ការយល់​ដឹង​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន ។

សូមមើល​ផងដែរ ប្រាតលី អ័រ វីលឃុស « ភាពស័ក្ដិសម​មិន​មែន​ជា​ភាពល្អ​ឥតខ្ចោះ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦១–៦៧; « រូបអាសគ្រាម » នៅក្នុង « ជួយ​ដល់​ជីវិត » កម្រង​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

អាលម៉ា ៤០–៤១

តើ​នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​ខ្ញុំ​ស្លាប់​ទៅ ?

កូរីអានតុន មាន​សំណួរ​មួយ​ចំនួន​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​បន្ទាប់​ពី​ការស្លាប់ ។ កង្វល់​របស់​លោក​បាន​នាំឲ្យ​អាលម៉ា​បង្រៀន​គោលការណ៍​ដែល​មាន​នៅក្នុង អាលម៉ា ៤០–៤១ ។ នៅពេល​បងប្អូន​សិក្សា សូម​ធ្វើ​បញ្ជី​សេចក្ដី​ពិត​មួយ​ដែល​បងប្អូន​រក​ឃើញ​អំពី​រឿង​នានា​ដូចជា ពិភព​វិញ្ញាណ ការរស់​ឡើងវិញ និង​ការជំនុំ​ជម្រះ ។ សូម​ពិចារណា​អាន​ជំពូក​ទាំងនេះ​ចេញ​មកពី​ទស្សនវិស្ស័យ​របស់​មនុស្ស​ដែល​ត្រូវ​ប្រែចិត្ត ដូចជា​កូរីអានតុន​ជាដើម—ព្រោះ​នៅ​ទីបំផុត សេចក្តីពិត​នោះ​គឺ​សម្រាប់​យើង​ទាំងអស់គ្នា ។

អាលម៉ា ៤០

ខ្ញុំ​អាច​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ខ្ញុំ​ទាក់ទង​ទៅនឹង​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។

នៅពេល​ខ្លះ​យើង​អាច​នឹង​គិត​ថា ពួកព្យាការី​ដឹង​ចម្លើយ​ចំពោះ​សំណួរ​នៃ​ដំណឹងល្អ​ទាំងអស់ ។ ប៉ុន្តែ សូម​កត់​សម្គាល់​ពី​សំណួរ​ដែល​មិន​មាន​ចម្លើយ ដែល​អាលម៉ា​មាន​នៅក្នុង ជំពូក​ទី ៤០ ។ តើ​លោក​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​ស្វែងរក​ចម្លើយ ? តើ​លោក​បាន​ធ្វើ​អ្វីខ្លះ នៅពេល​លោក​ពុំ​មាន​ចម្លើយ ? តើ​គំរូ​របស់​អាលម៉ា​អាច​ជួយ​បងប្អូន​បាន​យ៉ាង​ដូចម្ដេច ?

ស្រ្តី​ម្នាក់​កំពុង​អធិស្ឋាន

ការអធិស្ឋាន​គឺ​ជា​វិធី​មួយ​ដែល​យើង​អាច​រកឃើញ​ចម្លើយ​ចំពោះ​សំណួរ​នៃ​ដំណឹងល្អ ។

អាលម៉ា ៤២

ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​ឲ្យ​សេចក្តី​សង្គ្រោះ​កើត​មាន​ឡើង ។

កូរីអានតុន​បាន​ជឿថា ការធ្វើ​ទោស​ដល់​ជន​ដែល​មាន​បាប​គឺ​អយុត្តិធម៌ ( សូមមើល អាលម៉ា ៤២:១ ) ។ នៅក្នុង អាលម៉ា ៤២ តើ​អាលម៉ា​បាន​ដោះស្រាយ​កង្វល់​របស់​លោក​ដោយ​របៀបណា ? បងប្អូន​អាច​រៀបចំ​វគ្គបទគម្ពីរ​នៅក្នុង​ជំពូក​នេះ​ទៅជា​ពីរ​ក្រុម ៖ « ព្រះ​មាន​សេចក្ដី​យុត្តិធម៌» និង « ព្រះ​មាន​សេចក្ដី​មេត្តា​ករុណា » ។ តើ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ធ្វើ​ឲ្យ​មាន​ទាំង​សេចក្ដី​យុត្តិធម៌ និង​សេចក្ដី​មេត្តា​ករុណា​បាន​ដោយ​របៀបណា ? សូម​រកមើល​ការយល់​ដឹង​បន្ថែម​នៅក្នុង​វីដេអូ « The Mediator » ( នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

សូម​មើល​ផងដែរ « ឱ! ប្រាជ្ញា និង​ក្តីស្នេហ៍​ដ៏​អស្ចារ្យ » ទំនុក​តម្កើង ល.រ. ១១៧ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

អាលម៉ា ៣៩:១,​១០–១១

គំរូ​ល្អ​របស់​ខ្ញុំ​អាច​នាំ​អ្នកដទៃ​មក​កាន់​ព្រះគ្រីស្ទ​បាន ។

  • ដំបូន្មាន​របស់​អាលម៉ា​ទៅកាន់​កូរីអានតុន​អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​យល់ពី​សារៈសំខាន់​នៃ​ការធ្វើជា​គំរូ​ល្អ​បាន ។ សូម​ពិចារណា​អាន អាលម៉ា ៣៩:១ រួមគ្នា ។ តើ​ស៊ិបឡុន​ដែល​ជា​បងប្រុស​របស់​កូរីអានតុន​បាន​ធ្វើ​ជា​គំរូ​ល្អ​យ៉ាង​ដូចម្តេច ? កូនៗ​របស់​បងប្អូន​អាច​រកឃើញ​ចម្លើយ​បន្ថែម​ចំពោះ​សំណួរ​នេះ​នៅ​ក្នុង អាលម៉ា ៣៨:២–៤ ។

  • បងប្អូន​ក៏​អាច​លេង​ល្បែង​មួយ​ដែល​បងប្អូន និង​កូនៗ​របស់​បងប្អូន​ដាក់​វេនគ្នា​ធ្វើតាម​គ្នា ឬ​ធ្វើ​ត្រាប់តាមគ្នា​ទៅ​វិញ​ទៅ​មក​ផងដែរ ។ សូម​ប្រើ​ល្បែង​នេះ​ដើម្បី​បង្ហាញ​ពី​របៀប​ដែល​សកម្មភាព​របស់​យើង អាច​ជួយ​អ្នកដទៃ​ឲ្យ​ជ្រើសរើស​ធ្វើ​ល្អ​បាន ។ សូម​ច្រៀង​រួមគ្នា​បទ « ខ្ញុំ​ជា​ដួង​តារា » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨៤ ) ហើយ​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​គិត​អំពី​វិធី​ដែល​ពួកគេ​អាច​ធ្វើ​ជា​គំរូ​ដ៏ល្អ​មួយ ។

  • ដោយ​ប្រើ​ពិល​មួយ ឬ​រូបភាព​ព្រះអាទិត្យ​មួយ នោះ​បងប្អូន​អាច​ប្រៀបធៀប​ពន្លឺ​នោះ​ទៅ​នឹង​អំណាច​នៃ​គំរូ​ល្អ​មួយ​បាន ។ បងប្អូន និង​កូនៗ​របស់​បងប្អូន​ក៏​អាច​មើល​រូបភាព​ដែល​ព្រះយេស៊ូវ​ធ្វើ​កិច្ចការ​ល្អៗ​ផងដែរ ហើយ​និយាយ​អំពី​គំរូ​ដែល​ទ្រង់​បាន​ដាក់​បង្ហាញ​យើង ។ វីដេអូ « Shine Your Light So Others May See » និង « Lessons I Learned as a Boy » អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ពិភាក្សា​អំពី​របៀប​ដែល​គំរូ​របស់​ពួកគេ​អាច​នាំ​មនុស្ស​ទៅរក​ព្រះគ្រីស្ទ​បាន ។

អាលម៉ា ៣៩:៩–១៣

ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំអាច​ប្រែចិត្ត​បាន​នៅពេល​ខ្ញុំ​ធ្វើ​ខុស ។

  • ដោយ​ពុំ​ចាំបាច់​ពន្យល់​លម្អិត​អំពី​លក្ខណៈ​នៃ​អំពើ​បាប​របស់​លោក​ទេ សូម​ពន្យល់​ថា កូរីអានតុន​បាន​ជ្រើសរើស​ធ្វើ​ខុស ។ តើ​យើង​អាច​និយាយ​អ្វី​ខ្លះ​ដើម្បី​ជួយ​លោក ? សូម​ពិចារណា​អាន អាលម៉ា ៣៩:៩ ឲ្យ​កូនៗ​របស់​បងប្អូន​ស្ដាប់ ហើយ​ជួយ​ពួកគេ​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការ ប្រែចិត្ត និង បោះបង់​ចោល ។ សូម​ថ្លែង​ទីបន្ទាល់​ថា ការប្រែចិត្ត​អាច​ធ្វើ​ទៅបាន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ ។

  • នេះ​ជា​មេរៀន​មួយ​ដែល​ប្រើ​វត្ថុ ដើម្បី​បង្ហាញ​ពី​អំណរ​នៃ​ការប្រែចិត្ត ៖ សូម​ឲ្យ​កូនៗ​កាន់​វត្ថុ​មួយ​ធ្ងន់ ពេល​ដែល​បងប្អូន​ប្រាប់​ពី​ដំណើររឿង​អំពី​នរណាម្នាក់​ដែល​បាន​ធ្វើ​អ្វីមួយ​ខុស ហើយ​មាន​អារម្មណ៍​មិនល្អ ។ សូម​ប្រាប់​កូនៗ​របស់​បងប្អូន​ថា វត្ថុ​ធ្ងន់​នោះ​គឺ​ដូចជា​អារម្មណ៍​មិនល្អ​នោះ​ដែល​យើង​មាន ពេល​យើង​ធ្វើខុស​អ៊ីចឹង​ដែរ ។ សូម​យក​វត្ថុ​ធ្ងន់ៗ​ចេញ​ពី​កុមារ នៅពេល​បងប្អូន​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ អាច​ដកយក​អារម្មណ៍​លំបាក​ធ្ងន់ធ្ងរ អារម្មណ៍​មិន​ល្អ​ចេញ ហើយ​ជួយ​យើង​ឲ្យ​ធ្វើ​ជា​មនុស្ស​កាន់តែ​ប្រសើរ​ឡើង នៅពេល​យើង​ប្រែចិត្ត ។

អាលម៉ា ៤០:៦–៧, ១១–១៤, ២១–២៣

បន្ទាប់ពី​យើង​ស្លាប់ ព្រលឹង​វិញ្ញាណ​របស់​យើង​នឹង​ទៅកាន់​ពិភព​វិញ្ញាណ​រហូត​ទាល់តែ​ដល់ពេល​ការរស់​ឡើង​វិញ និង​ការជំនុំ​ជម្រះ ។

  • វា​ជា​រឿង​ធម្មតា​ទេ​ដែល​ឆ្ងល់​ថា តើ​នឹង​មាន​អ្វី​កើតឡើង​បន្ទាប់​ពី​យើង​ស្លាប់​ទៅ​នោះ ។ តើ​បងប្អូន​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​រកឃើញ​ចម្លើយ​ដ៏​បំផុស​គំនិត ? បងប្អូន​អាច​សរសេរ សេចក្ដី​ស្លាប់ ពិភព​វិញ្ញាណ ( ស្ថានសួគ៌ និង​ស្ថានឃុំ​ព្រលឹង ) ការរស់​ឡើងវិញ និង ការជំនុំ​ជម្រះ នៅលើ​ក្រដាស​ដាច់​ដោយ​ឡែក​ពី​គ្នា ។ សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ពាក្យ​ទាំងនេះ ។ នៅពេល​បងប្អូន​អាន​ជាមួយគ្នា​ក្នុង អាលម៉ា ៤០:៦–៧, ១១–១៤, ២១–២៣ កូនៗ​របស់​បងប្អូន​អាច​ដាក់​ពាក្យ​ទាំង​នោះ​ទៅតាម​លំដាប់លំដោយ​ដែល​វា​កើតឡើង​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

  • កុមារ​ធំៗ​អាច​ទទួល​ប្រយោជន៍​ពី​ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ​បាន តាមរយៈ​ការស្រាវជ្រាវ​នៅក្នុង អាលម៉ា ៤០:៦–៧, ១១–១៤, ២១–២៣ ។ សូម​ពិចារណា​សួរ​កូនៗ​របស់​បងប្អូន​នូវ​សំណួរដែល​អាច​មាន​ចម្លើយ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដូចជា « តើ​រូបកាយ​របស់​ខ្ញុំ​នឹង​មាន​លក្ខណៈ​បែប​ណា នៅ​ពេល​ខ្ញុំ​រស់​ឡើង​វិញ ? » សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ចម្លើយ​នៅក្នុង​ខគម្ពីរ​ដែល​ត្រឹមត្រូវ ។

    ម៉ារា និង​ព្រះយេស៊ូវ

    Mary and the Resurrected Lord [ ម៉ារា និង​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ] ដោយ ហារី អាន់ឌើរសិន

  • តើ​កូនៗ​របស់​បងប្អូន​មាន​ស្គាល់​នរណា​ម្នាក់​ដែល​បាន​ស្លាប់​ដែរឬទេ ? ប្រហែល​ជា​បងប្អូន​អាច​និយាយ​សង្ខេប​ខ្លីៗ​អំពី​បុគ្គល​នោះ ។ សូម​ថ្លែង​ទីបន្ទាល់​របស់​បងប្អូន​ថា នៅថ្ងៃ​ណាមួយ គាត់ ឬ​នាង—និង​មនុស្ស​ផ្សេង​ទៀត—នឹង​រស់​ឡើង​វិញ​ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រសិនបើ​ចាំបាច់ សូម​ប្រើ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ​ដើម្បី​ពន្យល់​ពី​អត្ថន័យ​នៃ​ការរស់​ឡើង​វិញ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

អាលម៉ា និង​កូរីអានតុន

This My Son [ នេះ​ជា​បុត្រា​របស់​យើង ] ដោយ អែលផេស ខេតលីន យ៉ាំង