« ថ្ងៃទី ២៩ ខែ កក្កដា–ថ្ងៃទី ៤ ខែ សីហា ៖ ‹ មើលទៅព្រះ ហើយរស់នៅ › ។ អាលម៉ា ៣៦–៣៨ » « ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ២០២៣ )
« ថ្ងៃទី ២៩ ខែ កក្កដា–ថ្ងៃទី ៤ ខែ សីហា ។ អាលម៉ា ៣៦–៣៨ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ២០២៣ )
ថ្ងៃទី ២៩ ខែ កក្កដា–ថ្ងៃទី ៤ ខែ សីហា ៖ « មើលទៅព្រះ ហើយរស់នៅ »
អាលម៉ា ៣៦–៣៨
នៅពេលអាលម៉ាមើលឃើញសេចក្ដីទុច្ចរិតដែលមាននៅជុំវិញខ្លួនលោក លោកមានអារម្មណ៍ « សោកសៅ » « ទុក្ខលំបាក » « គ្រាំគ្រាក្នុងចិត្ត » យ៉ាងខ្លាំង ( អាលម៉ា ៨:១៤ ) ។ លោកបានមានប្រសាសន៍អំពីពួកសាសន៍សូរាំថា « អំពើទុច្ចរិតបែបនេះដែលនៅក្នុងចំណោមប្រជាជននេះ ធ្វើឲ្យឈឺចាប់ក្នុងព្រលឹងទូលបង្គំ » ( អាលម៉ា ៣១:៣០ ) ។ លោកមានអារម្មណ៍ស្រដៀងគ្នានេះ បន្ទាប់ពីត្រឡប់មកពីបេសកកម្មរបស់លោកទៅកាន់ពួកសាសន៍សូរាំវិញ—លោកបានសង្កេតឃើញថា ចិត្តរបស់ប្រជាជនបាន « ចាប់ផ្ដើមរឹងរូស ហើយថាពួកគេបានចាប់ផ្ដើមអាក់អន់ចិត្តដោយព្រោះភាពតឹងរឹងនៃព្រះបន្ទូល » ហើយរឿងនេះធ្វើឲ្យដួងចិត្តរបស់លោក « មានការសោកសៅជាខ្លាំង » ( អាលម៉ា ៣៥:១៥ ) ។ តើអាលម៉ាបានធ្វើអ្វីខ្លះ អំពីអ្វីដែលលោកបានឃើញ និងបានមានអារម្មណ៍ ? លោកពុំបានបាក់ទឹកចិត្តដោយងាយៗ ឬមើលឃើញតែការអាក្រក់អំពីស្ថានភាពនៃពិភពលោកនេះនោះទេ ។ ផ្ទុយទៅវិញ « លោកបានចាត់ឲ្យកូនប្រុសៗរបស់លោកមកប្រជុំគ្នា » ហើយបានបង្រៀនពួកគេនូវ « ការណ៍ទាំងឡាយដែលទាក់ទងទៅនឹងសេចក្ដីសុចរិត » ( អាលម៉ា ៣៥:១៦ ) ។ អាលម៉ាបានបង្រៀនពួកគេថា « គ្មានផ្លូវ ឬមធ្យោបាយឯណាផ្សេងទៀតទេដែលនាំឲ្យមនុស្សបានសង្គ្រោះ មានតែដោយ និងតាមរយៈព្រះគ្រីស្ទមួយប៉ុណ្ណោះ ។… មើលចុះ ទ្រង់គឺជាព្រះបន្ទូលនៃសេចក្ដីពិត និងសេចក្ដីសុចរិត » ( អាលម៉ា ៣៨:៩ ) ។
គំនិតសម្រាប់ការបង្រៀននៅឯគេហដ្ឋាន និងសាសនាចក្រ
ខ្ញុំអាចកើតមកអំពីព្រះបាន ។
មនុស្សមួយចំនួនតូចនឹងជួបបទពិសោធន៍អស្ចារ្យ ដូចជាការប្រែចិត្តជឿរបស់អាលម៉ាដែរ ។ ប៉ុន្តែមនុស្សគ្រប់គ្នាត្រូវតែ « កើតមកអំពីព្រះ » ទោះជាធម្មតា វាកើតឡើងបន្តិចម្តងៗក៏ដោយ ( អាលម៉ា ៣៦:២៣; ៣៨:៦ ) ។ នៅពេលបងប្អូនអាន អាលម៉ា ៣៦ សូមគិតអំពីអត្ថន័យនៃការកើតមកអំពីព្រះ ។ ឧទាហរណ៍ នៅក្នុងដំណើរនៃការកើតមកអំពីព្រះ តើយើងមានអារម្មណ៍យ៉ាងណាអំពីអំពើបាប ? អំពីព្រះយេស៊ូវគ្រីស្ទ ? តើការកើតមកអំពីព្រះមានឥទ្ធិពលយ៉ាងណាចំពោះអ្វីដែលបងប្អូនធ្វើ ដើម្បីឆ្លើយតបទៅនឹងកំហុសរបស់បងប្អូនផ្ទាល់ ? តើមានការផ្លាស់ប្ដូរអ្វីផ្សេងទៀត កើតមានដល់ជំនឿ និងសកម្មភាពរបស់បងប្អូន ? សូមពិចារណាពីរបៀបដែលបងប្អូនកំពុងដកពិសោធន៍ការផ្លាស់ប្តូរទាំងនេះ ។
សូមមើលផងដែរ ម៉ូសាយ ៥:៧; ២៧:២៥–២៦; អាលម៉ា ៥:១៤; ២២:១៥; ហេលេមិន ៣:៣៥; « Alma the Younger Is Converted unto the Lord » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
ព្រះយេស៊ូវគ្រីស្ទជំនួសសេចក្តីសោកសៅដោយសេចក្តីអំណរ ។
ពេលខ្លះ មនុស្សភ័យខ្លាចមិនហ៊ានប្រែចិត្ត ដោយសារពួកគេមើលឃើញថា ការប្រែចិត្តគឺជាការដាក់ទណ្ឌកម្មដ៏ឈឺចាប់សម្រាប់អំពើបាប ។ តើបងប្អូនគិតថា អាលម៉ានឹងនិយាយអ្វីខ្លះអំពីរឿងនោះ ? ដើម្បីស្វែងយល់ បងប្អូនអាចនឹងប្រៀបធៀបរកភាពខុសគ្នារវាងជីវិតអាលម៉ាមុនពេលលោកប្រែចិត្ដ ( សូមមើល អាលម៉ា ៣៦:៦–១៧ ) ជាមួយនឹងការពិពណ៌នារបស់លោកអំពីខ្លួនឯងបន្ទាប់ពីលោកបានប្រែចិត្ដហើយ ( សូមមើល ខទី ១៨–២៧ ) ។ យោងតាម អាលម៉ា ៣៦:១៧–១៨ តើអាលម៉ាទទួលបានការអភ័យទោសនេះតាមរបៀបណា ?
សូមមើលផងដែរ ម៉ាធ្យូ អេស ហូឡិន « The Exquisite Gift of the Son » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៤៥–៤៧ ។
ព្រះគម្ពីរត្រូវបានថែរក្សាទុក « ដើម្បីប្រយោជន៍ដ៏វាងវៃមួយ » ។
សូមពិចារណាអំពីអព្ភូតហេតុ និងពរជ័យក្នុងការមានព្រះគម្ពីរសព្វថ្ងៃនេះ ! នៅពេលបងប្អូនអាន អាលម៉ា ៣៧ សូមស្វែងរកពរជ័យដែលមកពីការមានព្រះគម្ពីរ ( សូមមើលឧទាហរណ៍ ខទី ៧–១០, ១៨–១៩, ៤៤–៤៥ ) ។
នៅក្នុង អាលម៉ា ៣៧:៣៨–៤៧ អាលម៉ាបានប្រៀបធៀប « ព្រះបន្ទូលនៃព្រះគ្រីស្ទ » ទៅនឹងលីអាហូណា ។ នៅពេលបងប្អូនពិចារណាអំពីការប្រៀបធៀបនេះ សូមនឹកគិតអំពីរបៀបដែលបងប្អូនដកពិសោធន៍អព្ភូតហេតុ និងព្រះចេស្ដានៃការបង្រៀនរបស់ព្រះគ្រីស្ទ « ពីថ្ងៃមួយទៅថ្ងៃមួយ » ( អាលម៉ា ៣៧:៤០ ) ។
សូមមើលផងដែរ ឌី ថត គ្រីស្តូហ្វឺសិន « The Blessing of Scripture » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣២–៣៥; « ពេលខ្ញុំស្វែងយល់គម្ពីរពិសិដ្ឋ » ទំនុកតម្កើង ល.រ. ១៥៩; « Alma Testifies to His Son Helaman » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
« ដោយកិច្ចការតូចតាច និងងាយ ទើបនាំឲ្យកើតកិច្ចការដ៏ធំៗបាន » ។
ពេលខ្លះយើងអាចមានអារម្មណ៍ថា បញ្ហារបស់យើងដូចជាធំសម្បើម ហើយស្មុគស្មាញខ្លាំងណាស់ ហើយដំណោះស្រាយនោះត្រូវតែធំ និងស្មុគស្មាញដូចគ្នាដែរ ។ ប៉ុន្តែនោះពុំមែនជារបៀបរបស់ព្រះអម្ចាស់ជានិច្ចទេ ។ នៅពេលបងប្អូនអាន អាលម៉ា ៣៧:១–១៤ សូមពិចារណាពីអ្វីដែលធ្វើឲ្យបងប្អូនចាប់អារម្មណ៍អំពីរបៀបដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់។ បន្ទាប់មក បងប្អូនអាចពិចារណា និងកត់ត្រានូវរបៀបដែលបងប្អូនបានឃើញគោលការណ៍នេះនៅក្នុងជីវិតរបស់បងប្អូន ។
ប្រសិនបើបងប្អូននឹងបង្រៀនគោលការណ៍នេះដល់នរណាម្នាក់ តើបងប្អូននឹងប្រើគំរូអ្វីខ្លះមកពីធម្មជាតិ ឬជីវិតប្រចាំថ្ងៃដើម្បីបង្ហាញវា ? បងប្អូនក៏អាចរកឃើញគោលការណ៍មួយចំនួននៅក្នុងសារលិខិតរបស់ប្រធាន ដាល្លិន អេក អូក បានផងដែរ « Small and Simple Things » ( Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៨៩–៩២ ) ។
តើអ្វីទៅជាកិច្ចការតូចតាច និងងាយ ដែលនាំបងប្អូនឲ្យខិតទៅកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
ជាញឹកញាប់ ជម្រើស « តូចតាច និងងាយ » របស់យើងធ្វើឲ្យមានភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងជីវិតរបស់យើង ។ សូមពិចារណាជ្រើសរើសប្រធានបទមួយមកពី ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស និងសួរខ្លួនឯងនូវសំណួរបែបនេះ ៖ តើជម្រើសរបស់ខ្ញុំអំពីរឿងនេះប៉ះពាល់ដល់ខ្ញុំ និងមនុស្សនៅជុំវិញខ្ញុំយ៉ាងដូចម្ដេច ? តើខ្ញុំអាចធ្វើការផ្លាស់ប្ដូរតូចតាច និងងាយអ្វីខ្លះ ដែលនឹងនាំឲ្យមានភាពសុខសាន្ត និងសុភមង្គលកាន់តែខ្លាំងឡើង ?
សូមមើលផងដែរ ម៉ៃឃើល អេ ដុន « One Percent Better » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១០៦–១០៨; Gospel Topics « Agency » នៅលើបណ្ណាល័យដំណឹងល្អ ។
« ចូរប្រឹក្សាជាមួយនឹងព្រះអម្ចាស់ » ។
នៅក្នុង អាលម៉ា ៣៧:៣៥–៣៧ សូមស្វែងរកការអញ្ជើញរបស់ អាលម៉ា ទៅកាន់កូនប្រុសរបស់លោក ហេលេមិន ។ តើការអញ្ជើញមួយណាក្នុងចំណោមការអញ្ជើញទាំងនេះដែលបានជំរុញឲ្យបងប្អូនធ្វើសកម្មភាព ? ឧទាហរណ៍ បងប្អូនអាចពិចារណាពីអត្ថន័យនៃការ « ប្រឹក្សាជាមួយនឹងព្រះអម្ចាស់ » បាន ( ខទី ៣៧ ) ។ តើបងប្អូនបានព្យាយាមធ្វើបែបនេះដោយរបៀបណា ? តើទ្រង់បានដឹកនាំបងប្អូនទៅរកការល្អដោយរបៀបណា ?
ការចែកចាយទីបន្ទាល់របស់ខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទអាចពង្រឹងមនុស្សដែលខ្ញុំស្រឡាញ់បាន ។
ពាក្យសម្តីរបស់អាលម៉ាទៅកាន់កូនប្រុសរបស់លោក ស៊ិបឡុន ផ្តល់នូវគំរូដ៏ល្អមួយអំពីរបៀបដើម្បីពង្រឹង និងលើកទឹកចិត្តដល់មនុស្សដែលយើងស្រឡាញ់នៅក្នុងការរស់នៅតាមដំណឹងល្អ ។ ការសិក្សា អាលម៉ា ៣៨ អាចផ្ដល់គំនិតមួយចំនួនឲ្យបងប្អូនចេះជួយសមាជិកគ្រួសារ និងមិត្តភក្តិឲ្យស្វែងរកកម្លាំងនៅក្នុងព្រះយេស៊ូវគ្រីស្ទ ។ សូមសរសេរនូវអ្វីដែលបងប្អូនរកឃើញ ។
គំនិតសម្រាប់បង្រៀនកុមារ
ការប្រែចិត្តនាំឲ្យខ្ញុំមានអំណរនៅក្នុងព្រះយេស៊ូវគ្រីស្ទ ។
-
ដើម្បីជួយកូនៗរបស់បងប្អូនឲ្យយល់ថា ការប្រែចិត្តនាំមកនូវអំណរ នោះបងប្អូនអាចផ្តល់ក្រដាសមួយសន្លឹកដល់ពួកគេដោយមានមុខសប្បាយរីករាយនៅម្ខាង និងមុខសោកសៅនៅម្ខាងទៀត ។ ចូរឲ្យពួកគេស្តាប់នៅពេលបងប្អូនអាន ឬសង្ខេប អាលម៉ា ៣៦:១៣, ១៧–២០ ហើយលើកមុខមួយដើម្បីបង្ហាញពីអារម្មណ៍របស់ អាលម៉ា ។ កុមារធំៗអាចសរសេរពាក្យ ឬឃ្លាដែលរៀបរាប់ពីអារម្មណ៍របស់លោកបាន ។ តើអ្វីទៅដែលបានធ្វើឲ្យអាលម៉ាសោកសៅ ហើយអ្វីដែលនាំឲ្យលោកមានអំណរ ? បន្ទាប់មក បងប្អូនអាចប្រាប់ពួកគេអំពីអំណរដែលបងប្អូនបានទទួល នៅពេលបងប្អូនប្រែចិត្ត ។
« ដោយកិច្ចការតូចតាច និងងាយ ទើបនាំឲ្យកើតកិច្ចការដ៏ធំៗបាន » ។
-
កូនៗរបស់បងប្អូនអាចរីករាយក្នុងការស្វែងរករបស់តូចៗដែលធ្វើឲ្យរឿងធំៗកើតឡើង ។ របស់របរដូចជា ថ្មពិល កូនសោរថយន្ត ឬសូម្បីតែរបស់លេងដែលលួងលោមដល់ពួកគេ ក៏អាចយកមកធ្វើជាឧទាហរណ៍បានដែរ ។ បន្ទាប់មក បងប្អូនអាចអាន អាលម៉ា ៣៧:៦–៧ ជាមួយគ្នា ហើយគិតពីរឿងតូចតាច ឬងាយៗមួយចំនួនដែលព្រះចង់ឲ្យយើងធ្វើ ។ តើមានកិច្ចការធំៗអ្វីខ្លះអាចកើតឡើងបាន នៅពេលយើងគោរពតាមព្រះបញ្ញត្តិតូចៗ ឬងាយៗទាំងនេះ ?
-
កូនៗរបស់បងប្អូនក៏អាចសាកល្បងអ្វីមួយដូចនេះផងដែរ ៖ ចាប់ផ្ដើមបំពេញកែវទឹកដោយទឹកមួយដំណក់ម្តងៗ ។ តើការណ៍នេះទាក់ទងទៅនឹង អាលម៉ា ៣៧:៦–៧ យ៉ាងដូចម្ដេច ? បន្ទាប់មក បងប្អូនអាចនិយាយអំពីរបៀបដែល « រឿងតូចតាច និងងាយៗ » របស់ព្រះអម្ចាស់មានដូចជា ការអានព្រះគម្ពីរជារៀងរាល់ថ្ងៃ គឺប្រៀបដូចជាដំណក់ទឹកនៅក្នុងកែវទឹកមួយដែរ ។
-
សូមជួយកូនៗរបស់បងប្អូនឲ្យគិតពីរបៀបដែលពួកគេនាំឲ្យរឿងធំៗកើតឡើងនៅផ្ទះ សាលា ឬព្រះវិហារបាន ។ បទចម្រៀង « អូរតូចនិយាយថា « ឲ្យ » » ( សៀវភៅចម្រៀងកុមារ ទំព័រ ១១៦ ) ក៏បង្ហាញពីគោលការណ៍នេះផងដែរ ។
ព្រះគម្ពីរអាចជួយខ្ញុំរៀងរាល់ថ្ងៃបាន ។
-
តើបងប្អូនអាចជួយកូនៗរបស់បងប្អូនឲ្យអភិវឌ្ឍសេចក្ដីស្រឡាញ់ចំពោះព្រះបន្ទូលរបស់ព្រះ ដូចដែលអាលម៉ាបានធ្វើសម្រាប់ហេលេមិនដោយរបៀបណា ? សូមពិចារណាបង្ហាញរូបភាពលីអាហូណាមួយ ( ដូចជា សៀវភៅរូបភាពដំណឹងល្អ ល.រ. ៦៨ ជាដើម ) ឬអញ្ជើញកុមារឲ្យគូររូបភាពលីអាហូណា ខណៈពេលពួកគេចែកចាយនូវអ្វីដែលពួកគេដឹងអំពីរូបភាពនោះ ( សូមមើល អាលម៉ា ៣៧:៣៨–៤៧;នីហ្វៃទី ១ ១៦:១០, ២៨–២៩ ) ។ តើព្រះគម្ពីរទាំងឡាយប្រៀបដូចជាលីអាហូណាយ៉ាងដូចម្តេច ?