« ថ្ងៃទី ២២–២៨ ខែ កក្កដា ៖ ‹ បណ្ដុះពាក្យនេះនៅក្នុងចិត្តអ្នក › ។ អាលម៉ា ៣២–៣៥ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
« ថ្ងៃទី ២២–២៨ ខែ កក្កដា ។ អាលម៉ា ៣២–៣៥ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
ថ្ងៃទី ២២–២៨ ខែ កក្កដា ៖ « បណ្ដុះពាក្យនេះនៅក្នុងចិត្តអ្នក »
អាលម៉ា ៣២–៣៥
សម្រាប់ពួកសាសន៍សូរាំ ការអធិស្ឋានរួមមានការឈរនៅកន្លែងដែលមនុស្សគ្រប់គ្នាអាចមើលឃើញ ហើយប្រើពាក្យដដែលៗឥតប្រយោជន៍ដែលបំពេញតែចិត្តខ្លួនឯង ។ ពួកសាសន៍សូរាំខ្វះសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ—ថែមទាំងបដិសេធការមានព្រះជន្មរបស់ទ្រង់ទៀតផង—ហើយបានបៀតបៀនដល់ជនក្រីក្រ ( សូមមើល អាលម៉ា ៣១:៩–២៥ ) ។ ផ្ទុយទៅវិញ អាលម៉ា និងអាមូលេកបានបង្រៀនថា ការអធិស្ឋានគឺទាក់ទងទៅនឹងអ្វីដែលមាននៅក្នុងដួងចិត្តរបស់យើងជាជាងនៅលើវេទិកាសាធារណៈ ។ ហើយប្រសិនបើយើងមិនបង្ហាញនូវសេចក្ដីមេត្តាករុណាចំពោះអស់អ្នកដែលខ្វះខាតទេនោះ ការអធិស្ឋានរបស់យើងគឺ « ឥតប្រយោជន៍ទេ ហើយពុំនាំមកឲ្យអ្នកនូវផលអ្វីសោះ … » ( អាលម៉ា ៣៤:២៨ ) ។ អ្វីដែលសំខាន់បំផុតនោះ យើងអធិស្ឋានដោយសារយើងមានសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់ប្រទានការប្រោសលោះតាមរយៈ « ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ( អាលម៉ា ៣៤:១០ ) ។ អាលម៉ាបានពន្យល់ថា សេចក្ដីជំនឿបែបនោះកើតមកពីភាពរាបសា និង « ការចង់ជឿ » ( អាលម៉ា ៣២:២៧ ) ។ យូរៗទៅដោយមានការចិញ្ចឹមបីបាច់ជានិច្ច នោះព្រះបន្ទូលរបស់ព្រះចាក់ឫសនៅក្នុងដួងចិត្តរបស់យើង រហូតទាល់តែវាក្លាយទៅជា « ដើមមួយពន្លកឡើងជាជីវិតដ៏អស់កល្បជានិច្ច » ( អាលម៉ា ៣២:៤១ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
ខ្ញុំអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទតាមរយៈការដាំ និងការចិញ្ចឹមបីបាច់ព្រះបន្ទូលរបស់ទ្រង់នៅក្នុងដួងចិត្តរបស់ខ្ញុំ ។
នៅពេលបងប្អូនអាន អាលម៉ា ៣២:១៧–៤៣ សូមកត់ចំណាំពាក្យ និងឃ្លាទាំងឡាយដែលជួយបងប្អូនឲ្យយល់អំពីរបៀបអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ តើបងប្អូនរៀនអ្វីខ្លះអំពីអត្ថន័យនៃសេចក្ដីជំនឿ និងអ្វីដែលពុំមែនជាសេចក្ដីជំនឿ ?
របៀបមួយទៀតដើម្បីសិក្សា អាលម៉ា ៣២ គឺការគូររូបភាពដែលតំណាងឲ្យដំណាក់កាលផ្សេងៗនៃការដុះលូតលាស់នៃគ្រាប់ពូជ ។ បន្ទាប់មក សូមដាក់ស្លាករូបភាពនីមួយៗដោយពាក្យទាំងឡាយដែលដកចេញមកពី អាលម៉ា ៣២:២៨–៤៣ ដែលជួយបងប្អូនឲ្យយល់អំពីរបៀបដាំ និងបីបាច់ព្រះបន្ទូលនៃព្រះនៅក្នុងដួងចិត្តរបស់បងប្អូន ។
សូមមើល រ័សុល អិម ណិលសុន « ព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ សេចក្តីជំនឿលើទ្រង់នឹងរើភ្នំចេញបាន » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០១–៤ ។
ខ្ញុំអាចដឹងដោយខ្លួនឯងបាន ។
ចំពោះពួកសាសន៍សូរាំដែលមិនទាន់ប្រាកដអំពីទីបន្ទាល់របស់អាលម៉ាអំពីព្រះគ្រីស្ទ អាលម៉ាបានណែនាំពី « ការពិសោធន៍ » មួយ ( សូមមើល អាលម៉ា ៣២:២៦ ) ។ ការពិសោធន៍តម្រូវឲ្យមានបំណងប្រាថ្នា ការចង់ដឹង សកម្មភាព និងយ៉ាងហោចណាស់មានសេចក្ដីជំនឿបន្តិចបន្តួចផងដែរ—ហើយវាអាចនាំទៅរករបកគំហើញដ៏អស្ចារ្យ ! សូមគិតអំពីការពិសោធន៍ដែលបងប្អូនបានឃើញ ឬបានចូលរួម ។ យោងទៅតាម អាលម៉ា ៣២:២៦–៣៦ តើការពិសោធន៍បែបណាដែលអាចនាំឲ្យមានសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទបាន ?
តើបងប្អូនបាន « ពិសោធន៍ » ទៅលើព្រះបន្ទូលរបស់ព្រះ ហើយដឹងថា « ព្រះបន្ទូលនោះល្អ » ដោយរបៀបណា ? ( អាលម៉ា ៣២:២៨ ) ។
ខ្ញុំអាចថ្វាយបង្គំព្រះនៅក្នុងការអធិស្ឋាននៅគ្រប់ពេល និងគ្រប់ទីកន្លែងបាន ។
ដំបូន្មានរបស់អាលម៉ា និងអាមូលេកអំពីការថ្វាយបង្គំ និងការអធិស្ឋានគឺចង់កែតម្រូវការយល់ច្រឡំជាក់លាក់មួយចំនួនដែលពួកសាសន៍សូរាំមាន ។ សូមពិចារណាធ្វើបញ្ជីអំពីការយល់ច្រលំទាំងនោះ ( សូមមើល អាលម៉ា ៣១:១៣–២៣ ) ។ នៅជិតបញ្ជីនោះ បងប្អូនអាចធ្វើបញ្ជីនៃសេចក្ដីពិតអំពីការអធិស្ឋាននៅក្នុង អាលម៉ា ៣៣:២–១១ និង ៣៤:១៧–២៩ ។ តើរឿងទាំងឡាយដែលបងប្អូនបានរៀនមកពីខគម្ពីរទាំងនេះជះឥទ្ធិពលទៅលើរបៀបដែលបងប្អូនអធិស្ឋាន និងថ្វាយបង្គំដោយរបៀបណា ?
បងប្អូនក៏អាចស្វែងរកការយល់ដឹងបន្ថែមមកពីទំនុកតម្កើងមួយអំពីការអធិស្ឋានផងដែរ ដូចជាបទ « ពេលអធិស្ឋានជាពេលត្រេកអរ » ( ទំនុកតម្កើង ល.រ. ៨១ ) ។
ខ្ញុំត្រូវការព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។
សូមកត់សម្គាល់ថា តើអាមូលេកបានប្រើពាក្យ និរន្តរ៍ និង អស់កល្បជានិច្ច ប៉ុន្មានដងដើម្បីពិពណ៌នាអំពីការបូជាដ៏ធួនរបស់ព្រះអង្គសង្គ្រោះនៅក្នុង អាលម៉ា ៣៤:៩–១៤ ។ ហេតុអ្វីបានជាវាមានសារៈសំខាន់ដើម្បីដឹងថា ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះគឺនិរន្តរ៍ និងអស់កល្បជានិច្ច ? សូមរកមើលពាក្យ និងឃ្លានៅក្នុងខគម្ពីរទាំងនេះ ដែលពិពណ៌នាអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះផងដែរ ៖ ហេព្រើរ ១០:១០; នីហ្វៃទី២ ៩:២១; ម៉ូសាយ ៣:១៣ ។
ទោះជាពេលយើងដឹងថា ព្រះចេស្តាដើម្បីសង្គ្រោះរបស់ព្រះយេស៊ូវគឺនិរន្តរ៍ និងអស់កល្បជានិច្ចក្ដី ក៏ពេលខ្លះយើងអាចសង្ស័យថា តើវាអនុវត្តចំពោះយើង—ឬចំពោះអ្នកណាម្នាក់ដែលបានធ្វើបាបយើងដែរឬទេ ។ អែលឌើរ ដេវីឌ អេ បែដណា ធ្លាប់មានប្រសាសន៍អំពីមនុស្សដែល « ហាក់មានសេចក្ដីជំនឿលើព្រះអង្គសង្គ្រោះ ប៉ុន្តែមិនជឿលើព្រះពរដែលបានសន្យាថានឹងមានសម្រាប់គេឡើយ » ( « If Ye Had Known Me » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១០៤ ) ។ តើអ្វីដែលអាចរារាំងយើងពីការទទួលព្រះចេស្តារបស់ព្រះអង្គសង្គ្រោះឲ្យបានពេញលេញ ? សូមពិចារណាពីរបៀបដែលបងប្អូនអាចដឹងថា ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទគឺនិរន្តរ៍ និងអស់កល្បជានិច្ច ។
ដើម្បីពិចារណាថាតើបងប្អូនត្រូវការដង្វាយធួនរបស់ព្រះអង្គសង្គ្រោះខ្លាំងប៉ុណ្ណា នោះវាអាចជួយបាន ដើម្បីគិតពីអ្វីមួយដែលបងប្អូនត្រូវការជារៀងរាល់ថ្ងៃ ។ សូមសួរខ្លួនឯងថា « តើជីវិតរបស់ខ្ញុំនឹងទៅជាយ៉ាងណាបើគ្មានរឿងនេះ ? » បន្ទាប់មក នៅពេលដែលបងប្អូនសិក្សា អាលម៉ា ៣៤:៩–១៦ សូមពិចារណាថា តើជីវិតរបស់បងប្អូននឹងទៅជាយ៉ាងណា បើគ្មានព្រះយេស៊ូវគ្រីស្ទទេនោះ ។ បងប្អូនអាចរកឃើញការយល់ដឹងបន្ថែមផ្សេងទៀតនៅក្នុង នីហ្វៃទី២ ៩:៧–៩ ។ តើបងប្អូននឹងសង្ខេប អាលម៉ា ៣៤:៩–១០ ទៅជាមួយប្រយោគដោយរបៀបណា ?
សូមមើលផងដែរ មីហ្គែល ចន យូ ថេ « Our Personal Savior » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៩៩–១០១; Gospel Topics « Atonement of Jesus Christ » នៅលើបណ្ណាល័យដំណឹងល្អ; « Reclaimed » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
« ឥឡូវនេះគឺជាពេល និងថ្ងៃនៃសេចក្តីសង្គ្រោះរបស់បងប្អូនហើយ » ។
សូមស្រមៃថា បងប្អូនចង់ចូលរួមនៅក្នុងការរត់ប្រណាំងម៉ារ៉ាតុង ឬការសម្តែងតន្ត្រីមួយ ។ តើនឹងមានអ្វីកើតឡើង ប្រសិនបើបងប្អូនរង់ចាំរហូតទាល់តែដល់ថ្ងៃនៃព្រឹត្តិការណ៍នោះដើម្បីរៀបចំខ្លួន ? តើឧទាហរណ៍នេះទាក់ទងទៅនឹងការព្រមានរបស់អាមូលេកនៅក្នុង អាលម៉ា ៣៤:៣២–៣៥ យ៉ាងដូចម្តេច ? តើអ្វីជាគ្រោះថ្នាក់នៃការពន្យារពេលនៃការខិតខំរបស់យើងដើម្បីប្រែចិត្ត និងផ្លាស់ប្ដូរ ?
ខទី ៣១ ក៏មានសារមួយសម្រាប់មនុស្សដែលអាចព្រួយបារម្ភថា ពួកគេបានពន្យារពេលយូរពេក ហើយវាយឺតពេលក្នុងការប្រែចិត្តផងដែរ ។ តើបងប្អូនគិតថា សារនេះគឺជាអ្វី ?
គំនិតសម្រាប់បង្រៀនកុមារ
ព្រះអម្ចាស់អាចបង្រៀនខ្ញុំបាន នៅពេលខ្ញុំជ្រើសរើសធ្វើខ្លួនជាមនុស្សមានចិត្តសុភាពរាបសា ។
-
អាលម៉ា និងអាមូលេកបានទទួលជោគជ័យក្នុងការបង្រៀនពួកសាសន៍សូរាំដែលមានចិត្តសុភាពរាបសា ។ តើចិត្តសុភាពរាបសាមានន័យយ៉ាងដូចម្ដេច ? សូមជួយកូនៗរបស់បងប្អូនឲ្យស្វែងរកនិយមន័យនៃពាក្យ ចិត្តសុភាពរាបសា នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។ តើមានតម្រុយអ្វីផ្សេងទៀតអំពីអត្ថន័យនៃពាក្យទាំងនេះ ដែលយើងអាចស្វែងរកបាននៅក្នុង អាលម៉ា ៣២:១៣–១៦ ? សូមអញ្ជើញកូនៗរបស់បងប្អូនឲ្យបំពេញប្រយោគមួយដូចជា « ខ្ញុំមានចិត្តសុភាពរាបសា នៅពេលដែលខ្ញុំ » ។
ទីបន្ទាល់របស់ខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទរីកចម្រើនឡើង នៅពេលខ្ញុំចិញ្ចឹមបីបាច់ទីបន្ទាល់នោះ ។
-
គ្រាប់ពូជ ដើមឈើ និងផ្លែឈើគឺជាអ្វីដែលងាយស្គាល់ ដែលអាចជួយកុមារឲ្យយល់បានអំពីគោលការណ៍អរូបិយដូចជាសេចក្តីជំនឿ និងទីបន្ទាល់ជាដើម ។ សូមឲ្យកូនៗរបស់បងប្អូនកាន់គ្រាប់ពូជមួយ ខណៈពេលដែលបងប្អូនអាន អាលម៉ា ៣២:២៨ ។ បន្ទាប់មក បងប្អូនអាចសុំឲ្យពួកគេជួយបងប្អូនគិតអំពីវិធីដែលការចម្រើនទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទគឺដូចជាការដាំ និងការចិញ្ចឹមបីបាច់គ្រាប់ពូជនោះដែរ ( សូមមើល « ជំពូកទី ២៩ ៖ អាលម៉ាបង្រៀនអំពីសេចក្ដីជំនឿ និងព្រះបន្ទូលរបស់ព្រះ » ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ៨១ ) ។ ប្រហែលជាបងប្អូនអាចដាំគ្រាប់ពូជរបស់បងប្អូន ហើយនិយាយអំពីអ្វីដែលចាំបាច់ដើម្បីជួយឲ្យគ្រាប់ពូជនោះ—ឬទីបន្ទាល់—លូតលាស់ ។
-
មានរូបភាពអំពីដើមឈើមួយនៅក្នុងគម្រោងមេរៀននេះ បងប្អូនអាចប្រើប្រាស់វាដើម្បីបង្ហាញអំពីពាក្យសម្ដីរបស់អាលម៉ានៅក្នុង អាលម៉ា ៣២:២៨–៤៣ បាន ។ ឬបងប្អូនអាចចេញទៅដើរលេងនៅខាងក្រៅ ហើយរកមើលដើមឈើដែលវាដុះនៅដំណាក់កាលផ្សេងៗគ្នា រួចហើយអានខគម្ពីរមកពី អាលម៉ា ៣២ ដែលប្រៀបធៀបដើមឈើដែលដុះឡើងនោះទៅនឹងទីបន្ទាល់របស់យើង ។ ឬប្រហែលជាកូនៗរបស់បងប្អូនអាចគូររូបដើមឈើមួយនៅលើក្ដារខៀន ហើយបន្ថែមស្លឹក ឬផ្លែឈើមួយនៅគ្រប់ពេលដែលពួកគេគិតអំពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីជួយទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទឲ្យរីកលូតលាស់បាន ។
-
បងប្អូនអាចអនុញ្ញាតឲ្យកូនៗរបស់បងប្អូនព្យាយាមដាក់គ្រាប់ពូជនោះ ( តំណាងឲ្យព្រះបន្ទូលរបស់ព្រះ ) ទៅក្នុងថ្ម ( តំណាងឲ្យចិត្តឆ្មើងឆ្មៃ ) និងចូលទៅក្នុងដីទន់ ( តំណាងឲ្យចិត្តសុភាពរាបសា ) ។ សូមអានជាមួយគ្នានៅក្នុង អាលម៉ា ៣២:២៧–២៨ ។ សូមនិយាយអំពីអត្ថន័យនៃការ « ទុកកន្លែង » ( ខទី ២៧ ) ឲ្យព្រះបន្ទូលរបស់ព្រះមាននៅក្នុងដួងចិត្តរបស់យើង ។
ខ្ញុំអាចអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌នៅពេលណាក៏បានអំពីរឿងគ្រប់យ៉ាង ។
-
សូមជួយកូនៗរបស់បងប្អូនឲ្យរកឃ្លាដែលពិពណ៌នាអំពីកន្លែងដែលយើងអាចអធិស្ឋានបាន ( នៅក្នុង អាលម៉ា ៣៣:៤–១១ ) និងអ្វីៗដែលយើងអាចអធិស្ឋានបាន ( នៅក្នុង អាលម៉ា ៣៤:១៧–២៧ ) ។ ប្រហែលជាពួកគេអាចគូររូបភាពខ្លួនឯងកំពុងអធិស្ឋាននៅក្នុងកន្លែងទាំងនេះបាន ។ សូមចែកចាយបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក នៅពេលដែលព្រះវរបិតាសួគ៌បានព្រះសណ្ដាប់ឮការអធិស្ឋានរបស់បងប្អូន ។ បងប្អូនក៏អាចច្រៀងចម្រៀងមួយបទអំពីការអធិស្ឋានផងដែរ ដូចជាបទ « ការអធិស្ឋានរបស់កុមារ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦–៧ ) ។