ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៥–២១ ខែ កក្កដា ៖ « គុណធម៌​នៃ​ព្រះ​បន្ទូល​នៃ​ព្រះ » ។ អាលម៉ា ៣០–៣១


« ថ្ងៃទី ១៥–២១ ខែ កក្កដា ៖ ‹ គុណធម៌​នៃ​ព្រះ​បន្ទូល​នៃ​ព្រះ › ។ អាលម៉ា ៣០–៣១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ១៥–២១ ខែ កក្កដា ។ អាលម៉ា ៣០–៣១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

អាលម៉ា​កំពុង​បង្រៀន​កូរីហូរ

All Things Denote There Is a God (Alma and Korihor) [ គ្រប់​ការណ៍​ទាំងអស់​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ព្រះ​មួយ​អង្គ ( អាលម៉ា និង​កូរីហូរ ) ] ដោយ វ៉លធើរ រ៉េន

ថ្ងៃទី ១៥–២១ ខែ កក្កដា ៖ « គុណធម៌​នៃ​ព្រះ​បន្ទូល​នៃ​ព្រះ »

អាលម៉ា ៣០–៣១

ដំណើររឿង​នៅក្នុង អាលម៉ា ៣០–៣១ បង្ហាញ​យ៉ាង​ច្បាស់​អំពី​ព្រះចេស្ដា​នៃ​ព្រះបន្ទូល—ចំពោះ​សេចក្តី​អាក្រក់ និង​សេចក្តី​ល្អ ។ « ពាក្យ​បញ្ចើច​បញ្ចើ » និង « ពាក្យ​ក្រអោង​ដាក់ » របស់​គ្រូបង្រៀន​ក្លែងក្លាយ​ឈ្មោះ កូរីហូរ បាន​គម្រាម​គំហែង​ដើម្បី​នាំ « ព្រលឹង​ជាច្រើន​ទៅ​ក្នុង​ការបំផ្លិចបំផ្លាញ » ( អាលម៉ា ៣០:៣១, ៤៧ ) ។ ស្រដៀងគ្នា​នេះ​ដែរ ការបង្រៀន​របស់​សាសន៍​នីហ្វៃ​បំបែក​ខ្លួន​ម្នាក់​ឈ្មោះ សូរាំ បាន​នាំ​មនុស្ស​មួយ​ក្រុម​ឲ្យ​ធ្លាក់​ទៅក្នុង « កំហុស​យ៉ាង​ធំ » ហើយ « បាន​បង្ខូច​ផ្លូវ​ទាំងឡាយ​នៃ​ព្រះអម្ចាស់ » ( អាលម៉ា ៣១:៩, ១១ ) ។

ផ្ទុយ​ទៅវិញ អាលម៉ា​មាន​សេចក្ដី​ជំនឿ​ដ៏​មុតមាំ​ថា ព្រះបន្ទូល​របស់​ព្រះ​នឹង​មាន « ប្រសិទ្ធភាព​ទៅលើ​គំនិត​មនុស្ស​ច្រើនជាង​ផ្លែដាវ ឬ​អ្វី​ផ្សេងៗ​ទៀត » ( អាលម៉ា ៣១:៥ ) ។ ពាក្យ​សម្ដី​របស់​អាលម៉ា​បាន​បង្ហាញ​អំពី​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច ហើយ​ទាញ​យក​ព្រះចេស្ដា​នៃ​ស្ថានសួគ៌​មក​ធ្វើ​ឲ្យ កូរីហូរ ស្ងាត់​មាត់ ( សូមមើល អាលម៉ា ៣០:៣៩–៥០ ) ហើយ​ពួកលោក​បាន​ទូលសូម​ពរជ័យ​របស់​ទ្រង់​មកលើ​អ្នកទាំងឡាយ​ដែល​បាន​ចេញ​ទៅ​ជាមួយ​លោក ដើម្បី​នាំ​ពួក​សាសន៍​សូរាំ​ឲ្យ​ត្រឡប់មក​រក​សេចក្ដីពិត​វិញ ( សូមមើល អាលម៉ា ៣១:៣១–៣៨ ) ។ ទាំងនេះ​គឺជា​គំរូ​ដ៏​មាន​តម្លៃ​សម្រាប់​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​នា​សព្វ​ថ្ងៃ​នេះ នៅពេល​សារ​ក្លែងក្លាយ​គឺជា​រឿង​ធម្មតា ។ យើង​អាច​ស្វែងរក​សេចក្ដីពិត​បាន​តាមរយៈ​ការទុកចិត្ត​លើ « គុណធម៌​នៃ​ព្រះបន្ទូល​នៃ​ព្រះ » ដូចជា​អាលម៉ា​បាន​ធ្វើ​ដែរ ( អាលម៉ា ៣១:៥ ) ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

អាលម៉ា ៣០:៦–៣១

រូបតំណាង​ថ្នាក់​សិក្ខាសាលា
មារសត្រូវ​ព្យាយាម​បោក​បញ្ឆោត​ខ្ញុំ​ដោយ​ការបង្រៀន​ក្លែងក្លាយ ។

នៅក្នុង អាលម៉ា ៣០ កូរីហូរ​ត្រូវ​បាន​ហៅ​ថា​ជា « អ្នក​ទទឹង​នឹង​ព្រះគ្រីស្ទ » ( ខទី ៦ ) ។ អ្នក​ប្រឆាំង​នឹង​ព្រះគ្រីស្ទ​គឺជា​នរណា​ម្នាក់ ឬ​អ្វី​ក៏​ដោយ​ដែល​ប្រឆាំង​នឹង​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹង​ល្អ​របស់​ទ្រង់​ដោយ​បើក​ចំហ ឬ​ដោយ​សម្ងាត់ ។ តើ​ខគម្ពីរ​ណាខ្លះ​នៅក្នុង អាលម៉ា ៣០:៦–៣១ បង្ហាញ​ថា កូរីហូរ ត្រូវ​ទៅនឹង​ការពិពណ៌នា​នេះ ? ការសិក្សា​អំពី​ការបង្រៀន​ក្លែង​ក្លាយ​របស់ កូរីហូរ​អាច​ជួយ​បងប្អូន​ឲ្យ​ស្គាល់ និង​បដិសេធ​ការបង្រៀន​ស្រដៀង​គ្នា​នេះ​បាន ។ សកម្មភាព​ខាង​ក្រោម​នេះ​អាច​ជួយ​នៅ​ក្នុង​ការសិក្សា​របស់​បងប្អូន​បាន ៖

  • តើ​មាន​មេរៀន​ដែល​ប្រើ​វត្ថុ​អ្វីខ្លះ ដែល​បងប្អូន​អាច​គិត​ដល់ ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​ភាពខុស​គ្នា​រវាង​ការបង្រៀន​របស់​ព្រះអង្គ​សង្រ្គោះ និង​ការត្រាប់តាម​ក្លែងបន្លំ​របស់​សាតាំង ? ឧទាហរណ៍​ខ្លះ​មាន​ដូច​ជា នុយ​ដែល​ប្រើ​សម្រាប់​ស្ទូច​ត្រី លុយ​ក្លែងក្លាយ និង​ការផ្សព្វផ្សាយ​មិន​ពិត ។ តើ​បងប្អូន​អាច​ដឹង​ដោយ​របៀប​ណា​ថា មួយ​ណា​ក្លែងក្លាយ​ដែល​ឬ​ទេ ? តើ​បងប្អូន​អាច​ស្គាល់​សេចក្ដីពិត​ដោយ​របៀប​ណា ?

  • សូម​ពិចារណា​ធ្វើ​បញ្ជី​មួយ​អំពី​គោលលទ្ធិ​ខុសឆ្គង​ដែល កូរីហូរ​បាន​បង្រៀន​នៅក្នុង អាលម៉ា ៣០:៦–៣១ ។ តើ​ការបង្រៀន​របស់​គាត់​មួយ​ណា ដែល​អាច​មាន​ភាពទាក់​ទាញ​នៅពេល​សព្វថ្ងៃ​នេះ ? ( សូម​មើល អាលម៉ា ៣០:១២–១៨, ២៣–២៨ ) ។ តើ​អាច​មាន​គ្រោះថ្នាក់​អ្វីខ្លះ ដែល​ជា​លទ្ធផល​មកពី​ការទទួល​យក​គំនិត​បែប​នោះ ? តើ​សារ​ក្លែងក្លាយ​អ្វីខ្លះ​ដែល​មារសត្រូវ​ប្រើ ដើម្បី​ព្យាយាម​បោក​បញ្ឆោត​បងប្អូន​នៅពេល​សព្វថ្ងៃ​នេះ ?

  • តើ​អាលម៉ា​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ប្រឆាំង​ទៅនឹង​ការបង្រៀន​របស់​កូរីហូរ​ជាមួយ​នឹង​សេចក្ដីពិត ? ( សូម​មើល អាលម៉ា ៣០:៣១–៥៤ ) ។ តើ​បងប្អូន​អាច​ប្រើ​គោលការណ៍​ដូចគ្នា​ទាំងនេះ​ក្នុង​ជីវិត​របស់​បងប្អូន​បាន​យ៉ាង​ដូចម្ដេច ?

ដូចជា​អាលម៉ា​ដែរ ព្យាការី និង​ពួកសាវក​សម័យ​ទំនើប​ជួយ​យើង​ឲ្យ​ដឹងពី​ភាពខុសគ្នា​រវាង​សេចក្ដីពិត និង​ការកុហក​របស់​សាតាំង ។ តើ​បងប្អូន​រកឃើញ​ដំបូន្មាន​អ្វី​ខ្លះ​នៅក្នុង​សារ​ទាំង​នេះ ៖ ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Deceive Me Not » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ០០–០០ ); ដាល្លិន អេក អូក « Be Not Deceived » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ០០ ) ‏។

សូម​មើល​ផងដែរ Gospel Topics « Seek Truth and Avoid Deception » នៅលើ​បណ្ណាល័យ​ដំណឹងល្អ; « ការពិត​នោះ​ជាអ្វី ? » ទំនុក​តម្កើង ល.រ. ១៧០ ។

កូរីហូរ​និយាយ​ជាមួយ​អាលម៉ា

Korihor Confronts Alma [ កូរីហូរ​ប្រឈម​មុខ​នឹង​អាលម៉ា ] ដោយ រ៉ូប៊ើត ធី បារែត

អាលម៉ា ៣០:៣៩–៤៦

គ្រប់​ការណ៍​ទាំង​អស់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះ ។

មនុស្ស​ជាច្រើន​សព្វថ្ងៃ​នេះ​ជឿ​ថា​គ្មាន​ព្រះ​ទេ ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង អាលម៉ា ៣០:៣៩–៤៦ ដែល​ជួយ​បងប្អូន​ឲ្យ​ដឹង​ថា​មាន​ព្រះ​ពិត​មែន ? តើ​អ្វី​ទៅ​ដែល​រារាំង​យើង​មិន​ឲ្យ​ស្គាល់​ទ្រង់ ? តើ​មាន​ទីបន្ទាល់​អ្វី​ផ្សេង​ទៀត​ដែល​ព្រះ​បាន​ប្រទាន​ដល់​បងប្អូន ដែល​ថា​ទ្រង់​មាន​ព្រះជន្ម​នៅរស់ ?

អាលម៉ា ៣០:៥៦–៦០

មារសត្រូវ​មិន​គាំទ្រ​អ្នក​ដើរ​តាម​របស់​វា​ទេ ។

តើ​យើង​រៀន​អ្វីខ្លះមកពី អាលម៉ា ៣០:៥៦–៦០ អំពី​របៀប​ដែល​អារក្ស​ធ្វើ​ដាក់​អ្នក​ដើរតាម​របស់​វា ? តើ​យើង​អាច​ធ្វើ​អ្វី​បាន​ខ្លះ ដើម្បី​ការពារ​គ្រួសារ​របស់​យើង​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​វា ?

សូម​មើល អាលម៉ា ៣៦:៣ ។

អាលម៉ា ៣១

ព្រះបន្ទូល​របស់​ព្រះ​មាន​ព្រះចេស្ដា​ដើម្បី​ដឹកនាំ​មនុស្ស​ទៅរក​សេចក្ដី​សុចរិត ។

បញ្ហា​របស់​ប្រជាជន​សូរាំ​ដែល​បំបែក​ខ្លួន​ចេញពី​សាសន៍​នីហ្វៃ អាច​នឹង​មើល​ទៅ​ហាក់ដូចជា​ត្រូវការ​ដំណោះស្រាយ​ចាំបាច់​ខាង​នយោបាយ ឬ​ខាង​កងទ័ព ( សូមមើល​អាលម៉ា ៣១:១–៤ ) ។ ប៉ុន្តែ​អាលម៉ា​បាន​រៀន​ទុកចិត្ត​ទៅលើ « គុណធម៌​នៃ​ព្រះបន្ទូល​នៃ​ព្រះ » ( អាលម៉ា ៣១:៥ ) ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​មកពី អាលម៉ា ៣១:៥ អំពី​ព្រះចេស្តា​នៃ​ព្រះបន្ទូល​របស់​ព្រះ ? ( សូម​មើល​ផងដែរ ហេព្រើរ ៤:១២; នីហ្វៃ​ទី​១ ១៥:២៣–២៤; នីហ្វៃ​ទី​២ ៣១:២០; យ៉ាកុប ២:៨; ហេលេមិន ៣:២៩–៣០ ) ។

នៅពេល​បងប្អូន​សិក្សា អាលម៉ា ៣១ តើ​សេចក្ដីពិត​ដំណឹងល្អ​ផ្សេង​ទៀត​ណាខ្លះ ដែល​បងប្អូន​អាច​រកឃើញ ដែល​អនុវត្ត​ចំពោះ​បទពិសោធន៍​នៅក្នុង​ជីវិត​របស់​បងប្អូន ? ឧទាហរណ៍ ៖

  • តើ​បងប្អូន​ធ្លាប់​ឃើញ​ព្រះបន្ទូល​នៃ​ព្រះ​ដឹកនាំ​មនុស្ស​ឲ្យ​ធ្វើ​កិច្ចការ​ល្អ​ដោយ​របៀប​ណា ? ( សូម​មើល ខទី ៥ ) ។

  • សូម​ប្រៀបធៀប​អាកប្បកិរិយា អារម្មណ៍ និង​សកម្មភាព​របស់​អាលម៉ា​អំពី​អ្នកដទៃ ( សូមមើល ខទី ៣៤–៣៥ ) ជាមួយ​នឹង​អាកប្បកិរិយា អារម្មណ៍ និង​សកម្មភាព​របស់​ពួកសាសន៍​សូរាំ ( សូម​មើល ខទី ១៧–២៨ ) ។ តើ​បងប្អូន​អាច​កាន់តែ​ប្រែក្លាយ​ដូចជា​អាលម៉ា​ដោយ​របៀបណា ?

  • តើ​បងប្អូន​រក​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង អាលម៉ា ៣១:៣០–៣៨ ដែល​អាច​ជួយ​ដល់​មនុស្ស​ដែល​សោកសៅ​ដោយសារ​អំពើបាប​របស់​អ្នក​ដទៃ ?

អាលម៉ា ៣១:៥–៦

ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​មនុស្ស​គ្រប់គ្នា​អាច​ផ្លាស់ប្តូរ​បាន ។

សូម​កត់ចំណាំ​ក្រុម​មនុស្ស​ដែល​អាលម៉ា​បាន​យក​ទៅ​ជាមួយ​លោក ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់​ពួកសាសន៍​សូរាំ ( សូមមើល អាលម៉ា ៣១:៦ ) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ជីវិត​របស់​មនុស្ស​ទាំងនេះ​នៅក្នុង ម៉ូសាយ ២៧:៨–៣៧; ២៨:៤; អាលម៉ា ១០:១–៦; ១១:២១–២៥; ១៥:៣–១២ ។ តើ​អាច​មាន​សារលិខិត​អ្វីខ្លះ​សម្រាប់​បងប្អូន​នៅក្នុង​បទពិសោធន៍​របស់​ពួកគេ ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

អាលម៉ា ៣០

ព្រះគម្ពីរ​មរមន​ព្រមាន​ខ្ញុំ​ទាស់​នឹង​ការបង្រៀន​ក្លែងក្លាយ ។

  • សូម​ពិចារណា​បង្ហាញ​វត្ថុ​មួយ​ចំនួន ( ដូចជា ប្រាក់ ឬ​ម្ហូប​អាហារ ) និង​ប្រដាប់​ប្រដា​ក្មេង​លេង​នៃ​វត្ថុ​ទាំងនេះ ។ ការធ្វើ​ដូចនេះ​អាច​នាំឲ្យ​មាន​ការពិភាក្សា​អំពី​របៀប​ដើម្បី​ដឹងពី​ភាពខុសគ្នា​រវាង​របស់​ដែល​ពិត និង​របស់​ដែល​មិន​ពិត​បាន ។ បន្ទាប់​មក បងប្អូន​អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​រកមើល​ការកុហក ឬ​ការបង្រៀន​ក្លែងក្លាយ​ដែល​កូរីហូរ​បាន​បង្រៀន​អំពី​ព្រះ ចេញ​មកពី អាលម៉ា ៣០:១២–១៨ បាន ។ នៅក្នុង អាលម៉ា ៣០:៣២–៣៥ តើ​អាលម៉ា​បាន​ឆ្លើយ​តប​ដោយ​របៀបណា​ចំពោះ​ការកុហក​ទាំង​នោះ ? តើ​យើង​រៀន​អ្វីខ្លះ​មក​ពី​គំរូ​របស់​លោក ?

អាលម៉ា ៣០:៤៤

គ្រប់​ការណ៍​ទាំង​អស់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះ ។

  • អាលម៉ា​បាន​ថ្លែង​អំពី​របៀប​ដែល​អ្វីៗ​ដែល​មាន​នៅលើ​មេឃ និង​នៅលើ​ផែនដី​នេះ​ថ្លែង​ទីបន្ទាល់​ថា ព្រះ​មាន​ព្រះជន្ម​នៅរស់ ។ ប្រសិនបើ​អាច សូម​ដើរ​ចេញ​ទៅ​ក្រៅ​ថ្នាក់​ជាមួយ​កុមារ ឬ​សូម​ឲ្យ​ពួកគេ​ឈរ​ក្បែរ​បង្អួច នៅពេល​បងប្អូន​អាន អាលម៉ា ៣០:៤៤ ។ សូម​ឲ្យ​ពួកគេ​ចង្អុល​បង្ហាញ​អ្វីៗ​ដែល​ពួកគេ​ឃើញ ដែល​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា ព្រះ​មាន​ពិត​មែន ហើយ​ថា​ទ្រង់​ស្រឡាញ់​ពួកគេ ។ ពួកគេ​ក៏​អាច​គូរ​រូបភាព​នៃ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ផងដែរ ( សូម​មើល ទំព័រ​សកម្មភាព​សប្តាហ៍​នេះ ) ។

  • ខណៈពេល​ដែល​បងប្អូន និង​កូនៗ​របស់​បងប្អូន​ច្រៀង​បទ « ព្រះវរបិតា​ស្រឡាញ់​ខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៦ ) សូម​ហុច​បាល់ ឬ​វត្ថុ​ផ្សេងទៀត​តៗ​គ្នា ។ នៅពេល​តន្ត្រី​ឈប់​ម្តងៗ សូម​ឲ្យ​កុមារ​ដែល​កាន់​បាល់ ឬ​វត្ថុ​នោះ​ចែកចាយ​អ្វី​មួយ​ដែល​ព្រះវរបិតា​សួគ៌​បាន​បង្កើត​ដែល​គាត់​មាន​អំណរគុណ​ចំពោះ​វត្ថុ​នោះ ។

កុមារ​រៀន​តាមរយៈ​ជំនួយ​ចក្ខុ​វិញ្ញាណ ។ ជំនួយ​ចក្ខុ​វិញ្ញាណ​នឹង​ជួយ​ឲ្យ​កូនៗ​របស់​បងប្អូន​យល់​បាន​កាន់តែ​ច្បាស់ និង​ចងចាំ​បាន​យូរ​ជាង​មុន​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សកម្មភាព​ភាគ​ច្រើន​សម្រាប់​កុមារ​នៅ​ក្នុង​គម្រោង​មេរៀន​នេះ​ណែនាំ​ឲ្យ​ប្រើ​ជំនួយ​ចក្ខុ​វិញ្ញាណ ។ សូម​ពិចារណា​បង្ហាញ​ជំនួយ​ចក្ខុ​វិញ្ញាណ​ដដែល​នេះ​នៅពេល​អនាគត ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ចងចាំ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

អាលម៉ា ៣១:៥

ព្រះបន្ទូល​នៃ​ព្រះ​ពោរពេញ​ដោយ​ព្រះចេស្តា ។

  • តើ​បងប្អូន​អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​យល់​ថា ព្រះបន្ទូល​នៃ​ព្រះ​មាន​ឥទ្ធិពល​ជាង « អ្វី​ផ្សេងៗ​ទៀត » យ៉ាង​ដូច​ម្ដេច ? ( អាលម៉ា ៣១:៥ ) ។ សូម​ពិចារណា​សុំ​ឲ្យ​កុមារ​គិត​អំពី​អ្វីមួយ ឬ​នរណា​ម្នាក់​ដែល​មាន​អំណាច ឬ​បង្ហាញ​រូបភាព​ពីរបី​អំពី​អ្វី​ដែល​មាន​ឥទ្ធិពល​ខ្លាំង ។ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​វា​មាន​ឥទ្ធិពល​ខ្លាំង ? សូម​អាន អាលម៉ា ៣១:៥ ជាមួយ​គ្នា ហើយ​សួរ​កុមារ​ថា​តើ​ពួកគេ​គិត​ថា ខគម្ពីរ​នេះ​មាន​ន័យ​យ៉ាង​ដូចម្តេច ? សូម​ចែកចាយ​បទពិសោធន៍​មួយ នៅពេល​ដែល​ព្រះបន្ទូល​នៃ​ព្រះ​មាន​ឥទ្ធិពល​ខ្លាំង​មកលើ​បងប្អូន ។

អាលម៉ា ៣១:៨–៣៥

ព្រះវរបិតា​សួគ៌​ព្រះសណ្ដាប់​ការអធិស្ឋាន​របស់​ខ្ញុំ ។

  • សូម​សង្ខេប​ដំណើររឿង​របស់​អាលម៉ា និង​ពួកសាសន៍​សូរាំ​ដោយ​ប្រើ​ខគម្ពីរ​មកពី អាលម៉ា ៣១:៨–៣៥ ( សូមមើល​ផងដែរ « ជំពូកទី ២៨ ៖ ពួកសាសន៍​សូរាំ និង​រ៉ាមីអុមតុម » ដំណើររឿង​ព្រះគម្ពីរ​មរមន ទំព័រ ៧៨–៨០ ) ។ សូម​ជួយ​កុមារ​ឲ្យ​ស្គាល់​អ្វី​ដែល​ពួកសាសន៍​សូរាំ​បាន​និយាយ​នៅក្នុង​ការអធិស្ឋាន​របស់​ពួកគេ ( សូមមើល អាលម៉ា ៣១:១៥–១៨ ) នៅពេល​ពួកគេ​ជួយ​បងប្អូន​សង់​ប៉ម​រ៉ាមីអុមតុម​ដោយ​ប្រើ​ដុំ​ឈើ ឬ​ដុំ​ថ្ម ។ សូម​ពន្យល់​ថា ការណ៍​នេះ​ពុំមែន​ជា​របៀប​ដែល​យើង​គួរ​អធិស្ឋាន​នោះទេ ។ នៅពេល​បងប្អូន និង​កូន​ៗ​របស់​បងប្អូន​និយាយ​អំពី​របៀប​ដែល​យើង​គួរ​អធិស្ឋាន សូម​ឲ្យ​ពួក​គេ​ដក​យក​ដុំឈើ ឬ​ដុំ​ថ្ម​នោះ​ចេញ​ម្តង​មួយៗ ។ ប្រហែល​ជា​ពួកគេ​អាច​ទុក​ថ្ម​មួយ​នៅក្បែរ​គ្រែ​របស់​ពួកគេ ទុកជា​ការរំឭក​មួយ​ដើម្បី​អធិស្ឋាន​ជា​រៀងរាល់​ព្រឹក និង​រាល់​យប់ ។ ពួកគេ​អាច​នឹង​ចូលចិត្ត​តុបតែង​លើ​ថ្ម​របស់​ពួកគេ​នោះ​ផងដែរ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែនេះ ។

សាសន៍​សូរាំ​កំពុង​អធិស្ឋាន​នៅលើ​រ៉ាមីអុមតុម

ដួងចិត្ត​របស់​ពួកសាសន៍​សូរាំ « ត្រូវ​បាន​លើក​ឡើង​ដល់​ការអួតអាង​យ៉ាង​ធំ​នៅក្នុង​សេចក្ដី​ឆ្មើងឆ្មៃ​របស់​គេ » ( អាលម៉ា ៣១:២៥ ) ។