ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១–៧ ខែ កក្កដា ៖ « យើង​នឹង​យក​អ្នក​ធ្វើជា​គ្រឿង​ឧបករណ៍​មួយ » ។ អាលម៉ា ១៧–២២


« ថ្ងៃទី ១–៧ ខែ កក្កដា ៖ ‹ យើង​នឹង​យក​អ្នក​ធ្វើជា​គ្រឿង​ឧបករណ៍​មួយ › ។ អាលម៉ា ១៧–២២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ១–៧ ខែ កក្កដា ។ អាលម៉ា ១៧–២២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

អាំម៉ូន​កំពុង​ទូល​ទៅកាន់​ស្ដេច​ឡាម៉ូណៃ

អាំម៉ូន និង​ស្តេច​ឡាម៉ូណៃ ដោយ ស្កត អិម ស្នូ

ថ្ងៃទី ១–៧ ខែ កក្កដា ៖ « យើង​នឹង​យក​អ្នក​ធ្វើជា​គ្រឿង​ឧបករណ៍​មួយ »

អាលម៉ា ១៧–២២

សូម​គិត​អំពី​មូលហេតុ​ទាំងអស់​ដែល​មនុស្ស​អាច​មាន​ក្នុង​ការមិន​ចែក​ចាយ​ដំណឹងល្អ ៖ « ខ្ញុំ​ពុំ​ដឹង​ច្រើន​ទេ » ឬ « ខ្ញុំ​មិន​ប្រាកដ​ថា​ពួកគេ​នឹង​ចាប់​អារម្មណ៍​ទេ » ឬ​ប្រហែលជា « ខ្ញុំ​ខ្លាច​ថា​គេ​បដិសេធ​ខ្ញុំ » ។ ប្រហែល​ជា​បងប្អូន​នឹង​ឃើញ​ថា បងប្អូន​កំពុង​គិត​រឿង​ស្រដៀងគ្នា​នេះ​ពេល​ខ្លះ​ផងដែរ ។ ពួក​សាសន៍​នីហ្វៃ​មាន​មូលហេតុ​បន្ថែម​មួយ​ក្នុង​ការ​មិន​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​សាសន៍​លេមិន ៖ ពួកគេ​ថា​ពួកសាសន៍​លេមិន​គឺជា « ប្រជាជន​មួយ​ដែល​ព្រៃ​ផ្សៃ រឹងរូស និង​សាហាវ ជា​ប្រជាជន​មួយ​ដែល​ចូលចិត្ត​ក្នុង​ការ​ធ្វើ​ឃាតកម្ម​ដល់​ពួក​នីហ្វៃ » ( អាលម៉ា ១៧:១៤; សូមមើល​ផងដែរ អាលម៉ា ២៦:២៣–២៥ ) ។ ប៉ុន្តែ​ពួកបុត្រា​របស់​ស្ដេច​ម៉ូសាយ​មាន​មូលហេតុ​មួយ​កាន់តែ​ខ្លាំង​ជាងនេះ​ទៅទៀត ដែល​ជា​មូលហេតុ​ដែល​ពួកទ្រង់​មាន​អារម្មណ៍​ថា​ពួកទ្រង់ ត្រូវតែ ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​ពួកសាសន៍​លេមិន ៖ « ពួកគេ​មាន​បំណង​ចង់​ប្រកាស​ប្រាប់​ពី​សេចក្ដី​សង្គ្រោះ​ដល់​សត្វ​លោក​គ្រប់រូប ព្រោះ​ពួកគេ​ពុំ​អាច​ទ្រាំ​ឲ្យ​ព្រលឹង​មនុស្ស​ណា​ម្នាក់​ត្រូវ​វិនាស​ឡើយ » ( ម៉ូសាយ ២៨:៣ ) ។ សេចក្ដី​ស្រឡាញ់​នេះ​ដែល​បាន​បំផុស​គំនិត​ដល់ អាំម៉ូន និង​បងប្អូន​ប្រុស​របស់​ទ្រង់ ក៏​អាច​បំផុស​គំនិត​ដល់​បងប្អូន​ឲ្យ​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​គ្រួសារ មិត្តភក្ដិ​របស់​បងប្អូន និង​អ្នក​ស្គាល់​គ្នា​បាន​ផងដែរ—សូម្បីតែ​អស់អ្នក​ដែល​មើល​ទៅ​ហាក់​ដូចជា​ពុំ​ចង់​ទទួល​យក​ដំណឹងល្អ​ក្ដី ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

អាលម៉ា ១៧:១–៤

ទង្វើ​សាមញ្ញ និង​ខ្ជាប់ខ្ជួន​នៃ​ការលះបង់​ចំពោះ​ព្រះ​គ្រីស្ទ ជួយ​ខ្ញុំ​ឲ្យ​ទទួល​បាន​ព្រះចេស្តា​របស់​ទ្រង់ ។

តើ​បងប្អូន​រៀន​អ្វី​ខ្លះ​មកពី អាលម៉ា ១៧:១–៤ អំពី​របៀប​រក្សា​ទីបន្ទាល់ និង​ការតាំងចិត្ត​របស់​បងប្អូន​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​បាន​រឹងមាំ ? តើ​ពួកបុត្រា​របស់​សេ្តច​ម៉ូសាយ​បាន​ធ្វើ​អ្វី​ខ្លះ ហើយ​តើ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ពួក​ទ្រង់​យ៉ាង​ដូចម្ដេច ?

នៅពេល​បងប្អូន​អាន​អំពី​បទពិសោធន៍​របស់​ពួកបុត្រា​របស់​ស្តេច​ម៉ូសាយ​នៅ​ក្នុង អាលម៉ា ១៧–២២ សូម​កត់​សម្គាល់​ថា តើ​ការរៀបចំខ្លួន​ខាង​វិញ្ញាណ​របស់​ពួកទ្រង់​បាន​ជះឥទ្ធិពល​លើ​ការបម្រើ​របស់​ពួកទ្រង់​ក្នុង​ចំណោម​ពួកសាសន៍​លេមិន​យ៉ាង​ដូចម្តេច ( ឧទាហរណ៍ សូម​មើល អាលម៉ា ១៨:១០–១៨, ៣៤–៣៦; ២០:២–៥; ២២:១២–១៦ ) ។ តើ​បងប្អូន​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើតាម​គំរូ​របស់​ពួកទ្រង់ ?

អាលម៉ា ១៧:៦–១២; ១៩:១៦–៣៦

រូប​តំណាង​ថ្នាក់​សិក្ខាសាលា
ខ្ញុំ​អាច​ធ្វើជា​គ្រឿង​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ព្រះ​បាន ។

ដំណើររឿង​ទាំងឡាយ​នៃ​ការប្រែចិត្ត​ជឿ​ដែល​យើង​បាន​អាន​នៅ​ក្នុង​ព្រះគម្ពីរ ជាញឹកញាប់​មាន​ព្រឹត្តិការណ៍​អស្ចារ្យ​ជាច្រើន ប៉ុន្តែ​ចំណុច​សំខាន់​នៃ​ដំណើររឿង​ទាំងនោះ ជា​ធម្មតា​យើង​ឃើញ​ថា បុគ្គល​ម្នាក់ៗ​មាន​ភាព​ក្លាហាន​នៅក្នុង​ការនិយាយ និង​ចែកចាយ​សេចក្តី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​គិត​អំពី​រឿង​នេះ នៅ​ពេល​ដែល​បងប្អូន​អាន​អំពី អ័ប៊ីស និង​ពួកបុត្រា​របស់​ស្តេច​ម៉ូសាយ​នៅ​សប្តាហ៍​នេះ ។

តើ​បងប្អូន​គិត​ថា ការធ្វើ​ជា​គ្រឿង​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះ​មាន​ន័យ​យ៉ាង​ដូច​ម្តេច ? វា​អាច​ជួយបាន​ពេល​គិត​អំពី​ឧបករណ៍ ឬ​គ្រឿង​ដែល​បងប្អូន​អាច​ប្រើប្រាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​បងប្អូន ។ នៅក្នុង អាលម៉ា ១៧:៦–១២ សូម​រកមើល​នូវ​អ្វី​ដែល​ពួកបុត្រា​របស់​ស្តេច​ម៉ូសាយ​បាន​ធ្វើ ដើម្បី​ពួកទ្រង់​អាច​ធ្វើ​ជា​គ្រឿង​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះ​បាន ។ តើ​បងប្អូន​អាច​ក្លាយ​ជា​ឧបករណ៍​ដែល​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​ដល់​អ្នក​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ?

តើ​បងប្អូន​ចាប់​អារម្មណ៍​អ្វីខ្លះ​អំពី អ័ប៊ីស នៅក្នុង អាលម៉ា ១៩:១៦–៣៦ ? តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​នាង អំពី​ការជួយ​អ្នក​ដទៃ​ឲ្យ​ស្ថាបនា​សេចក្តី​ជំនឿ​ទៅលើ​ព្រះ​គ្រីស្ទ ? ឧទាហរណ៍ តើ​មាន​អ្វី​ខ្លះ​ដែល​បងប្អូន​មាន​អារម្មណ៍​ថា​នឹង​អាច​ជួយ​មនុស្ស​ដែល​បងប្អូន​ស្រឡាញ់​ឲ្យ « ជឿ​ដល់​ព្រះចេស្ដា​នៃ​ព្រះ » បាន ? ( អាលម៉ា ១៩:១៧ ) ។

បងប្អូន​ក៏​អាច​ប្រៀបធៀប​បទពិសោធន៍​របស់ អ័ប៊ីស ជាមួយ​នឹង​គោលការណ៍​ដែល​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បាន​បង្រៀន​នៅ​ក្នុង « Missionary Work: Sharing What Is in Your Heart » ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៥–១៨ ) ផងដែរ ។ តើ អ័ប៊ីស បាន​ធ្វើជា​គំរូ​យ៉ាង​ដូចម្ដេច​ចំពោះ « យោបល់​សាមញ្ញ​ប្រាំ​យ៉ាង » របស់​អែលឌើរ អុជដូហ្វ ? សូម​ព្យាយាម​សរសេរ​រឿង​មួយ​ចំនួន ដែល​បងប្អូន​អាច​និយាយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។ ឧទាហរណ៍ « សម្រាប់​ខ្ញុំ ព្រះយេស៊ូវ​គ្រីស្ទ … » ឬ « ព្រះអង្គ​សង្គ្រោះ​ជួយ​ខ្ញុំ … »

សូម​មើល​ផងដែរ Gospel Topics « Ministering as the Savior Does » នៅលើ​បណ្ណាល័យ​ដំណឹងល្អ; « ព្រះមេត្តា​បិតា​យើង​រុងរឿង » ទំនុក​តម្កើង ទំព័រ ២០០; « Come and See » « Come and Help » « Come and Belong » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

1:20

មក ហើយ​មើល

មនុស្ស​ចូលចិត្ត​ចូលរួម ពួកគេ​គ្រាន់តែ​ត្រូវការការអញ្ជើញ

សូម​បង្រៀន​មេរៀន​ដោយ​ប្រើ​វត្ថុ ។ នៅពេល​ណា​ដែល​មនុស្ស​អាច​មើល​ឃើញ ឬ​ប៉ះ​អ្វី​មួយ​ដែល​ទាក់ទង​ទៅ​នឹង​អ្វី​ដែល​ពួក​គេ​កំពុង​រៀន នោះ​ពួកគេ​អាច​នឹង​ចង​ចាំ​វា​បាន​យូរជាង ។ ឧទាហរណ៍ ប្រសិនបើ​បងប្អូន​កំពុង​បង្រៀន​អំពី អាលម៉ា ១៧:១១ សូម​ពិចារណា​អំពី​ការបង្ហាញ​ឧបករណ៍​តន្ត្រី ឬ​ឧបករណ៍​សម្រាប់​សរសេរ​ផ្សេងៗ ដើម្បី​ជួយ​បំផុស​គំនិត​ឲ្យ​មាន​ការពិភាក្សា​អំពី​ការធ្វើ​ជា​ឧបករណ៍​មួយ​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះ ។

អាលម៉ា ១៧–១៩

នៅ​ពេល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ដទៃ យើង​អាច​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​រកមើល​ខគម្ពីរ​នៅ​ក្នុង អាលម៉ា ១៧–១៩ ដែល​បង្ហាញ​ពី​របៀប​ដែល​សេចក្ដី​ស្រឡាញ់​របស់​អាំម៉ូន​ចំពោះ​ពួក​សាសន៍​លេមិន បាន​បំផុស​គំនិត​ដល់​ការខិតខំ​របស់​ទ្រង់​ក្នុង​ការចែកចាយ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​បងប្អូន​រៀន​បាន​សេចក្ដីពិត​ផ្សេងទៀត​ណាខ្លះ មកពី​គំរូ​របស់​លោក​ទាក់ទង​នឹង​ការចែកចាយ​ដំណឹងល្អ ?

( សូមមើល​ផងដែរ « Ammon Serves and Teaches King Lamoni » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

23:5

អាំម៉ូនបម្រើ និងបង្រៀនស្តេចឡាម៉ូណៃ អាលម៉ា ១៧-១៩

អាំម៉ូន និងពួកបុត្រារបស់ម៉ូសាយ បានចេញទៅបង្រៀនដល់សាសន៍លេមិននូវព្រះបន្ទូលនៃព្រះ ។ អាំម៉ូនក្លាយជាអ្នកបម្រើស្តេចឡាម៉ូណៃ ហើយ​បង្រៀនទ្រង់អំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។

អាំម៉ូន​កំពុង​ជួយ​ចៀម​របស់​ស្ដេច

មីនើរវ៉ា ថៃឆើត ( ឆ្នាំ ១៨៨៨–១៩៧៦ ) អាំម៉ូន​កំពុង​ជួយ​ហ្វូងចៀម​របស់​ស្ដេច ឆ្នាំ ១៩៤៩–១៩៥១ ប្រេង​លើ​បន្ទះ​ក្តារ ទំហំ ៣៥ ១៥/១៦ x ៤៨ អ៊ីនឆ៍ ។ សារមន្ទីរ​សិល្បៈ​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ឆ្នាំ ១៩៦៩ ។

អាលម៉ា ១៩:៣៦

ព្រះអម្ចាស់​នឹង​ជួយ​ខ្ញុំ​ឲ្យ​ប្រែចិត្ត ។

បន្ទាប់ពី​បាន​រៀបរាប់​ពី​ការប្រែចិត្ត​ជឿ​របស់​ស្តេច​ឡាម៉ូណៃ និង​ប្រជាជន​របស់​ទ្រង់​ហើយ នោះ​មរមន​បាន​សង្ខេប​ដំណើររឿង​នេះ​ដោយ​ការសង្កេត​មើល​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ អាលម៉ា ១៩:៣៦ បង្រៀន​បងប្អូន​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះអម្ចាស់​អ្វីខ្លះ ? តើ​មាន​អ្វីខ្លះ​ផ្សេងទៀត​ដែល​ដំណើររឿង​នៅក្នុង អាលម៉ា ១៩:១៦–៣៦ បង្រៀន​បងប្អូន​អំពី​ទ្រង់ ? តើ​បងប្អូន​មាន​អារម្មណ៍​ថា ព្រះហស្ដ​របស់​ព្រះអម្ចាស់​លាត​សន្ធឹង​មក​កាន់​បងប្អូន​នៅពេលណា ?

អាលម៉ា ២០:២៣; ២២:១៥–១៨

ការស្គាល់​ព្រះ​គឺ​មាន​តម្លៃ​សម​នឹង​ការលះបង់​ទាំងអស់ ។

សូម​ប្រៀបធៀប​អ្វី​ដែល​បិតា​របស់​ស្តេច​ឡាម៉ូណៃ​សុខចិត្ត​លះបង់​ដើម្បី​សង្គ្រោះ​ជីវិត​របស់​ទ្រង់ ( សូមមើល អាលម៉ា ២០:២៣ ) ក្រោយ​មក​ទ្រង់​សុខចិត្ត​លះបង់​អ្វី​ដើម្បី​ទទួល​បាន​អំណរ​នៃ​ដំណឹងល្អ ហើយ​ស្គាល់​ព្រះ ( សូមមើល អាលម៉ា ២២:១៥, ១៨ ) ។ សូម​ពិចារណា​អំពី​រឿង​ដែល​បងប្អូន​សុខចិត្ត​លះបង់​ដើម្បី​ស្គាល់​ព្រះ​ឲ្យ​បាន​ពេញលេញ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

អាលម៉ា ១៧:២–៣

ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​រីកចម្រើន​ឡើង នៅពេល​ខ្ញុំ​អាន​ព្រះគម្ពីរ អធិស្ឋាន និង​តម​អាហារ ។

  • តើ​គំរូ​របស់​ពួកបុត្រា​របស់សេ្តច​ម៉ូសាយ​អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ស្ថាបនា​ទីបន្ទាល់​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ដោយ​របៀបណា ? បងប្អូន​អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​រក​ឃើញ​នូវ​អ្វី​ដែល​ពួកបុត្រា​របស់​ស្តេច​ម៉ូសាយ​បាន​ធ្វើ ដើម្បី​ស្ថាបនា​កម្លាំង​ខាង​វិញ្ញាណ​របស់​ពួកទ្រង់​នៅក្នុង អាលម៉ា ១៧:២–៣ ។ បន្ទាប់​មក ពួកគេ​អាច​គូរ​រូបភាព ឬ​ស្វែងរក​វត្ថុ​ដែល​តំណាង​ឲ្យ​របស់​ទាំងនេះ​បាន ។ សូម​ជួយ​ពួក​គេ​ឲ្យ​រៀប​ចំ​ផែនការ​អ្វី​ដែល​ពួក​គេ​នឹង​ធ្វើ ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្រ្គោះ ។

អាលម៉ា ១៧–១៩

ខ្ញុំ​អាច​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​អ្នកដទៃ​បាន ។

  • ដើម្បី​រៀន​ពី​ការធ្វើ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​របស់​ព្រះ​ដូចជា​ពួកបុត្រា​របស់​ស្តេច​ម៉ូសាយ បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​មើល​ឧបករណ៍មួយ ហើយ​និយាយ​គ្នា​ថា​តើ​គេ​ប្រើ​វា​ដើម្បី​អ្វី ។ បន្ទាប់​មក បងប្អូន​អាច​អាន អាលម៉ា ១៧:១១ ហើយ​និយាយ​អំពី​អត្ថន័យ​នៃ​ការធ្វើ​ជា​ឧបករណ៍​របស់​ព្រះវរបិតា​សួគ៌ ដើម្បី​ជួយ​មនុស្ស​ឲ្យ​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ទំព័រ​សកម្មភាព​សប្តាហ៍​នេះ​មាន​រូបភាព​តំណាង​ឲ្យ​សេចក្ដី​ពិត​ដែល អាំម៉ូន​បាន​បង្រៀន​ដល់​ស្តេច​ឡាម៉ូណៃ ។ បងប្អូន​អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​រកឃើញ​សេចក្ដីពិត​ទាំងនេះ​បាន​នៅក្នុង អាលម៉ា ១៨:២៤–៤០ ។ កូនៗ​របស់​បងប្អូន​អាច​សម្តែង​ធ្វើជា​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​សេចក្ដី​ពិត​ទាំង​នេះ ។

  • បន្ទាប់ពី​បងប្អូន​អាន​អំពី អ័ប៊ីស ជាមួយ​កូនៗ​របស់​បងប្អូន​ហើយ ( សូមមើល អាលម៉ា ១៩:១៦–២០, ២៨–២៩ ) ពួកគេ​អាច​សម្តែង​ធ្វើ​ជា អ័ប៊ីស ដោយ​រត់​នៅមួយ​កន្លែង ធ្វើជា​គោះ​ទ្វារ និង​ប្រាប់​ពី​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង អាលម៉ា ១៩:១–១៧ ។ តើ​យើង​អាច​ក្លាយ​ដូច​ជា អ័ប៊ីស ហើយ​ចែកចាយ​អ្វី​ដែល​យើង​ដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ដោយ​របៀប​ណា ? កូនៗ​របស់​បងប្អូន​អាច​គូរ​រូបភាព​ខ្លួន​ឯង​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​នរណា​ម្នាក់ ឬ​ច្រៀង​ជាមួយ​គ្នា​នូវ​បទ​ចម្រៀង​មួយ​អំពី​ការចែកចាយ​ដំណឹង​ល្អ ដូច​ជា​បទ « ហៅ​ឲ្យ​បម្រើ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៤–៩៥ ) ។

អាលម៉ា ១៧:២១–២៥; ២០:៨–២៧; ២២:១–៣

ខ្ញុំ​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ​បាន តាមរយៈ​ការបង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ពួកគេ ។

  • ដំបូង ទាំង​ស្តេច​ឡាម៉ូណៃ និង​បិតា​របស់​ទ្រង់​មាន​ចិត្ត​រឹងរូស​ចំពោះ​ដំណឹងល្អ ។ ក្រោយមក ដួងចិត្ត​របស់​ពួកទ្រង់​បាន​ទន់ ហើយ​ពួកទ្រង់​បាន​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​រឿងនេះ​បាន​កើតឡើង​យ៉ាង​ដូចម្ដេច ? សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​នេះ នៅពេល​ដែល​បងប្អូន​រំឭក​ពី​បទពិសោធន៍​របស់​អាំម៉ូន​ឡើងវិញ​ជាមួយ​ពួកគេ ។ កូនៗ​របស់​បងប្អូន​អាច​សម្តែង « ជំពូក​ទី ២៣ ៖ អាំម៉ូន ៖ អ្នក​បម្រើ​ដ៏​អស្ចារ្យ » និង « ជំពូក​ទី ២៤ ៖ អាំម៉ូន​ជួប​ព្រះ​បិតា​របស់​ស្ដេច​ឡាម៉ូណៃ » ( ដំណើររឿង​ព្រះគម្ពីរ​មរមន ទំព័រ ៦៤–៦៨, ៦៩–៧០ ) ។ ឬ​កូនៗ​របស់​បងប្អូន​អាច​នឹង​ចង់​គូរ​រូប​នៃ​ផ្នែក​ផ្សេងៗ​នៅក្នុង​ដំណើររឿង​នេះ ហើយ​ប្រើ​រូបភាព​ទាំងនោះ​ដើម្បី​តំណាល​ដំណើររឿង​ទាំងនេះ​ឡើងវិញ ។ តើ​អាំម៉ូន​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ស្តេច​ឡាម៉ូណៃ និង​បិតា​របស់​ទ្រង់​ឲ្យ​បើក​ព្រះទ័យ​ទ្រង់​ទៅរក​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ? ( សូម​មើល អាលម៉ា ១៧:២១–២៥; ២០:៨–២៧; ២២:១–៣ ) ។

  • ប្រហែល​ជា​បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​គិត​អំពី​នរណា​ម្នាក់​ដែល​ត្រូវការ​ស្គាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ជួយ​ពួកគេ​ឲ្យ​គិត​ពី​របៀប​ដែល​ពួកគេ​អាច​ធ្វើ​ជា​គំរូ​ល្អ ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បុគ្គល​នោះ ដូច​ជា​អាំម៉ូន​បាន​ធ្វើ​ដាក់​សេ្តច​ឡាម៉ូណៃ និង​បិតា​របស់​ទ្រង់​ដែរ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូប​គំនូរ​អ័ប៊ីស

An illustration of Abish [ រូប​គំនូរ​អ័ប៊ីស ] ដោយ ឌីលីន ម៉ាស្ស