« ស្ដេចរបស់ពួកសាសន៍លេមិនទាំងអស់ » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
« ស្ដេចរបស់ពួកសាសន៍លេមិនទាំងអស់ » ដំណើររឿងព្រះគម្ពីរមរមន
ស្ដេចរបស់ពួកសាសន៍លេមិនទាំងអស់
ការចង់រៀនអំពីព្រះអម្ចាស់
ពួកសាសន៍លេមិនមានស្ដេចមួយអង្គ ដែលគ្រប់គ្រងលើស្ដេចរបស់ពួកគេផ្សេងទៀតទាំងអស់ ។ ទ្រង់គឺជាព្រះបិតារបស់ស្ដេចឡាម៉ូណៃ ។ ទ្រង់គិតថា ពួកសាសន៍នីហ្វៃគឺជាពួកសត្រូវ ។ មានថ្ងៃមួយ ទ្រង់បានទតឃើញឡាម៉ូណៃគង់ជាមួយអាំម៉ូន ។ ស្ដេចទ្រង់បានទូលសួរឡាម៉ូណៃ ថាតើទ្រង់ធ្វើអ្វីជាមួយសាសន៍នីហ្វៃ ។ ឡាម៉ូណៃបានទូលទៅស្ដេចថា ពួកគេនឹងរំដោះបងប្អូនប្រុសរបស់អាំម៉ូនចេញពីគុក ។
ម៉ូសាយ ១០:១១–១៧; អាលម៉ា ២០:១–១២
ស្ដេចបានក្រោធខឹង ។ ទ្រង់បានព្រះតម្រិះថា ពួកសាសន៍នីហ្វៃបានកុហកដើម្បីព្យាយាមលួចពីពួកសាសន៍លេមិន ។ ទ្រង់មានបន្ទូលទៅឡាម៉ូណៃ ឲ្យសម្លាប់អាំម៉ូន ហើយយាងមកជាមួយទ្រង់ ។
ឡាម៉ូណៃមិនបានសម្លាប់អាំម៉ូនទេ ។ ទ្រង់បានមានបន្ទូលទៅស្ដេចថាអាំម៉ូន និងបងប្អូនប្រុសរបស់លោកគឺជាព្យាការីរបស់ព្រះ ។ ទ្រង់មានបន្ទូលថា ទ្រង់នឹងជួយបងប្អូនប្រុសរបស់អាំម៉ូន ។
ស្ដេចបានដកដាវរបស់ទ្រង់ចេញចង់ប្រហារឡាម៉ូណៃ ប៉ុន្ដែអាំម៉ូនបានបញ្ឈប់ទ្រង់ ។ ហើយស្ដេចបែរទៅវាយប្រហារអាំម៉ូន ។ អាំម៉ូនបានការពារខ្លួនលោក ។ លោកបានធ្វើឲ្យព្រះហស្ដរបស់ស្ដេចរងរបួស ដូច្នេះស្ដេចលែងអាចប្រយុទ្ធទៀតបាន ។ ស្ដេចបានខ្លាច ដោយសារតែកម្លាំងដ៏មាំមួនរបស់អាំម៉ូន ។ ទ្រង់បានសន្យាថានឹងប្រទាននគររបស់ទ្រង់ពាក់កណ្ដាលឲ្យទៅអាំម៉ូន ប្រសិនបើអាំម៉ូនទុកឲ្យទ្រង់មានព្រះជន្មរស់ ។
អាំម៉ូនមិនចង់បាននគរនោះទេ ។ ផ្ទុយទៅវិញ លោកបានទូលសូមឲ្យស្ដេចដោះលែងបងប្អូនប្រុសរបស់លោកពីគុក ។ លោកក៏បានទូលសូមឲ្យស្ដេចឈប់ខ្ញាល់នឹងឡាម៉ូណៃទៀត ។ អាំម៉ូនបានពោលថា ស្ដេចគួរតែអនុញ្ញាតឲ្យឡាម៉ូណៃ គ្រប់គ្រងតាមរបៀបដែលទ្រង់គិតថាល្អបំផុត ។
ស្ដេចមានការភ្ញាក់ផ្អើលដោយសារសេចក្ដីស្រឡាញ់ដ៏ខ្លាំង ដែលអាំម៉ូនមានចំពោះឡាម៉ូណៃ ។ ទ្រង់បានយល់ព្រមធ្វើអ្វីគ្រប់យ៉ាងដែលអាំម៉ូនបានទូលសូម ។
ស្ដេចចង់រៀនបន្ថែមទៀតអំពីអ្វីដែលអាំម៉ូន និងឡាម៉ូណៃ បានទូលទៅទ្រង់អំពីព្រះ ។ ទ្រង់សុំឲ្យអាំម៉ូន និងបងប្អូនប្រុសរបស់លោកមកបង្រៀនទ្រង់ ។
អាំម៉ូន និងឡាម៉ូណៃ បានទៅកាន់ដែនដីមិឌដូណៃ ។ បងប្អូនប្រុសរបស់អាំម៉ូន នៅក្នុងគុកនៅទីនោះ ។ ពួកគេត្រូវគេចងនឹងខ្សែពួរ ហើយមិនបានទទួលទានអាហារ ឬទឹកនោះទេ ។ ឡាម៉ូណៃបានបញ្ចុះបញ្ចូលអ្នកគ្រប់គ្រងនៅដែនដីមិឌដូណៃ ឲ្យដោះលែងបងប្អូនប្រុសរបស់ អាំម៉ូនឲ្យមានសេរីភាព ។
នៅពេលពួកគេមានសេរីភាព បងប្អូនប្រុសរបស់អាំម៉ូនបានទៅចូលគាល់ព្រះបិតារបស់ ឡាម៉ូណៃ ។ ពួកគេបានឱនគោរពស្ដេច និងបានសូមធ្វើជាអ្នកបម្រើរបស់ទ្រង់ ។ ស្ដេចបានមានបន្ទូលថាទេ ។ ផ្ទុយទៅវិញ ទ្រង់ចង់ឲ្យពួកគេបង្រៀនទ្រង់អំពីដំណឹងល្អ ។ ប្អូនប្រុសម្នាក់មានឈ្មោះថា អើរ៉ុន ។ លោកបានអានព្រះគម្ពីរថ្វាយស្ដេច ហើយបានបង្រៀនទ្រង់អំពីព្រះ និងព្រះយេស៊ូវគ្រីស្ទ ។
ស្ដេចជឿតាមអើរ៉ុន ។ ទ្រង់មានបន្ទូលថា ទ្រង់នឹងលះបង់នគរទាំងមូលរបស់ទ្រង់ដើម្បីស្គាល់ព្រះ ។ ទ្រង់បានសួរអើរ៉ុន ពីអ្វីដែលទ្រង់ត្រូវធ្វើ ។ អើរ៉ុនបានទូលប្រាប់ស្ដេចឲ្យប្រែចិត្ត និងអធិស្ឋានទៅព្រះដោយសេចក្ដីជំនឿ ។ ស្ដេចបានប្រែចិត្តពីអំពើបាបរបស់ទ្រង់ទាំងអស់ ហើយបានអធិស្ឋាន ។
ស្ដេចបានដួលទៅលើដី ។ អ្នកបម្រើរបស់ស្តេចបានរត់ទៅទូលអគ្គមហេសី ។
អគ្គមហេសីបានយាងមក ហើយទតឃើញស្ដេចនៅលើដី ។ ទ្រង់គិតថាអើរ៉ុន និងបងប្អូនប្រុសរបស់លោកបានធ្វើឃាតស្ដេច ។ អគ្គមហេសីទ្រង់ខ្ញាល់ ។
អគ្គមហេសីបានប្រាប់អ្នកបម្រើឲ្យសម្លាប់អើរ៉ុន និងបងប្អូនប្រុសរបស់លោក ។ ប៉ុន្តែអ្នកបម្រើបានខ្លាច ។ ពួកគេបាននិយាយថា អើរ៉ុន និងបងប្អូនប្រុសរបស់លោកគឺខ្លាំងណាស់ ។ ឥឡូវនេះ អគ្គមហេសីមានការភ័យខ្លាច ។ ទ្រង់បានបញ្ជូនអ្នកបម្រើឲ្យទៅប្រាប់ប្រជាជននៅក្នុងទីក្រុងពីអ្វីដែលបានកើតឡើង ។ ទ្រង់សង្ឃឹមថា ប្រជាជននឹងសម្លាប់អើរ៉ុន និងបងប្អូនប្រុសរបស់លោក ។
អើរ៉ុនបានដឹងថា ប្រជាជននឹងខឹងសម្បារ ។ លោកបានដឹងផងដែរថា ស្ដេចមិនបានសុគតនោះទេ ។ លោកបានជួយស្ដេចឲ្យក្រោកឈរឡើង ។ ស្ដេចទ្រង់ទទួលបានកម្លាំងវិញ ហើយទ្រង់បានក្រោកឈរ ។ អគ្គមហេសី និងអ្នកបម្រើបានភ្ញាក់ផ្អើល ។
ស្ដេចបានបង្រៀនអគ្គមហេសី និងអ្នកបម្រើអំពីព្រះយេស៊ូវ ។ ទាំងអស់គ្នាបានជឿលើព្រះយេស៊ូវ ។ ស្ដេចចង់ឲ្យប្រជាជនរបស់ទ្រង់ទាំងអស់រៀនអំពីព្រះយេស៊ូវ ។ ទ្រង់បានបង្កើតច្បាប់មួយថា អើរ៉ុន និងបងប្អូនប្រុសរបស់លោកអាចបង្រៀនដំណឹងល្អនៅកន្លែងណាក៏បាននៅក្នុងនគររបស់ទ្រង់ ។ ពួកគេបានបង្រៀនប្រជាជន ហើយបានហៅឲ្យមានការបម្រើជាពួកសង្ឃ និងគ្រូនៅក្នុងដែនដីនោះ ។