« អ្នកបម្រើស្រីសាសន៍នីហ្វៃ » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
អ្នកបម្រើស្រីសាសន៍នីហ្វៃ
ជួយការពារប្រជាជនរបស់នាង
អ្នកបម្រើស្រីម្នាក់បានធ្វើការឲ្យមេដឹកនាំសាសន៍នីហ្វៃម្នាក់ឈ្មោះ ម៉ូរីអានតុន ។ ម៉ូរីអានតុន បានបង្កបញ្ហាក្នុងចំណោមប្រជាជន ។ គាត់បានវាយប្រហារពួកសាសន៍នីហ្វៃមួយក្រុម ហើយព្យាយាមដណ្តើមយកទឹកដីរបស់ពួកគេ ។ បន្ទាប់មក គាត់មានគម្រោងធ្វើដំណើរទៅទិសខាងជើងជាមួយប្រជាជនរបស់គាត់ ដើម្បីដណ្តើមយកទឹកដីនៅទីនោះ ។
ថ្ងៃមួយ ម៉ូរីអានតុនបានខឹងសម្បានឹងអ្នកបម្រើស្រីនោះ ។ គាត់បានធ្វើបាបនាងយ៉ាងធ្ងន់ធ្ងរ ហើយធ្វើឲ្យនាងឈឺចាប់ ។ អ្នកបម្រើស្រីបានរត់គេចខ្លួន ហើយរត់ទៅជំរំរបស់មេទ័ពមរ៉ូណៃ ។ នាងបានប្រាប់មរ៉ូណៃ អំពីរឿងអាក្រក់ដែលម៉ូរីអានតុនបានធ្វើ ។ មរ៉ូណៃជឿនាង ។
អ្នកបម្រើស្រីក៏បាននិយាយដែរថា ម៉ូរីអានតុនចង់ចាកចេញ ហើយទៅដណ្តើមទឹកដីភាគខាងជើង ។ មរ៉ូណៃព្រួយចិត្តណាស់ ។ សាសន៍នីហ្វៃអាចមានគ្រោះថ្នាក់ ប្រសិនបើម៉ូរីអានតុន ដណ្តើមយកទឹកដីភាគខាងជើង ។ វាអាចបណ្តាលឲ្យប្រជាជនបាត់បង់សេរីភាពរបស់ពួកគេ ។
មរ៉ូណៃបានបញ្ជូនកងទ័ពទៅបញ្ឈប់ម៉ូរីអានតុន ។ ប្រជាជនរបស់ម៉ូរីអានតុន បានប្រយុទ្ធជាមួយនឹងកងទ័ព ហើយបានបរាជ័យ ។ ពួកគេបានសន្យាថានឹងរក្សាសន្តិភាព ហើយបានវិលត្រឡប់ទៅកាន់មាតុភូមិវិញ ។ ដោយសារអ្នកបម្រើស្រីបានដាស់តឿនមរ៉ូណៃ នោះទើបទីក្រុងរបស់សាសន៍នីហ្វៃមានសុវត្ថិភាព ។