« ទីសម្គាល់នៃការប្រសូតរបស់ព្រះយេស៊ូវ » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
ទីសម្គាល់នៃការប្រសូតរបស់ព្រះយេស៊ូវ
មានជំនឿលើការបង្រៀនរបស់ព្យាការី
វាមានរយៈពេលប្រហែលប្រាំឆ្នាំហើយចាប់តាំងពីសាំយូអែល ដែលជាព្យាការីបានបង្រៀនអំពីទីសម្គាល់នៃការប្រសូតរបស់ព្រះយេស៊ូវ ។ មនុស្សជាច្រើនបានជឿ និងបានចាំមើលទីសម្គាល់ ។ មនុស្សផ្សេងទៀតបាននិយាយថាសាំយូអែលខុស ហើយពេលវេលាសម្រាប់ទីសម្គាល់បានកន្លងផុតទៅហើយ ។ ពួកគេសើចចំអកដាក់អ្នកជឿ ហើយនិយាយថាព្រះយេស៊ូវនឹងមិនយាងមកឡើយ ។
ហេលេមិន ១៤:២–៧; នីហ្វៃទី៣ ១:៤–៦
ពួកអ្នកជឿមានការព្រួយបារម្ភ ប៉ុន្តែពួកគេមានជំនឿ ។ ពួកគេបានបន្តទន្ទឹងរង់ចាំទីសម្គាល់ ។ ទីសម្គាល់មួយគឺពេលយប់នឹងមិនងងឹតឡើយ ។ វានឹងភ្លឺដូចថ្ងៃ សូម្បីតែបន្ទាប់ពីព្រះអាទិត្យលិចក្តី ។ យប់ដែលគ្មានភាពងងឹតនឹងជាទីសម្គាល់មួយ ដែលបញ្ជាក់ថាព្រះយេស៊ូវនឹងប្រសូតនៅថ្ងៃបន្ទាប់នៅដែនដីផ្សេង ។
ហេលេមិន ១៤:២–៤; នីហ្វៃទី៣ ១:៧-–៨
មនុស្សដែលមិនជឿបានរៀបចំផែនការ ។ ពួកគេបានជ្រើសរើសថ្ងៃមួយ ហើយនិយាយថា ប្រសិនបើទីសម្គាល់មិនកើតឡើងនៅថ្ងៃនោះ ពួកអ្នកជឿនឹងត្រូវយកទៅសម្លាប់ចោល ។
បុរសម្នាក់ឈ្មោះនីហ្វៃ គ្រានោះគាត់គឺជាព្យាការី ។ លោកសោកសៅយ៉ាងខ្លាំងដែលមនុស្សមួយចំនួនចង់សម្លាប់ពួកអ្នកជឿ ។
នីហ្វៃបានក្រាបក្បាលលើដី ហើយអធិស្ឋានទូលសូមព្រះសម្រាប់ពួកអ្នកជឿដែលហៀបនឹងស្លាប់ ដោយសារសេចក្ដីជំនឿរបស់ពួកគេ ។ លោកបានអធិស្ឋានពេញមួយថ្ងៃ ។
ក្នុងការឆ្លើយតបនឹងការអធិស្ឋានរបស់លោក នីហ្វៃបានឮសំឡេងរបស់ព្រះយេស៊ូវ ។ ព្រះយេស៊ូវបានមានបន្ទូលថា ទីសម្គាល់នឹងកើតឡើងយប់នេះ ហើយទ្រង់នឹងប្រសូតនៅថ្ងៃបន្ទាប់ ។
នៅយប់នោះមិនមានភាពងងឹតនោះទេ ទោះជាព្រះអាទិត្យបានលិចក៏ដោយ ។ មនុស្សដែលមិនជឿពាក្យរបស់សាំយូអែល មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតដល់ដួលទៅដី ។ ពួកគេបានភ័យខ្លាច ដោយសារពួកគេមិនជឿ ។ មនុស្សដែលមានជំនឿមិនត្រូវគេសម្លាប់ទេ ។
នៅថ្ងៃបន្ទាប់ ព្រះអាទិត្យរះម្តងទៀត ហើយផ្ទៃមេឃនៅតែភ្លឺ ។ មនុស្សទាំងអស់បានដឹងថានេះជាថ្ងៃដែលព្រះយេស៊ូវនឹងប្រសូតមក ។
បណ្តាជនបានឃើញទីសម្គាល់មួយទៀត ។ ផ្កាយថ្មីមួយបានរះឡើងនៅលើមេឃ ។ ទីសម្គាល់ទាំងអស់ដែលសាំយូអែល បាននិយាយបានក្លាយជាការពិត ។ មនុស្សជាច្រើនបានជឿលើព្រះយេស៊ូវ ហើយបានទទួលបុណ្យជ្រមុជទឹក ។