ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្យាការី​អេធើរ


« ព្យាការី​អេធើរ » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ ២០២៣ )

អេធើរ ៦; ១២–១៥

ព្យាការី​អេធើរ

ការព្រមាន​របស់​ព្រះអម្ចាស់​ទៅកាន់​ប្រជាជាតិមួយ

មនុស្សម្នា​រីករាយ​ក្នុង​ផ្សារទីក្រុង

ព្រះអម្ចាស់​បាននាំ​បង​របស់​យ៉ារេឌ និង​ក្រុមគ្រួសារ​របស់​គាត់​ទៅកាន់​ដែនដី​សន្យា ។ ពួកគេ​មាន​ចិត្តរាបសា ហើយ​រក្សា​បទបញ្ញត្តិ​របស់​ព្រះ ។ ក្រុមរបស់​ពួកគេ​បាន​រីកចម្រើន​ជាច្រើន​ឆ្នាំ ហើយ​ពួកគេ​ចង់បាន​ស្ដេច​មួយ​អង្គ​ដើម្បី​ដឹកនាំ​ពួកគេ ។ បងរបស់​យ៉ារេឌ​បាន​ព្រមាន​ពួកគេថា ការមាន​ស្តេច​អាច​នាំឲ្យ​មានបញ្ហា ប៉ុន្តែ​គាត់​បានឲ្យ​ពួកគេ​ជ្រើសរើស​ស្តេចមួយ​អង្គ ។

អេធើរ ៦:៥, ១២–១៨, ២២–២៤, ២៧

សាសន៍​យ៉ារេឌ​ខឹង ហើយ​ចង្អុល​ទៅ​កាន់​អេធើរ

រាប់រយឆ្នាំ​កន្លងទៅ​ហើយ សាសន៍​យ៉ារេឌ​​បាន​រស់នៅ​ក្នុង​ទឹកដី​សន្យា ។ ពេលខ្លះ ស្ដេច​របស់គេ​ដឹកនាំ​ឲ្យពួកគេ​ធ្វើល្អ ប៉ុន្តែ​ពេលខ្លះ​មិន​ដឹកនាំឲ្យ​ពួកគេ​ធ្វើល្អ​នោះទេ ។ ព្យាការី​នៃព្រះ​នឹងព្រមាន​ប្រជាជន​ឲ្យ​ប្រែចិត្ត ។ នៅពេល​ពួកគេ​ស្តាប់ ហើយ​កាន់តាម​ព្រះបញ្ញត្តិ​របស់​ព្រះ នោះ​ទ្រង់​បាន​ប្រទានពរ​ដល់​ពួកគេ ។ ព្យាការី​សាសន៍​យ៉ារេឌ​ចុងក្រោយ​មានឈ្មោះថា អេធើរ ។

អេធើរ ៧:២៣–២៧; ៩:២៦–៣០; ១០:១៦–១៧, ២៨; ១១:១–៨, ១២–១៣, ២០–២២; ១២:២

អេធើរ​អង្គុយ​បង្រៀន ហើយ​មនុស្ស​ខ្លះ​ខឹង

មនុស្ស​មិនបាន​ស្តាប់​បង្គាប់​ព្រះ ។ ប៉ុន្តែ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​គង់នៅ​ជាមួយ​អេធើរ ។ លោក​បាន​បង្រៀន​ពួកគេ ពីព្រឹក​ទល់យប់ ។ លោក​បាន​និយាយថា ប្រសិនបើ​ពួកគេ​មិនជឿ​លើ​ព្រះ និង​មិន​ប្រែចិត្ត​ទេ នោះ​ពួកគេ​នឹងត្រូវ​បំផ្លាញចោល ។ បើ​ពួកគេ​មានជំនឿ នោះ​ពួកគេ​អាចមាន​សង្ឃឹមថា​នឹងរស់នៅ​ជាមួយ​នឹង​ព្រះ​ម្ដងទៀត ហើយ​មាន​ភាពរឹងមាំ​ដើម្បី​ធ្វើ​អំពើល្អ ។ ប្រជាជន​មិន​ជឿទេ ។

អេធើរ ១១:២២; ១២:២–៥; ១៣:២

អេធើរ​អង្គុយ​នៅក្នុង​រូងភ្នំ ហើយ​សរសេរ

អេធើរ​មើល​អ្វីដែល​ប្រជាជន​បានធ្វើ ។ លោក​បាន​លាក់ខ្លួន​នៅក្នុង​រូងភ្នំ​នៅពេលថ្ងៃ ហើយ​សរសេរ​អ្វី​ដែលលោក​បានឃើញ ។ ប្រជាជន​មិន​ប្រែចិត្ត ហើយ​ចាប់ផ្ដើម​ច្បាំងគ្នា​ទៅវិញ​ទៅមក ។

អេធើរ ១៣:១៣–១៥

កូរីអានទុមើរ​ទន្ទឹង​រង់ចាំ

អេធើរ​បាន​ឃើញថា​ស្ដេច​សាសន៍​យ៉ារេឌ កូរីអានទុមើរ ត្រូវ​ច្បាំង​នឹង​មនុស្សជា​ច្រើន​ដែលចង់​ធ្វើជា​ស្ដេច ។ កូរីអានទុមើរ​ប្រើប្រាស់​កងទ័ព​របស់ទ្រង់ ដើម្បី​ការពារ​ខ្លួនទ្រង់ ។

អេធើរ ១២:១; ១៣:១៥–១៩

អេធើរ​និយាយ​ទៅកាន់​កូរីអានទុមើរ

ថ្ងៃមួយ ព្រះអម្ចាស់​បានប្រាប់​អេធើរ ឲ្យព្រមាន​កូរីអានទុមើរ និង​ប្រជាជន​របស់​ទ្រង់​ឲ្យប្រែចិត្ត ។ បើ​ពួកគេ​ប្រែចិត្ត នោះ​ព្រះអម្ចាស់​នឹង​ជួយ​ប្រជារាស្រ្ត ហើយ​នឹង​អនុញ្ញាតឲ្យ​កូរីអានទុមើរ រក្សា​នគរ​របស់​ទ្រង់ ។ បើមិន​ដូច្នេះទេ ប្រជារាស្រ្ត​នឹង​បំផ្លិចបំផ្លាញ​គ្នាទៅវិញ​ទៅមក ។ កូរីអានទុមើរ​នឹង​មាន​ព្រះជន្មយឺនយូរ ដើម្បី​ទតឃើញ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ថាជាការពិត ។ បន្ទាប់​មក ទ្រង់​ក៏នឹង​សុគតដែរ ។

អេធើរ ១៣:២០–២១

ស៊ីសា និង​កងទ័ព​របស់​គាត់​ប្រយុទ្ធ​នឹង​កងទ័ព​របស់​កូរីអានទុមើរ ហើយ​អេធើរ​សម្លឺង​មើល

កូរីអានទុមើរ និង​ប្រជាជន​របស់​ទ្រង់​ពុំ​ព្រម​ប្រែចិត្ត​ឡើយ ។ ប្រជាជន​បាន​ព្យាយាម​សម្លាប់​អេធើរ ប៉ុន្តែ​អេធើរ​បាន​គេច​ខ្លួន​ទៅ​រូងភ្នំ​របស់​លោក ។ បុរស​ម្នាក់​ឈ្មោះ​ស៊ិស បាន​ប្រយុទ្ធ​នឹង​កូរីអានទុមើរ ។ ប្រជាជន​បានជ្រើសរើស​ចូលរួម​ជាមួយ​កងទ័ព​របស់ស៊ិស ឬ​កងទ័ព​របស់​កូរីអានទុមើរ ។ កងទ័ព​ទាំងពីរ​ប្រយុទ្ធ​គ្នាជា​ច្រើន​ដង ។ មនុស្ស​ជាច្រើន​បានស្លាប់ ។

អេធើរ ១៣:២២–២៥; ១៤:១៧–២០; ១៥:២

កងទ័ព​របស់​កូរីអានទុមើរ ប្រយុទ្ធ​នឹង​កងទ័ព​របស់​ស៊ិស ហើយ​កូរីអានទុមើរ​បាន​សរសេរ​សំបុត្រ​មួយ

កូរីអានទុមើរ​បាន​ចងចាំ​ពីអ្វី​ដែល​អេធើរ​បាន​និយាយ ។ ទ្រង់​សោកស្ដាយ ដែល​រាស្រ្ត​របស់​ទ្រង់​ជាច្រើន​នាក់​បាន​ស្លាប់ ។ ទ្រង់​ចាំថា​ព្យាការី​ទាំងអស់​បាន​ព្រមាន​ថា​រឿងនេះ​នឹង​កើត​ឡើង ។ ទ្រង់​ចាប់ផ្ដើម​ប្រែចិត្ត ហើយ​បាន​ផ្ញើ​សំបុត្រ​មួយ​ច្បាប់​ទៅ​ស៊ិស ។ ទ្រង់​មានបន្ទូលថា ទ្រង់នឹង​បោះបង់​ចោល​នគរ ប្រសិនបើ​ប្រជារាស្រ្ត​របស់​ទ្រង់​អាច​បាន​សង្គ្រោះ ។ ប៉ុន្តែ ស៊ិសចង់​ច្បាំងគ្នា ។

អេធើរ ១៥:១–៥

បុរស ស្ត្រី និងកុមារ​ដើរជាក្បួន​ដូច​ទាហាន ហើយ​អេធើរ​សម្លឹង​មើល

ប្រជាជន​របស់​កូរីអានទុមើរ​មានកំហឹង ហើយ​ចង់​ប្រយុទ្ធ ។ ប្រជាជន​របស់​ស៊ិស ក៏មានកំហឹង​ហើយ​ចង់​ប្រយុទ្ធ​គ្នាដែរ ។ គ្មាននរណា​ម្នាក់​ចង់​ប្រែចិត្ត​ទេ ។ អេធើរ​ឃើញថា​មនុស្ស​ម្នាក់ៗ​ចង់ចេញ​ច្បាំង ។ មានមនុស្ស​កាន់តែ​ច្រើន​បាន​ស្លាប់ ។

អេធើរ ១៥:៦, ១២–១៧

កូរីអានទុមើរ​លុតជង្គង់​កាន់លំពែង​ទាំងភ្លៀង

កូរីអានទុមើរ​ចង់​បញ្ចប់​សង្គ្រាម ។ ទ្រង់​សុំ​ស៊ិស ឲ្យយក​នគរ​ចុះហើយ​កុំធ្វើ​បាប​រាស្រ្ត​របស់​ទ្រង់ ។ ប៉ុន្តែ​គ្រប់គ្នា​ខឹងសម្បា ។ ពួកគេ​គ្មាន​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ទេ ។ អេធើរ​បាន​ឃើញ​ថា​មនុស្សគ្រប់គ្នា​បាន​បន្ត​ប្រយុទ្ធ​រហូត​សល់តែ​កូរីអានទុមើរ ជា​សាសន៍​យ៉ារេឌ​តែ​ម្នាក់ទៀត​ប៉ុណ្ណោះ​ដែល​នៅរស់ ។ បន្ទាប់មក កូរីអានទុមើរបានដួល​សន្លប់ ។

អេធើរ ១៥:១៨–៣០, ៣២

អេធើរលុតជង្គង់ ហើយ​អធិស្ឋាន​ទៅកាន់​ព្រះ​នៅឯទី​អាសនៈ​លើកំពូលភ្នំ ហើយ​បញ្ជី​ត្រូវបាន​រក្សាទុក​នៅក្នុង​រូងភ្នំ​ក្បែរនោះ ។

អេធើរ​បានឃើញ​ថា​អ្វីគ្រប់យ៉ាង​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​បានក្លាយ​ជាការពិត ។ អេធើរ​បាន​បញ្ចប់​ការសរសេរ​អំពីអ្វី​ដែលបាន​កើតឡើង ។ បន្ទាប់មក លោក​ត្រូវប្រាកដថា មនុស្ស​អាច​រកឃើញ​ការសរសេរ​របស់​លោក​បន្ទាប់ពី​លោក​ចែកឋានទៅ ។ អេធើរ​បាន​ទុកចិត្ត​លើ​ព្រះ ហើយ​ទន្ទឹង​រង់ចាំ​នៅជាមួយ​ទ្រង់​នៅថ្ងៃណាមួយ ។

អេធើរ ១៥:៣៣–៣៤