« អាលម៉ានៅឯទឹកនៃមរមន » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
អាលម៉ានៅឯទឹកមរមន
ការក្លាយជារាស្ដ្ររបស់ព្រះ
អាលម៉ាធ្លាប់ធ្វើជាសង្ឃសម្រាប់ស្តេចមួយអង្គព្រះនាម ណូអេ ។ អាលម៉ាបានព្យាយាមសង្គ្រោះអ័ប៊ីណាដៃ ជាព្យាការីរបស់ព្រះពីការសម្លាប់របស់់ណូអេ ។ ប៉ុន្តែ ណូអេខឹងនឹងអាលម៉ា ហើយចង់សម្លាប់ទាំងអាលម៉ាផងដែរ ។ អាលម៉ាបានរត់គេចពីសេ្តចណូអេដើម្បីរកកន្លែងសុវត្ថិភាព ។ នៅពេលថ្ងៃ អាលម៉ាបានលាក់ខ្លួននៅជិតកន្លែងមួយដែលហៅថា ទឹកមរមន ។
អាលម៉ាបានជឿលើអ្វីដែលអ័ប៊ីណាដៃបានបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ លោកបានទូលសុំព្រះឲ្យអត់ទោសចំពោះអំពើបាប និងកំហុសរបស់លោក ។
អាលម៉ាបានជួបមនុស្សដោយស្ងាត់ៗ ហើយបានបង្រៀនពួកគេអំពីព្រះយេស៊ូវ ។ លោកបានបង្រៀនដល់អស់អ្នកដែលចង់ស្តាប់ ។
មនុស្សជាច្រើនបានជឿតាមអាលម៉ា ។ ពួកគេបានទៅឯទឹកមរមន ដើម្បីស្តាប់អាលម៉ាបង្រៀន ។
ពួកអ្នកជឿចង់ឲ្យគេហៅថាជារាស្ដ្ររបស់ព្រះ ជួយអ្នកដទៃដែលត្រូវការជំនួយ និងប្រាប់មនុស្សអំពីព្រះ ។ ដូច្នេះ អាលម៉ាបានអញ្ជើញពួកគេឲ្យទទួលពិធីបុណ្យជ្រមុជទឹក ។ តាមរយៈការទទួលបុណ្យជ្រមុជទឹក ពួកគេនឹងធ្វើសេចក្ដីសញ្ញា ឬសន្យាជាមួយនឹងព្រះ ដើម្បីបម្រើទ្រង់ ហើយរក្សាបទបញ្ញត្តិរបស់ទ្រង់ ។ ជាលទ្ធផល ព្រះនឹងប្រទានពរដល់ពួកគេជាមួយនឹងព្រះវិញ្ញាណរបស់ទ្រង់ ។
ប្រជាជនសប្បាយចិត្តយ៉ាងខ្លាំង ។ ពួកគេបានទះដៃ ហើយនិយាយថា ពួកគេចង់ទទួលពិធីបុណ្យជ្រមុជទឹក ។ អាលម៉ាបានធ្វើបុណ្យជ្រមុជទឹកដល់ពួកគេម្នាក់ៗនៅក្នុងទឹកមរមន ។ ពួកគេទាំងអស់ត្រូវបានពោរពេញដោយព្រះវិញ្ញាណនៃព្រះ ហើយទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះចំពោះពួកគេ ។ ពួកគេបានក្លាយជាសមាជិកនៃសាសនាចក្រនៃព្រះគ្រីស្ទ ។
ណូអេបានឃើញថាប្រជារាស្រ្តរបស់ទ្រង់មួយចំនួនបានចាកចេញពីស្រុករបស់ទ្រង់ ។ ទ្រង់បានចាត់អ្នកបម្រើឲ្យទៅឃ្លាំមើលពួកគេ ។ ពួកអ្នកបម្រើបានឃើញប្រជាជនទៅដែនដីមរមន ដើម្បីស្តាប់ការបង្រៀនរបស់អាលម៉ា ។ ណូអេខ្ញាល់ខ្លាំងណាស់ ។ ទ្រង់បានបញ្ជូនកងទ័ពរបស់ទ្រង់ទៅសម្លាប់អាលម៉ា ។
ព្រះបានព្រមានអាលម៉ា អំពីកងទ័ព ។ ដោយមានជំនួយពីព្រះ អាលម៉ា និងប្រជាជនរបស់លោកបានចាកចេញពីដែនដីនោះដោយសុវត្ថិភាព ។ ពួកកងទ័ពមិនអាចចាប់ពួកគេបានទេ ។ ពួកគេបានដើរអស់រយៈពេលប្រាំបីថ្ងៃនៅក្នុងទីវាលរហោស្ថាន ហើយបានមកដល់ដែនដីដ៏ស្រស់ស្អាត ។ ពួកគេបានសង់ផ្ទះថ្មីនៅទីនោះ ។ អាលម៉ាបានបង្រៀនប្រជាជន ហើយពួកគេបានរក្សាការសន្យារបស់ពួកគេចំពោះព្រះ ។