« សំពៅមួយឆ្លងកាត់សមុទ្រ » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
« សំពៅមួយឆ្លងកាត់សមុទ្រ » ដំណើររឿងព្រះគម្ពីរមរមន
សំពៅមួយឆ្លងកាត់សមុទ្រ
ការរៀបចំខ្លួនទៅកាន់ដែនដីសន្យា
ដែនដីបរិបូរណ៍គឺជាដែនដីមួយ ដែលសម្បូរទៅដោយផ្លែឈើ និងទឹកឃ្មុំ ។ វាគឺជាកន្លែងដ៏ស្រស់ស្អាតមួយដើម្បីរស់នៅ ។ គ្រួសាររបស់លីហៃ និងសារ៉ាយបានរស់នៅក្បែរសមុទ្រ ហើយមានអ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវការ ។
ជាច្រើនថ្ងៃក្រោយមក ព្រះអម្ចាស់បានមានបន្ទូលប្រាប់នីហ្វៃឲ្យទៅកាន់ភ្នំមួយដើម្បីអធិស្ឋាន ។ នៅទីនោះ ព្រះអម្ចាស់បានមានបន្ទូលប្រាប់លោកឲ្យសង់សំពៅមួយ ដើម្បីនាំគ្រួសាររបស់លោកឆ្លងកាត់សមុទ្រនេះ ។
ព្រះអម្ចាស់បានបង្ហាញនីហ្វៃពីរបៀបសង់សំពៅ ។ ប៉ុន្តែ នីហ្វៃមិនដឹងទៅរកលោហធាតុដើម្បីយកមកធ្វើជាឧបករណ៍នៅឯណាទេ ។ ព្រះអម្ចាស់បានបង្ហាញនីហ្វៃពីកន្លែងដើម្បីទៅរកលោហធាតុ ។
ក្រោយមក នីហ្វៃបានដុតភ្លើងដើម្បីធ្វើឧបករណ៍នានា ។ លេមិន និងលេមយួលបានមើលនីហ្វៃ ប្អូនប្រុសរបស់ពួកគេ ។ ពួកគេមិនចង់ជួយលោកសង់សំពៅទេ ។ ពួកគេគិតថា ការព្យាយាមឆ្លងសមុទ្រនេះមិនមែនជាគំនិតល្អទេ ។
លេមិន និងលេមយួលមិនបានជឿថា ព្រះអម្ចាស់បានមានបន្ទូលប្រាប់នីហ្វៃឲ្យសង់សំពៅនោះទេ ។ នីហ្វៃបានសួរពួកគេថា ហេតុអ្វីបានជាពួកគេនៅតែមិនមានសេចក្ដីជំនឿលើព្រះអម្ចាស់ ។ លោកបានរំឭកបងប្រុសរបស់លោកថា ពួកគេបានឃើញទេវតា ហើយបានស្គាល់ពីព្រះចេស្ដារបស់ព្រះអម្ចាស់ ។ លេមិន និងលេមយួលបានខឹងសម្បារយ៉ាងខ្លាំង រហូតដល់ពួកគេចង់សម្លាប់នីហ្វៃ ។
ប៉ុន្តែ នីហ្វៃបានពោរពេញដោយព្រះចេស្ដានៃព្រះ ។ នីហ្វៃបានព្រមាន លេមិន និងលេមយួល ថាកុំឲ្យប៉ះលោកឡើយ ។ ពួកគេបានភ័យខ្លាច ហើយមិនហ៊ានប៉ះនីហ្វៃជាច្រើនថ្ងៃ ។ បន្ទាប់មក ព្រះអម្ចាស់បានមានបន្ទូលប្រាប់នីហ្វៃ ឲ្យលើកដៃទៅប៉ះបងប្រុសរបស់លោក ។ នៅពេលនីហ្វៃបានលើកដៃទៅរកពួកគេ នោះពួកគេបានញ័រខ្លួនដោយសារព្រះចេស្ដារបស់ព្រះអម្ចាស់ ។
លេមិន និងលេមយួល បានថ្វាយបង្គំដល់ព្រះអម្ចាស់ ហើយបានជួយសង់សំពៅ ។ នីហ្វៃបានអធិស្ឋានទៅព្រះអម្ចាស់ជាច្រើនដងដើម្បីទូលសូមជំនួយ ។ សំពៅដែលគ្រួសាររបស់នីហ្វៃសង់នោះគឺស្រស់ស្អាតណាស់ ។ ជាច្រើនថ្ងៃក្រោយមក សំពៅបានសង់រួចរាល់ ហើយពួកគេបានឃើញថាសំពៅនោះល្អ ។ គ្រួសាររបស់នីហ្វៃបានដឹងថា ព្រះអម្ចាស់ជួយដល់ពួកគេ ។