« ដើមឈើជីវិត » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
« ដើមឈើជីវិត » ដំណើររឿងព្រះគម្ពីរមរមន
ដើមឈើជីវិត
សុបិនដ៏បំផុសគំនិតរបស់លីហៃ
នៅយប់មួយ លីហៃបានមានសុបិនមួយមកពីព្រះអម្ចាស់ ។ លោកបានប្រាប់គ្រួសាររបស់លោកអំពីសុបិននេះ ។
នៅក្នុងសុបិនរបស់លោក លីហៃបានឃើញបុរសម្នាក់ស្លៀកពាក់រ៉ូបពណ៌ស ។ បុរសនោះបានប្រាប់លីហៃឲ្យដើរតាមលោក ។
លីហៃបានឃើញថា លោកបាននៅក្នុងទីងងឹត និងទទេមួយ ។ លោកបានដើរអស់ជាច្រើនម៉ោង ។ ប៉ុន្ដែ ភាពងងឹតមិនទៅណាសោះ ។ ទីបំផុត លីហៃបានអធិស្ឋានសូមជំនួយ ។
នៅពេលលីហៃបានអធិស្ឋានចប់ លោកបានឃើញទីវាលដ៏ធំមួយ ។ នៅទីវាលនោះមានដើមឈើមួយ ដែលមានផ្លែពណ៌ស ។ លីហៃបានគិតថា ផ្លែឈើនោះនឹងធ្វើឲ្យលោករីករាយ ដូច្នេះលោកបានទទួលទានវា ។ ព្រលឹងរបស់លោកបានពេញដោយអំណរ ។
ផ្លែឈើនោះមានរសជាតិឆ្ងាញ់លើសអស់ផ្លែឈើនានាផ្សេងទឿត ។ វាផ្អែម និងឆ្ងាញ់ណាស់ ។ លីហៃចង់ចែកចាយផ្លែនេះជាមួយគ្រួសាររបស់លោក ។ លោកដឹងថា វានឹងធ្វើឲ្យពួកគេរីករាយដែរ ។ លីហៃបានឃើញ សារ៉ាយ សាំ និងនីហ្វៃកំពុងឈរនៅក្បែរទន្លេ ។ ពួកគេមើលទៅដូចជាវង្វេង ។ លីហៃបានស្រែកហៅពួកគេឮៗ ។ លោកបានហៅពួកគេឲ្យមកទទួលទានផ្លែឈើនេះ ។
សារ៉ាយ សាំ និងនីហ្វៃបានមកឯដើមឈើនេះ ហើយបានទទួលទានផ្លែនោះ ។ លីហៃបានរកមើល លេមិន និងលេមយួល ។ លោកចង់ឲ្យពួកគេបានទទួលទានផ្លែឈើនោះដែរ ។ ប៉ុន្តែ ពួកគេមិនបានមកទទួលទានផ្លែនោះទេ ។
បន្ទាប់មក លីហៃបានឃើញផ្លូវមួយដែលមានដំបងដែក ដែលនាំទៅកាន់ដើមឈើនោះផងដែរ ។ លោកបានឃើញមនុស្សជាច្រើនកំពុងដើរនៅលើផ្លូវនោះ ។ ភា្លមៗនោះ ស្រាប់តែមានអ័ព្ទនៃភាពងងឹតបានផុសឡើង ។ ភាពងងឹតនោះធ្វើឲ្យពិបាកមើលឃើញផ្លូវណាស់ ។ វិធីតែមួយគត់ដើម្បីដើរមកដល់ដើមឈើនេះ គឺត្រូវកាន់ដំបងដែកនោះឲ្យជាប់ ។
មនុស្សមួយចំនួនបានចាកចេញពីផ្លូវនោះ ហើយវង្វេង ។ អ្នកផ្សេងទៀតបានកាន់ដំបងដែកជាប់ ហើយដើរទៅមុខ ។
នៅពេលពួកគេបានទៅដល់ដើមឈើនោះ ពួកគេបានទទួលទានផ្លែឈើនោះ ។
លីហៃបានមើលទៅលើ ហើយបានឃើញអគារដ៏ធំមួយដែលមានមនុស្សជាច្រើននៅទីនោះ ។ ពួកគេបានសើចចំអកដាក់មនុស្ស ដែលបានទទួលទានផ្លែឈើនោះ ។ មនុស្សមួយចំនួនដែលបានទទួលទានផ្លែនោះមានអារម្មណ៍មិនល្អ នៅពេលអ្នកដទៃបានសើចចំអកដាក់ពួកគេ ដូច្នេះពួកគេបានចាកចេញពីដើមឈើនោះទៅ ។ ពួកគេបានដើរចេញ ហើយវង្វេងបាត់ទៅ ។
នៅក្នុងសុបិនរបស់លោក លីហៃបានឃើញមនុស្សជាច្រើនទៀតដែលបានកាន់ដំបងដែកជាប់ ។ ពួកគេបានឈានទៅមុខម្ដងមួយជំហានៗ រហូតដល់ពួកគេបានមកដល់ដើមឈើនោះ ។ បន្ទាប់មក ពួកគេលុតជង្គង់ចុះនៅឯដើមឈើនោះ ហើយទទួលទានផ្លែឈើ ។ ពួកគេមិនបានស្ដាប់តាមមនុស្សនៅក្នុងអគារនោះទេ ។ ពួកគេបានជ្រើសរើសដើម្បីបន្ដនៅឯដើមឈើនោះ ។
នៅពេលលីហៃបានក្រោកឡើង នោះលោកបានព្រួយចិត្តពីលេមិន និងលេមយួល ។ ពួកគេមិនបានទទួលទានផ្លែឈើនោះនៅក្នុងសុបិនរបស់លោកទេ ។ លីហៃស្រឡាញ់លេមិន និងលេមយួល ។ លោកសង្ឃឹមថា ពួកគេនឹងបន្ដនៅក្បែរព្រះអម្ចាស់ ។ លោកបានអញ្ជើញពួកគេឲ្យកាន់តាមបទបញ្ញត្តិទាំងឡាយរបស់ព្រះ ។