« អ័ប៊ីណាដៃ និងស្តេចណូអេ » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
អ័ប៊ីណាដៃ និងស្តេចណូអេ
សារលិខិតមកពីព្យាការី
ស្ដេចណូអេបានគ្រប់គ្រងលើពួកសាសន៍នីហ្វៃ ដែលរស់នៅក្នុងដែនដីនីហ្វៃ ។ ណូអេបានបង្ខំប្រជាជនរបស់ទ្រង់ឲ្យបង់ប្រាក់យ៉ាងច្រើនដល់ទ្រង់ ហើយបន្ទាប់មកបានចំណាយលើរបស់របរប្រណិតៗសម្រាប់ខ្លួនទ្រង់ ។ ទ្រង់បានហៅពួកសង្ឈដែលមានភាពឆ្មើងឆ្មៃឲ្យជួយទ្រង់គ្រប់គ្រង ។ ណូអេមិនបានកាន់តាមព្រះបញ្ញត្តិរបស់ព្រះទេ ។ ផ្ទុយទៅវិញ ទ្រង់បានធ្វើអំពើទុច្ចរិតជាច្រើន ។
ណូអេបាននាំប្រជាជនរបស់ទ្រង់ឲ្យធ្វើអំពើទុច្ចរិតដែរ ។ ពួកគេមិនបានធ្វើតាមព្រះអម្ចាស់ទេ ។
ព្យាការីរបស់ព្រះឈ្មោះអប៊ីណាដៃ បានរស់នៅលើទឹកដីនោះ ។ ព្រះអម្ចាស់បានបញ្ជូនអ័ប៊ីណាដៃ ឲ្យប្រាប់ស្តេចណូអេ និងប្រជាជនរបស់ទ្រង់ឲ្យប្រែចិត្ត ។
អ័ប៊ីណាដៃបានប្រាប់ប្រជាជនថាព្រះអម្ចាស់ចង់ឲ្យពួកគេប្រែចិត្ត ។ ប្រសិនបើពួកគេមិនប្រែចិត្តទេ ព្រះអម្ចាស់នឹងអនុញ្ញាតឲ្យពួកខ្មាំងសត្រូវចូលមកក្នុងទឹកដីរបស់ពួកគេ ហើយគ្រប់គ្រងលើពួកគេ ។ សត្រូវរបស់ពួកគេនឹងធ្វើឲ្យស្តេចណូអេ និងប្រជារាស្រ្តរបស់ទ្រង់រស់នៅយ៉ាងពិបាក ។
ប្រជារាស្រ្តមានការខឹងសម្បានឹងអ្វីដែលអ័ប៊ីណាដៃបាននិយាយ ។ ពួកគេចង់សម្លាប់គាត់ ប៉ុន្តែព្រះអម្ចាស់បានការពារអ័ប៊ីណាដៃ ហើយបានជួយគាត់ឲ្យគេចខ្លួន ។
ណូអេក៏ចង់សម្លាប់អ័ប៊ីណាដៃដែរ ។ ណូអេមិនជឿព្រះអម្ចាស់ទេ ទ្រង់ និងប្រជារាស្រ្តរបស់ទ្រង់ពុំប្រែចិត្តទេ ។
ពីរឆ្នាំក្រោយមក ព្រះអម្ចាស់បានចាត់ អ័ប៊ីណាដៃឲ្យត្រឡប់ទៅព្រមានដល់ប្រជាជននោះវិញ ។ អ័ប៊ីណាដៃបានថ្លែងប្រាប់ប្រជាជនថា ខ្មាំងសត្រូវនឹងដណ្តើមយកទឹកដីនេះ ដោយសារពួកគេមិនបានប្រែចិត្ត ។ ប្រជារាស្រ្តមានការខឹងសម្បានឹងអ័ប៊ីណាដៃ ។ ពួកគេបាននិយាយថា ពួកគេមិនបានធ្វើអ្វីខុស ហើយនឹងមិនប្រែចិត្តទេ ។ ពួកគេបានចងអ័ប៊ីណាដៃ ហើយនាំខ្លួនលោកទៅជួបស្តេចណូអេ ។
ណូអេ និងពួកសង្ឃរបស់ទ្រង់បាននឹកឃើញផែនការមួយ ។ ពួកសង្ឃព្យាយាមបញ្ឆោតអប៊ីណាដៃ ដោយព្យាយាមសួរសំណួរគាត់ជាច្រើន ។ ប៉ុន្តែ អ័ប៊ីណាដៃបានឆ្លើយសំណួរពួកគេយ៉ាងក្លាហាន ។ ពួកសង្ឃភ្ញាក់ផ្អើលចំពោះចម្លើយរបស់អ័ប៊ីណាដៃ ។ ពួកគេមិនអាចបញ្ឆោតគាត់បានទេ ។ អប៊ីណាដៃបានប្រាប់ពួកសង្ឃថា ពួកគេខ្វល់ខ្វាយអំពីប្រាក់ច្រើនជាងការធ្វើអ្វីដែលត្រឹមត្រូវ ។
ស្តេចណូអេបានប្រាប់ពួកសង្ឃឲ្យសម្លាប់អ័ប៊ីណាដៃ ។ ប៉ុន្តែ អ័ប៊ីណាដៃបានព្រមានពួកគេមិនឲ្យប៉ះគាត់ទេ ។ ផ្ទៃមុខរបស់លោកបានភ្លឺដោយអំណាចរបស់ព្រះ ។ អ័ប៊ីណាដៃ បាននិយាយថា ពួកសង្ឃមិនបានបង្រៀនក្រឹត្យវិន័យរបស់ព្រះទេ ។ អ័ប៊ីណាដៃ បានបង្រៀនពួកគេថា ព្រះយេស៊ូវគ្រីស្ទនឹងប្រសូត្រមក ហើយសោយទិវង្គតសម្រាប់យើង ហើយនឹងមានព្រះជន្មរស់ឡើងវិញ ។ លោកបាននិយាយថាព្រះយេស៊ូវនឹងអត់ទោសឲ្យពួកគេប្រសិនបើពួកគេប្រែចិត្ត ។
អ័ប៊ីណាដៃ បានបញ្ចប់សារលិខិតដែលព្រះអម្ចាស់បានចាត់ឲ្យលោកមកចែកចាយ ។ ណូអេ នៅតែខ្ញាល់ ។ ទ្រង់បានប្រាប់សង្ឃរបស់ទ្រង់ឲ្យចាប់អ័ប៊ីណាដៃ យកទៅសម្លាប់ចោល ។
សង្ឃម្នាក់ឈ្មោះ អាលម៉ាបានជឿអ័ប៊ីណាដៃ ។ អាលម៉ាព្យាយាមសង្គ្រោះអ័ប៊ីណាដៃ ។ ប៉ុន្តែឥឡូវនេះ ណូអេក៏ខ្ញាល់នឹងអាលម៉ាដែរ ហើយបានបង្ខំគាត់ឲ្យចាកចេញ ។
ពួកសង្ឃប្រាប់អ័ប៊ីណាដៃថា គាត់អាចមានជីវិត បើគាត់និយាយថាអ្វីដែលគាត់បានបង្រៀននោះមិនពិត ។ ប៉ុន្តែ អប៊ីណាដៃ បាននិយាយថា គាត់បានបង្រៀនសេចក្ដីពិត ។ ណូអេ និងពួកសង្ឃរបស់ទ្រង់បានខឹងសម្បារម្តងទៀត ។ ពួកគេសម្លាប់អ័ប៊ីណាដៃ ដោយភ្លើង ។ ពួកអ្នកយាមរបស់ស្តេចណូអេ ក៏ព្យាយាមសម្លាប់អាលម៉ាដែរ ។ ប៉ុន្តែ អាលម៉ាបានលាក់ខ្លួន ហើយបានកត់ត្រាពាក្យសម្ដីរបស់អ័ប៊ីណាដៃទាំងអស់ ។