« ម៉ូសាយ និង ស៊ីនិព្វ » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
ម៉ូសាយ និង ស៊ីនិព្វ
ត្រូវបានការពារដោយព្រះអម្ចាស់
ពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិនបានមានសង្គ្រាមជាច្រើនលើក ។ នៅថ្ងៃមួយ ព្រះអម្ចាស់បានមានបន្ទូលទៅកាន់សាសន៍នីហ្វៃម្នាក់ដែលមានឈ្មោះថា ម៉ូសាយ ឲ្យចាកចេញពីដែនដីនីហ្វៃ ជាមួយអ្នកណាដែលព្រមដើរតាមព្រះអម្ចាស់ ។
ពួកសាសន៍នីហ្វៃជាច្រើនបានគោរពតាមព្រះអម្ចាស់ ហើយបានចាកចេញទៅជាមួយម៉ូសាយ ។ ព្រះអម្ចាស់បានដឹកនាំពួកគេទៅកាន់ដែនដីមួយ ដែលមានមនុស្សកំពុងរស់នៅទីនោះ ។ ពួកគេត្រូវបានហៅថាប្រជាជនសារ៉ាហិមឡា ។
ប្រជាជនសារ៉ាហិមឡាក៏បានមកពីទីក្រុងយេរូសាឡិមជាយូរមកហើយដែរ ។ ពួកគេសប្បាយចិត្ត ដែលព្រះអម្ចាស់បានបញ្ជូនពួកសាសន៍នីហ្វៃដែលមានផ្ទាំងលង្ហិនមក ។ ប្រជាជនរបស់ម៉ូសាយបានចូលរួមនឹងប្រជាជនសារ៉ាហិមឡា ។ ប្រជាជនទាំងអស់បានជ្រើសរើសម៉ូសាយឲ្យធ្វើជាស្ដេចរបស់ពួកគេ ។ ទ្រង់បានបង្រៀនពួកគេអំពីព្រះអម្ចាស់ ។
ពួកសាសន៍នីហ្វៃបានរស់នៅក្រុងសារ៉ាហិមឡាអស់មួយរយៈ នៅពេលដែលក្រុមធំមួយបានត្រឡប់ទៅកាន់ដែនដីនីហ្វៃវិញ ។ សាសន៍នីហ្វៃម្នាក់ឈ្មោះថា ស៊ីនិព្វ បានដឹកនាំពួកគេ ។
ឥឡូវនេះ ពួកសាសន៍លេមិនបានរស់នៅលើដែនដីនីហ្វៃ ដូច្នេះ ស៊ីនិព្វបានទូលសូមស្ដេចរបស់ពួកគេថា តើប្រជាជនរបស់ទ្រង់អាចរស់នៅទីនោះដែរបានដែរឬទេ ។ ស្ដេចបានយល់ព្រម ។
ស្ដេចបានបោកបញ្ឆោតស៊ីនិព្វ និងប្រជាជនរបស់ទ្រង់ ។ ទ្រង់បានអនុញ្ញាតឲ្យពួកគេរស់នៅក្នុងដែនដីនីហ្វៃ ដើម្បីទ្រង់អាចយកអាហារ និងសត្វរបស់ពួកគេខ្លះៗនៅពេលក្រោយ ។ ប្រជាជនរបស់ស៊ីនិព្វ បានរស់នៅទីនោះដោយមានសេចក្ដីសុខសាន្ដអស់រយៈពេលជាច្រើនឆ្នាំ ។ ពួកគេបានដាំដំណាំជាច្រើន និងមានសត្វជាច្រើន ។ បន្ទាប់មក ពួកសាសន៍លេមិនបានវាយលុក និងព្យាយាមយកអាហារ និងសត្វរបស់ពួកគេ ។
ស៊ីនិព្វបានបង្រៀនប្រជាជនរបស់ទ្រង់ឲ្យទុកចិត្តលើព្រះអម្ចាស់ ។ នៅពេលពួកសាសន៍លេមិនបានមកប្រយុទ្ធជាមួយនឹងពួកគេនោះ ស៊ីនិព្វនិងប្រជាជនរបស់ទ្រង់បានអធិស្ឋានទៅកាន់ព្រះអម្ចាស់ ។ ព្រះអម្ចាស់បានប្រទានកម្លាំងដល់ពួកគេ ហើយបានជួយការពារពួកគេ ។ ពួកគេអាចបណ្ដេញពួកសាសន៍លេមិនចេញបាន ។ ព្រះអម្ចាស់បានប្រទានពរជ័យដល់ស៊ីនិព្វ និងប្រជាជនរបស់ទ្រង់ដោយសារសេចក្ដីជំនឿរបស់ពួកគេ ។