« មេទ័ពមរ៉ូណៃ និង សេរ៉ាហិមណា » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
មេទ័ពមរ៉ូណៃ និង សេរ៉ាហិមណា
ការប្រយុទ្ធ និងការសន្យាថារស់នៅដោយសុខសាន្ត
សេរ៉ាហិមណា គឺជាអ្នកដឹកនាំនៃកងទ័ពលេមិន ។ គាត់ចង់គ្រប់គ្រងលើសាសន៍នីហ្វៃ ហើយបង្ខំឲ្យពួកគេបម្រើប្រជាជនរបស់គាត់ ។ សេរ៉ាហិមណាបានដឹកនាំកងទ័ពរបស់គាត់ទៅវាយប្រហារពួកសាសន៍នីហ្វៃ ។
សាសន៍នីហ្វៃចង់ការពារផ្ទះសម្បែង ក្រុមគ្រួសារ និងសាសនារបស់ពួកគេ ។ ពួកគេបានដឹងថា ពួកគេនឹងមិនអាចថ្វាយបង្គំព្រះអម្ចាស់បានទេ បើពួកសាសន៍លេមិន គ្រប់គ្រងលើពួកគេ ។ សាសន៍នីហ្វៃបានជ្រើសរើសប្រយុទ្ធនឹងខ្មាំងសត្រូវរបស់ពួកគេ ។
បុរសម្នាក់ឈ្មោះមរ៉ូណៃ គឺជាមេទ័ពនៃកងទ័ពសាសន៍នីហ្វៃ ។ មរ៉ូណៃត្រូវប្រាកដថាកងទ័ពរបស់លោកបានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធ ។
ទាហានរបស់មរ៉ូណៃ បាននាំយកអាវុធ ហើយមរ៉ូណៃបានផ្តល់អាវក្រោះ និងខែលដ៏រឹងមាំដល់ពួកគេដើម្បីការពារខ្លួន ។
មរ៉ូណៃបានដឹកនាំកងទ័ពរបស់លោកទៅច្បាំងនឹងពួកសាសន៍លេមិន ។ ប៉ុន្តែ នៅពេលដែលពួកសាសន៍លេមិនបានឃើញពួកសាសន៍នីហ្វៃមានអាវក្រោះ និងខែល ពួកគេភ័យខ្លាចដើម្បីប្រយុទ្ធ ។ សាសន៍លេមិនមានតែសម្លៀកបំពាក់ស្តើងៗ និងគ្មានអាវក្រោះសម្រាប់ការពារពួកគេឡើយ ។
ពួកលេមិនបានចាកចេញទៅ ។ ពួកគេបានព្យាយាមលួចចូលទៅកាន់ដែនដីនីហ្វៃផ្សេងទៀត ។ ពួកគេគិតថាមរ៉ូណៃ នឹងមិនដឹងថាពួកគេទៅណាទេ ។
ប៉ុន្តែនៅពេលដែលពួកសាសន៍លេមិនចាកចេញភ្លាម មរ៉ូណៃបានបញ្ជូនអ្នកស៊ើបការណ៍ទៅតាមពួកគេ ។
បន្ទាប់មកមរ៉ូណៃបានផ្ញើសារមួយទៅកាន់ព្យាការីអាលម៉ា ។ លោកចង់ឲ្យអាលម៉ាសួរព្រះអម្ចាស់អំពីអ្វីដែលពួកសាសន៍លេមិនគ្រោងនឹងធ្វើ ។ ព្រះអម្ចាស់បានមានបន្ទូលប្រាប់អាលម៉ា ថាពួកសាសន៍លេមិនកំពុងរៀបចំផែនការវាយប្រហារដែនដីដែលទន់ខ្សោយមួយឈ្មោះថា ម៉ាន់តៃ ។ មរ៉ូណៃបានស្តាប់តាមអាលម៉ា ។ លោកបានដឹកនាំកងទ័ពរបស់លោកទៅច្បាំងនឹង សាសន៍លេមិន ។
ទាហានកំពុងច្បាំងគ្នា ។ ពួកសាសន៍លេមិនខ្លាំងពូកែ និងមានកំហឹងយ៉ាងខ្លាំង ។ សាសន៍នីហ្វៃបានភ័យខ្លាចសាសន៍លេមិន ហើយបាននាំគ្នារត់គេច ។ ប៉ុន្តែ មរ៉ូណៃបានរំឭកពួកគេអំពីក្រុមគ្រួសារ និងសេចក្ដីជំនឿរបស់ពួកគេ ដូច្នេះពួកគេបានបន្តប្រយុទ្ធ ។
សាសន៍នីហ្វៃបានអធិស្ឋានដល់ព្រះអម្ចាស់សម្រាប់ជំនួយ ។ ព្រះអម្ចាស់បានឆ្លើយតបការអធិស្ឋានរបស់ពួកគេ ហើយបានប្រទានអំណាចដ៏អស្ចារ្យដល់ពួកគេ ។ ឥឡូវនេះ ពួកលេមិនបានភ័យខ្លាច ។ ពួកគេបានជាប់អន្ទាក់ ហើយមិនអាចរត់ភៀសខ្លួនបានទេ ។ នៅពេលមរ៉ូណៃបានឃើញថាពួកលេមិនភ័យខ្លាច គាត់បានប្រាប់ទាហានរបស់គាត់ឲ្យឈប់ប្រយុទ្ធ ។ មរ៉ូណៃមិនចង់សម្លាប់ពួកលេមិនទេ ។
មរ៉ូណៃបានប្រាប់សេរ៉ាហិមណាថា ពួកសាសន៍លេមិនអាចទៅបាន បើពួកគេបានសន្យាថានឹងមិនច្បាំងនឹងពួកសាសន៍នីហ្វៃទៀត ។ សេរ៉ាហិមណាខឹងយ៉ាងខ្លាំង ហើយព្យាយាមបន្តប្រយុទ្ធ ប៉ុន្តែគាត់មិនអាចឈ្នះទាហានរបស់មរ៉ូណៃបានទេ ។ បន្ទាប់មក សេរ៉ាហិមណា និងកងទ័ពរបស់គាត់បានសន្យាថានឹងរស់នៅដោយសុខសាន្ត ហើយមរ៉ូណៃបានអនុញ្ញាតឲ្យពួកគេចាកចេញទៅ ។