ដំណើររឿង​ក្នុង​ព្រះគម្ពីរ
អាលម៉ា និង កូរីហូរ


« អាលម៉ា និង កូរីហូរ » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ ២០២៣ )

អាលម៉ា ៣០

អាលម៉ា និង កូរីហូរ

មានជំនឿថា​មានព្រះ​ពិត

កូរីហូរញញឹម ហើយ​និយាយ​ជាមួយ​នរណា​ម្នាក់ ពេល​ពួកគេ​ដើរ​ជាមួយគ្នា​នៅលើ​ផ្លូវ​ដ៏មមាញឹក

បុរស​ម្នាក់​ឈ្មោះ​កូរីហូរ បាន​មក​កាន់ដែនដី​សារ៉ាហិមឡា ។ គាត់​បានប្រាប់​ប្រជាជនថា​គ្មានព្រះ និង​ព្រះយេស៊ូវគ្រីស្ទ​ទេ ។

អាលម៉ា ៣០:៦, ១២, ៣៧–៣៨, ៤៥

កូរីហូរ​ញញឹម​ហើយ​ធ្វើកាយវិការ​ដាក់​កុមារ​ដែល​ក្រៀមក្រំ

កូរីហូរ​បាន​និយាយ​ថា មនុស្ស​អាច​ដឹង​អ្វីមួយ​បាន​លុះត្រាតែ​ពួកគេ​បាន​ឃើញវា​ប៉ុណ្ណោះ ។ គាត់​បានសើច​ចំអក​ដាក់​មនុស្ស​ដែល​ជឿលើ​ព្រះយេស៊ូវ ។

អាលម៉ា ៣០:១៣–១៦

កូរីហូរ​ញញឹម​ហើយ​និយាយ​ទៅកាន់​ហ្វូង​មនុស្ស

កូរីហូរ​បាន​និយាយថា​មនុស្ស​មិនត្រូវ​ការ​បទបញ្ញត្តិ​របស់​ព្រះ​ទេ ។ គាត់​បាន​និយាយ​ថា​មនុស្ស​អាច​ធ្វើអ្វីៗ​ដែលពួកគេ​ចង់ធ្វើ ។ មានមនុស្ស​ជាច្រើន​បាន​ជឿ​តាមគាត់ ។ ពួកគេ​បាន​សម្រេចចិត្ត​ធ្វើរឿង​មិនល្អ ។

អាលម៉ា ៣០:១៧–១៨

កូរីហូរ​បានជាប់ចំណង​ហើយ​បណ្តើរ​ចេញពីភូមិ​ដោយ​ពួកទាហាន

កូរីហូរ​ព្យាយាម​បង្រៀន​ដល់​ពួកសាសន៍​អាន់តៃ‑នីហ្វៃ‑លីហៃ ប៉ុន្តែ​ពួកគេ​មិនជឿ​គាត់ទេ ។ ពួកគេ​បាន​ចងគាត់​ហើយ​បញ្ជូន​គាត់​ចេញ​ទៅ ។ គាត់​បានទៅ​ស្រុក​គេឌាន​ជំនួស​វិញ ។ ប្រជាជន​នៅទីនោះ ក៏ចាប់​គាត់ចងដែរ ។ ពួកគេ​បានបញ្ជូន​គាត់​ទៅជួប​នឹង​អាលម៉ា ។

អាលម៉ា ៣០:១៩–២៩

កូរីហូរ​ញញឹម​ហើយ​ធ្វើកាយវិការ​ដាក់​អាលម៉ា

កូរីហូរ​បានប្រាប់​អាលម៉ាថា គ្មាន​ព្រះទេ ។ គាត់​បាន​និយាយ​ថា​អាលម៉ា និង​សង្ឃ​ដទៃទៀត​កំពុង​កុហក​ប្រជាជន ។ កូរីហូរ​បាន​និយាយ​ថា​ពួកគេ​កំពុង​ធ្វើ​ឲ្យ​ប្រជាជន​ធ្វើ​តាម​ប្រពៃណី​ឆ្កួតលីលា ។ គាត់​ក៏បាន​និយាយថា​ពួកគេ​ប្រមូល​ប្រាក់​ពី​ប្រជាជន ។ អាលម៉ា​បានដឹងថា រឿងនេះ​មិនពិតទេ ។ លោក​ជឿ​ទៅលើព្រះ និង​ព្រះយេស៊ូវ ។

អាលម៉ា ៣០:៣០–៤០

អាលម៉ា​និយាយ​ជាមួយ​ហ្វូង​មនុស្ស ខណៈ​ដែល​កូរីហូរ អង្គុយ​ឱបដៃ​នៅខាងក្រោយ

អាលម៉ា​បាននិយាយថា​ព្យាការី​ទាំងឡាយ និង​គ្រប់ការណ៍​ទាំង​អស់​នៅលើ​ផែនដី ជួយ​មនុស្ស​ឲ្យដឹងថា​មាន​ព្រះ​ពិត​មែន ។ កូរីហូរ​ចង់​បាន​ភស្តុតាង​បន្ថែម​ទៀត ។ អាលម៉ា​បាន​និយាយ​ថា គាត់​នឹង​ផ្តល់​ភស្តុតាង​ដល់កូរីហូរ ។ លោក​បាន​និយាយ​ថា ព្រះ​នឹង​ធ្វើ​ឲ្យ​កូរីហូរ មិន​អាច​និយាយ​បាន ។ ពេល​អាលម៉ា​និយាយ​បែប​នេះ​ហើយ​ភ្លាមនោះ​កូរីហូរ​មិនអាច​និយាយ​បានទេ ។

អាលម៉ា ៣០:៤១–៥១

កូរីហូរ​មើល​ទៅ​ក្រៀមក្រំ ហើយ​ចង្អុល​ទៅ​ក្រដាស​មួយសន្លឹក ដោយ​សរសេរ​នៅលើនោះ ពេល​ហ្វូង​មនុស្ស​ដើរចេញ​ពី​គាត់

កូរីហូរ​បាន​សរសេរថា​គាត់ដឹង​ថា​មានព្រះ​ពិតមែន ។ គាត់​តែងតែ​បាន​ដឹង​រួចទៅហើយ ។ គាត់​បានសរសេរថា​អារក្ស​បានបោក​បញ្ឆោត​គាត់ ។ អារក្ស​បាន​ប្រាប់​កូរីហូរ ឲ្យ​បង្រៀន​ការកុហក​អំពី​ព្រះ និង​ព្រះយេស៊ូវ ។ ពេល​ប្រជាជន​បាន​រៀន​សេចក្ដី​ពិត​អំពី​កូរីហូរ ពួកគេ​មិន​ជឿ​ការ​បង្រៀន​របស់​គាត់ទេ ។ ពួកគេ​បាន​ប្រែចិត្ត ហើយ​ចាប់ផ្តើម​ធ្វើតាម​ព្រះយេស៊ូវ​ជាថ្មី ។

អាលម៉ា ៣០:៥២–៥៣, ៥៧–៥៨