« ស្ដេចបេនយ៉ាមីន » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
ស្ដេចបេនយ៉ាមីន
ការបម្រើដល់ប្រជាជន និងព្រះ
ស្ដេចបេនយ៉ាមីនគឺជាព្យាការីរបស់ព្រះ ដែលបានគ្រប់គ្រងលើដែនដីសារ៉ាហិមឡា ។ ទ្រង់បានខំធ្វើការយ៉ាងខ្លាំងដើម្បីបម្រើដល់ប្រជាជនរបស់ទ្រង់ ហើយបង្រៀនពួកគេអំពីព្រះ ។ ដោយមានជំនួយមកពីព្យាការីផ្សេងទៀតរបស់ព្រះ នោះស្ដេចបេនយ៉ាមីនបានធ្វើឲ្យទីក្រុងសារ៉ាហិមឡា ជាកន្លែងដែលមានសេចក្ដីសុខសាន្ដ និងសុវត្ថិភាពដើម្បីរស់នៅ ។
ពាក្យសម្ដីនៃមរមន ១:១៧–១៨; ម៉ូសាយ ១:១–៧
ស្ដេចបេនយ៉ាមីនមានវ័យកាន់តែចាស់ ។ ទ្រង់បានសុំឲ្យបុត្រារបស់ទ្រង់ ម៉ូសាយប្រមូលប្រជាជនឲ្យមកជុំគ្នា ។ ស្ដេចបេនយ៉ាមីនចង់ប្រាប់ពួកគេថា ម៉ូសាយនឹងធ្វើជាស្ដេចថ្មីរបស់ពួកគេ ។
ប្រជាជនជាច្រើនបានមកពីគ្រប់កន្លែងទូទាំងដែនដី ។ ពួកគេបានតំឡើងត្រសាលរបស់ពួកគេនៅក្បែរព្រះវិហារបរិសុទ្ធ ដើម្បីស្ដាប់ស្ដេចបេនយ៉ាមីន ។
ស្ដេចបេនយ៉ាមីនបានមានបន្ទូលមកពីលើប៉ម ដើម្បីឲ្យមនុស្សជាច្រើនអាចស្ដាប់ឮទ្រង់ ។ ស្ដេចបេនយ៉ាមីនបានមានបន្ទូលថា ព្រះបានជួយទ្រង់ឲ្យដឹកនាំពួកគេ ។ ក្នុងនាមជាស្ដេច ទ្រង់បានបង្រៀនពួកគេឲ្យគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ព្រះ ។ ទ្រង់មិនបានយកប្រាក់ពីពួកគេ ឬឲ្យពួកគេបម្រើទ្រង់នោះទេ ។ ផ្ទុយទៅវិញ ទ្រង់បានខំធ្វើការយ៉ាងខ្លាំងដើម្បីបម្រើដល់ប្រជាជន និងព្រះរបស់ទ្រង់ ។
ស្ដេចបេនយ៉ាមីនបានមានបន្ទូលប្រាប់ប្រជាជនថា នៅពេលពួកគេបម្រើដល់គ្នាទៅវិញទៅមក នោះពួកគេកំពុងតែបម្រើដល់ព្រះហើយ ។ បន្ទាប់មក ទ្រង់បានមានបន្ទូលប្រាប់ពួកគេថា អ្វីៗគ្រប់យ៉ាងដែលពួកគេមាន គឺបានមកពីព្រះ ។ ជាថ្នូរមកវិញ ព្រះសព្វព្រះទ័យឲ្យពួកគេគោរពតាមបទបញ្ញត្តិរបស់ទ្រង់ ។ នៅពេលពួកគេគោរពតាម នោះព្រះបានប្រទានពរជ័យកាន់តែច្រើនថែមទៀតដល់ពួកគេ ។
ស្ដេចបេនយ៉ាមីនបានមានបន្ទូលប្រាប់ពួកគេថា ទ្រង់មិនអាចធ្វើជាស្ដេច ឬគ្រូបង្រៀនរបស់ពួកគេបន្ដទៀតបានទេ ។ បុត្រារបស់ទ្រង់ ម៉ូសាយនឹងធ្វើជាស្ដេចថ្មីរបស់ពួកគេ ។
បន្ទាប់មក ស្ដេចបេនយ៉ាមីនបានមានបន្ទូលប្រាប់ប្រជាជនរបស់ទ្រង់ថា មានទេវតាមួយអង្គបានមកជួបទ្រង់ ។ ទេវតាបានមានបន្ទូលថា ព្រះរាជបុត្រានៃព្រះ គឺព្រះយេស៊ូវគ្រីស្ទ នឹងយាងមកកាន់ផែនដី ។ ទ្រង់នឹងសម្ដែងអព្ភូតហេតុទាំងឡាយ ហើយនិងព្យាបាលប្រជាជន ។ ទ្រង់នឹងរងការឈឺចាប់ ហើយនឹងសុគតដើម្បីសង្គ្រោះមនុស្សទាំងអស់ ។ ស្ដេចបេនយ៉ាមីនបានបង្រៀនថា ព្រះយេស៊ូវនឹងអភ័យទោសឲ្យមនុស្សគ្រប់គ្នា ដែលមានសេចក្ដីជំនឿលើទ្រង់ ហើយប្រែចិត្ត ។
ប្រជាជនបានជឿលើអ្វីដែលស្ដេចបេនយ៉ាមីនបានបង្រៀនពួកគេអំពីព្រះយេស៊ូវ ។ ពួកគេដឹងថា ពួកគេត្រូវតែប្រែចិត្ត ។ ប្រជាជនទាំងអស់បានអធិស្ឋាន ហើយទូលសូមព្រះឲ្យអភ័យទោសដល់ពួកគេ ។ បន្ទាប់ពីពួកគេបានអធិស្ឋានហើយ ព្រះវិញ្ញាណនៃព្រះបានគង់នៅជាមួយនឹងពួកគេ ។ ពួកគេមានអារម្មណ៍រីករាយ ហើយដឹងថា ព្រះបានអភ័យទោសឲ្យពួកគេដោយសារតែសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវ ។
ប្រជាជនមានអារម្មណ៍ខុសពីមុន និងមានអារម្មណ៍ថ្មីស្រឡាងក្នុងចិត្ត ដោយសារពួកគេមានសេចក្ដីជំនឿលើព្រះយេស៊ូវ ។ ឥឡូវ ពួកគេចង់ធ្វើការណ៍ល្អគ្រប់ពេលវេលា ។ ពួកគេបានសន្យាថានឹងធ្វើតាមបទបញ្ញត្តិទាំងឡាយរបស់ព្រះអស់មួយជីវិតរបស់ពួកគេ ។ ដោយសារពួកគេជឿលើព្រះយេស៊ូវ និងបានធ្វើការសន្យានេះ នោះពួកគេត្រូវបានហៅថាជារាស្រ្តរបស់ព្រះយេស៊ូវ ។