ដំណើររឿង​ក្នុង​ព្រះគម្ពីរ
បងប្អូន​ប្រុស​នីហ្វៃ និង លីហៃ


« បងប្អូន​ប្រុស​នីហ្វៃ និង លីហៃ » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ ២០២៣ )

ហេលេមិន ៣–៦

បងប្អូន​ប្រុស​នីហ្វៃ និង លីហៃ

បាន​ឮ​សំឡេង​ពីស្ថានសួគ៌

បងប្អូន​ប្រុស​នីហ្វៃ និង​លីហៃ​បង្រៀន​ប្រជាជន ហើយ​កងទ័ព​សាសន៍​លេមិន​នៅ​ក្បែរ​នោះ

នីហ្វៃ និង​លីហៃ​ជាបងប្អូន​នឹងគ្នា​ដែល​ចង់​ឲ្យមនុស្ស​គ្រប់គ្នា​ដឹង​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សាសន៍​នីហ្វៃ និង​សាសន៍​លេមិន​បាន​ធ្វើ​សង្រ្គាម ប៉ុន្តែ​បងប្អូន​ប្រុស​នៅតែ​បង្រៀន​មនុស្ស​ទាំងពីរ​ក្រុមនេះ ។ ថ្ងៃមួយ នៅពេល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​បង្រៀន​ប្រជាជន កងទ័ព​សាសន៍​លេមិន​​ម្នាក់​បាន​ចាប់​ពួកគេ​ដាក់គុក ។

ហេលេមិន ៣:២០–២១, ៣៧; ៤:៤–៥, ១៤;​៥:៤–២១

កងទ័ព​សាសន៍​លេមិន ដើរ​ឆ្ពោះ​ទៅគុក​ដែលដាក់​នីហ្វៃ និង​លីហៃ

ជាច្រើន​ថ្ងៃ​ក្រោយមក កងទ័ព​បាន​មកគុកដើម្បី​សម្លាប់​នីហ្វៃ និង​លីហៃ ។

ហេលេមិន ៥:២២

រង្វង់​នៃ​ភ្លើង និង​ពន្លឺ​ការពារ​នីហ្វៃ និង​លីហៃ ឯពួកទាហាន​បានដួល​ចុះ ហើយ​ពពកខ្មៅ​លេចឡើង

មុននឹង​នរណា​ម្នាក់​អាចធ្វើ​បាប​នីហ្វៃ និង​លីហៃ រង្វង់​ភ្លើង​បាន​លេច​ឡើង​នៅជុំវិញ​ពួកគេ ។ ភ្លើង​មិនបាន​ឆេះ​ពួកគេទេ ។ ផ្ទុយ​ទៅ​វិញ ព្រះ​បានការពារ​សុវត្ថិភាព​ពួកគេ ។ បន្ទាប់​មក ផែន​ដីបាន​រញ្ជួយ ។ វាមាន​អារម្មណ៍​ដូច​ជា​ជញ្ជាំង​គុក​នឹងរលំ ។ មិនយូរ​ប៉ុន្មាន ពពក​ខ្មៅងងឹត​បាន​គ្របដណ្ដប់​អ្នកផ្សេង​ទៀត​នៅក្នុង​គុក ។ ប្រជាជន​ភ័យខ្លាច​យ៉ាងខ្លាំង ។

ហេលេមិន ៥:២៣–២៨

មនុស្ស​កំពុងឈរ​ក្នុង​ពពក​ងងឹត​សម្លឹង​ឆ្ពោះទៅ​កាន់ពន្លឺ

មាន​សំឡេង​មួយ​ចេញ​មកពី​លើពពក​ងងឹត ។ វាជា​សំឡេង​ស្ងាត់ៗ​ដូចជា​សំឡេង​ខ្សឹប ប៉ុន្តែ​មនុស្ស​បាន​ទទួល​អារម្មណ៍​នេះ​ក្នុងចិត្ត ។ វាជា​សំឡេង​របស់​ព្រះ ។ ព្រះ​បានប្រាប់​ឲ្យពួកគេ​ប្រែចិត្ត ។

ហេលេមិន ៥:២៩–៣១, ៤៦–៤៧

បុរស និង​ស្ត្រី​សម្លឹង​មើល​ទៅ​លើ​តាមចន្លោះ​ពពកខ្មៅ

ផែនដី និង​គុក​កាន់តែ​ញ័ររញ្ជួយ ។ សំឡេង​នោះ​បានបន្លឺ​ឡើង​ម្ដង​ទៀត ហើយ​ប្រាប់​ប្រជាជន​ឲ្យ​ប្រែចិត្ត ។ មនុស្ស​មិនអាច​កម្រើក​បានទេ​ដោយសារ​តែពពក និង​ការភ័យខ្លាច​របស់​ពួកគេ ។

ហេលេមិន ៥:៣១–៣៤

អ័មីណាដាប់ ចង្អុល​ទៅ​នីហ្វៃ និង​លីហៃ ដែល​កំពុង​បញ្ចេញ​ពន្លឺ​ចែងចាំង ហើយ​សម្លឹង​មើល​ទៅ​លើ

បុរស​ម្នាក់​ក្នុងហ្វូង​មនុស្ស​មាន​ឈ្មោះ​ថា អ័មីណាដាប់ ។ គាត់ធ្លាប់​ជាសមាជិក​នៃ​សាសនាចក្រ​របស់​ព្រះ ។ គាត់​បានឃើញ​ថា​មុខ​របស់​នីហ្វៃ និង​លីហៃ​ចាប់​ផ្ដើម​ភ្លឺចែងចាំង ។ ពួកគេ​មើល​ទៅដូច​ជាទេវតា ។ វាហាក់​ដូចជា​ពួកគេ​កំពុង​និយាយ​ទៅកាន់​នរណា​ម្នាក់នៅ​ស្ថានសួគ៌ ។ អ័មីណាដាប់​បានប្រាប់​មនុស្ស​គ្រប់​គ្នា​ឲ្យមើល​ទៅ​នីហ្វៃ និង​លីហៃ ។

ហេលេមិន ៥:៣៥–៣៩

បុរស និង​ស្ត្រី​ជាច្រើន សម្លឹង​មើល​តាមចន្លោះ​ពពកខ្មៅ ហើយ​អធិស្ឋាន

ប្រជាជន​បានសួរ​អ័មីណាដាប់ ថាតើ​ពួកគេ​អាច​ធ្វើអ្វី​បាន ដើម្បី​កម្ចាត់​ពពកខ្មៅ​ងងឹត​នោះ ។ អ័មីណាដាប់​បាន​ចែកចាយ​ពីអ្វី​ដែលគាត់​បានដឹង​អំពី​ព្រះ និង​ព្រះយេស៊ូវ ។ គាត់បាន​ប្រាប់​ប្រជាជន​ឲ្យ​ប្រែចិត្ត ឲ្យ​មាន​សេចក្តី​ជំនឿ​លើព្រះយេស៊ូវ ហើយ​អធិស្ឋាន​ទៅ​ព្រះ ។ ប្រជាជន​នោះ​បាន​ស្ដាប់តាម​អ័មីណាដាប់ ។ ពួកគេ​បាន​អធិស្ឋាន​រហូតដល់​ភាពងងឹត​បានរសាត់​បាត់ទៅ ។

ហេលេមិន ៥:៤០–៤២

មនុស្សម្នា​អធិស្ឋាន​អំឡុងពេល​ហ៊ុមព័ទ្ធ​ទៅដោយ​ពន្លឺ និង​ភ្លើង

ភ្លើង​ពី​ព្រះ​បាន​ហ៊ុមព័ទ្ធ​មនុស្សម្នា​ទាំងអស់ ហើយ​ពួកគេ​មិនបាន​ឆេះទេ ។ ប្រជាជន​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​រីករាយ​យ៉ាងខ្លាំង ។ ពួកគេ​បាននិយាយ​ដំណើររឿង​ដ៏អស្ចារ្យ ។ សំឡេង​នោះ​បានបន្លឺឡើង​ម្ដងទៀត ។ វាបាន​ប្រាប់​ពួកគេ​ឲ្យ​មាន​ភាពសុខសាន្ត ដោយសារ​តែ​សេចក្តី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ ។ ទេវតាបានយាង​មកជួប​ប្រជាជន ។

ហេលេមិន ៥:៤៣–៤៩

នីហ្វៃ និង​លីហៃ​បានចេញ​ពីគុក ហើយ​ប្រជាជន​បានមើល​ពួកគេ

នីហ្វៃ លីហៃ និង​មនុស្ស​ទាំអស់​បានចាកចេញ​ពីគុក ។ ពួកគេ​បាន​ប្រាប់​មនុស្ស​ជាច្រើន​នៅទូទាំង​ដែនដី​នូវអ្វី​ដែល​ពួកគេបាន​ឃើញ និង​បានឮ​នាថ្ងៃ​នោះ ។ សាសន៍​លេមិន​ភាគច្រើន​បាន​ជឿ ហើយ​ជ្រើសរើស​ដើរ​តាម​ព្រះយេស៊ូវ ។ ពួកគេ​ឈប់ប្រយុទ្ធ​នៅក្នុង​សង្គ្រាម ។ ផ្ទុយទៅវិញ ពួកគេបាន​ជួយ​មនុស្ស​ឲ្យ​មាន​ជំនឿ​លើ​ព្រះយេស៊ូវ ហើយ​ប្រែចិត្ត ។

ហេលេមិន ៥:៥០–៥២; ៦:១–៦