« អាំម៉ូន » ដំណើររឿងព្រះគម្ពីរមរមន( ឆ្នាំ ២០២៣ )
អាំម៉ូន
ជាអ្នកបម្រើដ៏រាបសាម្នាក់
អាំម៉ូន និងបងប្អូនប្រុសរបស់គាត់ចង់ទៅបង្រៀនពួកសាសន៍លេមិនអំពីព្រះអម្ចាស់ ។ ពួកគេចង់ទៅកាន់ដែនដីដែលពួកសាសន៍លេមិនរស់នៅ ។ នៅតាមផ្លូវ ពួកគេបានតមអាហារ ហើយអធិស្ឋានទូលសុំជំនួយពីព្រះអម្ចាស់ ។ ព្រះអម្ចាស់បានលួងលោមចិត្តពួកគេ ។ ទ្រង់មានបន្ទូលប្រាប់ពួកគេឲ្យអត់ធ្មត់ ហើយធ្វើជាគំរូល្អ ។ ពួកគេម្នាក់ៗបានទៅកន្លែងផ្សេងៗដើម្បីបង្រៀន ។
អាំម៉ូនបានទៅដែនដីមួយឈ្មោះអ៊ីសម៉ាអែល ។ ប្រជាជននៅទីនោះបានចងគាត់ ហើយយកគាត់ទៅថ្វាយស្តេចឡាម៉ូណៃ ។ អាំម៉ូនបានទូលទៅស្តេចឡាម៉ូណៃថា គាត់ចង់រស់នៅជាមួយពួកសាសន៍លេមិន ។ ឡាម៉ូណៃសព្វព្រះទ័យនឹងអាំម៉ូន ហើយបានដោះលែងគាត់ ។ ទ្រង់ចង់ឲ្យអាំម៉ូនរៀបអភិសេកជាមួយបុត្រីម្នាក់របស់ទ្រង់ ប៉ុន្តែ អាំម៉ូនបានជ្រើសរើសធ្វើជាអ្នកបម្រើរបស់ឡាម៉ូណៃជំនួសវិញ ។
ឡាម៉ូណៃមានបន្ទូលប្រាប់ឲ្យអាំម៉ូន ថែរក្សាសត្វពាហនៈរបស់ទ្រង់ ។ ថ្ងៃមួយអាំម៉ូន និងអ្នកបម្រើមួយចំនួនបានដឹកសត្វទៅផឹកទឹក ។ ពេលសត្វកំពុងតែផឹកទឹក ពួកចោរក៏មក ហើយបំភ័យពួកវាឲ្យរត់អស់ទៅ ។ អ្នកបម្រើផ្សេងទៀតភ័យខ្លាចថាពួកគេនឹងត្រូវទទួលទណ្ឌកម្មចំពោះការបាត់បង់សត្វរបស់ស្តេចឡាម៉ូណៃ ។
អាំម៉ូនបានដឹងថានេះជាឱកាសល្អដើម្បីបង្ហាញព្រះចេស្ដារបស់ព្រះអម្ចាស់ ។ លោកបានប្រាប់ទៅពួកអ្នកបម្រើផ្សេងទៀតកុំឲ្យភ័យអី ហើយលោកនឹងជួយពួកគេស្វែងរកសត្វដែលបាត់នោះ ។
ពួកចោរបានត្រឡប់មកវិញដើម្បីបំភ័យសត្វទាំងនោះម្តងទៀត ។ ប៉ុន្តែលើកនេះ អាំម៉ូនបានប្រាប់អ្នកបម្រើផ្សេងទៀតឲ្យនៅ ហើយឃ្វាលសត្វកុំឲ្យរត់ចេញ ។
អាំម៉ូនបានទៅឃាត់ពួកចោរកុំឲ្យបំភ័យសត្វចៀម ។ ពួកចោរមិនខ្លាចអាំម៉ូនទេ ។ ពួកគេគិតថាពួកគេខ្លាំងពូកែជាងគាត់ ។ ប៉ុន្តែពួកគេមិនដឹងទេថា ព្រះអម្ចាស់កំពុងជួយអាំម៉ូន ។
អាំម៉ូនបានបាញ់ដុំថ្ម ទៅលើពួកចោរជាមួយនឹងខ្សែដង្ហក់របស់គាត់ ។ ពួកគេខ្លះទៀតបានស្លាប់ ។ រឿងនេះធ្វើឲ្យពួកចោរខឹងសម្បា ហើយពួកគេចង់សម្លាប់អាំម៉ូន ។ ពួកគេភ្ញាក់ផ្អើលដោយសារពួកគេមិនអាចគប់ត្រូវអាំម៉ូន ជាមួយនឹងដុំថ្មរបស់ពួកគេ ។ ពួកគេមិនរំពឹងថាគាត់មានអំណាចដូច្នេះទេ ។
ក្រុមចោរបានព្យាយាមវាយអាំម៉ូន ជាមួយនឹងដំបងរបស់ពួកគេ ។ ប៉ុន្តែរាល់ពេលដែលពួកគេព្យាយាមវាយ អាំម៉ូនបានកាត់ដៃរបស់ពួកគេដោយដាវដើម្បីកុំឲ្យពួកគេប្រយុទ្ធបាន ។ រំពេចនោះ ពួកគេភ័យខ្លាចខ្លាំងណាស់ មិនហ៊ានតតាំងទៀតទេ ហើយក៏រត់គេចខ្លួនបាត់ទៅ ។
ពួកអ្នកបម្រើបានប្រាប់ឡាម៉ូណៃអំពីរបៀបដែល អាំម៉ូនបានសង្គ្រោះសត្វទាំងនោះ ។ ឡាម៉ូណៃមានសេចក្តីអស្ចារ្យជាខ្លាំង ។ ទ្រង់គិតថា អាំម៉ូនគឺជាព្រះវិញ្ញាណដ៏អស្ចារ្យ ដែលមានអំណាចមហិមា ហើយដឹងគ្រប់ការណ៍ទាំងអស់ ។
ឡាម៉ូណៃចង់និយាយជាមួយអាំម៉ូន ប៉ុន្តែទ្រង់មានការព្រួយបារម្ភខ្លាំងណាស់ ។
អាំម៉ូនបានទៅជួបឡាម៉ូណៃ ប៉ុន្តែឡាម៉ូណៃមិនដឹងថាត្រូវមានបន្ទូលអ្វីនោះទេ ។ ព្រះអម្ចាស់បានជួយអាំម៉ូន ឲ្យដឹងអំពីព្រះទ័យរបស់ឡាម៉ូណៃ ។ អាំម៉ូនបាននិយាយថាគាត់ពុំមែនជាវិញ្ញាណដ៏មហិមានោះទេ ។ គាត់បានប្រាប់ឡាម៉ូណៃថា ព្រះវិញ្ញាណដ៏មហិមានោះគឺជាព្រះ ។ ឡាម៉ូណៃចង់រៀនបន្ថែមទៀតអំពីព្រះ ។
អាំម៉ូនបានទូលទ្រង់ថាព្រះបានបង្កើតពិភពលោក និងមនុស្សគ្រប់គ្នានៅក្នុងនោះ ។ បន្ទាប់មក អាំម៉ូនបានប្រាប់ឡាម៉ូណៃថាព្រះមានផែនការនៃសេចក្តីសង្គ្រោះ ។ ជាផ្នែកនៃផែនការនោះ ព្រះយេស៊ូវគ្រីស្ទនឹងយាងមក ។ ឡាម៉ូណៃបានជឿលើអ្វីដែលអាម៉ូនបាននិយាយ ។ ឡាម៉ូណៃបានអធិស្ឋាន ហើយទូលសូមព្រះឲ្យមានព្រះហឫទ័យមេត្តាករុណាដល់ទ្រង់ និងរាស្រ្តទ្រង់ ។