ដំណើររឿង​ក្នុង​ព្រះគម្ពីរ
អំពី​ព្រះគម្ពីរ​មរមន


« អំពី​ព្រះគម្ពីរ​មរមន » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ ២០២៣ )

អំពី​ព្រះគម្ពីរ​មរមន

ព្រះយេស៊ូវ​គ្រីស្ទ និង​ប្រជាជន​របស់​ទ្រង់​នៅ​ទ្វីប​អាមេរិក

ព្រះយេស៊ូវ​នៅក្នុង​ពន្លឺ​សួគ៌ា

ព្រះគម្ពីរ​មរមន​គឺជា​ព្រះគម្ពីរ ។ វា​បង្រៀន​យើង​អំពី​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ការយាង​មក​របស់​ទ្រង់​ទៅកាន់​ទ្វីប​អាមេរិក​ជា​យូរ​មក​ហើយ ។ ចេញពី​ព្រះគម្ពីរ​មរមន យើង​អាច​រៀន​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​បាន ។ វា​បង្រៀន​យើង​ពី​របៀប​ដើម្បី​មាន​សេចក្ដី​សុខសាន្ត​នាពេល​ឥឡូវ​នេះ និង​របៀប​ដែល​យើង​អាច​រស់នៅ​ជាមួយ​ព្រះ និង​ព្រះយេស៊ូវ​ម្ដងទៀត​នៅ​ថ្ងៃ​ណាមួយ ។

ទំព័រ​ចំណងជើង​នៃ​ព្រះគម្ពីរ​មរមន; បុព្វកថា​អំពី​ព្រះគម្ពីរ​មរមន; នីហ្វៃ​ទី​៣ ១១

ព្យាការី និង​ម្តាយ​ជាមួយ​កូនៗ

ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ​ដោយ​ពួក​ព្យាការី​នៃ​ព្រះ ។ ពួកលោក​បាន​សរសេរ​នៅលើ​ទំព័រ​លោហៈ ដែល​ហៅថា​ផ្ទាំង​ចំណារ ។ ដំណើររឿង និង​ទីបន្ទាល់​របស់​ពួកលោក​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ ។ ពួកលោក​បាន​សរសេរ​អំពី​មនុស្ស​ជាច្រើន​ក្រុម ដែល​រស់នៅ​ក្នុង​ទ្វីប​អាមេរិក​ជា​យូរ​មក​ហើយ ។

ទំព័រ​ចំណងជើង​នៃ​ព្រះគម្ពីរ​មរមន; បុព្វកថា​អំពី​ព្រះគម្ពីរ​មរមន

នីហ្វៃ និង​គ្រួសារ​នៅលើ​សំពៅ

ក្រុម​មួយ​មកពី​ក្រុង​យេរូសាឡិម​ទៅកាន់​ទ្វីប​អាមេរិក​ប្រមាណ​ជា​ឆ្នាំ ៦០០ មុនពេល​ព្រះយេស៊ូវ​បាន​ប្រសូត​មក ។ ពួកគេ​បាន​ក្លាយ​ទៅជា​ជាតិសាសន៍​ពីរ​ដែល​ហៅថា ពួកសាសន៍​លេមិន និង​ពួកសាសន៍​នីហ្វៃ ។

បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន; នីហ្វៃ​ទី​១ ១:៤

ពួកសាសន៍​យ៉ារេឌ​ចាកចេញ​ពី​ប៉ម

មុន​នោះ​ជាយូរ មាន​ក្រុម​មួយទៀត​បាន​មកពី​ប៉ម​បាបិល​ទៅកាន់​ទ្វីប​អាមេរិក ។ ពួកគេ​ត្រូវបាន​គេ​ហៅថា ពួកសាសន៍​យ៉ារេឌ ។

បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន; អេធើរ ១:៣៣–៤៣

សាំយូអែល​បង្រៀន​អំពី​ការប្រសូត​របស់​ព្រះយេស៊ូវ

ព្យាការី​របស់​ព្រះ​បាន​បង្រៀន​ប្រជាជន ។ នៅពេល​ប្រជាជន​បាន​ស្តាប់ ហើយ​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ នោះ​ទ្រង់​បាន​ជួយ​ដល់​ពួកគេ ។ ពួក​ព្យាការី​បាន​បង្រៀន​អំពី​ព្រះយេស៊ូវ ហើយ​បាន​និយាយ​ថា ទ្រង់​នឹង​ប្រសូត​នៅ​ក្រុង​យេរូសាឡិម ។ ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន​បាន​ដឹង​ថា ព្រះយេស៊ូវ​នឹង​យាង​មកជួប​ពួកគេ បន្ទាប់ពី​ការសុគត​របស់​ទ្រង់ ។

នីហ្វៃ​ទី​២ ១:២០; ២៥:១២–១៤; ២៦:១, ៣, ៩; ម៉ូសាយ ៣:៥–១១; អាលម៉ា ៧:៩–១៣; ហេលេមិន ៣

ព្រះយេស៊ូវ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ​គង់នៅ​ជាមួយ​ក្មេង​តូចៗ

ព្រះយេស៊ូវ​បាន​យាង​មក គឺ​ដូច​ដែល​ព្យាការី​បាន​ថ្លែង​ប្រាប់ ។ បន្ទាប់ពី​ព្រះយេស៊ូវ​បាន​សុគត ហើយ​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ នោះ​ទ្រង់​បាន​យាង​ទៅជួប​ប្រជាជន ។ ទ្រង់​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ម្នាក់ៗ​ពាល់​ស្នាម​ដែកគោល​នៅលើ​ព្រះហស្ដ និង​ព្រះបាទា​របស់​ទ្រង់ ។ ពួកគេ​បាន​ដឹង​ថា ទ្រង់​គឺជា​ព្រះរាជបុត្រា​របស់​ព្រះ ។ ទ្រង់​បាន​បង្រៀន​ដំណឹងល្អ​របស់​ទ្រង់ ហើយ​ប្រជាជន​បាន​កត់ត្រា​ការបង្រៀន​នោះ​ទុក ។ ពួកគេ​បាន​និយាយ​អំពី​ការយាង​មក​របស់​ព្រះយេស៊ូវ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។

នីហ្វៃ​ទី​៣ ១១:៧–១៥, ៣១–៤១; ១៦:៤; នីហ្វៃ​ទី​៤ ១:១–៦, ១៣–២២

ព្យាការី​មរមន​ជាមួយ​នឹង​ផ្ទាំង​មាស

មរមន​គឺជា​ព្យាការី​មួយ​រូប ដែល​បាន​រស់នៅ​ពីរ​បី​រយ​ឆ្នាំ បន្ទាប់ពី​ព្រះយេស៊ូវ​បាន​យាង​មក ។ នៅពេល​មរមន​នៅមាន​ជីវិត ប្រជាជន​បាន​ឈប់​ធ្វើតាម​ព្រះអម្ចាស់ ។ មរមន​បាន​រក្សា​ការសរសេរ​របស់​ពួក​ព្យាការី ដែល​បាន​រស់នៅ​ពីមុន​លោក ។ លោក​បាន​ដាក់​ការសរសេរ​ជាច្រើន​របស់​ពួកលោក​ទៅក្នុង​ផ្ទាំង​មួយ​ឈុត ។ ផ្ទាំង​ទាំងនេះ​បាន​ក្លាយជា​ព្រះគម្ពីរ​មរមន ។

បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន; ពាក្យ​សម្ដី​នៃ​មរមន ១:២–៩; មរមន ១:២–៤, ១៣–១៧

មរ៉ូណៃ​កំពុង​កប់​ផ្ទាំង​មាស

មុនពេល​មរមន​បាន​ស្លាប់ លោក​បាន​ប្រគល់​ផ្ទាំង​ទាំងនេះ​ទៅឲ្យ​កូនប្រុស​របស់​លោក​ឈ្មោះ មរ៉ូណៃ ។ ពេល​មរ៉ូណៃ​នៅមាន​ជីវិត ប្រជាជន​បាន​ប្រព្រឹត្ត​រឿង​អាក្រក់ៗ​យ៉ាង​ខ្លាំង ។ ពួកគេ​ចង់​សម្លាប់​អ្នកណា​ក៏ដោយ ដែល​បាន​ជឿ​លើ​ព្រះយេស៊ូវ ។ មរ៉ូណៃ​ចង់​ជួយ​ប្រជាជន​នៅពេល​អនាគត ដូច្នេះ លោក​បាន​សរសេរ​បន្ថែម​ទៀត​នៅលើ​ផ្ទាំង​ទាំងនោះ ហើយ​បាន​កប់​វា​ដើម្បី​រក្សា​វា​ទុក​ឲ្យមាន​សុវត្ថិភាព ។

បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន; ពាក្យ​សម្ដី​នៃ​មរមន ១:១–២; មរមន ៨:១–៤, ១៤–១៦; មរ៉ូណៃ ១

ទេវតា​មរ៉ូណៃ​បង្ហាញ​កាយ​ដល់ យ៉ូសែប ស្ម៊ីធ

ជាច្រើន​ឆ្នាំ​ក្រោយមក នៅ​ឆ្នាំ ១៨២៣ មរ៉ូណៃ​បាន​យាង​មក​ក្នុងនាមជា​ទេវតា​ដើម្បី​បង្ហាញ​កាយ​ឲ្យ​ព្យាការី យ៉ូសែប ស៊្មីធ បាន​ឃើញ ។ មរ៉ូណៃ​បាន​ប្រាប់ យ៉ូសែប ពី​កន្លែង​ដែល​ត្រូវ​ស្វែងរក​ផ្ទាំង​នេះ ។ ដោយ​មាន​ជំនួយ​ពី​ព្រះ យ៉ូសែប បាន​បកប្រែ​អ្វី​ដែល​បាន​កត់ត្រា​នៅលើ​ផ្ទាំង​ទាំងនោះ ។

បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន; យ៉ូសែប ស៊្មីធ—ប្រវត្តិ ១

បងប្អូន​ប្រុស​ស្រី​កំពុង​អាន​ព្រះគម្ពីរ

ព្រះ​ទ្រង់​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ជួយ​អ្នក​ឲ្យ​ដឹង​ថា នៅពេល​ណា​មាន​អ្វីមួយ​ពិត ។ នៅពេល​អ្នក​អាន​ព្រះគម្ពីរ​មរមន អ្នក​អាច​អធិស្ឋាន ហើយ​ទូល​សួរ​ព្រះ​ថា តើ​វា​ពិត​ឬ​អត់ ។ ដូចគ្នា​នេះ​ដែរ អ្នក​អាច​ដឹង​ថា ព្រះយេស៊ូវ​គឺជា​ព្រះអង្គ​សង្រ្គោះ​របស់​អ្នក ហើយ​ថា​ទ្រង់​ស្រឡាញ់​អ្នក ។

បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន; មរ៉ូណៃ ១០:៣–៥