« អ៊ីសម៉ាអែល និងគ្រួសាររបស់លោក » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
អ៊ីសម៉ាអែល និងគ្រួសាររបស់លោក
ការចូលរួមដំណើរទៅកាន់ដែនដីសន្យា
គ្រួសាររបស់លីហៃ និងសារ៉ាយ បានរស់នៅតែឯងនៅក្នុងទីរហោស្ថាន ។ នៅថ្ងៃមួយ ព្រះអម្ចាស់បានមានបន្ទូលប្រាប់លីហៃឲ្យបញ្ជូនកូនប្រុសរបស់លោក លេមិន លេមយួល សាំ និងនីហ្វៃ ទៅក្រុងយេរូសាឡិម ។ លីហៃត្រូវបញ្ជូនពួកគេឲ្យទៅសូមអ៊ីសម៉ាអែល និងគ្រួសាររបស់លោកឲ្យចូលរួមនឹងគ្រួសារលីហៃ ។ ក្រុមគ្រួសាររបស់ពួកលោកអាចចិញ្ចឹមកូនៗនៅលើដែនដីសន្យាជាមួយគ្នាបាន ។
អ៊ីសម៉ាអែល និងគ្រួសាររបស់លោកចង់ធ្វើតាមព្រះអម្ចាស់ ។ ពួកលោកបានជឿថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យពួកលោកចូលរួមនឹងគ្រួសាររបស់លីហៃ និងសារ៉ាយ ។ ពួកលោកបានជ្រើសរើសដើម្បីចាកចេញពីយេរូសាឡិម ហើយទៅជួបនឹងលីហៃនៅទីរហោស្ថាន ។
នៅតាមផ្លូវរបស់ពួកគេ សមាជិកគ្រួសារមួយចំនួនលែងចង់គោរពតាមទៀតហើយ ។ ពួកគេចង់ត្រឡប់ទៅផ្ទះវិញ ។ នីហ្វៃបានសូមឲ្យពួកគេមានសេចក្ដីជំនឿលើព្រះអម្ចាស់ ។
នីហ្វៃបាននិយាយថា ព្រះអម្ចាស់អាចធ្វើគ្រប់យ៉ាងបាន ប្រសិនបើពួកគេមានសេចក្ដីជំនឿ ។ ប៉ុន្ដែ លេមិន និងលេមយួល បានខឹងសម្បារ ។ ពួកគេបានចងនីហ្វៃ ហើយចង់ទុកលោកចោលនៅក្នុងទីរហោស្ថាន ។
នីហ្វៃបានអធិស្ឋានទូលសូមជំនួយ ។ ខ្សែពួរបានស្រាយចំណង ហើយនីហ្វៃបានក្រោកឈរឡើង ។ ប៉ុន្ដែលេមិន និងលេមយួល នៅតែចង់ធ្វើបាបលោកដដែល ។ កូនស្រីម្នាក់របស់អ៊ីសម៉ាអែល បានការពារនីហ្វៃ ។ ម្ដាយរបស់នាង និងបងប្រុសម្នាក់របស់នាងក៏បានការពារលោកផងដែរ ។ លេមិន និងលេមយួល បានស្ដាប់តាមពួកគេ ហើយបានឈប់ព្យាយាមធ្វើបាបនីហ្វៃទៀត ។
លេមិន និងលេមយួល បានសោកស្ដាយចំពោះអ្វីដែលពួកគេបានធ្វើ ។ ពួកគេបានសុំឲ្យនីហ្វៃ អភ័យទោសឲ្យពួកគេ ។ នីហ្វៃបានអភ័យទោសឲ្យបងប្រុសៗរបស់លោក ។ បន្ទាប់មក លេមិន និងលេមយួល បានអធិស្ឋានទូលសូមព្រះអម្ចាស់ឲ្យអភ័យទោសឲ្យពួកគេ ។
ពួកគេទាំងអស់គ្នាបានបន្ដដំណើររបស់ពួកគេ ហើយបានទៅដល់ត្រសាលរបស់លីហៃ និងសារ៉ាយ ។ នៅទីបំផុត ក្រុមគ្រួសារទាំងពីរបានជួបជុំគ្នា ។ ពួកគេបានថ្លែងអំណរគុណដល់ព្រះអម្ចាស់ ហើយបានថ្វាយបង្គំទ្រង់ ។