« លីអាហូណា និងធ្នូដែលបាក់ » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
លីអាហូណា និងធ្នូដែលបាក់
ការស្វែងរកជំនួយរបស់ព្រះអម្ចាស់
ក្រុមគ្រួសាររបស់លីហៃ និងអ៊ីសម៉ាអែល បានធ្វើដំណើរនៅក្នុងទីរហោស្ថានអស់រយៈពេលជាច្រើនឆ្នាំ ។ ព្រះអម្ចាស់បានដឹកនាំពួកគេឲ្យឆ្លងកាត់តំបន់ល្អៗជាច្រើននៅក្នុងដែនដីនោះ ។ ពួកគេត្រូវទៅបរបាញ់ ហើយប្រមូលអាហារតាមផ្លូវ ។ វាគឺជាការធ្វើដំណើរដ៏លំបាកមួយ ។
ព្រះអម្ចាស់បានសន្យាថានឹងដឹកនាំក្រុមគ្រួសារទាំងនេះទៅកាន់ដែនដីដ៏ល្អមួយ ប្រសិនបើពួកគេកាន់តាមបទបញ្ញត្តិទាំងឡាយ ។ ពួកគេមិនបានដឹងពីរបៀបស្វែងរកដែនដីនោះទេ ប៉ុន្ដែទ្រង់បានដឹកនាំពួកគេ ។
នីហ្វៃទី១ ២:២០; ១០:១៣; ១៧:១៣–១៤
នៅព្រឹកមួយ លីហៃបានភ្ញាក់ផ្អើលដែលបានរកឃើញបាល់លង្ហិនមួយនៅក្រៅត្រសាលរបស់លោក ។ បាល់នេះត្រូវបានហៅថា លីអាហូណា ។ នៅក្នុងលីអាហូណា មានព្រួញមួយបង្ហាញផ្លូវដែលក្រុមនេះត្រូវធ្វើដំណើរទៅ ។ ពេលខ្លះ ពួកគេឃើញសារលិខិតមកពីព្រះអម្ចាស់ ដែលបានសរសេរនៅលើលីអាហូណានេះ ។ នេះគឺជារបៀបដែលព្រះអម្ចាស់បានដឹកនាំពួកគេ ។
នីហ្វៃទី១ ១៦:១០, ១៦, ២៦–២៩; អាលម៉ា ៣៧:៣៨
ថ្ងៃមួយ ពេលនីហ្វៃកំពុងបរបាញ់ នោះធ្នូដែករបស់លោកបានបាក់ ។ ក្រុមគ្រួសារមិនអាចរកបានអាហារទេ បើគ្មានធ្នូនេះទេ ។ បងប្រុសរបស់នីហ្វៃបានខឹងសម្បារនឹងលោក និងព្រះអម្ចាស់ ។
ពួកគេទាំងអស់គ្នានឿយហត់ និងស្រេកឃ្លានយ៉ាងខ្លាំង ។ ពួកគេមួយចំនួនបានសោកសៅ និងរអ៊ូរទាំ ។ ពួកគេខ្លាចថា ពួកគេនឹងត្រូវអត់ស្លាប់ ។ សូម្បីតែលីហៃក៏បានរអ៊ូរទាំដាក់ព្រះអម្ចាស់ដែរ ។
នីហ្វៃបានធ្វើធ្នូថ្មី និងព្រួញពីឈើ ។ លោកមានសេចក្ដីជំនឿថា ព្រះអម្ចាស់នឹងជួយលោកឲ្យរកអាហារបាន ។
នីហ្វៃបានសួរលីហៃពីកន្លែងដែលត្រូវទៅបរបាញ់ ។ លីហៃបានសុំទោស ដែលលោកបានរអ៊ូរទាំ ។ លោកបានប្រែចិត្ត ហើយបានទូលសូមជំនួយពីព្រះអម្ចាស់ ។ ព្រះអម្ចាស់មានបន្ទូលប្រាប់លីហៃឲ្យមើលទៅលីអាហូណា ។ សារលិខិតមួយបានសរសេរនៅលើលីអាហូណា ។ ក្រុមគ្រួសារបានដឹងថា លីអាហូណាដំណើរការ តែនៅពេលពួកគេមានសេចក្ដីជំនឿលើព្រះអម្ចាស់ និងគោរពតាមបទបញ្ញត្តិទាំងឡាយប៉ុណ្ណោះ ។
ពេលខ្លះ ព្រះអម្ចាស់បានផ្លាស់ប្ដូរសារលិខិតនៅលើលីអាហូណា ដើម្បីជួយដល់ពួកគេនៅពេលពួកគេធ្វើដំណើរ ។ លីអាហូណាបានជួយនីហ្វៃឲ្យដឹងពីកន្លែងដែលត្រូវទៅបរបាញ់ ។ លោកបាននាំយកអាហារមកបរិភោគ ហើយពួកគេទាំងអស់គ្នាសប្បាយចិត្ត ។ ពួកគេបានប្រែចិត្ត ហើយបានអរព្រះគុណដល់ព្រះអម្ចាស់ ។