ដំណើររឿង​ក្នុង​ព្រះគម្ពីរ
យ៉ារេឌ និង​គ្រួសារ​របស់​លោក


« យ៉ារេឌ និង​គ្រួសារ​របស់​លោក » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ២០២៣ )

អេធើរ ១–៤

យ៉ារេឌ និង​គ្រួសារ​របស់​លោក

ដំណើរ​មួយ​ដែល​បាន​ដឹកនាំ​ដោយ​ព្រះអម្ចាស់

ប៉ម​មួយ​ត្រូវបាន​សាងសង់ ហើយ​យ៉ារេឌ និង​បងប្រុស​របស់​លោក​មើល​ប្រជាជន​ឈ្លោះ​ប្រកែក​គ្នា​នៅក្បែរ​ប៉ម​នោះ

យ៉ារេឌ និង​គ្រួសារ​របស់​លោក​បាន​រស់នៅ​ក្នុង​ក្រុង​បាបិល រាប់ពាន់​ឆ្នាំ​មុនពេល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រសូត្រមក ។ ពួកលោក​បាន​គោរព​ប្រតិបត្តិ​ព្រះអម្ចាស់ ។ ប៉ុន្តែ​មនុស្ស​ភាគច្រើន​នៅ​ទីក្រុង​បាបិល​មិន​គោរព​តាម​ព្រះអម្ចាស់​ទេ ។ ប្រជាជន​ទាំងនោះ​បាន​ចាប់ផ្ដើម​សង់​ប៉ម​មួយ ដើម្បី​ព្យាយាម​ឡើងទៅ​ស្ថានសួគ៌ ។ ព្រះអម្ចាស់​បាន​ផ្លាស់ប្តូរ​ភាសា​របស់​ប្រជាជន ដូច្នេះ​ពួកគេ​មិន​អាច​យល់​គ្នា​ទៅវិញ​ទៅមក​បាន ។

លោកុប្បត្តិ ១១:៤–៩; អេធើរ ១:៣៣

បងប្រុស​របស់​យ៉ារេឌ​អធិស្ឋាន ហើយ​យ៉ារេឌ​សម្លឹងមើល​ទីក្រុង

យ៉ារេឌ​មាន​បងប្រុស​ម្នាក់ ។ ព្រះអម្ចាស់​បាន​ទុកចិត្ត​លើ​បងប្រុស​របស់​យ៉ារេឌ ។ យ៉ារេឌ​បាន​សុំ​បងប្រុស​របស់​លោក​ឲ្យ​អធិស្ឋាន​ដល់​ព្រះអម្ចាស់​ដើម្បី​សូម​ជំនួយ ។ នៅក្នុង​ការអធិស្ឋាន​របស់​លោក បងប្រុស​របស់​យ៉ារេឌ​បាន​ទូលសូម​ព្រះអម្ចាស់​កុំឲ្យ​ផ្លាស់ប្តូរ​ភាសា​របស់​គ្រួសារ និង​មិត្តភក្តិ​របស់​លោក ។ ដូច្នោះ​ពួកគេ​នៅតែ​អាច​យល់​ពី​គ្នា​ទៅវិញ​ទៅមក ។

អេធើរ ១:៣៣–៣៦

យ៉ារេឌ និង​បងប្រុស​របស់​លោក​និយាយ​ជាមួយ​គ្រួសារ​របស់​ពួកលោក

ព្រះអម្ចាស់​មាន​សេចក្តី​ស្រឡាញ់ និង​សេចក្ដី​សប្បុរស ។ ទ្រង់​មិន​បាន​ផ្លាស់ប្តូរ​ភាសា​របស់​គ្រួសារ និង​មិត្តភក្តិ​របស់​យ៉ារេឌ​ទេ ។ ក្រោយមក ព្រះអម្ចាស់​បាន​ប្រាប់​បងប្រុស​របស់​យ៉ារេឌ​ថា ទ្រង់​បាន​រៀបចំ​ដែនដី​ពិសេស​មួយ​សម្រាប់​ពួកគេ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ទ្រង់​នឹង​ដឹកនាំ​ពួកគេ​ទៅ​ទីនោះ ។

អេធើរ ១:៣៥–៤២

យ៉ារេឌ បងប្រុស​របស់​លោក និង​គ្រួសារ​របស់​ពួកលោក​ចាកចេញ​ពី​ទីក្រុង ហើយ​ពួកគេ​នាំយក​សត្វ​ជាច្រើនទៅ​ជាមួយ​ពួកគេ

យ៉ារេឌ និង​បងប្រុស​របស់​លោក​បាន​ប្រមូលផ្តុំ​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់​ពួកលោក ។ ពួកគេ​ក៏​បាន​ប្រមូលផ្តុំ​សត្វ​របស់​ពួកគេ និង​គ្រាប់ពូជ​គ្រប់​ប្រភេទ​ផងដែរ ។ បន្ទាប់​មក ពួកគេ​បាន​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ និង​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីរហោស្ថាន ។ ព្រះអម្ចាស់​បាន​ដឹកនាំ​ពួកគេ​ដោយ​មាន​ព្រះបន្ទូល​ជាមួយ​ពួកគេ​ពី​ពពក ។

អេធើរ ១:៤០–៤៣; ២:១–៦

ក្រុមគ្រួសារ​មក​ដល់​សមុទ្រ

បន្ទាប់ពី​ធ្វើដំណើរ​ដ៏​ឆ្ងាយ ពួកគេ​បាន​មក​ដល់​សមុទ្រ​មួយ ។ ពួកគេ​បាន​រស់នៅ​លើ​ឆ្នេរ​សមុទ្រ​អស់​រយៈពេល​បួនឆ្នាំ ។ អស់​រយៈពេល​ជា​យូរ បងប្រុស​របស់​យ៉ារេឌ​មិន​បាន​អធិស្ឋាន​ដល់​ព្រះអម្ចាស់​ទេ ។

អេធើរ ២:១៣–១៤

បងប្រុស​របស់​យ៉ារេឌ​អធិស្ឋាន

ព្រះអម្ចាស់​បាន​ព្រមាន​បងប្រុស​របស់​យ៉ារេឌ​ឲ្យ​អធិស្ឋាន​ម្តង​ទៀត ។ បងប្រុស​របស់​យ៉ារេឌ​បាន​ប្រែចិត្ត និង​បាន​អធិស្ឋាន​ដល់​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​បាន​អត់ទោស​ដល់​គាត់ ។

អេធើរ ២:១៤–១៥

បងប្រុស​របស់​យ៉ារេឌ​ឆ្លាក់​នាវា​តូច​មួយ

ព្រះអម្ចាស់​បាន​បង្រៀន​បងប្រុស​របស់​យ៉ារេឌ ដើម្បី​សាងសង់​នាវា​ដែល​គេ​ហៅ​ថា​ភេត្រា ។ ក្រុមគ្រួសារ​អាច​ជិះ​ភេត្រា​ឆ្លងកាត់​សមុទ្រ​ទៅកាន់​ដែនដី​សន្យា​បាន ។

អេធើរ ២:១៥–១៧

បងប្រុស​របស់​យ៉ារេឌ​មើល​ទៅ​ភេត្រា តង់ និង​សមុទ្រ

បងប្រុស​របស់​យ៉ារេឌ និង​គ្រួសារ​របស់​លោក​បាន​សាងសង់​ភេត្រា​ទាំងឡាយ ។ លោក​បាន​ឃើញ​ថា មិន​មាន​ពន្លឺ​នៅខាង​ក្នុង​ភេត្រា​ទាំងនោះ​ទេ ។ លោក​បាន​ទូលសួរ​ព្រះអម្ចាស់​ថា តើ​ពួកគេ​នឹង​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​សមុទ្រ​ក្នុង​ភាពងងឹត​ឬ ។ ព្រះអម្ចាស់​បាន​ប្រាប់​បងប្រុស​របស់​យ៉ារេឌ​ឲ្យ​គិត​ពី​វិធី​មួយ​ដែល​ធ្វើ​ឲ្យ​នាវា​មាន​ពន្លឺ ។

អេធើរ ២:១៦–១៩, ២២–២៥

រូប​ព្រះយេស៊ូវ​គ្រីស្ទ​ព្រាលៗ និង​ព្រះហស្ដ​របស់​ទ្រង់​បាន​លាត​សន្ធឹង​ដើម្បី​ទៅ​ពាល់​គ្រួស​នៅក្នុង​ដៃ​បងប្រុស​របស់​យ៉ារេឌ

បងប្រុស​របស់​យ៉ារេឌ​បាន​បំបែក​ថ្ម​ជា​គ្រួស​ភ្លឺថ្លា​តូចៗ ១៦ ដុំ ។ លោក​បាន​ទូលសូម​ព្រះអម្ចាស់​ឲ្យ​ពាល់​គ្រួស​ទាំងនោះ និង​ធ្វើ​ឲ្យ​វា​ភ្លឺ​ឡើង ។ ព្រះអម្ចាស់​បាន​ឈោង​ព្រះហស្ដ​របស់​ទ្រង់​ទៅ ហើយ​ពាល់​គ្រួស​ម្ដង​មួយៗ​ដោយ​ព្រះអង្គុលី​របស់​ទ្រង់ ។ បងប្រុស​របស់​យ៉ារេឌ​អាច​មើល​ឃើញ​ព្រះអង្គុលី​របស់​ព្រះអម្ចាស់ ។ លោក​មាន​ការភ្ញាក់ផ្អើល​ដែល​ព្រះអម្ចាស់​មាន​រាងកាយ​ដូចជា​លោក​ដែរ ។

អេធើរ ៣:១–៨

ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះបន្ទូល​ទៅកាន់​បងប្រុស​របស់​យ៉ារេឌ

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា បងប្រុស​របស់​យ៉ារេឌ​មាន​សេចក្ដី​ជំនឿ​យ៉ាង​ខ្លាំង ។ បន្ទាប់មក​ព្រះអម្ចាស់​បាន​យាង​មក និង​បង្ហាញព្រះកាយ​ជា​វិញ្ញាណ​របស់​ទ្រង់​ដល់​បងប្រុស​របស់​យ៉ារេឌ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ » ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ទ្រង់​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ ។ ទ្រង់​បាន​បង្រៀន​បងប្រុស​របស់​យ៉ារេឌ​នូវ​ការណ៍​ជាច្រើន​ទៀត ។

អេធើរ ៣:៩–២០, ២៥–២៧

បងប្រុស​របស់​យ៉ារេឌ​សរសេរ ហើយ​មាន​គ្រួសមួយចាន​គ្រប​នៅ​ក្បែរ​លោក

បងប្រុស​របស់​យ៉ារេឌ​បាន​ត្រឡប់​ទៅ​រកក្រុមគ្រួសារ និង​មិត្តភក្តិ​របស់​លោក​វិញ ។ លោក​បាន​សរសេរ​នូវ​អ្វី​ដែល​លោក​បានរៀន ពេល​ដែល​លោក​នៅ​ជាមួយ​នឹង​ព្រះអម្ចាស់ ។ លោក​ក៏​បាន​ដាក់​គ្រួស​នៅក្នុង​ភេត្រា​ផងដែរ ។ ឥឡូវនេះ ពួកគេ​មាន​ពន្លឺ​សម្រាប់​ការធ្វើដំណើរ​របស់​ពួកគេ ។

អេធើរ ៤:១; ៦:២–៣

ភេត្រា​ធ្វើ​ដំណើរ​នៅលើ​សមុទ្រ​ដែល​មាន​ព្យុះ

ក្រុមគ្រួសារ​បាន​ចូល​ទៅក្នុង​ភេត្រា​ដើម្បី​ឆ្លងកាត់​សមុទ្រ ។ ពួកគេ​បាន​ទុកចិត្ត​លើ​ព្រះអម្ចាស់​ដើម្បី​ថែទាំ​ពួកគេ ។ មាន​ព្យុះ និង​រលក​ជាច្រើន ។ ពេលខ្លះ ទឹក​បាន​គ្របដណ្តប់​ភេត្រា​ទាំងស្រុង ។ ប៉ុន្តែ​ពួកគេ​បាន​អធិស្ឋាន ហើយ​ព្រះអម្ចាស់​បាន​នាំ​ពួកគេឲ្យ​អណ្តែតនៅ​លើ​ទឹក​វិញ ។ ពួកគេ​បាន​ច្រៀង​ចម្រៀងជាច្រើន ដើម្បី​ថ្លែង​អំណរគុណ​ដល់​ព្រះអម្ចាស់ ។

អេធើរ ៦:៤–១០

យ៉ារេឌ បងប្រុស​របស់​លោក និង​ក្រុមគ្រួសារ​របស់​ពួកលោក​មកដល់​ដែនដី​ថ្មី

បន្ទាប់​ពី​ជិត​មួយ​ឆ្នាំ ពួកគេ​បាន​ទៅ​ដល់​ដែនដី​ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​ពួកគេ ។ ពួកគេ​យំ​ដោយ​សេចក្តី​រីករាយ និង​បាន​អរព្រះគុណ​ទ្រង់ ។

អេធើរ ៦:១១–១២