« អេណុស » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
« អេណុស » ដំណើររឿងព្រះគម្ពីរមរមន
អេណុស
ការអធិស្ឋានដ៏ខ្លាំងក្លាមួយទៅកាន់ព្រះអម្ចាស់
យ៉ាកុបបានប្រគល់ផ្ទាំងទាំងនេះទៅឲ្យកូនប្រុសរបស់លោកឈ្មោះអេណុស ។ អេណុសបានសរសេរលើផ្ទាំងទាំងនោះដូចជាយ៉ាកុបបានធ្វើដែរ ។ នៅថ្ងៃមួយ អេណុសបានទៅប្រមាញ់សត្វក្នុងព្រៃ ។ លោកនឹកចាំពីអ្វីដែលឪពុករបស់លោកបានបង្រៀនអំពីព្រះអម្ចាស់ ។ យ៉ាកុបបានបង្រៀនអេណុសថា ការធ្វើតាមព្រះអម្ចាស់នឹងនាំឲ្យលោកមានអំណរ ។
អេណុសចង់មានអំណរ ដែលឪពុករបស់លោកបាននិយាយនោះ ។ លោកបានសម្រេចចិត្តអធិស្ឋានទៅកាន់ព្រះអម្ចាស់ ។ លោកបានអធិស្ឋានពេញមួយយប់រហូតទល់ភ្លឺ ។
ព្រះអម្ចាស់ក៏មានបន្ទូលទៅអេណុសថា អំពើបាបរបស់លោកត្រូវបានអភ័យទោសឲ្យហើយ ។ អេណុសមានអារម្មណ៍រីករាយយ៉ាងខ្លាំង ។ អេណុសទទួលបានពរជ័យ ដោយសារតែសេចក្ដីជំនឿរបស់លោកលើព្រះយេស៊ូវគ្រីស្ទ ។
អេណុសចង់ឲ្យពួកសាសន៍នីហ្វៃមានអារម្មណ៍សុភមង្គលដូចគ្នានេះដែរ ។ លោកបានបន្តអធិស្ឋាន ។ លោកបានទូលសូមព្រះអម្ចាស់ឲ្យពួកសាសន៍នីហ្វៃមានអំណរដូចគ្នានេះ ។
ព្រះអម្ចាស់មានបន្ទូលប្រាប់អេណុសថា ទ្រង់នឹងគង់នៅជាមួយពួកសាសន៍នីហ្វៃ ប្រសិនបើពួកគេកាន់តាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ នៅពេលអេណុសបានឮដូច្នេះ នោះសេចក្ដីជំនឿរបស់លោកលើព្រះអម្ចាស់បានរីកចម្រើនកាន់តែរឹងមាំជាងមុនទៀត ។
អេណុសបានអធិស្ឋានម្ដងទៀត ។ លោកបានសូមឲ្យព្រះអម្ចាស់ប្រទានពរដល់ពួកសាសន៍លេមិន និងរក្សាការសរសេរនៅលើផ្ទាំងទាំងនេះឲ្យមានសុវត្ថិភាព ។ លោកចង់ឲ្យពួកសាសន៍លេមិនអាចអានផ្ទាំងទាំងនេះបាន និងជឿលើព្រះអម្ចាស់ ។ ព្រះអម្ចាស់បានសន្យានឹងអេណុសថា ពួកសាសន៍លេមិននឹងអានការសរសេរនេះនៅថ្ងៃណាមួយ ។