« ដើមអូលីវ » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
ដើមអូលីវ
សេចក្ដីស្រឡាញ់របស់ព្រះសម្រាប់ប្រជាជនរបស់ទ្រង់
យ៉ាកុបគឺជាព្យាការីនៃព្រះ ។ លោកចង់បង្រៀនពួកសាសន៍នីហ្វៃឲ្យដឹងថា តើព្រះស្រឡាញ់ប្រជាជនរបស់ទ្រង់ខ្លាំងប៉ុណ្ណា ។ យ៉ាកុបបានប្រាប់ពួកគេនូវដំណើររឿងមួយអំពីចម្ការដើមអូលីវ ។ ម្ចាស់ចម្ការ និងអ្នកបម្រើរបស់លោកបានធ្វើការជាមួយគ្នាដើម្បីថែទាំចម្ការនោះ ។
ម្ចាស់ចម្ការនេះមានដើមអូលីវពិសេសមួយ ដែលមានផ្លែល្អ ។ យ៉ាកុបបាននិយាយថា ដើមនេះគឺដូចជាប្រជាជនរបស់ព្រះ ឬដូចជាវង្សអ៊ីស្រាអែលដែរ ។ ផ្លែវាគឺដូចជាសកម្មភាពរបស់មនុស្ស ។ ម្ចាស់ចម្ការថែទាំដើមនេះយ៉ាងដិតដល់ ។ លោកបានជួយឲ្យវាដុះឡើង ដោយការដាក់ជីឲ្យឫស និងការកាត់មែកវាខ្លះចេញ ។ លោកបានឲ្យវានូវអ្វីដែលវាត្រូវការដើម្បីរស់ ។
មួយរយៈក្រោយមក ដើមឈើពិសេសរបស់លោកបានចាប់ផ្ដើមងាប់ ។ នៅសល់តែមែកពីរបីប៉ុណ្ណោះដែលនៅរស់ ។ ការណ៍នេះធ្វើឲ្យម្ចាស់ចម្ការពិបាកចិត្ត ។ លោកចង់ឲ្យវាបន្ដលូតលាស់ផ្ដល់ផ្លែល្អ ។
ដើម្បីសង្គ្រោះមែកដែលល្អៗ ម្ចាស់ចម្ការបានកាត់វាចេញ ហើយយកវាទៅបំបៅជាប់ទៅនឹងដើមផ្សេងទៀត ។ បន្ទាប់មក លោកបានបំបៅដើមនោះដោយមែកល្អៗមកពីដើមផ្សេងទៀត ។
រយៈពេលយូរបានកន្លងផុតទៅ ។ ម្ចាស់ចម្ការ និងអ្នកបម្រើបានមកចម្ការនេះជាញឹកញាប់ ។ ពួកគេបានថែទាំដើមពិសេសរបស់ម្ចាស់ចម្ការ ។ ពួកគេក៏បានថែទាំមែកពិសេស ដែលបានបែកខ្ញែកទៅដើមផ្សេងទៀតពេញមួយចម្ការផងដែរ ។ ផ្លែភាគច្រើនដែលបានលូតលាស់ឡើងគឺល្អ ។ ផ្លែល្អនោះធ្វើឲ្យម្ចាស់ចម្ការ និងអ្នកបម្រើសប្បាយចិត្ត ។
មួយរយៈពេលក្រោយមក ដើមនីមួយៗបានឲ្យផ្លែកាន់តែច្រើនឡើង ។ ប៉ុន្តែឥឡូវនេះ ផ្លែទាំងអស់មិនល្អទេ ។ ម្ចាស់ចម្ការពិបាកចិត្តខ្លាំងណាស់ ។ លោកមិនចង់បាត់បង់ចម្ការរបស់លោក ឬផ្លែទាំងនោះទេ ! លោកបានខំធ្វើការខ្លាំងដើម្បីជួយដើមឈើរបស់លោក ។ លោកឆ្ងល់ថា តើលោកអាចធ្វើអ្វីទៀតបាន ។ លោកបាននិយាយជាមួយអ្នកបម្រើ ហើយបានជ្រើសរើសដើម្បីខិតខំបន្ដទៀត ។
ដើម្បីសង្គ្រោះចម្ការរបស់លោក ម្ចាស់ចម្ការប្រាប់ឲ្យប្រមូលមែកទាំងឡាយ ដែលលោកបានកាត់ចេញពីដើមពិសេសនោះ ។ លោកបានប្រាប់ឲ្យបំបៅវាទៅនឹងដើមពិសេសនោះម្ដងទៀត ។
នេះគឺជាលើកចុងក្រោយដែលម្ចាស់ចម្ការនឹងធ្វើការនៅក្នុងចម្ការរបស់លោក ។ លោកបានហៅអ្នកបម្រើផ្សេងទៀតឲ្យមកជួយ ។ គ្រប់គ្នាធ្វើការជាមួយគ្នាដើម្បីប្រមូល និងបំបៅមែកទាំងនោះ ។
ពួកគេបានថែទាំដើមឈើទាំងអស់ ។ ពួកគេបានកាត់មែកមិនល្អចេញ ហើយទុកមែកដែលល្អៗ ។ មួយរយៈក្រោយមក ដើមឈើពិសេសរបស់ម្ចាស់ចម្ការចាប់ផ្ដើមឲ្យផ្លែល្អម្ដងទៀត ។ ដើមផ្សេងទៀតក៏ឲ្យផ្លែដែរ ហើយវាល្អៗដូចជាផ្លែដើមពិសេសដែរ ។ ម្ចាស់ចម្ការសប្បាយចិត្ត ។ ដើមឈើរបស់លោករស់ហើយ ! ដើមទាំងអស់ផ្តល់ផ្លែ ដែលលោកចង់ឲ្យវាមាន ។
ម្ចាស់ចម្ការអរគុណដល់ពួកអ្នកបម្រើ ។ លោកបានប្រាប់ពួកគេថា ពួកគេមានពរជ័យដែលបានខិតខំធ្វើការ និងបានស្ដាប់តាមបង្គាប់របស់លោក ។ លោកបានចែកផ្លែនោះឲ្យពួកគេ ហើយវាធ្វើឲ្យពួកគេរីករាយយ៉ាងខ្លាំង ។ អស់រយៈពេលដ៏យូរ ម្ចាស់ចម្ការរីករាយនឹងផលផ្លែនោះ ។
យ៉ាកុបបានបញ្ចប់ដំណើររឿងអំពីដើមអូលីវ ។ លោកបានបង្រៀនប្រជាជនថា ព្រះខ្វល់ព្រះទ័យពីពួកគេ គឺដូចជាម្ចាស់ចម្ការថែទាំដើមឈើរបស់លោកដែរ ។ យ៉ាកុបបានសុំឲ្យគ្រប់គ្នាប្រែចិត្ត ហើយចូលមកកាន់តែជិតព្រះ ។ លោកបានបង្រៀនពួកគេឲ្យស្រឡាញ់ និងបម្រើដល់ព្រះ ដោយសារព្រះតែងតែឈោងមកជួយពួកគេជានិច្ច ។