« ព្យុះនៅលើសមុទ្រ » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
« ព្យុះនៅលើសមុទ្រ » ដំណើររឿងព្រះគម្ពីរមរមន
ព្យុះនៅលើសមុទ្រ
ការរកឃើញសេចក្តីសុខសាន្ដនៅក្នុងព្រះអម្ចាស់
ព្រះអម្ចាស់បានមានបន្ទូលប្រាប់លីហៃថា វាដល់ពេលដើម្បីឡើងលើសំពៅហើយ ។ ក្រុមគ្រួសារបានរៀបចំខ្ចប់អាហារជាច្រើនដើម្បីទុកបរិភោគ ពេលពួកគេធ្វើដំណើរ ។ បន្ទាប់មក ពួកគេទាំងអស់គ្នាបានឡើងលើសំពៅ ហើយបាននាវាចរទៅកាន់ដែនដីសន្យា ។
បន្ទាប់ពីនៅលើសមុទ្រជាច្រើនថ្ងៃមក សមាជិកគ្រួសារមួយចំនួនបានចាប់ផ្ដើមលែងមានការគោរពគ្នា និងចាប់ផ្ដើមអួតអាង ។ ពួកគេបានភ្លេចថា ព្រះអម្ចាស់បានជួយដល់ពួកគេ ។
នីហ្វៃបានព្រួយបារម្ភថា ពួកគេអាចនឹងធ្វើឲ្យព្រះអម្ចាស់អាក់អន់ព្រះទ័យ ។ បើគ្មានជំនួយពីព្រះអម្ចាស់ទេ នោះសំពៅរបស់ពួកគេនឹងមិនមានសុវត្ថិភាពឡើយ ។ នីហ្វៃបានសូមឲ្យបងប្រុសៗរបស់លោកឈប់ ។
លេមិន និងលេមយួល បានខឹងសម្បារនឹងនីហ្វៃ ។ ពួកគេបានចងលោក ហើយធ្វើអាក្រក់ដាក់លោក ។ ពួកគេមិនបានគោរពតាមព្រះអម្ចាស់ទេ ហើយលីអាហូណាលែងដំណើរការ ។ មិនយូរប៉ុន្មាន មានខ្យល់ព្យុះដ៏ធំមួយបានបោកបក់មកដល់ ។ ក្រោយពីស្ថិតក្រោមព្យុះនេះបានបីថ្ងៃ ពួកគេទាំងអស់គ្នាបានភ័យខ្លាចថា ពួកគេនឹងលិចលង់ទៅ ។
គ្រួសាររបស់នីហ្វៃបានអង្វរ លេមិន និងលេមយួល ឲ្យស្រាយចំណងនីហ្វៃ ។ ប៉ុន្ដែលេមិន និងលេមយួល នៅតែមិនព្រមឲ្យនរណាស្រាយចំណងនីហ្វៃឡើយ ។ សារ៉ាយ និងលីហៃបានក្រៀមក្រំ ហើយធ្លាក់ខ្លួនឈឺជាទម្ងន់ ។ ព្យុះមិនបានឈប់ទេ ។
នៅថ្ងៃទីបួន លេមិន និងលេមយួលបានដឹងថា សំពៅនេះហៀបនឹងលិចហើយ ។ ពួកគេបានប្រែចិត្ត ហើយបានស្រាយចំណងនីហ្វៃ ។ នៅពេលនីហ្វៃបានអធិស្ឋាន នោះព្យុះបានឈប់ទៅ ។ លីអាហូណាបានដំណើរការម្ដងទៀត ។ នីហ្វៃបានប្រើវាដើម្បីនាវាចរសំពៅទៅកាន់ទិសដៅត្រឹមត្រូវ ។
ក្រោយពីធ្វើដំណើរជាច្រើនថ្ងៃមក ក្រុមគ្រួសារក៏បានមកដល់ដែនដីសន្យា ។