« នីហ្វៃ និងផ្ទាំងលង្ហិន » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
នីហ្វៃ និងផ្ទាំងលង្ហិន
ការរៀនធ្វើតាមព្រះវិញ្ញាណ
លេមិន លេមយួល សាំ និងនីហ្វៃ បានត្រឡប់ទៅក្រុងយេរូសាឡិមវិញនៅពេលយប់ ។ នីហ្វៃបានទៅផ្ទះរបស់ឡាបាន់ ខណៈដែលបងប្រុសៗរបស់លោកបានលាក់ខ្លួននៅខាងក្រៅទីក្រុង ។
នីហ្វៃបានអនុញ្ញាតឲ្យព្រះវិញ្ញាណដឹកនាំលោក ។ លោកមិនដឹងថា តើលោកគួរធ្វើអ្វីនោះទេ ប៉ុន្តែលោកបានដឹងថា ព្រះអម្ចាស់នឹងជួយដល់លោក ដើម្បីយកបានផ្ទាំងលង្ហិនទាំងនេះ ។
នៅពេលដែលនីហ្វៃមកដល់ជិតផ្ទះរបស់ឡាបាន់ លោកបានឃើញឡាបាន់ដេកនៅលើដី ។ ឡាបាន់បានស្រវឹង ។ នីហ្វៃបានឃើញដាវរបស់ឡាបាន់ ហើយបានរើសវាឡើង ។
នៅពេលនីហ្វៃបានមើលទៅដាវនោះ ព្រះវិញ្ញាណបានមានបន្ទូលប្រាប់លោកឲ្យសម្លាប់ឡាបាន់ចោល ។ ប៉ុន្តែនីហ្វៃមិនចង់សម្លាប់គាត់ទេ ។ ព្រះវិញ្ញាណបានប្រាប់នីហ្វៃថា វាប្រសើរជាងដែលឡាបាន់ត្រូវស្លាប់ ជាជាងការដែលគ្រួសាររបស់នីហ្វៃគ្មានព្រះគម្ពីរ ។ ពួកគេត្រូវការបទបញ្ញត្តិរបស់ព្រះ ដែលបានសរសេរនៅលើផ្ទាំងលង្ហិនទាំងនេះ ។
នីហ្វៃបានដឹងថា ឡាបាន់បានព្យាយាមសម្លាប់លោក ។ ឡាបាន់ក៏បានលួចទ្រព្យសម្បត្តិរបស់ពួកគេផងដែរ ហើយមិនបានគោរពតាមបទបញ្ញត្តិរបស់ព្រះឡើយ ។
ព្រះវិញ្ញាណបានប្រាប់នីហ្វៃម្តងទៀតថាឲ្យសម្លាប់ឡាបាន់ចោល ។ នីហ្វៃបានដឹងថា ព្រះអម្ចាស់បានរៀបចំផ្លូវមួយដើម្បីឲ្យលោកទទួលបានផ្ទាំងលង្ហិនទាំងនេះ ។ លោកបានជ្រើសរើសគោរពតាមព្រះវិញ្ញាណ ។ នីហ្វៃបានសម្លាប់ឡាបាន់ ហើយបានស្លៀកពាក់សម្លៀកបំពាក់របស់ឡាបាន់ ។
បន្ទាប់មក នីហ្វៃបានទៅរកឃ្លាំងរបស់ឡាបាន់ ហើយបានជួបនឹងអ្នកបម្រើរបស់ឡាបាន់ឈ្មោះថា សូរាំ ។ នីហ្វៃបានធ្វើជា និងនិយាយដូចជាឡាបាន់ ។
នីហ្វៃបានប្រាប់សូរាំថា លោកត្រូវការផ្ទាំងលង្ហិន ។ បន្ទាប់មក នីហ្វៃបានប្រាប់សូរាំឲ្យមកជាមួយគាត់ ។ សូរាំបានគិតថា នីហ្វៃគឺជាឡាបាន់ ដូច្នេះហើយ គាត់បានធ្វើអ្វីដែលនីហ្វៃចង់បាន ។
នៅពេលដែលនីហ្វៃ និងសូរាំបានចេញពីទីក្រុង នោះលេមិន លេមយួល និងសាំ បានគិតថា នីហ្វៃគឺជាឡាបាន់ ។ ពួកគេបានភ័យខ្លាច ហើយបានចាប់ផ្តើមរត់គេច ។
នីហ្វៃបានហៅបងប្រុសៗរបស់លោក ។ នៅពេលពួកគេបានដឹងថា វាគឺជានីហ្វៃ នោះពួកគេបានឈប់រត់ ។ ប៉ុន្តែក្រោយមក សូរាំបានភ័យខ្លាច ហើយព្យាយាមរត់ត្រឡប់ទៅក្រុងយេរូសាឡិមវិញ ។
នីហ្វៃបានចាប់សូរាំជាប់ ។ លោកបានប្រាប់សូរាំថា ព្រះអម្ចាស់បានបញ្ជាពួកគេឲ្យមកយកផ្ទាំងទាំងនេះ ។ លោកបានអញ្ជើញសូរាំឲ្យទៅជាមួយនឹងពួកគេ ទៅកាន់ដែនដីសន្យា ។ សូរាំបានដឹងថា គាត់អាចជាមនុស្សមានសេរីភាពបាន មិនមែនជាអ្នកបម្រើទៀតទេ ហើយបានសន្យាថានឹងទៅជាមួយនីហ្វៃ និងគ្រួសាររបស់លោក ។
ពួកគេបានធ្វើដំណើរត្រឡប់ទៅរកលីហៃ និងសារ៉ាយវិញ ។ លីហៃ និងសារ៉ាយ សប្បាយចិត្តខ្លាំងណាស់ ដែលបានឃើញកូនប្រុសទាំងឡាយរបស់ពួកលោក ។ សារ៉ាយបានគិតថា កូនប្រុសទាំងឡាយរបស់គាត់បានស្លាប់ហើយ ។ ដោយសារព្រះអម្ចាស់បានរក្សាកូនប្រុសរបស់គាត់ឲ្យមានសុវត្ថិភាព ឥឡូវនេះ គាត់ជឿជាក់ថា គ្រួសាររបស់ពួកគាត់ត្រូវបានបញ្ជាឲ្យចាកចេញពីក្រុងយេរូសាឡិម ។ គ្រួសាររបស់ លីហៃ និង សារ៉ាយ បានថ្វាយយញ្ញបូជាដើម្បីអរព្រះគុណដល់ព្រះអម្ចាស់ ។
លីហៃបានអានផ្ទាំងលង្ហិន ។ លោកបានឃើញថា ផ្ទាំងទាំងនោះមាននូវការបង្រៀនរបស់ពួកព្យាការី ។ លោកបានដឹងដែរថា បុព្វការីជនរបស់លោកម្នាក់ឈ្មោះថាយ៉ូសែប ដែលបានលក់ទៅស្រុកអេស៊ីព្ទ ដោយបងប្រុសរបស់លោកជាយូរលង់មកហើយ ។ លីហៃបានដឹងថា ផ្ទាំងលង្ហិននេះគឺសំខាន់ណាស់ ។ លោកបានដឹងថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យគ្រួសាររបស់លោកមានបទបញ្ញត្តិទាំងឡាយ ។