« ស្ដ្រីនៅក្នុងទីរហោស្ថាន » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
ស្ដ្រីនៅក្នុងទីរហោស្ថាន
ការដើរជាមួយនឹងព្រះអម្ចាស់
កូនស្រីទាំងឡាយរបស់អ៊ីសម៉ាអែល បានធ្វើដំណើរជាមួយគ្រួសាររបស់ពួកគេនៅក្នុងទីរហោស្ថាន ។ ការធ្វើដំណើររបស់ពួកគេមានការលំបាក ។ មួយរយៈក្រោយមក ពួកគេបានរៀបការជាមួយនឹងកូនប្រុសទាំងឡាយរបស់លីហៃ និងសារ៉ាយ ។
នៅថ្ងៃមួយ អ៊ីសម៉ាអែលបានស្លាប់ ។ កូនស្រីទាំងឡាយរបស់គាត់បានយំសោកយ៉ាងខ្លាំង ។ ពួកគេបាននឹកឪពុករបស់ពួកគេ ។ កូនស្រីទាំងនោះព្រួយបារម្ភថា ពួកគេនិងក្រុមគ្រួសាររបស់ពួកគេក៏នឹងត្រូវស្លាប់នៅក្នុងទីរហោស្ថានដែរ ។ ពួកគេបានអន់ចិត្តនឹងលីហៃ និងនីហ្វៃ ហើយពួគគេចង់ត្រឡប់ទៅផ្ទះនៅក្រុងយេរូសាឡិមវិញ ។
ព្រះសូរសៀងរបស់ព្រះអម្ចាស់បានមានបន្ទូលទៅកាន់កូនស្រីទាំងឡាយរបស់អ៊ីសម៉ាអែល និងក្រុមគ្រួសាររបស់ពួកគេ ។ ពួកគេបានប្រែចិត្ត ហើយព្រះអម្ចាស់បានប្រទានពរដល់ពួកគេ ។
ស្ដ្រីទាំងនេះមានកូននៅក្នុងទីរហោស្ថាន ។ សារ៉ាយក៏បានមានកូនប្រុសពីរនាក់ទៀតផងដែរ គឺយ៉ាកុប និងយ៉ូសែប ។
ព្រះអម្ចាស់បានជួយស្ត្រីទាំងនេះនៅក្នុងការធ្វើដំណើររបស់ពួកគេ ។ ទ្រង់បានប្រទានពរដល់ពួកគេឲ្យមានទឹកដោះច្រើនសម្រាប់ទារករបស់ពួកគេ ។ ទ្រង់បានជួយស្ដ្រីទាំងនេះឲ្យមានសុខភាពរឹងមាំ នៅពេលពួកគេធ្វើដំណើរ ។
ព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់បានដឹកនាំកូនស្រីទាំងឡាយ និងក្រុមគ្រួសាររបស់ពួកគេទៅកាន់ដែនដីសន្យា ។ ព្រះអម្ចាស់បានសន្យានឹងក្រុមគ្រួសារទាំងនេះថា ពួកគេនឹងមានអ្វីៗទាំងអស់ដែលពួកគេត្រូវការ នៅពេលពួកគេធ្វើដំណើរ ។ ទ្រង់បានរៀបចំអាហារ ដែលពួកគេបរបាញ់បាននោះឲ្យក្លាយជាអាហារល្អដើម្បីបរិភោគ ហើយទ្រង់បានណែនាំពួកគេ ។
ប្រាំបីឆ្នាំក្រោយមកនៅក្នុងទីរហោស្ថាន ក្រុមគ្រួសារទាំងនេះបានមកដល់សមុទ្រ ។ ស្ដ្រីទាំងនេះបានអររីករាយជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ ។ ដែនដីនៅក្បែរសមុទ្រគឺស្រស់ស្អាតណាស់ ។ ពួកគេបានហៅវាថា ដែនដីបរិបូរណ៍ ដោយសារវាមានសុទ្ធតែផ្លែឈើ និងទឹកឃ្មុំដើម្បីបរិភោគ ។ ព្រះអម្ចាស់បានរៀបចំអ្វីៗទាំងអស់សម្រាប់ពួកគេ ។