« ត្រឡប់ទៅក្រុងយេរូសាឡិមវិញ » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
« ត្រឡប់ទៅក្រុងយេរូសាឡិមវិញ » ដំណើររឿងព្រះគម្ពីរមរមន
ត្រឡប់ទៅក្រុងយេរូសាឡិមវិញ
ដំណើរទៅរកផ្ទាំងលង្ហិន
គ្រួសាររបស់ លីហៃ និងសារ៉ាយ បានធ្វើដំណើរក្នុងទីរហោស្ថាន ។ នៅក្នុងសុបិនមួយ ព្រះអម្ចាស់មានបន្ទូលប្រាប់លីហៃអំពីព្រះគម្ពីរ ដែលបានសរសេរនៅលើផ្ទាំងលង្ហិន ។ បុរសម្នាក់ឈ្មោះ ឡាបាន់ មានផ្ទាំងនោះនៅក្រុងយេរូសាឡិម ។ ព្រះអម្ចាស់មានបន្ទូលថា គ្រួសាររបស់លីហៃត្រូវការផ្ទាំងលង្ហិនទាំងនេះយកទៅជាមួយពួកគេ នៅពេលពួកគេធ្វើដំណើរ ។
ព្រះអម្ចាស់បានប្រាប់លីហៃឲ្យបញ្ជូនកូនប្រុសៗរបស់លោកត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ដើម្បីទៅយកផ្ទាំងលង្ហិន ។ បងប្រុសៗរបស់នីហ្វៃបានរអ៊ូរទាំ ។ ពួកគេបានប្រាប់លីហៃថា វាគឺជារឿងពិបាកធ្វើ ។ ពួកគេមិនចង់ទៅនោះទេ ។
វាគឺជារឿងដ៏លំបាកខ្លាំងមួយដែលត្រូវធ្វើ ប៉ុន្តែនីហ្វៃចង់គោរពតាម ។ លោកបានដឹងថា ព្រះអម្ចាស់នឹងជួយដល់លោក និងបងប្រុសៗរបស់លោក ។ នីហ្វៃបានប្រាប់លីហៃថា លោកនឹងត្រឡប់ទៅក្រុងយេរូសាឡិមវិញ ហើយយកផ្ទាំងលង្ហិននោះ ។
លេមិន លេមយួល សាំ និង នីហ្វៃ បានត្រឡប់ទៅក្រុងយេរូសាឡិមវិញ ។ នៅពេលពួកគេបានទៅដល់ទីនោះ ពួកគេបានសម្រេចចិត្តថា លេមិន គួរទៅផ្ទះរបស់ឡាបាន់ ហើយសូមយកផ្ទាំងលង្ហិននោះ ។
នៅពេល លេមិន បានសូមយកផ្ទាំងលង្ហិននោះ ឡាបាន់ បានចោទគាត់ថាជាចោរ ។ ឡាបាន់បាននិយាយថា គាត់នឹងសម្លាប់លេមិនចោល ។
លេមិនបានរត់គេចខ្លួន ហើយប្រាប់ប្អូនប្រុសៗរបស់គាត់នូវអ្វីដែលបានកើតឡើង ។
បងប្អូនប្រុសទាំងបួននាក់នេះមានចិត្តសោកសៅ ។ លេមិន លេមយួល និង សាំ ចង់ត្រឡប់ទៅរកឪពុកម្ដាយរបស់ពួកគេវិញនៅក្នុងទីរហោស្ថាន ប៉ុន្តែនីហ្វៃមានគំនិតមួយ ។ លោកបាននិយាយថា ពួកគេអាចដោះដូរជាមួយនឹងឡាបាន់ ដើម្បីទទួលបានផ្ទាំងលង្ហិននោះ ។ ពួកគេបានត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅក្នុងទីក្រុង ហើយបានយកមាស និងប្រាក់ទាំងអស់របស់ពួកគេដើម្បីទៅដោះដូរ ។
នៅពេលដែលពួកគេបានបង្ហាញមាស និងប្រាក់ដល់ឡាបាន់ហើយ គាត់ចង់បានអ្វីទាំងអស់នោះ ។ ប៉ុន្តែគាត់នៅតែមិនឲ្យផ្ទាំងលង្ហិនទៅពួកគេដដែល ។ ផ្ទុយទៅវិញ គាត់បានប្រាប់អ្នកបម្រើរបស់គាត់ឲ្យសម្លាប់បងប្អូនប្រុសទាំងនេះចោល ដើម្បីគាត់អាចយកមាស និងប្រាក់របស់ពួកគេ ។
បងប្អូនប្រុសទាំងបួននាក់បានរត់ដើម្បីរួចជីវិតរបស់ពួកគេ ហើយទុកចោលមាស និងប្រាក់របស់ពួកគេ ។ អ្នកបម្រើរបស់ ឡាបាន់ មិនអាចចាប់ពួកគេបានទេ ។ បងប្អូនប្រុសទាំងនេះបានលាក់ខ្លួននៅក្នុងរូងភ្នំមួយ ។
បន្ទាប់ពីរឿងដ៏លំបាកទាំងអស់នេះ លេមិន និង លេមយួល បានខឹងសម្បារនឹងនីហ្វៃ ។ ពួកគេបានវាយនីហ្វៃ និងសាំ ដោយដំបង ។
ភ្លាមៗនោះ មានទេវតាមួយអង្គបានបង្ហាញព្រះកាយ ហើយបានសួរថា ហេតុអ្វីបានជាពួកគេវាយដំនីហ្វៃ ។ ទេវតានោះបានមានបន្ទូលថា នីហ្វៃត្រូវបានជ្រើសរើសឲ្យដឹកនាំពួកគេ ។ បន្ទាប់មក ទេវតាអង្គនោះបានប្រាប់ពួកគេឲ្យត្រឡប់ទៅក្រុងយេរូសាឡិមវិញ ។ ព្រះអម្ចាស់បានរៀបចំផ្លូវមួយដើម្បីឲ្យពួកគេយកផ្ទាំងលង្ហិនបាន ។