« ព្យាការីមរ៉ូណៃ » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ២០២៣ )
ព្យាការីមរ៉ូណៃ
ការមានសេចក្តីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះយេស៊ូវគ្រីស្ទ
មរ៉ូណៃគឺជាព្យាការីសាសន៍នីហ្វៃចុងក្រោយ ។ លោកបានប្រយុទ្ធនៅក្នុងសង្គ្រាមដ៏ធំមួយរវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ។ គ្រួសាររបស់លោក និងមនុស្សគ្រប់គ្នាដែលលោកស្គាល់បានស្លាប់នៅក្នុងសង្គ្រាមទាំងអស់ ។ ប្រជាជននៅក្នុងដែនដីគឺជាមនុស្សទុច្ចរិត ។ ពួកគេបានសម្លាប់នរណាដែលជឿលើព្រះយេស៊ូវគ្រីស្ទ ។ មរ៉ូណៃជឿលើព្រះយេស៊ូវ ។ លោកនឹងមិនបដិសេធថា ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះនោះទេ ។
ឪពុករបស់មរ៉ូណៃគឺមរមន បានសរសេរប្រវត្តិសាស្រ្តប្រជាជនរបស់ពួកលោកនៅលើផ្ទាំង លោហ:ទាំងនោះ ។ មុនពេលមរមនបានស្លាប់ លោកបានប្រគល់ផ្ទាំងទាំងនេះទៅមរ៉ូណៃ ។ មរ៉ូណៃត្រូវលាក់ខ្លួនដើម្បីការពារជីវិតរបស់លោកផ្ទាល់ និងផ្ទាំងទាំងឡាយ ។
មរមន ៦:៦; ៨:១–៥, ១៣; មរ៉ូណៃ ១:១–៣
ជីវិតគឺលំបាកសម្រាប់មរ៉ូណៃ ប៉ុន្តែលោកនៅតែស្មោះត្រង់ ។ លោកបានសរសេរអ្វីដែលមរមនបានបង្រៀនអំពីសេចក្ដីសប្បុរស គឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ ។ មរមនបាននិយាយថា ប្រជាជនគប្បីអធិស្ឋានដល់ព្រះដោយអស់ពីកម្លាំងនៃដួងចិត្តរបស់ពួកគេ ដើម្បីទទួលបានសេចក្តីស្រឡាញ់នេះ ។ លោកបាននិយាយថា ព្រះផ្តល់សេចក្ដីសប្បុរសដល់អ្នកដែលពិតជាធ្វើតាមព្រះយេស៊ូវ ។
មរ៉ូណៃ ៧:៣២–៣៣, ៤០–៤៨; ១០:២០–២១, ២៣
មរ៉ូណៃស្រឡាញ់ពួកសាសន៍លេមិន ទោះបីជាពួកគេមួយចំនួនបានសម្លាប់មនុស្សគ្រប់គ្នាដែលលោកស្គាល់ ហើយចង់សម្លាប់លោកក៏ដោយ ។ លោកបានសរសេររឿងជាច្រើននៅលើផ្ទាំងលោហ: ដើម្បីជួយពួកសាសន៍លេមិននាពេលអនាគត ។ លោកសង្ឃឹមថា ពួកគេនឹងអានបញ្ជីនេះនៅថ្ងៃណាមួយ និងជឿលើព្រះយេស៊ូវម្តងទៀត ។
មរមន ៨:១–៣; មរ៉ូណៃ ១:១–៤; ១០:១
មរ៉ូណៃបានអញ្ជើញមនុស្សទាំងអស់ដែលអានបញ្ជីនេះឲ្យគិតអំពីរបៀបដែលព្រះខ្វល់ខ្វាយអំពីបុត្រាបុត្រីរបស់ទ្រង់ដោយសេចក្តីស្រឡាញ់ ។ លោកបានអញ្ជើញពួកគេឲ្យអធិស្ឋាន និងសួរព្រះថាតើបញ្ជីនេះជាការពិតឬទេ ។ លោកបាននិយាយថា ប្រសិនបើពួកគេមានសេចក្ដីជំនឿលើព្រះយេស៊ូវ និងពិតជាចង់ដឹង នោះព្រះនឹងអនុញ្ញាតឲ្យពួកគេដឹងការពិត ។ ពួកគេនឹងដឹងដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
បុព្វកថានៃព្រះគម្ពីរមរមន; មរ៉ូណៃ ១០:១–៥
មរ៉ូណៃបានបញ្ចប់ការសរសេរបញ្ជីនោះ ។ បន្ទាប់មក លោកបានកប់ផ្ទាំងលោហ:នៅក្នុងដី ។ ព្រះយេស៊ូវបានប្រាប់មរ៉ូណៃថា ប្រវត្តិសាស្រ្តដែលបានសរសេរនៅលើផ្ទាំងទាំងឡាយនឹងផ្ដល់ពរដល់ជីវិតរបស់បុត្រាបុត្រីរបស់ព្រះនៅទូទាំងពិភពលោក ។
ជាច្រើនឆ្នាំក្រោយមក ព្រះបានបញ្ជូនមរ៉ូណៃ ជាទេវតា ដើម្បីបង្ហាញដល់ក្មេងប្រុសម្នាក់ឈ្មោះ យ៉ូសែប ស្ម៊ីធ នូវកន្លែងដែលកប់ផ្ទាំងលោហ:នោះ ។ ព្រះបានហៅយ៉ូសែប ឲ្យធ្វើជាព្យាការី ។ ព្រះបានជួយយ៉ូសែប ឲ្យបកប្រែផ្ទាំងទាំងឡាយ ដើម្បីមនុស្សអាចអានអ្វីដែលបានសរសេរនៅលើផ្ទាំងទាំងនោះ ។ ឥឡូវនេះ បញ្ជីនេះត្រូវបានគេហៅថា ព្រះគម្ពីរមរមន ។