« យ៉ាកុប និង សេរេម » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
យ៉ាកុប និង សេរេម
ទីបន្ទាល់របស់ព្យាការីអំពីព្រះយេស៊ូវគ្រីស្ទ
យ៉ាកុបគឺជាព្យាការីម្នាក់ ដែលបានឃើញព្រះយេស៊ូវគ្រីស្ទ ។ លោកចង់ឲ្យប្រជាជនជឿលើព្រះយេស៊ូវ ។ យ៉ាកុបបានបង្រៀនប្រជាជនឲ្យកាន់តាមបទបញ្ញត្តិទាំងឡាយរបស់ព្រះ ។ លោកខិតខំធ្វើការយ៉ាងខ្លាំងដើម្បីបង្រៀនប្រជាជនអំពីព្រះយេស៊ូវ ។
នីហ្វៃទី២ ១១:២–៣; យ៉ាកុប ១:១–៨, ១៧–១៩
ថ្ងៃមួយមានបុរសម្នាក់ឈ្មោះសេរេម បានចាប់ផ្ដើមបង្រៀនប្រជាជន ។ ប៉ុន្ដែសេរេមបានបង្រៀនថា ព្រះយេស៊ូវពុំមានពិតនោះទេ ។ សេរេមពូកែខាងវោហាសាស្ដ្រណាស់ ហើយពួកសាសន៍នីហ្វៃជាច្រើនបានជឿលើអ្វីដែលគាត់បាននិយាយ ។ ដោយសារតែគាត់ នោះមនុស្សជាច្រើនបានឈប់ជឿលើព្រះយេស៊ូវ ។ សេរេមក៏ចង់ឲ្យយ៉ាកុបឈប់ជឿលើព្រះយេស៊ូវដែរ ។
សេរេមបាននិយាយថា គ្មាននរណាម្នាក់អាចដឹងពីអ្វីដែលនឹងកើតឡើងនាពេលអនាគតបាននោះទេ ។ គាត់បាននិយាយថា ការណ៍នេះមានន័យថា គ្មាននរណាម្នាក់អាចដឹងថា តើព្រះយេស៊ូវមានពិតឬអត់នោះទេ ដោយសារព្រះយេស៊ូវមិនបានយាងមកផែនដីនៅឡើយទេ ។ ប៉ុន្តែយ៉ាកុបបាននិយាយថា ព្រះគម្ពីរ និងព្យាការីទាំងអស់បានបង្រៀនអំពីព្រះយេស៊ូវ ។ ព្រះបានបង្ហាញយ៉ាកុបថា ព្រះយេស៊ូវនឹងយាងមកកាន់ផែនដី ។
សេរេមនៅតែមិនជឿដដែល ។ គាត់ចង់ឲ្យយ៉ាកុបបង្ហាញគាត់នូវទីសម្គាល់មួយដែលថា មានព្រះយេស៊ូវពិតមែន ។
យ៉ាកុបបាននិយាយថា សេរេមដឹងថា ព្រះយេស៊ូវនឹងយាងមក ហើយគាត់មិនចាំបាច់មានទីសម្គាល់នោះទេ ។ ប៉ុន្តែយ៉ាកុបបាននិយាយថា ព្រះនឹងធ្វើឲ្យសេរេមសន្លប់ដើម្បីបង្ហាញថា ព្រះមានព្រះចេស្ដា ហើយថាមានព្រះយេស៊ូវពិតមែន ។
ភ្លាមៗនោះ សេរេមបានធ្លាក់ខ្លួនឈឺ ហើយបានដួលទៅនឹងដី ។ ជាច្រើនថ្ងៃក្រោយមក គាត់បានដឹងថា គាត់នឹងស្លាប់ ។ គាត់បានប្រាប់ប្រជាជនថា គាត់បានចាញ់បោកសាតាំង ។ គាត់បាននិយាយថា គាត់បានកុហកព្រះ ។ គាត់ដឹងគ្រប់ពេលវេលាទាំងអស់ថា មានព្រះយេស៊ូវពិតមែន ។ ក្រោយមក សេរេមបានស្លាប់ ។ ប្រជាជនបានអានព្រះគម្ពីរ ហើយជឿលើព្រះយេស៊ូវ ។