« អាលម៉ាជាកូន » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
« អាលម៉ាជាកូន » ដំណើររឿងព្រះគម្ពីរមរមន
អាលម៉ាជាកូន
ការផ្លាស់ប្ដូរយ៉ាងធំ
ស្ដេចម៉ូសាយបានផ្ដល់អំណាចឲ្យអាលម៉ាដឹកនាំសាសនាចក្រនៅទីក្រុងសារ៉ាហិមឡា ។ អាលម៉ាបានបង្រៀនប្រជាជនឲ្យប្រែចិត្ត និងមានសេចក្ដីជំនឿលើព្រះអម្ចាស់ ។
អាលម៉ាមានកូនប្រុសម្នាក់ ដែលមានឈ្មោះថាអាលម៉ាដែរ ។ អាលម៉ាជាកូនពុំជឿលើអ្វីដែលឪពុករបស់លោកបានបង្រៀនឡើយ ។
ម៉ូសាយមានបុត្រាដែលមិនជឿលើព្រះអម្ចាស់ដែរ ។ ពួកទ្រង់គឺជាមិត្តរបស់អាលម៉ាជាកូន ។ ពួកគេទាំងអស់គ្នាចង់ឲ្យប្រជាជនចាកចេញពីសាសនាចក្រ ។ អាលម៉ានិងពួកបុត្រារបស់ម៉ូសាយបានដឹកនាំមនុស្សជាច្រើនឲ្យធ្វើអ្វីៗ ដែលផ្ទុយពីបទបញ្ញត្តិរបស់ព្រះ ។
នៅថ្ងៃមួយ ព្រះអម្ចាស់បានបញ្ជូនទេវតាឲ្យមកបញ្ឈប់ពួកគេ ។ ទេវតាបានមានបន្ទូលប្រាប់ពួកគេឲ្យឈប់ព្យាយាមបំផ្លាញសាសនាចក្រទៀត ។ អាលម៉ានិងពួកបុត្រារបស់ម៉ូសាយបានភ័យខ្លាចយ៉ាងខ្លាំង រហូតដល់ពួកគេដួលទៅនឹងដី ។
ម៉ូសាយ ២៧:១១–១៨; អាលម៉ា ៣៦:៦–៩
អាលម៉ាមិនអាចនិយាយ ឬកម្រើកបានរយៈពេលបីថ្ងៃបីយប់ ។ លោកពិតជាមានអារម្មណ៍មិនល្អទេ ដោយសារតែការណ៍ខុសឆ្គងទាំងអស់ដែលលោកបានធ្វើ ។ លោកក៏បានព្រួយបារម្ភផងដែរ ដោយសារលោកបានដឹកនាំមនុស្សជាច្រើនឲ្យចាកចេញពីព្រះអម្ចាស់ ។
អាលម៉ាមានអារម្មណ៍ឈឺចាប់ជាខ្លាំងពន់ពេក ដោយសារតែអំពើបាបរបស់លោក ។ បន្ទាប់មក លោកបានចាំដល់សម្ដីរបស់ឪពុកលោកអំពីព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ ។
អាលម៉ាបានអធិស្ឋានសូមឲ្យព្រះយេស៊ូវអភ័យទោសឲ្យលោក ។ ក្រោយពីលោកបានអធិស្ឋានហើយ លោកមិនអាចចងចាំការឈឺចាប់របស់លោកទៀតទេ ។ លោកបានដឹងថា ព្រះអម្ចាស់បានអភ័យទោសឲ្យលោក ។ លោកលែងមានអារម្មណ៍មិនល្អអំពីអំពើបាបរបស់លោកទៀតហើយ ។ ផ្ទុយទៅវិញ អាលម៉ាមានចិត្តរីករាយយ៉ាងខ្លាំង ។
ម៉ូសាយ ២៧:២៤, ២៨–២៩; អាលម៉ា ៣៦:១៨–២២
អាលម៉ាទទួលបានកម្លាំងរបស់លោកមកវិញ ។ លោកនិងពួកបុត្រារបស់ម៉ូសាយបានសម្រេចចិត្តដើម្បីប្រែចិត្ត ហើយព្យាយាមព្យាបាលការឈឺចាប់ទាំងប៉ុន្មាន ដែលពួកគេបានបណ្ដាលឲ្យមាន ។ ពួកគេបានបម្រើដល់ព្រះអម្ចាស់ចាប់តាំងពីពេលនោះមក តាមរយៈការជួយអ្នកដទៃឲ្យប្រែចិត្ត ។ ពួកគេបានធ្វើដំណើរនៅទូទាំងដែនដី ដែលម៉ូសាយបានគ្រប់គ្រង ហើយបានបង្រៀនប្រជាជនអំពីព្រះយេស៊ូវ ។
ម៉ូសាយ ២៧:២០–២៤, ៣២–៣៧; អាលម៉ា ៣៦:២៣–២៦
អាលម៉ានិងពួកបុត្រារបស់ម៉ូសាយចង់ចែកចាយសុភមង្គល ដែលបានមកពីការបង្រៀនរបស់ព្រះយេស៊ូវនៅក្នុងជីវិតរបស់ពួកគេ ។ ពួកគេបានខិតខំធ្វើការយ៉ាងខ្លាំង ដើម្បីបម្រើដល់ព្រះអម្ចាស់ និងប្រជាជន ។ ពួកបុត្រារបស់ម៉ូសាយបានជ្រើសរើសចាកចេញពីដែនដី ហើយទៅបង្រៀនពួកសាសន៍លេមិនអំពីព្រះយេស៊ូវ ។ អាលម៉ាបានជ្រើសរើសបន្ដនៅក្នុងដែនដី ហើយបន្ដបង្រៀនពួកសាសន៍នីហ្វៃ ។